រដ្ឋាភិបាល​២៣តុលា សង្ឃឹម​ថា តុលាការICC ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​ថៃ​ដែល​ឈ្លាន​ពាន​កម្ពុជា

0
133
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា សង្ឃឹមថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​បើក​ការស៊ើបអង្កេត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ រួម​ទាំង​ការ​ចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ និង​មេ​យោធា​ថៃ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ក្នុង​អំឡុង​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​។ ក្តី​រំពឹង​បែបនេះ គឺ​នៅ​មុន​ពេល​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​មួយ​នេះ​គ្រោង​ដាក់​ភស្តុតាង​បន្ថែម​ជូន​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅ​ចុងខែ​សីហា​នេះ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន សង្ឃឹមថា រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នឹង​ពិនិត្យ​លើ​ការចោទប្រកាន់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់ និង​របួស​របស់​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​ការខូចខាត​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រាសាទបុរាណ​នានា​។ លោក​ថា ការប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​អាច​ជា​មធ្យោបាយ​មួយ​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ទប់ស្កាត់​ការ​កើត​មាន​អំពើ​ហិង្សា​បន្ថែម​ទៀត​នៅ​តាម​ព្រំដែន។

លោក​ថា​រដ្ឋាភិបាល​២៣ តុលា មាន​ភស្តុតាង​រឹងមាំ​បញ្ជាក់​ពី​សកម្មភាព​ឧក្រិដ្ឋកម្ម​របស់​យោធា​ថៃ រួមមាន​ការ​បាញ់​សម្លាប់​ជនស៊ីវិល​ការ​ផ្លោង​គ្រាប់​និង​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង លើ​កាស៊ីណូ​និង​សណ្ឋាគារ​ដែល​គេ​សង្ស័យ​ថា មាន​បង្ខាំង​ពួក​ឆបោក​តាម​អនឡាញ​ដែល​បណ្តាល​ឱ្យ​ស្លាប់​និង​របួស​ជន​ស៊ីវិល​ខ្មែរ​និង​ជន​សុ​ី​វិល​បរទេស​ជាច្រើន​នាក់ និង លើ​លំនៅឋាន​ជន​សុ​ី​វិល​ខ្មែរ​ដែល​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​យ៉ាងតិច​២១​នាក់​ស្លាប់​និង​របួស​៨៣​នាក់ រួមមាន​ស្ត្រី ក្មេង​និង​ទារក​ម្នាក់​។​

លោក អ៊ុំ សំអាន៖ «ហេតុ​ដូច្នេះ​យើង​សង្ឃឹមថា តុលាការ ICC នឹង​បើក​ការស៊ើបអង្កេត និង​ចោទប្រកាន់​ទៅលើ​មេដឹកនាំ​ថៃ មេដឹកនាំ​យោធា​ថៃ ហើយ​និង ចេញ​ដីកាចាប់ខ្លួន​ពួកគេ ហើយ​និង សង្ឃឹមថានឹង​បាន​សង​សំណង​ទៅដល់​ជនរងគ្រោះ​កម្ពុជា ហេតុ ហើយ​និង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ហ្នឹង យើង​សំអាង​ទៅលើ យើង​មាន​ភស្តុតាង រឹងមាំ​ដែល​សង្ឃឹមថា តុលាការ ICC នឹង​ចាត់វិធានការ ចំពោះ​មេដឹកនាំ​ថៃ មេដឹកនាំ​យោធា​ថៃ ទៅតាម​បណ្ដឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឯករាជ្យ ២៣ តុលា»។

ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្រសិនបើ​មានការ​ដាក់​បណ្តឹង និង​ភស្តុតាង​គ្រប់គ្រាន់ ICC អាច​ពិនិត្យ​លើ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។ លោក ថា ច្បាប់​អន្តរជាតិ អនុវត្ត​ចំពោះ​មេដឹកនាំ​គ្រប់​ប្រទេស​ដោយ​មិន​មាន​ការលើកលែង ប្រសិនបើ​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញថា ឧក្រិដ្ឋកម្ម​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់ ICC បាន​កើត​ឡើង។

លោក ស៊ឹង សែនករុណា៖ «ហើយ​នៅ​ពេល​ដែល​សង្គ្រាម​កើតមានឡើង យើង​ឃើញ​ហើយ ក្នុង​ការដែល​យោធា​ថៃ​បាន​ប្រើ​នូវ​បទល្មើស គេ​ហៅថា​ជា​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ហ្នឹង យើង​ឃើញ​ទី​១ គឺ​រំលោភ​ទៅលើ បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា​, ទី​២ បាន​ប្រើប្រាស់​អាវុធយុទ្ធភណ្ឌ​ហ្នឹង ហួសហេតុ​សង្គ្រប់​មក​លើ​ប្រទេស​កម្ពុជា ហើយ​បាន បាញ់សម្លាប់​ប៉ះពាល់​ទៅដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ហើយ​និង​យោធា​ផង​ដែរ​។ ហើយ​ក្នុង​ហ្នឹង នៅ​ពេល​ដែល​បាញ់​ហ្នឹង ក៏បាន​ប្រើប្រាស់​នូវ​អាវុធ​ដែល​ជា​សារធាតុ​គីមី​ទៅទៀត​, អាហ្នឹង​គឺ​សុទ្ធ​សឹង​ជា​បទល្មើស ជា​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ»។

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ត្រឹមតែ​បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី និង​តែង​ចេញ​លិខិតតវ៉ា​ទៅកាន់​ភាគី​ថៃ ដែល​កំពុង​បន្ត​ឈ្លានពាន​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ដូចជា​ការ​រាយ​បន្លា​លួស ទូ​កុងតឺន័រ សាងសង់​ផ្លូវ សាងសង់​របង​ជា​ឯកតោភាគី ចែក​ដី​របស់​ខ្មែរ​ឲ្យ​ពលរដ្ឋ​ថៃ​កាន់កាប់ ការអភិវឌ្ឍន៍​ជម្លោះ​ឲ្យ​ទៅជា​តំបន់​ទេសចរណ៍ និង​ចុង​ក្រោយនេះ យោធា​ថៃ បាន​សាងសង់​លេណដ្ឋាន​យោធា​ថ្មី​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា និង​ផែនការ​ពង្រីក​បណ្ដាញ​អគ្គិសនី​របស់​ថៃ​ទៅកាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ ៣៥០​ជាដើម។ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិនបាន​នាំ​យក​បញ្ហា​នេះ​ទៅកាន់​តុលាការអន្តរជាតិ និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ឡើយ។

តាមច្បាប់​ទីក្រុង​រ៉ូម ICC មាន​សមត្ថកិច្ច​លើ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត រួមមាន​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ឈ្លានពាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ