តុលាការខេត្ត​ត្បូងឃ្មុំ​ឃុំ​ខ្លួន​កសិករ​ម្នាក់​ពាក់ព័ន្ធ​ការរិះគន់​លោក ហ៊ុន សែន រឿង​ទឹកដី

0
25
​កសិករ​ម្នាក់លោក សំ សុភាង ដែលត្រូវចាប់ខ្លួន ដោយចោទប្រកាន់ ពីបទ «​ញុះញង់​» ករណី​ព្រំដែន។ រូប៖ បណ្ដាញសង្គម
​កសិករ​ម្នាក់លោក សំ សុភាង ដែលត្រូវចាប់ខ្លួន ដោយចោទប្រកាន់ ពីបទ «​ញុះញង់​» ករណី​ព្រំដែន។ រូប៖ បណ្ដាញសង្គម

តុលាការខេត្ត​ត្បូងឃ្មុំ​សម្រេច​ឃុំខ្លួន​កសិករ​លោក សំ សុភាង នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោម​បទចោទប្រកាន់ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់ សន្តិសុខ​សង្គម​» ពាក់ព័ន្ធ​ការ​និយាយ​រិះគន់​លោក ហ៊ុន សែន រឿង​ទឹកដី​នៅ ព្រំដែន​កម្ពុជា​-​ថៃ​។ សង្គម​ស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការ ពន្យល់ អប់រំ ជាជាង ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​ពលរដ្ឋ ដែល​បញ្ចេញមតិ​ពី​បញ្ហា ប្រទេសជាតិ​។​

កសិករ សំ សុភាង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​ត្បូងឃ្មុំ ប្រមាណ ៦​នាក់ ចុះទៅ​ចាប់ខ្លួន​ដល់​លំនៅឋាន នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូររាំង​ឪ កាលពី​ថ្ងៃទី ០៦ ខែមេសា​។ លោក​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទ​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ ការ​និយាយ​រិះគន់ ថ្នាក់ដឹកនាំ​រឿង​ទឹកដី។

ប្រពន្ធ​របស់​លោក សំ សុភាង គឺ​លោកស្រី សេង គន្ធា ប្រាប់​ទូរទស្សន៍ អាស៊ីសេរី នៅ​ថ្ងៃទី​០៨ ខែមេសា​ថា លោកស្រី​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​ប្ដី​នៅ​ពន្ធនាគារ។ លោកស្រី​ចាត់ទុក​ការ​ចាប់ខ្លួន​ប្ដី​ថា ជា​រឿង​អយុត្តិធម៌ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល ដោះលែង​ប្ដី​វិញ។

សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ហ្វ្រេសញូ​វ (Fresh News) ចុះផ្សាយ​ថា ការ​ចាប់ខ្លួន​លោក សំ សុភាង នេះ ដោយសារតែ​លោក​បាន​ជេរប្រមាថ​លើ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪពុក​នាយករដ្ឋមន្ត្រី​គឺ​លោក ហ៊ុន សែន ដោយ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ក្បត់ជាតិ​លក់​ទឹកដី​ឲ្យ​ទៅ​ប្រទេស​ថៃ។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា លោក​គាំទ្រ​សេរីភាព​បញ្ចេញមតិ ប៉ុន្តែ​មិន​គាំទ្រ​ការ​ជេរប្រមាថ​នោះ​ទេ​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​វិធានការ ពន្យល់ អប់រំ និង​ណែនាំ​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញមតិ ជាជាង​ការ​ចាប់ និង​ឃុំខ្លួន។

លោក ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៨ ខែមេសា​ថា ការ​បន្ត​រឹតត្បិត​សំឡេង​រិះគន់ បង្ហាញថា រដ្ឋាភិបាល​មិន​ត្រូវ​ការ​សំឡេង​ផ្ទុយ និង​ការរិះគន់​នោះ​ឡើយ ទើប​រដ្ឋាភិបាល​មិន​ទទួល​យក និង​បន្ត​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ។

លោក​កត់សម្គាល់​ថា បទ​«​ញុះញង់​» កំពុង​ពេញនិយម ក្នុង​ការ​យក​មក​ចោទប្រកាន់​ពលរដ្ឋ ដែល​បញ្ចេញមតិ ខណៈ​រដ្ឋាភិបាល​ហាក់​ភ្លេច​កាតព្វកិច្ច​របស់​ខ្លួន ដែល​បាន​ចុះហត្ថលេខា​ក្នុង​ការ​ធានា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស​សិទ្ធិ សេរីភាព​បញ្ចេញមតិ​។ លោក​ថា ការ​ចាប់​ចោទ និង​ឃុំខ្លួន​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​នាំគ្នា​ធ្វើការ​តវ៉ា ដោយ​ទាមទារ​ឲ្យ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ដោះលែង​ពលរដ្ឋ​បញ្ចេញមតិ​ជាដើម ហើយ​បញ្ហា​នេះ ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​សហគមន៍​អន្តរជាតិ ធ្លាប់​លើកឡើង​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

លោក យិន ម៉េងលី ថា ដើម្បី​ឲ្យ​សេរីភាព​បញ្ចេញមតិ​ប្រសើរ​ឡើង ហើយក៏​ជា​ការ​លើក​មុខមាត់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ និង​នៅក្នុង​ប្រទេស​ផង​នោះ រដ្ឋាភិបាល គួរ​ប្រើ​យន្តការ​ផ្សេងៗ ជាជាង​ចាប់ ចោទប្រកាន់​និង​ឃុំខ្លួន​អ្នក​បញ្ចេញមតិ។

លោក យិន ម៉េងលី៖ «ប្រើ​វិធីសាស្ត្រ​ពន្យល់​ឲ្យ​យល់ ហើយ​ធ្វើ​កិច្ចសន្យា ឲ្យ​គាត់​ឈប់ ប្រើប្រាស់​ឲ្យ​គាត់​យល់ ពី​ភាព​ខុសគ្នា​ពី​ការប្រើប្រាស់​សិទ្ធិ​របស់​គាត់ កុំ​ឲ្យ​ប៉ះពាល់ ទៅលើ​អ្វី​ដែល​គេ​ហាមឃាត់​។ ទី​២ ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ក្រម ព្រហ្មទណ្ឌ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ ដែល​ជា​ឧបសគ្គ​ធំ ទោះបីជា​រដ្ឋាភិបាល មាន​ឆន្ទៈ បើ​ច្បាប់​ហ្នឹង​នៅ នៅតែ​បន្ត​អ៊ីចឹង​។ នេះ​ជា​បញ្ហា​ដែល​យើង​ឃើញថា ធ្វើ ឲ្យ​ស្ថានភាព សេរីភាព​បញ្ចេញមតិ​នេះ ទាំង​អ្នកនយោបាយ ទាំង​សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស ទាំង​អ្នកសារព័ត៌មាន ទាំង​ព្រះសង្ឃ​ជាប់ពន្ធនាគារ​ជា ហូរហែ ពាក់ព័ន្ធ​បញ្ហា​នេះ»។

ទាក់ទង​នឹង​រឿង​ព្រំដែន​នេះ​ដែរ តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃទី២ ខែ​មេសា បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ព្រះ​ភិក្ខុ ជា វុទ្ធី នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន ពីបទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ចាប់​ផ្សឹក ព្រះ​ភិក្ខុ ជា វុទ្ធី កាលពី​ថ្ងៃទី​០១ ខែមេសា ក្រោយពី​ព្រះ​ភិក្ខុសង្ឃ អង្គ​នេះ បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​រិះគន់​ពី​បញ្ហា​ព្រំដែន។

នៅ​ដើមខែ​មេសា​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣ នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រឿង​ព្រំដែន​។ ពលរដ្ឋ និង​សង្គម​ស៊ីវិល​ចាត់ ទុក​ការ​បន្ត​ចាប់​ចោទប្រកាន់ និង​ឃុំខ្លួន​ពលរដ្ឋ ថា​ជា​ការ​បំបិទ​សំឡេង​អ្នក​ហ៊ាន រិះគន់​ទៅលើ​រដ្ឋាភិបាល ដើម្បី​បំបាក់ស្មារតី​ដល់​ពលរដ្ឋ​ផ្សេងទៀត មិន​ឲ្យ បញ្ចេញមតិ​រិះគន់​របប​ត្រកូល​ហ៊ុន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ពេល​កម្ពុជា​កំពុង​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ជា​ច្រើន​ទីតាំង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ