លោក រ៉ុង ឈុន ចាត់ទុកការមិន​ទទួលយក​លិខិត​ស្នើ​ទៅ​ស្រុក​កំណើត ជា​ការ​រើសអើង​នយោបាយ

0
114
អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សហការី និង​អ្នកគាំទ្រ ជិត​ប្រមាណ​៣០​នាក់ ជួបជុំគ្នា​នៅមុខ​ព្រះបរមរាជវាំង កាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សហការី និង​អ្នកគាំទ្រ ជិត​ប្រមាណ​៣០​នាក់ ជួបជុំគ្នា​នៅមុខ​ព្រះបរមរាជវាំង កាល​ពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អតីតទីប្រឹក្សាគណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ខកចិត្តដែលតំណាងអយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនទទួលយកលិខិតរបស់ លោកដែលស្នើសុំទៅចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅស្រុកកំណើត។ លោក រ៉ុង ឈុន ចាត់ទុកថា ទង្វើរបស់តំណាងអយ្យការ គឺជាការរើសអើងនយោបាយ។

រដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងអ្នកនយោបាយប្រឆាំងជាច្រើនរូបទៀត ក៏មិនមានឱកាសបានទៅវត្តអារាម ឬជួបជុំ​សាច់ញាតិជិតឆ្ងាយដែរ ដោយសារពួកគាត់ កំពុងជាប់ឃុំក្នុង​ពន្ធនាគារ​ក្រោម​ហេតុផល​នយោបាយ។

បន្ទាប់​ពី​ប្រធាន​តុលាការ​កំពូល លោក ជីវ កេង បាន​ចេញ​លិខិតបដិសេធសំណើររបស់អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មិនឲ្យធ្វើដំណើរទៅចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅឯស្រុកកំណើតនោះ នៅព្រឹកថ្ងៃទី២៩ខែកញ្ញានេះ លោក រ៉ុង ឈុន និងអ្នកគាំទ្រជិត១០នាក់ បានយកលិខិតស្នើសុំច្បាប់ក្នុងគោលបំណងដូចគ្នានេះទៅដាក់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញម្តង។ ប៉ុន្តែស្ថាប័នតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនត្រឹមតែឆ្លើយបដិសេធភ្លាមៗនោះទេ សូម្បីតែលិខិតស្នើសុំរបស់លោក រ៉ុង ឈុន ក៏មិនទទួលយកដែរ។

លោក រ៉ុង ឈុន បង្ហាញការសោកស្តាយថា នៅពេលដែលលោកយកលិខិតទៅដាក់នោះ មន្ត្រីរដ្ឋបាលតុលាការ បានទុកឱ្យលោករង់ចាំអស់រយៈពេលជាងកន្លះម៉ោង។ចុងក្រោយ មន្ត្រីតុលាការប្រាប់លោកថា តុលាការមិនអាចទទួលយកលិខិតរបស់លោកបានទេ ក្រោមហេតុផលថា តុលាការកំពូល បានចេញសាលដីកាស្ថាពររួច​ហើយដោយ​ហាម​ឃាត់មិន​ឱ្យរូបលោកចាកចេញពីរាជធានីភ្នំពេញឡើយ ។

លោក រ៉ុង ឈុន ថ្លែងទាំងហួសចិត្តថា ដោយសារតែមានការហាមឃាត់ពីសាលដីកាតុលាការកំពូលនេះហើយ ទើបលោកបានរៀបចំលិខិតស្នើសុំការអនុញ្ញាត ដើម្បីបានទៅចូលរួមធ្វើបុណ្យភ្ជុំបិណ្ឌតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរនៅស្រុកកំណើត។លោក​យល់​ថា សកម្មភាពនេះស្តែងឱ្យឃើញពីរូបភាពរើសអើង និងខុសពីបែបបទរដ្ឋបាល ព្រោះជាទូទៅនៅពេលប្រជាពលរដ្ឋយកលិខិតទៅដាក់ មន្ត្រី​រដ្ឋបាល​ត្រូវតែវាយត្រាទទួលយក​ជាមុនសិន រួចទើបសេចក្តីសម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាត ត្រូវធ្វើឡើងតាមក្រោយ។ «»

លោក រ៉ុង ឈុន បានដាក់លិខិតពីរលើកហើយទៅតុលាកាកំពូល និងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំការអនុញ្ញាតទៅចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជាមួយបងប្អូននិងក្មួយៗ ទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ និងធ្វើបុណ្យទានឧទ្ទិសកុសល​ដល់អ្នកមានគុណ​ដែលបាន​ចែកឋាននៅឯស្រុកកំណើត ស្ថិតនៅភូមិចុងកោះឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ទោះជាយ៉ាងណា ប្រធានតុលាការកំពូល លោក ជីវ កេង និងព្រះរាជអាជ្ញាសាលាដំបូង​រាជធានី​ភ្នំពេញ បានឆ្លើយបដិសេធនិងរុញដាក់គ្នាទៅវិញទៅមក។

ក្រៅ​ពីលោក រ៉ុង ឈុន នេះ ក្រុមគ្រួសាររបស់អ្នកជាប់ឃុំដោយសារការអនុវត្ត​សិទ្ធិ​នយោបាយ និងសិទ្ធិបញ្ចេញមតិជាច្រើនរូបទៀត ក៏កំពុងស្រងេះស្រងោចខ្លោចផ្សារ ដោយសារ​ពួកគាត់​មិនមានឱកាសបានជួបជុំក្រុមគ្រួសារនិងធ្វើបុណ្យទានជុំគ្នានៅក្នុង ឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌនេះ។

ប្រពន្ធរបស់សកម្មជនមាតាធម្មជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារត្រពាំងផ្លុង លោក ថុន រដ្ឋា គឺ លោកស្រី ប៉ាត់ រស្មី ដែលកំពុងតស៊ូចិញ្ចឹមកូន៣នាក់ បាន​បង្ហាញ​អារម្មណ៍​សោកសៅ​នៅក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ លោកស្រី នៅមិនទាន់មានគម្រោងធ្វើបាយម្ហូបទៅ​ជួបប្តីនៅ​ពន្ធនាគារនៅឡើយ ព្រោះដោយសារនៅឆ្ងាយ រវល់មើលថែកូន និងខ្វះលុយកាក់ជាដើម។ «»

នៅក្នុងរដូវបុណ្យទាននេះ ប្រពន្ធរបស់សកម្មជនបរិស្ថានរូបនេះ អំពាវនាវឲ្យក្រុមអ្នកកាន់អំណាច ចេះធ្វើបុណ្យទានដោយចិត្តបរិសុទ្ធ ហើយដោះលែងប្តី និងអ្នកជាប់ឃុំដោយអយុត្តិធម៌ឯទៀត។ «»

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានា ព្រះសង្ឃតែងសូត្រធម៌ និងផ្សព្វផ្សាយ​ពាក្យ​ទូន្មានរបស់ព្រះពុទ្ធបរមគ្រូ អំពីរឿងកម្មផល ឬអំពើបាបដែលមនុស្ស​គួរចៀសវាង ហើយ​ត្រូវ​សាងអំពើល្អ និងដឹងគុណចំពោះបុព្វការីជន​ជាដើម។ ប៉ុន្តែទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមខ្មែរ ហាក់មិនបានយកទស្សនៈវិជ្ជានេះមកអនុវត្តឡើយ។ គេសង្កេតឃើញថា អ្នកមានអំណាច តែង​ធ្វើ​បាប​រំលោភជិះជាន់លើអ្នកគ្មានអំណាចនិងជនទន់ខ្សោយតាមទំនើងចិត្ត ដែលមិនត្រឹមតែ​ផ្ទុយ​ពី​ពាក្យទូន្មាន​របស់ព្រះពុទ្ធសាសនាទេ ថែមទាំងផ្ទុយពីគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិថែមទៀត។

ទាក់ទងនឹងរឿងនេះដែរ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា រដូវបុណ្យទានបែបនេះ រដ្ឋាភិបាលត្រកូលហ៊ុន និងតុលាការ ត្រូវតែបើកសេរីភាពពេញលេញដល់លោក រ៉ុង ឈុន និងដោះលែងសកម្មជននយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន និងអ្នករិះគន់ទាំងអស់ ដើម្បីឲ្យពួកគាត់ បានជួបជុំគ្រួសារ និងធ្វើបុណ្យទាន។ ព្រះអង្គ បន្តថា ការធ្វើដូច្នេះនឹងបង្ហាញឲ្យឃើញពីស្ថានភាពធូរស្រាលផ្នែកនយោបាយ និងធ្វើឲ្យសង្គមខ្មែរ ស្គាល់ភាពសុខសាន្តខ្លះ។ ទោះជាយ៉ាងណា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ គ្មានជំនឿថា រដ្ឋាភិបាលត្រកូលហ៊ុន ចេះធ្វើអំពើល្អឡើយដោយព្រះអង្គ កត់សម្គាល់ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ខ្វាយខ្វល់តែរឿងពង្រឹងអំណាចប៉ុណ្ណោះ។ «»

របាយការណ៍របស់អង្គការលីកាដូដែលបានចងក្រងចំនួនអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិ បង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ចំនួនអ្នកកំពុងជាប់ឃុំមានចំនួន១១០នាក់ ក្នុងនោះមានអ្នកនយោបាយបក្សប្រឆាំង សកម្មជនបរិស្ថាន អ្នកសារព័ត៌មាន សហជីព សកម្មជនដីធ្លី និងអ្នកបញ្ចេញមតិលើបណ្តាញសង្គម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមខ្មែរ-ថៃជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ