

យោធាថៃបានចាប់ផ្ដើមពង្រឹងកម្លាំងការពារ និងយាមល្បាតនៅតំបន់ថ្មដា ជាទីកន្លែងដែលយោថាថៃ បានតម្រៀបទូកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជា។ ទន្ទឹមគ្នានេះ កងទ័ពជើងទឹកថៃបានចេញមកបដិសេធថា ប្រទេសថៃមិនបានដាក់ទូកុងតឺន័រឈ្លានពានតឹកដីកម្ពុជានោះឡើយ។ ប្រតិកម្មរបស់យោធាថៃនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរជាតិមួយក្រុម ចុះទៅត្រួតពិនិត្យនៅតំបន់ថ្មដា កាលពីពេលថ្មីៗនេះ ដោយបានឃើញពីសកម្មភាពគំរាមកំហែងរបស់យោធាថៃដោយផ្ទាល់ភ្នែក។
ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រង់ចំណុចច្រមុះជ្រូក ផ្លូវបំបែកទៅខេត្តកោះកុង ទាហានថៃប្រដាប់ដោយអាវុធគ្រប់ដៃ បានបង្កើនការយាមល្បាត និងប្រចាំការនៅក្នុងប៉ម នៅពីលើទូកុងតឺន័រដែលដាក់ត្រួតលើគ្នាចំនួនបីជាន់ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលទៅក្បែរនោះឡើយ។ ចំណែកនៅពីខាងក្រោយវិញ យោធាថៃបានត្រៀមសព្វាវុធទាំងធុនតូច និងធុនធ្ងន់។ នេះបើតាមវីដេអូរបស់ទាហានថៃ ដែលបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ។
ក្រៅពីនេះ យោធាថៃបានដាក់ពង្រាយកងទ័ពនៅតំបន់អាគារកាស៊ីណូ និងតំបន់សំខាន់ៗមួយចំនួនទៀត ខណៈខ្លះទៀតបានធ្វើសកម្មភាពរាយបន្លាលួសបន្ថែមទៀតក្នុងទឹកដីកម្ពុជា ដែលយោធាថៃដណ្ដើមបាន។
ស្របពេលស្ថានការណ៍នៅតំបន់ឃុំថ្មដា មានភាពតានតឹង កងទ័ពភូមិភាគ២ របស់ថៃបាន ចេញសេចក្ដីប្រកាសមិនឱ្យប្រជាពលរដ្ឋថតសកម្មភាពចល័តទ័ព និងសព្វាវុធរបស់យោធា យកមកផ្សព្វផ្សាយ ឬបង្ហោះនៅលើបណ្ដាញសង្គមនោះ ឡើយ។
ការពង្រីកកម្លាំងទ័ពរបស់ទាហានថៃនៅឃុំថ្មដា នេះ ធ្វើឡើងបន្ទាប់ពីទាហានថៃបានគំរាមផ្ទុះអាវុធទៅកាន់ទាហានខ្មែរ កាលពីថ្ងៃទី២៦ ខែមីនា ក្នុងពេលដែលមេបញ្ជាការទាហានខ្មែរ គឺលោក គឹម កុសល បានដឹកនាំកម្លាំងចុះទៅកាន់ទីតាំងដែលយោធាថៃ បានដាក់តម្រៀបទូកុងតឺន័រ នៅក្នុងទឹកដីកម្ពុជា។ នៅពីលើទូកុងតឺន័រ ទាហានថៃបណ្ដេញមេបញ្ជាការទាហានវ័យចំណាស់របស់កម្ពុជា ដែលឈរនៅខាងក្រោម ដោយប្រើប្រាស់ពាក្យសម្ដីប្រមាថមើលងាយ និងគំរាមផ្ទុះអាវុធ ខណៈទាហានថៃមួយចំនួនទៀត បានភ្ជុងកាំភ្លើង នៅពេលទាហានខ្មែរដើរទៅពិនិត្យក្បែរទូកុងតឺន័រ។ ដោយសារភាគីថៃបានគំរាមកំហែងកាន់តែខ្លាំង នាយទាហានខ្មែរ លោក គឹម កុសល បានឡើងឡានចាកចេញពីទីតាំងនោះភ្លាមៗ។
ក្រោយមក នៅថ្ងៃទី២៧ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងទូកុងតឺន័ររបស់យោធាថៃ នៅឃុំថ្មដា ក៏ប៉ុន្តែយោធាថៃ ហាក់គ្មានក្ដីបារម្ភនោះឡើយ ដោយពួកគេបានយកទង់ជាតិថៃមកបាំងខាងមុខទូកុងតឺន័រ នៅចំពោះមុខគណៈប្រតិភូបរទេសថែមទៀតផង។
ទន្ទឹមគ្នានេះ កងទ័ពជើងទឹកថៃ នៅថ្ងៃទី៣០ ខែមីនា នេះ បានចេញមកអះអាងថា ការដំឡើងកុងតឺន័រ និងពង្រឹងរបងលួសបន្លានៅក្នុងតំបន់ឃុំថ្មដា គឺដើម្បីការពារខ្លួន និងកាត់បន្ថយលទ្ធភាពនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធានៃភាគីទាំងពីរ ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយមិនចាំបាច់។ កងទ័ពជើងទឹកភូមិន្ទថៃអះអាងទៀតថា សកម្មភាពនេះ មិនមានបំណងរំលោភលើអធិបតេយ្យភាពរបស់កម្ពុជានោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែមីនា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា សកម្មភាពឈ្លានពានរបស់យោធាថៃទាំងនេះ សុទ្ធតែអាចយកមកធ្វើជាភស្តុតាង ដើម្បីដាក់ពាក្យបណ្ដឹងតាមយន្តការច្បាប់អន្តរជាតិ។ លោកបន្តថា នៅក្នុងស្ថានភាពបែបនេះ កម្ពុជា ត្រូវពង្រីងសមត្ថភាព និងយុទ្ធសាស្ត្រឱ្យបានរឹងមាំតាមរយៈការដំឡើងកម្រិតការទូតខ្ពស់បំផុត និងប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឱ្យបានដាច់ស្រេច។
លោក ម៉ែន ណាត៖ «វិធីសាស្ត្រក្នុងការតវ៉ា គឺកម្ពុជាត្រូវតវ៉ាតាមបែបការទូតដដែល ហើយត្រូវឆ្លើយឆ្លងព័ត៌មានឱ្យបានទូលំទូលាយ ប៉ុន្តែត្រូវបញ្ចៀសអំពើហិង្សាណាមួយ ក្នុងស្ថានភាពបច្ចុប្បន្ន។ ប៉ុន្តែ ក៏មិនត្រូវភ្លេចការការពារខ្លួននោះដែរ ប្រសិនបើមានការគំរាមពីសំណាក់យោធាថៃ»។
ពាក់ព័ន្ធនឹងវិវាទព្រំដែននេះដែរ ទាហានខ្មែរឈរជើងនៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា ទាហានថៃនៅតែលួចបាញ់ឆ្មក់មកលើទាហានខ្មែរ ខណៈនៅតំបន់ខ្លះទៀត ដូចជានៅជាំតែ ទាហានថៃបានព្យាយាមរំកិលបន្លាលួសចូលក្នុងទឹកដីកម្ពុជាបន្ថែមទៀត៕









