ទាហាន​ថៃ​នៅតែ​ប្រមាថ​និង​បណ្ដេញ​ទាហាន​ខ្មែរ​នៅពេល​ចុះ​ល្បាត​តាម​បណ្ដោយ​ព្រំដែន

0
49
ទិដ្ឋភាពទាហាន និងពលរដ្ឋថៃ​រារាំងមិនឱ្យពលរដ្ឋនិងទាហានខ្មែរឈរនៅតំបន់ថ្មដា ខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី២៦ មីនា ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពទាហាន និងពលរដ្ឋថៃ​រារាំងមិនឱ្យពលរដ្ឋនិងទាហានខ្មែរឈរនៅតំបន់ថ្មដា ខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី២៦ មីនា ២០២៦។ រូប៖ បណ្ដាញសង្គម

ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​ព្រំដែន​បាន​អះអាង​ថា ទាហាន​ថៃ​នៅតែ​បន្ត​ប្រើប្រាស់​ពាក្យសម្ដី​ប្រមាថមើលងាយ និង​បណ្ដេញ​ទាហាន​ខ្មែរ នៅពេល​ទាហាន​ខ្មែរ​ចុះ​បេសកកម្ម​ល្បាត​តាម​ព្រំដែន និង​ធ្វើការ​រារាំង​សកម្មភាព​ឈ្លានពាន​របស់​ទាហាន​ថៃ​លើ​ទឹកដី​ខ្មែរ​។ ជាមួយគ្នា​នេះ ទាហាន​ខ្មែរ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​យោធា​ថៃ ដែល​ថា​កម្ពុជា​ចល័ត​កម្លាំង​សព្វាវុធ​ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​ជា​លើក​ទី​បី​នោះ​ផង​ដែរ។

ក្រោយពី​បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​ចូលកាន់​កាប់​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន​រួចមក ទាហាន​ថៃ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ចោទប្រកាន់​ក្នុង​គោលបំណង​បង្ករឿង​ជាមួយ​កម្ពុជា​ថែមទៀត។

ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្តព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា ស្ថានការណ៍​នៅ​តាម​ព្រំដែន ក្នុង​តំបន់​មុំបី និង​ជាំតែ ហាក់​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង បន្ទាប់ពី​ទាហាន​ថៃ​បាន​បង្ករឿង និង​បណ្ដេញ​ទាហាន​ខ្មែរ មិន​ឱ្យ​ដើរ​ល្បាត​ក្បែរ​បន្លា​លួស ដែល​ទាហាន​ថៃ​បាន​ពង្រាយ​នៅ​លើ​ទឹកដី​ខ្មែរ​។ ទាហាន​រូប​នេះ អះអាង​ថា ក្រៅពី​ប៉ះ​ពាក្យសម្ដី​គ្នា ទាហាន​ថៃ​នៅតែ​បន្ត​លួច​បាញ់​ឆ្មក់​មក​លើ​ទីតាំង​ទាហាន​ខ្មែរ​ជាច្រើនលើក ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ខណៈ​ទាហាន​ខ្មែរ​មិនបាន​បាញ់​តដៃ​វិញ​នោះ​ឡើយ ដោយ​បារម្ភ​ពី​ការ​ផ្ទុះអាវុធ​ជាថ្មី​ម្ដងទៀត។

ចំណែក​នៅ​ខាង​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ឯណោះ​វិញ ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ប្រាសាទ​តា​ក្របី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា ទាហាន​ថៃ​បាន​បង្ហោះ​ដ្រូន​ចូល​ក្នុង​តំបន់​ឈរជើង​របស់​ទាហាន​ខ្មែរ​ស្ទើរ​រាល់ថ្ងៃ ដើម្បី​តាមដាន​សកម្មភាព​របស់​ទាហាន​ខ្មែរ​។ ទន្ទឹម​គ្នា​នេះ លោក​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​ទា​ហាន​ថៃ ដែល​ថា​ទាហាន​ខ្មែរ​បាន​ជីក​លេណដ្ឋាន​ជិត​តំបន់​ប្រាសាទ​តា​ក្របី ដើម្បី​ត្រៀម​ធ្វើសង្គ្រាម​ជា​លើក​ទី​បី​នោះ គឺជា​រឿង​មិន​ពិត ក្នុង​ចេតនា​មួលបង្កាច់​មក​លើ​កម្ពុជា។

ទាហាន​ខ្មែរ​បាន​អះអាង​ថា ការ​ជីក​លេណដ្ឋាន​របស់​នៅ​តំបន់​ប្រាសាទ​តា​ក្របី គឺ​ធ្វើ​ឡើង​នៅក្នុង​ទីតាំង​របស់​កម្ពុជា និង​ជា​យុទ្ធសាស្ត្រ​តាម​វិជ្ជាជីវៈ​របស់​យោធា ដើម្បី​ការពារ​ខ្លួន ដូចដែល​ទាហាន​ថៃ​បាន​ធ្វើ​នោះ​ដែរ ដោយ​មិនមែន​ជា​ការ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើសង្គ្រាម ដូច​ការផ្សាយ​បំប៉ោង​ស្ថានការណ៍​របស់​យោធា​ថៃ​នោះ​ឡើយ។

ទាហាន​រូប​នេះ បាន​ទទួល​ស្គាល់​ថា បើ​ផ្អែក​តាម​សមត្ថភាព​នៃ​កម្លាំងយោធា​បច្ចុប្បន្ន កម្ពុជា​សឹងតែ​គ្មាន​លទ្ធភាព​ដើម្បី​ការពារ​ខ្លួន ពី​ការឈ្លានពាន​របស់​ភាគី​ថៃ​នោះ​ឡើយ ដូច្នេះ​ការចោទប្រកាន់​មក​លើ​កម្ពុជា ថា​កំពុង​ត្រៀម​ធ្វើសង្គ្រាម​ជា​លើក​ទី​បី​នោះ គឺជា​សេនារីយោ​របស់​មេដឹកនាំ​យោធា​ថៃ ដើម្បី​បង្អើល​ស្ថានការណ៍​ឱ្យ​កាន់តែ​អាក្រក់ ខណៈ​ទាហាន​ខ្មែរ តែងតែ​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ​ឱ្យ​រក្សា​ការ​អត់ធ្មត់ និង​ជៀសវាង​ពី​ការ​ផ្ទុះអាវុធ​ជា​លើក​ទី​បី ដែល​ធ្វើ​ឱ្យ​យោធា​ថៃ មាន​លេស​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា កាន់តែ​ជ្រៅ។

កន្លងទៅ មេទ័ព​អាកាស​ថៃ​លោក រ៉ាវីន ថាណមស៊ីង (Rawin Thanomsing) បាន​ផ្ដល់​បទសម្ភាសន៍​ទៅកាន់​សារព័ត៌មាន​របស់​ថៃ​ថា កម្ពុជា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​ថៃ​ទៀត​នោះ​ទេ ដោយសារ​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​ទាំងពីរ មាន​លំដាប់​ខុសគ្នា​ខ្លាំង ជាពិសេស​ចំពោះ​ទ័ពអាកាស​របស់​កម្ពុជា ដែល​មាន​ភាព​ទន់ខ្សោយ និង​ចាស់​ទ្រុឌទ្រោម។

មេទ័ព​អាកាស​ថៃ​រូប​នេះ បាន​អះអាង​ថា ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​កម្ពុជា រួមមាន​កាំជ្រួច KS-1C និង PHL-03 ដែល​លោក ហ៊ុន សែន ដាក់​ឈ្មោះ​ថា សំណាញ់​មេឃ​នោះ ក៏​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បាញ់​កម្ទេច​យន្តហោះ​ចម្បាំង ស៊េរី​ទំនើប​របស់​ថៃ ដែល​បាន​អភិវឌ្ឍ និង​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​ថ្មី​បាន​នោះ​ឡើយ ដោយ​យន្តហោះ​ចម្បាំង​ថៃ អាច​បាញ់​គ្រាប់​ភ្លើង​កម្ទេច​គ្រាប់​កាំជ្រួច​ទាំងនេះ នៅ​លើ​អាកាស​បាន។

ងាក​មក​រឿង​បញ្ហា​ព្រំដែន​វិញ នៅ​តំបន់​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់ អ្នក​ជាតិនិយម និង​យោធា​ថៃ បាន​យក​ទង់ជាតិ​ថៃ​បាំង​ពីមុខ​ទូ​កុងតឺន័រ និង​បាន​ស្រែក​បណ្ដេញ​ទាហាន​ខ្មែរ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ក្នុង​ទឹកដី​កម្ពុជា។

ដូចគ្នា​នេះ​ដែរ ក្នុង​ពេល​ដែល រដ្ឋមន្ត្រី​ក្រសួងការបរទេស ប្រាក់ សុខុន បាន​ដឹកនាំ​តំណាង​ទូត​អន្តរជាតិ និង​តំណាង​បរទេស​ប្រចាំ​កម្ពុជា ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ការ​ដាក់​ទូ​កុងតឺន័រ នៅ​ឃុំ​ថ្មដា នៅ​ថ្ងៃទី​២៧ ខែ​មីនា នេះ យោធា​ថៃ​បាន​តម្រង់​កាណុង​កាំភ្លើង​មកកាន់​ភាគី​កម្ពុជា ខណៈ​អ្នក​ជាតិនិយម​ថៃ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ប្រមាថ​អាយុជីវិត​មក​លើ​តំណាង​កម្ពុជា​ទៀត​ផង។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ភៀស​សឹក​នៅក្នុង​ខេត្ត​ពោធិ៍សាត់ ថា ក្នុង​ថ្ងៃ​ដដែល​នេះ​ថា កម្ពុជា​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ដោយ​សន្តិវិធី​ជាមួយ​ថៃ ក៏ប៉ុន្តែ​ដោយហេតុថា ប្រទេស​នេះ​ពិបាក​និយាយ​គ្នា​ណាស់​ដោយសារតែ​អាង​លើ​អំណាច​យោធា​របស់​ខ្លួន។

លោក ប្រាក់ សុខុន៖ «អ្វី​ដែល​យើង​ចង់​ដោះស្រាយ​គឺ​ដោះស្រាយ​ដោយ​សន្តិវិធី​ដោយ​ផ្លូវច្បាប់​។ ប៉ុន្តែ​ពិបាក​និយាយ​គ្នា​ណាស់ ពិបាក​និយាយ​គ្នា​ជាមួយ​អ្នក​ដែល​មាន​អំណាច​កាំភ្លើង មានអំណាច​យោធា មានអំណាច​អាវុធ​នេះ​គឺ​គេ​មិន​ចង់​ស្ដាប់​ទេ»។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​អ្នកឃ្លាំមើល​កម្ពុជា លោក មែន ណាត លើកឡើង​ថា មូលហេតុ​ដែល​ប្រទេស​ថៃ អាច​ឈ្លានពាន​មក​លើ​កម្ពុជា និង​កូរ​ស្ថានការណ៍​បាន​បែបនេះ គឺ​ដោយសារ​កត្តា​ធំៗ​ចំនួន​ពីរ គឺ​ទីមួយ​កត្តា​ខាងក្រៅ បណ្ដាលមកពី​សណ្ដាប់ធ្នាប់​ពិភពលោក​កំពុង​មាន​ភាព​ច្របូកច្របល់ ដោយសារ​សង្គ្រាម និង​ទី​ពីរ​គឺ​កត្តា​ខាងក្នុង ដោយ​កម្ពុជា​ខ្លួនឯង​ផ្ទាល់​មាន​កម្សោយ​វិស័យ​ការពារ​ជាតិ និង​មានកេរ្តិ៍ឈ្មោះ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ។

លោក ម៉ែន ណាត៖ «​បើ​យើង​និយាយ​ពី​ភាគី​ថៃ គឺ​ថៃ​ជា​អ្នក​ញុះញង់​បង្ក​ឱ្យ​មាន​ភ្លើងសង្គ្រាម​រាល់ថ្ងៃ តាមរយៈ​ការពង្រីក​លេណដ្ឋាន​ទ័ព រាយ​បន្លា​លួស ជីក​ប្រឡាយ និង​ធ្វើ​សំណង់​រឹង ចាក់​ផ្លូវ​បេតុង ដែល​ទាំងនេះ​គឺជា​សកម្មភាព​ញុះញង់ បង្ក​ឱ្យ​កម្ពុជា​មាន​កំហឹង រួច​តដៃ»។

យ៉ាងណា​ក៏​ដោយ​ចុះ ទាហាន​ខ្មែរ​នៅ​ជួរមុខ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​ឈ្លានពាន​របស់​ថៃ ព្រោះ​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​បែបនេះ ការប្រើប្រាស់​អាវុធ មិនមែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ