

គណៈកម្មាធិការព្រឹទ្ធសភាថៃបានឯកភាពឱ្យរដ្ឋាភិបាលថ្មីរបស់ថៃលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MOU 43ស្ដីពីការបោះបង្គោលព្រំដែនគោកជាមួយកម្ពុជា ដោយសំអាងថា សន្ធិសញ្ញានេះ គ្មានភាពស្របច្បាប់ និងគ្មានការវិវឌ្ឍ។ ក្នុងនោះ ព្រឹទ្ធសភាថៃ បានណែនាំឱ្យរដ្ឋាភិបាល បដិសេធការកំណត់ព្រំដែន ដោយយកតាមផែនទីខ្នាត ១/២០០.០០០ ដែលបន្សល់ទុកពីអាណានិគមបារាំង ក្នុងការបោះបង្គោលព្រំដែនជាមួយកម្ពុជា នាពេលអនាគត។ មន្ត្រីបក្សប្រឆាំងថា គម្រោងការលុបចោល MOU 43 របស់ភាគីថៃ គឺជាការប្រែក្លាយសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ឱ្យមានភាពស្របច្បាប់ ដោយច្រានចោលនូវផែនទីរបស់អាណានិគមបារាំង។
ស្ថាប័នព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា បានឯកភាពឱ្យរដ្ឋាភិបាលថ្មីរបស់ថៃដែលគ្រោងនឹងចូលកាន់តំណែងខាងមុខនេះ លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ ឬ MOU 43 ជាមួយកម្ពុជា។
ប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃ លោក ណូប៉ាដុល អ៊ីនណា (Noppadol Inna) ឱ្យដឹងថា ការឯកភាពឱ្យរដ្ឋាភិបាលថៃលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ ជាមួយកម្ពុជានេះ គឺបន្ទាប់ពីមានការផ្ដល់អំណះអំណាងរបស់យោធា និងក្រសួងការបរទេសថៃ ដែលចោទប្រកាន់មកលើកម្ពុជាថា បានរំលោភលើទឹកដីថៃ និងមិនអើពើនឹងការជំទាស់របស់ភាគីថៃ។
អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ដែលហៅកាត់ថា MOU 43 នេះ គឺជាកិច្ចព្រមព្រៀង ដែលកំណត់ពីការវាស់វែង ខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ដោយផ្អែកទៅលើផែនទី និងឯកសារ ដែលជាមរតករបស់អាណានិគមបារាំង រួមមានអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧។
MOU 43 នេះ បានបង្កើតឱ្យមានគណៈកម្មការចម្រុះដើម្បីដោះស្រាយបញ្ហារឿងព្រំដែន ដែលមានភាពមិនដាច់ស្រេចតាមយន្តការចរចាទ្វេភាគី ដោយកម្ពុជា និងថៃ បានតម្កល់កិច្ចព្រមព្រៀង នៅអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងបានផ្សព្វផ្សាយជាសាធារណៈ នៅក្នុងកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។
ក៏ប៉ុន្តែ គណៈកម្មាធិការព្រឹទ្ធសភាថៃបានសម្រេចឱ្យរដ្ឋាភិបាលលុបចោលសន្ធិសញ្ញា ដែលមានអាយុកាលជាង២០ឆ្នាំនេះ ជាឯកតោភាគី ដោយលើកហេតុផលថា បទប្បញ្ញត្តិនៅក្នុងMOU 43 មានចំណុចខ្វះខាត និងមានភាពផ្ទុយគ្នា រវាងផែនទីខ្នាត ១:២០០.០០០ របស់កម្ពុជា និងផែនទីខ្នាត ១:៥០.០០០ របស់ថៃ ដែលបង្កើតឱ្យមានបញ្ហាក្នុងការកំណត់ព្រំដែន ខណៈកិច្ចព្រមព្រៀងនេះ គ្មានភាពស្របច្បាប់តាមរដ្ឋធម្មនុញ្ញ និងមិនបានឆ្លងកាត់ការពិនិត្យឡើងវិញរបស់សភានោះឡើយ។
ក្នុងនោះ ប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃ លោក ណូប៉ាដុល អ៊ីនណា បានអះអាងថា ផែនការហែកចោល MOU 43 នេះ គឺស្របពេលដែលស្ថានភាពព្រំដែនកម្ពុជា-ថៃ មានការប្រែប្រួលខ្លាំង បន្ទាប់ពីផ្ទុះសង្គ្រាមចំនួនពីរលើក ដែលតម្រូវឱ្យភាគីថៃ ត្រូវរក្សាកងទ័ពនៅទីតាំងបច្ចុប្បន្ន ស្របទៅតាមសេចក្ដីថ្លែងការណ៍រួម GBC ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បន្ថែមពីលើនេះ លោក ណូប៉ាដុល បានណែនាំឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវតែចាប់ផ្ដើមពីសេចក្ដីថ្លែងការណ៍រួម GBC នេះតែប៉ុណ្ណោះ សម្រាប់ការចរចាព្រំដែនគោកជាអចិន្ត្រៃយ៍ជាមួយកម្ពុជា នៅពេលខាងមុខ ដោយលោកអះអាងថា MOU 43 គ្មានភាពរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយជម្លោះព្រំដែនទៀតនោះឡើយ។
យ៉ាងណាមិញ មុននឹងឈានទៅដល់ការលុបចោល MOU 43 នេះ ក្រុមអ្នកជាតិនិយមបានចេញមកតវ៉ាដោយលើកឡើងថា MOU 43 នេះ គឺជារបងការពារទឹកដីរបស់កម្ពុជា ដែលរារាំងប្រទេសថៃ មិនឱ្យចូលហួសពីបង្គោលព្រំដែន ដែលបន្សល់ទុកពីអាណានិគមបារាំង។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រីអាណត្តិថ្មីរបស់ថៃ គឺ អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ដែលជាអ្នកនយោបាយអភិរក្សនិយម បានលើកយកគម្រោងលុបចោលMOU 43នេះ មកឃោសនាដើម្បីរកសំឡេងឆ្នោត រហូតទទួលបានការគាំទ្រ និងជាប់ឆ្នោតក្នុងអាណត្តិថ្មីម្ដងទៀត។
ក្រៅពីប្រកាសបំណងលុបចោល អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ ព្រឹទ្ធសភាថៃ ក៏បានលើកឡើងពីគម្រោងការអនុម័តលុបចោលអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០១ ឬMOU 44 ស្ដីពីកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រ និងការរុករកប្រេងកាតនៅតំបន់ដែលអះអាងថា ត្រួតស៊ីគ្នា(OCA) កាលពីខែធ្នូ ឆ្នាំ២០២៥ ផងដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែមីនា។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញថា គម្រោងការលុបចោល MOU 43 របស់ភាគីថៃ គឺជាចេតនាចង់ប្រែក្លាយសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ឱ្យមានភាពស្របច្បាប់ ដោយច្រានចោលនូវផែនទីរបស់អាណានិគមបារាំង។ ទោះជាយ៉ាងណា លោកបន្តថា កម្ពុជាត្រូវតែប្រកាន់យកផែនទីខ្នាត ១:២០០.០០០ របស់បារាំង ក្នុងការចរចាទ្វេភាគីជាមួយថៃ ឬនៅក្នុងយន្តការច្បាប់អន្តរជាតិ ទោះបីថៃលុបចោល MOU 43 ចោលក៏ដោយ។
លោក អ៊ុំ សំអាន៖ «បើតាមគោលការណ៍ច្បាប់អន្តរជាតិ ដែលយើងហៅថា ព្រំដែនមិនកែប្រែ និងផ្អែកអនុសញ្ញាទីក្រុងវីយែន(Vienna) ឆ្នាំ១៩៦៩ ច្បាប់ស្ដីពីសន្ធិសញ្ញាហ្នឹងគឺគេតម្រូវឱ្យប្រើមរតករបស់បារាំង គឺត្រូវទទួលយកខ្សែបន្ទាត់ព្រំដែន បន្ទាប់ពីទទួលបានឯករាជ្យ។ ប៉ុន្តែថៃអត់គោរពតាមច្បាប់អន្តរជាតិទេ ហើយឈ្លានពានទឹកដីខ្មែរ ដោយប្រើប្រាស់នូវផែនទី ១:៥០០.០០០ ដែលគូសដោយខ្លួនឯង និងគ្មានភាពស្របច្បាប់»។
ព្រឹទ្ធសភាថៃ បានអះអាងថា បន្ទាប់ពីការលុបចោល MOU 43 ហើយ កម្ពុជានិងថៃ នៅតែមានសន្ធិសញ្ញា និងយន្តការទ្វេភាគីផ្សេងទៀតដែលអាចប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាព្រំដែនគោកជាមួយប្រទេសថៃ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបារម្ភថា ស្ថិតក្នុងស្ថានភាពដែលថៃកំពុងមានប្រៀបខាងកម្លាំងទ័ព និងចូលកាន់កាប់ទឹកដីកម្ពុជា នៅតាមព្រំដែនបែបនេះ កម្ពុជានឹងមិនអាចចរចាទ្វេភាគីជាមួយថៃ ដោយស្មើមុខស្មើមាត់បាននោះឡើយ។ ផ្ទុយទៅវិញ ថៃអាចនឹងបើកការឈ្លានពានមកលើដែនទឹករបស់កម្ពុជាបន្ថែមទៀត ដើម្បីគ្រប់គ្រងតំបន់រ៉ែប្រេងកាត និងឧស្ម័នធម្មជាតិផ្ដាច់មុខ នៅតំបន់ឈូងសមុទ្រ៕









