តុលាការ​ផ្ដន្ទាទោស​ជន​ពិការ​លោក ភុន យុទ្ធ ឲ្យ​ជាប់​ពន្ធនាគារ ១ ឆ្នាំ​កន្លះ ជា​លើក​ទី​៣ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល

0
100

តុលាការ​ខេត្តតាកែវ​ផ្ដន្ទាទោស​ជន​ពិការ​លោក ភុន យុទ្ធ ឲ្យ​ជាប់ពន្ធនាគារ ១៨​ខែ​ពី​បទ​«​មិន​រាងចាល​ក្នុង​បទមជ្ឈិម បន្ទាប់ពី​ការ​ផ្ដន្ទាទោស​បទ​មជ្ឈិម» និង​បទ​«​ញុះញង់»។ គ្រួសារ និង​សង្គម​ស៊ីវិល សោកស្ដាយ និង​ថា ការ​សម្រេច​នេះ នឹង​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត។

នេះ​ជា​លើក​ទី​៣​ហើយ​ដែល​លោក ភុ​ន យុទ្ធ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ​កន្លះ​ដូចៗ​គ្នា ក្នុង​រយៈពេល​ជិត​៧​ឆ្នាំ ចុងក្រោយ នេះ​។

ប្រពន្ធ​របស់​លោក ភុ​ន យុទ្ធ ខកចិត្ត និង​ចាត់ទុក​ការសម្រេច​របស់​តុលាការ ដែល​ឲ្យ​ប្ដី​ជាប់ពន្ធនាគារ​ជាង ១ ឆ្នាំ​ជា​ថ្មី​ទៀត​នេះ ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវចិត្ត​លោកស្រី ដែល​ត្រូវ​ទទួលបន្ទុក​រ៉ាប់រង​គ្រួសារ​ជំនួស​ប្ដី​តែម្នាក់​ឯង។

ការ​លើកឡើង​នេះ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃទី​២៨ ខែមេសា បានសម្រេច​ផ្ដន្ទាទោស​ជន​មាន​ពិការភាព​លោក ភុន យុទ្ធ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ១ ឆ្នាំ ៦ ខែ ពី​បទ​«​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់ពី​ការ​ផ្តន្ទាទោស​បទមជ្ឈិម​» និង​បទ​« ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។

ប្រពន្ធ​របស់​លោក ភុន យុទ្ធ គឺ​លោកស្រី វ៉ិត មុំ ដែល​ជា​ជន​មាន​ពិការភាព​ដែរ នោះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី ២៨ ខែមេសា ថា ការ​ផ្ដន្ទាទោស​ឲ្យ​ប្ដី​ជាប់ ពន្ធនាគារ​ជាង ១ ឆ្នាំនេះ នឹង​ធ្វើ​ឲ្យ​គ្រួសារ ជួប​ការ​លំបាក​កាន់តែ​ខ្លាំង​។ លោកស្រី​ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​លោកស្រី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ជួបជុំ​គ្រួសារ និង​រក​ប្រាក់​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅក្នុង​គ្រួសារ។

លោកស្រី វ៉ិត មុំ៖ «ខ្ញុំ​មើលទៅ​ប៉ះពាល់​ក្រុ​មគ្រួសារ​យើង​ក្រ​ផង ណាមួយ​គាត់​ជា​បង្គោលគ្រួសារ​។ ណាមួយ​គ្រួសារ ណាមួយ​ចំណូល​ចូល​វា​អត់​មាន​ដែរ វា​លំបាក ខ្លាំង​ចំណាយ​កូន​រៀន​ផង ចំណាយ​ហូបចុក ចំណាយ​ទៅ​មើល​គាត់​ច្រើន ហើយ​ប្រ ចាំ​ខែ​ប្រចាំថ្ងៃ​មើលទៅ​ដាក់​វា​ច្រើន​ឆ្នាំ​ពេក ហើយ​ណាមួយ​គាត់​ជន​ពិការ​ផង ពិបាក ភ្នែក​មើល​ណាស់»។

បុរស​មាន​ពិការភាព លោក ភុន យុទ្ធ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​លើក​ទី​៣ នៅ​ថ្ងៃ ២៩ ខែតុលា ឆ្នាំ​២០២៥ ។ ការ​ចាប់ខ្លួន​លើក​ទី ៣ នេះ បន្ទាប់ពី​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ខែ​កញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពី​បាន​អនុវត្ត​ទោស រយៈពេល ១​ឆ្នាំ ៦​ខែ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ សិទ្ធិ មនុស្ស លីកាដូ (LICAHDO) លោក អំ សំអាត សោកស្ដាយ ចំពោះ​ការ​ផ្ដន្ទាទោស​លោក ភុន យុទ្ធ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​នេះ ថា នឹង​ធ្វើ​ឲ្យ​មានការ​រិះគន់ ទាក់ទង​នឹង ការ រំលោភ ឬ​ការ​រឹតត្បិត​លំហ​សេរីភាព​បញ្ចេញមតិ ដែល​ប្រទេស​កម្ពុជា បាន​ផ្ដល់ សច្ចាប័ន និង​ទទួលស្គាល់​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស ព្រមទាំង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ លោក​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ សេរីភាព​បញ្ចេញមតិ​គឺ ជា​មូលដ្ឋានគ្រឹះ ដែល​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ ដើម្បី​រិះគន់ ស្ថាបនា ភាព អសកម្ម​ផ្សេងៗ​របស់​មន្ត្រី​សាធារណៈ និង​លើកឡើង​អំពី​បញ្ហា ព្រមទាំង​កង្វល់​នានា ដែល​កើតឡើង​ក្នុង​សង្គម ហើយក៏​ជា​ការ​ចូលរួម​ចំណែក ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ។

លោក អំ សំអាត៖ «ជាពិសេស កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ កតិកាសញ្ញា​ស្ដីពី​សិទ្ធិ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។ អ៊ីចឹង​កម្ពុជា​យើង គួរតែ​គោរព និង​អនុវត្ត​តាម​បទដ្ឋាន​ទាំងអស់​នេះ ដោយ​មួយ ការគោរព​អ៊ីចឹង រដ្ឋ​ត្រូវ​ធានា អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ទី​២ គឺ​រដ្ឋ​ត្រូវតែ​ការពារ បើសិន ជា​មាន​ការ​រំលោភបំពាន​ទៅលើ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ រដ្ឋ​ត្រូវតែ​មាន​កិច្ចការពារ ទី​៣ បំពេញបន្ថែម បាន​ន័យ​ថា រដ្ឋ​ត្រូវ​មាន​គោលនយោបាយ ហើយ​បទដ្ឋាន គតិយុត្តិ​ធម៌ ដើម្បី​ធានា​ការពារ​ដល់​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ»។

លោក ភុន យុទ្ធ ដែល​មាន​កូនស្រី​ម្នាក់​អាយុ​ជាង ១០ ឆ្នាំ​នៅក្នុង​បន្ទុក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​លើក​ទី​១​កាលពី​ចុងខែ​តុលា ឆ្នាំ​២០១៩ ដោយ​តុលាការ​ខេត្ត​សៀមរាប ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ១៨​ខែ ពី​បទ​« ញុះញង់ បង្ក​ឲ្យ មានការ​រើសអើង​»​និង​បទ​«​ជេរប្រមាថ​ជា​សាធារណៈ​» ខណៈ​ការ​ចាប់​ខ្លួន​លើក​ទី​២ កាលពី​ថ្ងៃទី​១៩ ខែមីនា​ឆ្នាំ​២០២៤ ដោយ​តុលាការ​ខេត្តតាកែវ សម្រេច​ផ្ដន្ទាទោស លោក​ឲ្យ​ជាប់ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​«​ញុះញង់​ឲ្យ​មានការ​រើសអើង » នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ២០២៤ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ និង​រិះគន់​រដ្ឋាភិបាល លើ​បណ្ដាញ​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ