តុលាការ​កំពូល​ទើប​បើក​ការ​ជំនុំជម្រះ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង លោក គា វិសាល ចេញ​ពី​ពន្ធនាគារ​ជាង ៣​ខែ​ហើយ

0
80
អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល។ រូប៖ បណ្ដាញសង្គម
អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល។ រូប៖ បណ្ដាញសង្គម

តុលាការ​កំពូល ទើបតែ​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​មន្ត្រី​បក្ស​ប្រឆាំង​លោក គា វិសាល បន្ទាប់ពី​លោក​បាន​ចេញពី​ពន្ធនាគារ ជាង ៣​ខែ​មក​ហើយ​។ លោក គា វិសាល ហៅ​ដំណើរការ​ក្ដី​នេះ ថា គឺជា​អំពើ​អយុត្តិធម៌​ផ្តួន​លើ​រូបលោក ។ រីឯ សង្គម​ស៊ីវិល​លើកឡើង​ថា ការ​បើក​សវនាការ​ដ៏​យឺតយ៉ាវ​នេះ គឺជា​រឿង​គ្មាន​ន័យ​សម្រាប់​ជន​ជាប់​ចោទ។

នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា​នេះ តុលាការ​កំពូល​ទើបតែ​បើកសវនាការ​ក្នុង​សំណុំ រឿង​ពី​បទ «ញុះញង់​ឱ្យ​មាន​ការរើសអើង» និង​បទ «​ជេរប្រមាថ​ជា​សាធារណៈ​” លើ​អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម លោក គា វិសាល ក្រោយពី​លោក​បាន​អនុវត្ត​ទោស​ពន្ធនាគារ គ្រប់​រយៈពេល​កំណត់ និង​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ តាំងពី​ខែ​មីនា ឆ្នាំ​២០២៦ ម្ល៉េះ។

សវនាការ​តុលាការ​កំពូល​នេះ ធ្វើឡើង​តាម​ការ​ប្ដឹង​របស់​លោក គា វិសាល ដែល ជំទាស់​នឹង​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ឲ្យ​លោក​ជាប់ពន្ធនាគារ ២​ឆ្នាំ តាម​សាលក្រម​របស់​សាលាដំបូង​ភ្នំពេញ​។ លោក គា វិសាល បាន​ប្ដឹង​ជំទាស់​តាំងពី​លោក​នៅក្នុង​ពន្ធនាគារ​នៅឡើយ ប៉ុន្តែ តុលាការ កំពូល ទើប​ធ្វើ​ធ្វើ​សវ​ការ​នៅ​រសៀល​នេះ​។ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា នៅ​ព្រឹក ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៦។

អនុប្រធាន​គណបក្ស​កម្លាំងជាតិ​ខេត្តកំពង់ចាម លោក គា វិសាល ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា តាំង​ពី​ដើម​មក លោក​ច្រាន​ចោល​ការចោទប្រកាន់​ទាំងអស់​របស់​តុលាការ​។ លោក​ថា លោក​រង​ភាព​អយុត្តិធម៌​ផ្ទួន ក្នុង​សំណុំ​រឿង​នេះ ពីព្រោះ​លោក​ត្រូវ​ជាប់ពន្ធ​ធនាគារ​ដោយ​គ្មាន​កំហុស និង លើស​ពី​នេះ​ទៀត តុលាការ​ដាក់​លោក​ពេញ ២​ឆ្នាំ​ក្នុង​ពន្ធនាគារ នៅ​ពេល​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ កាត់ទោស​លោក​នៅឡើយ។ «»

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត យល់​ឃើញ​ថា កាលណា​លោក គា វិសាល អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ចប់​សព្វគ្រប់​បែបនេះ នោះ​តុលាការ​កំពូល អាច​នឹង​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បានការ​ដដែល​។ លោក​ថា តុលាការ​កំពូល យឺត​ពេល​ក្នុង​ការ​បើក​ការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក គា វិសាល ហើយ​ថា ការ​អូស​បន្លាយ​ពេល​វេលា​នេះ ធ្វើ​ឲ្យ​បះ​ពាល់​សិទ្ធជន​ជាប់ចោទ។ «»

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់​បាន​និយាយ​ថា ការ​ជំនុំជម្រះ សេចក្ដី​យឺត​គឺជា​អំពើ​អយុត្តិធម៌។

លោក គា វិសាល ធ្លាប់​ជាប់ឃុំ​ពីរ​លើក​ហើយ​។ លើក​ទី​១ កាលពី​ឆ្នាំ​២០១៩ លោក ជាប់ឃុំ​ពី​បទ​«​ញុះញង់​»​ជុំវិញ​ការ​បញ្ចេញមតិ​នៅ លើ​ទំព័រ​ហ្វេសប៊ុក និង​វិទ្យុ ហើយ​លើក​ទី​២ លោក​ជាប់​ពន្ធនាគារ ក្នុង​ឆ្នាំ​២០២៤។

កាលពី​ខែមីនា ឆ្នាំ​២០២៤ លោក គា វិសាល ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​ខែសីហា​ឆ្នាំ​២០២៤​ដដែល ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ ប្រកាន់​ពី​បទ «​ញុះញង់​ឱ្យ​មាន​ការរើសអើង​»​និង​បទ «​ជេរប្រមាថ​ជា​សាធារណៈ​» តាម​មាត្រា ៤៩៤ ៤៩៦ និង ៣០៧ នៃ​ក្រមព្រហ្មទណ្ឌ ។ ការ​ផ្ដន្ទាទោស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក គា វិសាល បាន​បង្ហោះ​សារ​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​កំណត់ត្រា​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​រាជរដ្ឋាភិបាល។

លោក គា វិសាល ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ឲ្យ​ដាក់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល (​ប្រមាណ ១.០០០ ដុល្លារ​អាមេរិក​)។ តុលាការ ក៏បាន​បង្គាប់​ឱ្យ​លោក សងជំងឺចិត្ត​ជា​ទឹកប្រាក់​ចំនួន ២០​លាន​រៀល (​ប្រមាណ ៥.០០០ ដុល្លារ​អាមេរិក​) ទៅ​ដើមបណ្តឹង គឺ​លោក ម៉ៃ ហុងស្រៀង។ លោក គា វិសាល និង លោក ម៉ៃ ហុងស្រៀង ពី​ដើមឡើយ​គឺជា​មន្ត្រី​គណបក្សប្រឆាំង​ដូចគ្នា ប៉ុន្តែ លោក ម៉ៃ ហុងស្រៀង បាន​ប្ដឹង​លោក គា វិសាល ទៅ​តុលាការ​បន្ទាប់ពី​លោក ម៉ៃ ហុងស្រៀង បាន​ចុះចូល​គណបក្ស​កាន់អំណាច ខណៈ​លោក គា វិសាល នៅ​បន្ត​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។

អ្នកឃ្លាំមើល​លើកឡើង​ថា ជាទូទៅ លោក ហ៊ុន សែន ប្រើ​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង ដែល​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ប្រឌិត​រឿង​វាយប្រហារ ឬ ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​នៅតែ​សកម្ម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ