យោធា​ថៃ​កំពុង​កែប្រែ​ទីតាំង​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ឯកតោភាគី​នៅ​ជាប់​ខេត្ត​បាត់ដំបង

0
66
របងព្រំដែន ដែលថៃសង់ជាឯកតោភាគី នៅស្រុកកំរៀង ខេត្ត​បាត់ដំបង។ រូប៖ បណ្ដាញសង្គម
របងព្រំដែន ដែលថៃសង់ជាឯកតោភាគី នៅស្រុកកំរៀង ខេត្ត​បាត់ដំបង។ រូប៖ បណ្ដាញសង្គម

យោធាថៃ​បានបន្តសកម្មភាពកែប្រែអូរធម្មជាតិដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន​ជាច្រើន​ទីតាំង នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក និងស្រុកកំរៀង ក្នុងខេត្តបាត់ដំបង ដែលជាប់នឹងខេត្តស្រះកែវ និងខេត្តចន្ទបុរី​របស់ថៃ។ យោធាថៃ អះអាងថា មូលហេតុដែលភាគីថៃកែប្រែអូរធម្មជាតិនេះ គឺដោយសារពលរដ្ឋខ្មែរបានចូលមករុករករ៉ែនៅតំបន់នេះ បណ្ដាលឱ្យផ្លូវទឹកផ្លាស់ប្ដូរទីតាំង។ អ្នកឃ្លាំមើលយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង​គ្មានតំបន់ដែលថៃទាមទារនោះឡើយ។

សព្វថ្ងៃនេះ នៅតំបន់ព្រំដែនក្នុងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបង ហាក់មានសភាពស្ងប់ស្ងាត់ និងមិនត្រូវបានគេថតយកមកចែករំលែកនៅលើបណ្ដាញសង្គមក៏ពិតមែន ប៉ុន្តែ​ស្ថានភាពជាក់ស្ដែងនៅក្នុងតំបន់នេះ កំពុងទទួលរងការឈ្លានពានពីសំណាក់យោធាថៃ មិនខុសពីតំបន់ព្រំដែន ដែលស្ថិតនៅលើខ្នងភ្នំដងរែក នោះដែរ។

ពលរដ្ឋម្នាក់រស់នៅស្រុកភ្នំព្រឹក បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យោធាថៃបានចូលមកឈូសឆាយ រាវមីន សាងសង់ផ្លូវ និងធ្វើសកម្មភាពកាយប្រឡាយដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន នៅទីតាំងមួយចំនួន​ស្ថិតក្នុងឃុំភ្នំព្រឹក និងឃុំបារាំងធ្លាក់។ លោកបន្តថា ទាហានឈុតខ្មៅថៃ បានចូលមកធ្វើសកម្មភាពនៅតាមព្រំដែននេះ អស់រយៈពេលជាច្រើនខែមកហើយ ដោយដំបូងឡើយ កងកម្លាំងរបស់កម្ពុជាបានចូលទៅរារាំងសកម្មភាព​នេះ​ដែរ ក៏ប៉ុន្តែក្រោយពីទាហានឈុតខ្មៅថៃ បានដាក់ពង្រាយកម្លាំងកាន់តែច្រើននៅទីតាំងព្រំដែន កម្លាំងរបស់កម្ពុជាក៏បានដកថយទៅវិញ និង​បណ្ដោយឱ្យទាហានថៃធ្វើសកម្មភាពកែប្រែខ្សែបន្ទាត់ព្រំដែនតាមអំពើចិត្ត។


ពលរដ្ឋ៖ «មកពីយើងហ្នឹងចូលចិត្តធ្វើបែប ឲ្យតែទទួលស្គាល់សិនទៅ បើវាចង់បានហើយអញ្ចឹង ព្រោះយើងឥឡូវហ្នឹងវាគាបយើងគ្រប់រឿង យើងអត់មានវិធីដោះស្រាយ អញ្ចឹងយើងទទួលសិនទៅ។ បន្ទាប់មកបិទបាំងរឿងហ្នឹងមិនឲ្យដឹង មិនឲ្យពលរដ្ឋដឹង មិនឲ្យអ្នកខាងលើដឹងទៀតអញ្ចឹងទៅ ដើម្បីរួចបច្ចុប្បន្ន។ អញ្ចឹងទៅបួនដប់ឆ្នាំ កាត់ឲ្យគេ នៅពេលគេកំណត់ទីតាំងរួចហើយ វាកំណត់ឲ្យយើងទទួលស្គាល់ យើងហ្នឹងបានត្រឹមតែទទួលស្គាល់ទេ មិនដែលហ៊ានតតាំងអីនឹងគេទេ»។

ពលរដ្ឋបន្តថា កន្លងមកប្រជាពលរដ្ឋធ្លាប់សាកសួរកងកម្លាំងដែលប្រចាំការនៅតំបន់ព្រំដែនស្រុកភ្នំព្រឹក អំពីបញ្ហានេះដែរ ក៏ប៉ុន្តែកងកម្លាំងទាំងនោះបានឆ្លើយតបមកវិញ ដោយមិនខុសគ្នាទៅនឹងការអះអាងរបស់អភិបាលខេត្តបាត់ដំបង លោក សុខ លូ នោះឡើយ ដោយពួកគេបានប្រាប់ថា សកម្មភាពភាពរបស់យោធាថៃទាំងអស់នេះ គឺធ្វើឡើងនៅក្នុងទឹកដីរបស់ថៃ ដោយមិនបានឆ្លងចូលក្នុងទឹកដីកម្ពុជានោះឡើយ។ ទោះជាយ៉ាងនេះក្ដី ពលរដ្ឋបានអះអាងថា កន្លងមកអាជ្ញាធរបានចែកអំណោយឱ្យពលរដ្ឋដែលបាត់បង់ដីអាស្រ័យផល ដែលត្រូវយោធាថៃកាត់ចូលទៅក្នុងទឹកដីថៃ  ដោយអាជ្ញាធរថែមទាំងបានគំរាមមិនឱ្យប្រជាពលរដ្ឋផ្សព្វផ្សាយអំពីរឿងនេះចេញទៅក្រៅនោះឡើយ។

តាមការបញ្ជាក់របស់ពលរដ្ឋ និងការផ្ទៀងផ្ទាត់នូវព័ត៌មានមួយចំនួនបានបង្ហាញថា នៅតំបន់​ព្រំដែន​ស្រុកភ្នំព្រឹកនេះទាហានថៃបានធ្វើសកម្មភាពឈូសឆាយ និងកែប្រែទីតាំងខ្សែបន្ទាត់ព្រំដែន​ជាឯកតោភាគី ស្ថិតនៅក្នុងតំបន់ចំនួន៥ គឺភ្នំ៥៣ ភូមិគគី ភូមិអូរចោត ភូមិបារាំងធ្លាក់ និងភូមិសាស្រ្តភ្នំ៣២៣ ដែលស្ថិតនៅតាមបណ្ដោយជួរភ្នំព្រឹក។

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ្ត និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៦ ខែតុលា។

កាលពីចុងខែមេសា មេទ័ពភូមិភាគ១ របស់ថៃ លោក វ.រ៉ាយុត លឿងសុវណ្ណ (Worayot Luangsuwan) បានដាក់បញ្ជាឱ្យដាក់ពង្រាយកម្លាំងនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ព្រំដែនជាប់ស្រុកកំរៀង និងស្រុកភ្នំព្រឹក ដើម្បីអនុវត្តផែនការកែប្រែទីតាំងអូរធម្មជាតិ ដែលជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ន រវាងកម្ពុជា និងថៃ ដោយលោកចោទថា កម្ពុជាបានចាក់ដីលុបអូរដែលជាខ្សែបន្ទាត់ព្រំដែនរំលោភចូលក្នុងទឹកដីថៃ។

មេទ័ពថៃប្រចាំទិសបូព៌ារូបនេះ លើកឡើងថា ប្រសិនបើកងកម្លាំងថៃបានកំណត់ឃើញតម្រុយ​ទីតាំង ដែលលោកបានចោទថា ជាកន្លែងដែលកម្ពុជាពិតបានកែប្រែផ្លូវទឹករំលោភ​ចូលក្នុង​ទឹកដី​ថៃ​មែននោះ ភាគីថៃនឹងកាត់ឆ្វៀលយកតំបន់នោះមកវិញ ទោះបីជាមានការរារាំង និងជំទាស់ពីភាគី​កម្ពុជា​ក៏ដោយ។

ទៅជាបែបនេះក្ដី ពលរដ្ឋអ្នកស្រុកភ្នំព្រឹក បានអះអាងថា តំបន់ដែលយោធាថៃចូលមកឈូសឆាយ និងប្រកាសជាឯកតោភាគីថាជាទឹកដីថៃនោះ គឺជាតំបន់ដែលមិនទាន់កំណត់ព្រំដែនច្បាស់លាស់ ដោយសារនៅក្នុងភូមិសាស្រ្តនេះគ្មានតម្រុយបង្គោលព្រំដែននោះឡើយ។ អ្នកស្រុកបន្តថា កន្លងមកក៏មិនមានករណីពលរដ្ឋខ្មែរទៅរែងមាស ធ្វើឱ្យចរន្តផ្លូវទឹកហូរមានការផ្លាស់ប្ដូរ ដូចការចោទ​របស់យោធាថៃនោះដែរ ព្រោះតំបន់ព្រំដែនស្រុកភ្នំព្រឹកនេះ គឺជាអតីតភូមិសាស្រ្តសមរភូមិប្រយុទ្ធគ្នា​យ៉ាងក្តៅគគុក របស់ទ័ពខ្មែរក្រហម កាលពីអំឡុងទសវត្សឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩០ ដោយសារតែ​តំបន់​នេះពោរពេញទៅដោយជួរភ្នំខ្ពស់ៗ និងព្រៃក្រាស់ៗ ដែលបង្កភាពងាយស្រួលសម្រាប់​ទ័ពព្រៃ​លាក់ខ្លួន និងធ្វើសឹកសង្គ្រាម។

ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង គ្មានតំបន់ដែលថៃទាមទារនោះឡើយ។ លោកបន្តថា ការប្រើប្រាស់អូរធម្មជាតិធ្វើជាខ្សែបន្ទាត់ ព្រំដែន នឹងមិនមានភាពជាក់លាក់នោះឡើយ ដូច្នេះកម្ពុជាត្រូវសើរើផែនទីរបស់អាណានិគម បារាំងខ្នាត ១/២០០.០០០ និងនិយាមកានៃការបោះបង្គោលព្រំដែនឡើងវិញ ដើម្បីប្ដឹងថៃ​ទៅ​កាន់​តុលាការ​អន្តរជាតិ។


លោក ម៉ែន ណាត៖ «ទឹកដីដែលបាត់បង់ហ្នឹងទាមទារមកវិញបាន វាលែងតែត្រកូល ហ៊ុន លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹង អស់អំណាច ទៅបានគេផ្លាស់ប្ដូរអំណាចចេញ ហើយដាក់មេដឹកនាំថ្មីកែសម្រួលការងារដឹកនាំផ្ទៃក្នុងជាតិថ្មី និងរៀបចំឯកសារព្រំដែនឡើងវិញ និងប្ដឹងថៃទៅតុលាការអន្តរជាតិ។ បណ្ដោយឲ្យលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើដូចបច្ចុប្បន្នហ្នឹងគឺ យើងអស់សង្ឃឹមខ្លាំងណាស់ ក្នុងការ ពឹងពាក់ឲ្យរដ្ឋាភិបាលហ្នឹងធ្វើជាប្រយោជន៍ជាតិ»។

ក្រៅពីធ្វើសកម្មភាពឈ្លានពានៅតំបន់ស្រុកភ្នំព្រឹក ហើយនោះ នៅឯព្រំដែនស្រុកកំរៀង ឯណោះវិញ យោធាថៃបានបន្តសាងសង់របងជញ្ជាំងព្រំដែនអចិន្ត្រៃយ៍ នៅចន្លោះបង្គោលព្រំដែនលេខ៥៤ ដល់៥៩ បន្ទាប់ពីយោធាថៃបានសាងសង់របងដំណាក់កាលទី១រួចរាល់ នៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៤។

ដោយឡែកនៅខេត្តប៉ៃលិន វិញ ទាហានថៃនៅតែបន្តឈូសឆាយសាងសង់ផ្លូវរាប់សិបគីឡូម៉ែត្រ និងកែប្រែទីតាំងមួយចំនួន នៅតាមបណ្ដោយអូរធម្មជាតិ ដែលភាគីកម្ពុជា និងថៃ បានព្រមព្រៀងគ្នាកំណត់យកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ននៅក្នុងតំបន់ជ្រលងភ្នំក្បាលដំរី ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងនៅតំបន់ឃុំស្ទឹងកាច់ ស្ថិតក្នុងស្រុកសាលាក្រៅ ដែលស្ថិតនៅជាប់ស្រុកពោងណាំរ៉ន (Pongnamron) ខេត្តចន្ទបុរី(Chanthaburi) របស់ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ