យោធា​ថៃ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ ក្រោយ​ប្រកាស​លុប​ចោល​កិច្ចព្រមព្រៀង​ដែន​សមុទ្រ​ជាមួយ​កម្ពុជា

0
109
ទិដ្ឋភាពសមយុទ្ធរបស់កងទ័ពជើងទឹកថៃ កាលពីថ្ងៃទី២៦ មេសា ២០២៦។ រូប៖ Royal Thai Navy
ទិដ្ឋភាពសមយុទ្ធរបស់កងទ័ពជើងទឹកថៃ កាលពីថ្ងៃទី២៦ មេសា ២០២៦។ រូប៖ Royal Thai Navy

កងទ័ពជើងទឹក​ថៃ​បាន​ធ្វើ​សមយុទ្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ក្រោយ​ប្រកាស​លុបចោល​កិច្ចព្រមព្រៀង​ដែនសមុទ្រ ឬ MOU44 ជាមួយ​កម្ពុជា​។ កងទ័ព​ថៃ​ប្រកាស​ថា សមយុទ្ធ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​របស់​កងកម្លាំង​ប្រយុទ្ធ​ក្នុង​តំបន់​ឈូង​សមុទ្រ ដើម្បី​ការពារ​អធិបតេយ្យ និង​ផលប្រយោជន៍​នៅក្នុង​ដែនសមុទ្រ​របស់​ថៃ​។ គោលជំហរ​របស់​កង​ទ័ព​ថៃ​នេះ មាន​ភាព​ស្របគ្នា​ទៅ​នឹង​ហេតុផល​របស់​រដ្ឋាភិបាល​ស៊ីវិល​ថៃ ដែល​យក​មក​សំអាង​ដើម្បី​លុបចោល MOU 44 ជាមួយ​កម្ពុជា។

នៅ​ថ្ងៃទី​២៧ ខែមេសា នេះ កងទ័ពជើងទឹក​ថៃ ទើបនឹង​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មាន​រយៈពេល ៧​ថ្ងៃ ដែល​គេ​ឱ្យ​ឈ្មោះថា «​ឆ្នាំ​នៃ​ការ​ត្រៀម​ប្រយុទ្ធ របស់​កងទ័ពជើងទឹក​»​។ នៅក្នុង​សមយុទ្ធ​នេះ កងទ័ពជើងទឹក​ថៃ បាន​បាញ់​គ្រាប់កាំភ្លើង​ធំ​ទំហំ ១៥៥ និង​១៣០​មិល្លីម៉ែត្រ រួម​ទាំង​ការ​ហ្វឹកហាត់​ប្រយុទ្ធ​នៅពេល​យប់ ការ​តភ្ជាប់​បណ្ដាញ​យោធា​ជាមួយ​ទ័ពអាកាស និង​ទ័ពជើងគោក ដើម្បី​ធ្វើ​ប្រតិបត្តិការ​រួមគ្នា រួមទាំង​ការ​ហ្វឹកហាត់​អាវុធ​ប្រឆាំង​ដែនអាកាស ដ្រូន​ពិឃាដ និង​ប្រព័ន្ធ​រ៉ាដា​ចាប់​សញ្ញា​ជាដើម។

នៅក្នុង​សមយុទ្ធ ដែល​ធ្វើឡើង​នៅ​តំបន់​ឆ្នេរសមុទ្រ ក្នុងស្រុក​សាត់តាហ៊ីប (Sattahip) ខេត្ត​ឈុនបុរី​(Chonburi) នេះ កងទ័ពជើងទឹក​ថៃ​បាន​ប្រកាស​ថា ការ​ហ្វឹកហាត់​ដែល​មាន​លក្ខណៈ​ជា​ការ​ប្រយុទ្ធ​ដូច​នៅ​លើ​សមរភូមិ​ពិត ដើម្បី​នាំ​យក​បទពិសោធន៍​ទៅ​ប្រើ​ប្រាស់​នៅក្នុង​សមរភូមិ​ជាក់ស្ដែង ខណៈ​ស្ថានភាព​បច្ចុប្បន្ន ប្រទេស​ថៃ​កំពុង​មាន​ជម្លោះ​ដែន​គោក និង​ដែនសមុទ្រ​ជាមួយ​កម្ពុជា។

បន្ថែម​ពីលើ​នេះ អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ លោក ប៉ារ៉ាច រតនាឆៃយ៉ាផាន់ (Parach Rattanachaiyapan) បាន​ប្រកាស​ពី​ការបង្កើត​យុទ្ធសាស្ត្រ​សង្គ្រាម​នៅ​លើ​ដែនសមុទ្រ ដោយ​ឱ្យ​នាវាមុជទឹក​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នាវា​ពិឃាដ (Frigate)​ចំនួន ៤​គ្រឿង ដើម្បី​វាយប្រហារ​ពីក្រោម​សមុទ្រ។

ទោះជា​យ៉ាងណា បច្ចុប្បន្ន​ថៃ​មិនទាន់​ទទួល​បាន​វា​នា​មុជទឹក​នោះ​ឡើយ ដោយ​នាវាមុជទឹក​ប្រភេទ Type S26T ដែល​ថៃ​កុម្ម៉ង់​ទិញ​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំ​២០២៤ ត្រូវ​គេ​រំពឹង​ថា នឹង​មក​ហែល​សាកល្បង​ក្នុង​ដែនសមុទ្រ​ថៃ​នៅ​ចុងឆ្នាំ​២០២៧ ឬ​ដើមឆ្នាំ​២០២៨ ខាងមុខ​នេះ។

ក្រៅពី​ពង្រឹងកម្លាំង​ដើម្បី​ត្រៀមប្រយុទ្ធ​នៅ​លើ​ដែនសមុទ្រ កងទ័ពជើងទឹក​របស់​ថៃ​ក៏បាន​ត្រៀម​សម្រាប់​ការវាយប្រហារ​នៅ​លើ​ដីគោក​ផង​ដែរ​។ កងទ័ពជើងទឹក​ថៃ បាន​ប្រកាស​ទិញ​យាន​ចម្បាំង​ប្រភេទ AWAV 8×8 ដែល​ផលិត​នៅក្នុង​ប្រទេស​ថៃ ជាច្រើន​គ្រឿង​បន្ថែម​ទៀត។ កងទ័ពជើងទឹក​ថៃ អះអាង​ថា យាន​ចម្បាំង​ប្រភេទ​នេះ អាច​បើក​បាន​ទាំង​លើទឹក និង​លើគោក ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជូនទាហាន​ថ្មើរជើង ឱ្យ​ចូល​វាយលុក​ទៅលើ​ដែន​គោក ដោយមាន​ការ​គាំទ្រ​ពី​នាវា​នៅ​លើ​ដែនសមុទ្រ។

ការ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ដែល​មាន​សភាព​ដូច​សង្គ្រាម​ពិត របស់​យោធា​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ បាន​អនុម័ត​ការលុបចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MOU44 ស្ដីពី​ការកំណត់​ដែនសមុទ្រ​ជាមួយ​កម្ពុជា ដោយ​យក​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ (UNCLOS) មក​ប្រើ​ជំនួស​វិញ ខណៈ​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​សេចក្ដីព្រាងច្បាប់​របស់​(UNCLOS) នេះ កាលពី​ថ្ងៃទី​១៦ ខែ​មករា មុន​រួច​ទៅ​ហើយ។

ភាគី​ថៃ​បាន​លើក​ពី​មូលហេតុ​នៃ​ការ​លុបចោល​អនុស្សរណៈ នៃ​យោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា​ថា កិច្ចព្រមព្រៀង​នេះ​គ្មាន​ការ​វិវឌ្ឍន៍ និង​បាន​បង្កើត​ឱ្យ​មាន​ជម្លោះ​លើ​ដែនសមុទ្រ រវាង​កម្ពុជា និង​ថៃ​ផង​ដែរ​។ ភាគី​ថៃ បាន​អះអាង​ទៀត​ថា ការ​លុបចោល​អនុស្សរណៈ ដែល​មាន​អាយុកាល​ជាង ២០​ឆ្នាំនេះ គឺ​ដើម្បី​រក្សា​ផល​ប្រយោជន៍ និង​ធនធានធម្មជាតិ​នៅក្នុង​ដែនសមុទ្រ​របស់​ថៃ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ថៃ​គឺជា​សេនារីយោ ព្រមាន​មក​លើ​កម្ពុជា នៅក្នុង​ស្ថានភាព​ដែល​ប្រទេស​ទាំងពីរ ប្រឈម​នឹង​ជម្លោះដែនសមុទ្រ ក្រោយ​ភាគី​ថៃ​លុបចោល​អនុស្សរណៈ នៃ​ការ​យោគ​យក​គ្នា​ឆ្នាំ​២០០១ ស្ដីពី​ការ​រកស៊ី​រួមគ្នា​នៅ​លើ​ដែនសមុទ្រ​ក្នុង​តំបន់ ដែល​ភាគី​ទាំងពីរ​អះអាង​ថា «​ត្រួតស៊ីគ្នា​»​។ លោក​បន្ត​ថា កម្ពុជា​គួរតែ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​រក្សា​ដែន​អធិបតេយ្យ​សមុទ្រ ប្រសិនបើ​ថៃ​លុបចោល MOU44 ព្រោះ​បើ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន ប្រទេស​ដែល​មាន​កម្លាំង​ទ័ពជើងទឹក​ខ្លាំង គឺ​មាន​ឥទ្ធិពល និង​ចូល​កាន់កាប់​ក្នុង​ដែនទឹក ដែល​មាន​ជម្លោះ។

លោក ម៉ែន ណាត៖ «បើ​រដ្ឋាភិបាល​កម្ពុជា​ឆ្លាត​វៃ គួរ​ណាស់​តែ​ប្រើប្រាស់​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​វិញ ដើម្បី​ធ្វើ​មោឃភាព​(​ភាព​ពុំ​មាន​អានុភាព​តាមផ្លូវ​ច្បាប់​)​លើ​ឯកសារ​ខុសច្បាប់​ទាំងអស់ ជាមួយ​វៀតណាម និង​ថៃ​។ កិច្ចព្រមព្រៀង​ខុសច្បាប់​ទសវត្ស​ទី​៨០ ត្រូវ​បាន​ធ្វើ​និរាករណ៍​ដោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស»។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ថៃ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ចុះផ្សាយ​ថា កម្ពុជា​បាន​បញ្ជា​ទិញ និង​បញ្ជូនទាហាន ឱ្យទៅ​រៀន​បើក​យន្តហោះ J-10C នៅ​ប្រទេស​ចិន ខណៈ​ចិន​បាន​ប្រកាស​ផ្ដល់​នាវាចម្បាំង​ប្រភេទ 056 ចំនួន ២​គ្រឿង​ដល់​កម្ពុជា​។ ទោះបីជា​ដំណឹង​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​កម្ពុជា​ក្ដី ក៏​យោធា​ថៃ បាន​អះអាង​ពី​ការ​តាមដាន​ការ​វិវឌ្ឍន៍​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ជាប្រចាំ ដោយ​មិន​ឱ្យ​កម្លាំងយោធា​កម្ពុជា ក្លាយ​ជា​ការ​គំរាមកំហែង​មក​លើ​កម្លាំងយោធា​របស់​ថៃ ទៅ​ថ្ងៃមុខ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ