

សហព័ន្ធសហជីព អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន ៧៣ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយទាមទារឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងភាគីពាក់ព័ន្ធទាំងអស់ ពិចារណាឡើងវិញចំពោះសំណើរបស់សហព័ន្ធសហជីពស្នើដំឡើងប្រាក់ ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាម៉េរិក ដែលមានមូលដ្ឋានភស្តុតាងគ្រប់គ្រាន់បង្ហាញពីស្ថាន ភាពជីវភាព និងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ។ ការស្នើសុំនេះ គឺបន្ទាប់ពីប្រាក់ឈ្នួលកម្មករត្រូវបានដំឡើងត្រឹម២១២ដុល្លារ។
សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលចំនួន ៧៣ស្ថាប័ន ក្នុងនោះរួមមាន អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) អង្គការមជ្ឈមណ្ឌលធុរកិច្ច និងច្បាប់ (BHRE Center) សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (AFWA) សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (ClTUFED) សហព័ន្ធសហជីពកម្ពុជា (CATU) ជាដើម ខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងរបស់ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយមិនបានដំឡើងប្រាក់ឈ្នួលអប្បបរមា ជូនដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៧។
នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ តុលា ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំចុងក្រោយ សំឡេងភាគច្រើនលើសលប់ ពោលគឺ ភាគីរដ្ឋាភិបាល តំណាងក្រុមហ៊ុននិងសហជីពដែលគាំទ្ររដ្ឋាភិបាល បានបោះឆ្នោតរក្សាតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន២១០ដុល្លារអាមេរិក ដដែល ហើយកំណើន ២ដុល្លារបន្ថែមនោះ គឺបានមកពីកិច្ចអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ ការសម្រេចប្រកាសយកតួលេខ ២១០ ដុល្លារអាមេរិក ក្នុងមួយខែ ភ្លាមៗនេះក្នុងថ្ងៃដដែលនេះ នាំឱ្យមានមតិសង្ស័យជុំវិញឯករាជ្យភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពក្នុងការបំពេញតួនាទីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ផ្អែកតាមការស្រាវជ្រាវរបស់ស្ថាប័នទាំងនោះ ឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលក្នុងរយៈពេល ៧ ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ គឺនៅមានកម្រិតទាបពេក និងនៅក្រោមអតិផរណា។ ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២ ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៧ មានកំណើនត្រឹមតែ ០.៩៥ ភាគរយប៉ុណ្ណោះ ខណៈអតិផរណាផ្អែកតាមការព្យាកររបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានប្រមាណ ៣.១% ដែលអត្រាអតិផរណានេះទាមទារការដំឡើងប្រាក់ឈ្នួលយ៉ាងតិចចំនួន ៦.៥១ ដុល្លារអាមេរិក ទើបអាចរក្សាអំណាចទិញ (Purchasing Power) ទប់ទល់ទៅនឹងថ្លៃទំនិញលើទីផ្សារបាន។
ប្រធានសហព័ន្ធសហជីពកម្ពុជាឯករាជ្យ (ClTUFED) លោក សល់ គឹមសាន ប្រាប់ទូរទស្សន៍អាស៊ីសេរីទាំងអស់សង្ឃឹមថា លោកសោកស្តាយ ដែលរដ្ឋាភិបាល មិនបានទទួលយកសំណើរបស់សហព័ន្ធសហជីពដែលបានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ទៅពិចារណាឱ្យបានល្អិតល្អន់។ លោកថា សំណើនេះពុំមែនធ្វើឡើងតាមតែអំពើចិត្ត ឬមួយថ្ងៃ២ថ្ងៃឡើយ ពោល គឺផ្អែកលើរបកគំហើញនៃការស្រាវជ្រាវរួមគ្នារបស់សម្ព័ន្ធសហជីពជាច្រើន និងរៀងរាល់ឆ្នាំ ទៅលើការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត។ លោកបន្តថា ការដំឡើងប្រាក់ឈ្នួល២ដុល្លារពីរដ្ឋាភិបាលនេះ មិនអាចជួយសម្រាលបន្ទុករបស់កម្មករនិយោជិតបានឡើយ ខណៈការចំណាយរបស់កម្មករកាន់តែខ្ពស់ជាងមុន និងប្រៀបដូចជាការដាក់សម្ពាធលើកម្មករឲ្យរស់នៅត្បិតត្បៀត វេទនាជាងមុនទៅទៀត។
លោក សល់ គឹមសាន អះអាងថា រដ្ឋាភិបាលគ្មានឆន្ទៈក្នុងការដោះស្រាយបញ្ហាជូនកម្មករ និងមិនបានយកចិត្តទុកដាក់ពិតប្រាកដមកលើកម្មករ ដែលកំពុងជួបការលំបាកក្នុងស្ថានភាពបច្ចុប្បន្នឡើយ ផ្ទុយទៅវិញ បែរជាចោទប្រកាន់ក្រុមសហជីពដែលធ្វើការដើម្បីកម្មករពិតប្រាកដថា ជាក្រុមសហជីពដែលធ្វើការបំរើគណបក្សនយោបាយ មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ។ លោកលើកឡើងថា សហជីពដែលគាំទ្ររដ្ឋាភិបាល ធ្វើការក្បត់ឧត្តមគតិខ្លួនឯង មិនបានជួយដល់កម្មករ និងមិនគាំទ្រតួលេខដែលខ្លួនបានលើកឡើង ២២៥ដុល្លារ បែរជាបោះគាំទ្រខាងនិយោជកទៅវិញ។
លោក សល់ គឹមសាន៖ «លុយតែ ២ ដុល្លារឡើង គឺលុយរបស់រាជរដ្ឋាភិបាលឡើង។ អញ្ចឹងខ្ញុំគិតថា ការចរចាប្រាក់ឈ្នួលគ្រាន់តែឧបកិច្ចធ្វើៗៗដូចជារូបភាពមួយថាតម្លើងរាល់ឆ្នាំៗ។ តាមពិតដូចអត់មានឃើញ តួលេខនៃការឡើងផងហ្នឹង។ ហើយបើខ្ញុំ ខ្ញុំគិតថា បើៗៗអាចរំសាយ ឬក៏រំលាយក្រុមប្រឹក្សាចរចាប្រាក់ឈ្នួលហ្នឹង ប្រហែលជាល្អជាង។ ខ្ញុំគិតថាអញ្ចឹង បើវាខាត… គេហៅថាថវិការដ្ឋ ខាតអីអញ្ចឹង។ ធាតុពិតគឺអត់មានន័យអីទេ! ខ្ញុំសង្ឃឹមថា បើអាចក្រុមប្រឹក្សាចរចាប្រាក់ឈ្នួល ដែលឯករាជ្យពិតប្រាកដ ស្រាវជ្រាវរកឲ្យឃើញពិតប្រាកដ រកឃើញកម្មករដែលចំណាយប៉ុន្មានៗមែន ឧទាហរណ៍ថាអ៊ីចឹង…»
ដូចគ្នានេះដែរ សហភាពសហជីពកម្ពុជា នៅថ្ងៃទី៦ តុលា នេះ បានចេញសេចក្តីថ្លែងការណ៍មួយ អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនកម្មករ កម្មការិនី «ស្មើសូន្យ» ដែលបានមកពីសម្លេងគាំទ្ររបស់ភាគីរដ្ឋាភិបាល ភាគីនិយោជក និងសហជីពគាំទ្ររដ្ឋាភិបាលនោះថា ជាការប្រមាថដល់កម្មករ ដែលបានខិតខំប្រឹងប្រែងធ្វើការ ដើម្បីរកប្រាក់ចំណេញឲ្យថៅកែ និងរក្សាកំណើនសេដ្ឋកិច្ចដល់រដ្ឋ។ សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថា ការដំឡើងប្រាក់ឈ្នួល ២៥០ដុល្លារក្នុង១ខែឲ្យកម្មករ មិនមែនជាឧបសគ្គធ្វើឲ្យនិយោជករត់ចេញពីកម្ពុជានោះទេ។ ការណ៍ដែលនិយោជករត់ចេញ និងរារែកមិនមកវិនិយោគនៅកម្ពុជា គឺដោយសារតែតម្លៃអគ្គិសនីខ្ពស់ ប្រេងឥន្ទនៈខ្ពស់ ការិយាធិបតេយ្យ ថ្លៃសេវាភ្នាក់ងារខ្ពស់ និងអំពើពុករលួយ។
ចំណែក គណបក្សកម្លាំងជាតិ នៅថ្ងៃនេះក៏បានធ្វើសន្និសីទសារព័ត៌មានមួយផងដែរ ស្តីអំពីប្រាក់ឈ្នួលអប្បបរមាជូនកម្មករវិស័យវាយនភណ្ឌឆ្នាំ២០២៧។
ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ថ្លែងថា ការដំឡើងប្រាក់ខែជូនកម្មករឲ្យដល់ ២៥០ដុល្លារទៅ ៣០០ដុល្លារ ឬអាចលើសពីនេះ ក្នុង១ខែ មិនពិបាកនោះទេ ប្រសិនបើរដ្ឋាភិបាលអាចលុបបំបាត់អំពើពុករលួយ ការចំណាយលុយក្រោមតុរបស់ថៅកែរោងចក្រ និងកាត់បន្ថយការចំណាយឥតប្រយោជន៍មួយចំនួនចោល ដើម្បីឲ្យថៅកែអាចមានលទ្ធភាពក្នុងការដំឡើងប្រាក់ខែជូនកម្មករ។ លោកបន្តថា ការគោរពសិទ្ធិមនុស្ស ក៏ជាហេតុអាចទាក់ទាញអ្នកវិនិយោគឲ្យចូលមកម្ពុជាបានច្រើន បង្កើនឱកាសការងារនិងប្រាក់ចំណូលជូនកម្មករនិយោជិតដោយមិនបាច់ភ័យខ្លាចអ្នកវិនិយោគទាំងនោះរត់ទៅប្រទេសដទៃ។ លោកអះអាងថា ប្រាក់ឈ្នួល ២១២ដុល្លារនេះ មិនគ្រប់គ្រាន់ឲ្យកម្មករចំណាយបានឡើយ ដោយសារនៅមានកម្រិតតិចពេក។ លោកថា រដ្ឋាភិបាល គួរយកចិត្តទុកដាក់ឲ្យបានខ្លាំងលើបញ្ហាប្រឈមរបស់កម្មករ និងដំឡើងប្រាក់ឈ្នួលឲ្យបានសមរម្យជាងនេះ។
លោក ជា មុនី៖ «កាលណាប្រាក់បៀវត្សទាបយើងត្រូវការស្នើសុំឲ្យមានការដំឡើងប្រាក់បៀវត្សមួយសមរម្យ ដើម្បីធ្វើឲ្យយ៉ាងណាឲ្យ balance។ អ្នកវិនិយោគក៏អាចនៅបាន អ្នកធ្វើការនៅក្នុងឧស្សាហកម្មកាត់ដេរនេះក៏អាចនៅបាន។ ចុះឧទាហរណ៍ថា យើងគិតអំពីតែការថែរក្សានៃឧស្សាហកម្មកាត់ដេរ គឺអ្នកវិនិយោគ ប៉ុន្តែវាអត់មានកម្មករធ្វើការនោះដោយសារតែប្រាក់ខែតិចពេកនោះ អានឹងក៏វាអត់តុល្យភាពគ្នាដែរ។ អ៊ីចឹងធ្វើយ៉ាងណា ជាគំនិតគណបក្ស ជាយោបល់គណបក្ស ឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញ ជាពិសេសក្រសួងការងារ ដើម្បីធ្វើយ៉ាងណាឲ្យប្រាក់បៀវត្សនេះបានសមរម្យ…»
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីសួរនាំពីករណីនេះបានទេ នៅថ្ងៃទី៦ តុលា ដោយទូរស័ព្ទចូល ប៉ុន្តែចុចបិទ។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភណ្ឌ មានប្រសាសន៍ថា ការខកខាននៃការមិនដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតទៅតាមតម្លៃអតិផរណាទីផ្សារ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មករ ជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅ ដោយសារប្រាក់ខែទាប មិនអាចឆ្លើយតបដល់ការរស់នៅ។ ប្រាក់ឈ្នួលរបស់កម្មករ ២១០ដុល្លារសម្រាប់ឆ្នាំ២០២៧ នឹងធ្វើឲ្យកម្មករនិងគ្រួសាររបស់ពួកគាត់ប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងជាងមុន ដូចជា បំណុលធនាគារ ថ្លៃទឹកភ្លើង ចំណីអាហារ ការផ្គត់ផ្គង់គ្រួសារជាដើម។ អ្នកស្រីលើកឡើងថា ប្រសិនបើបន្តឲ្យកម្មករជួបការលំបាក នោះបង្ហាញឲ្យឃើញថា រដ្ឋាភិបាល មិនបានយកចិត្តទុកដាក់ និងគិតគួរដល់កម្មករនិយោជិកពិតប្រាកដនោះទេ។ អ្នកស្រីស្នើសុំកុំឲ្យលើកយកហេតុផលថា ការដំឡើងប្រាក់ឈ្នួលតិច គឺជាការធានានូវជីវភាពរបស់កម្មករនិយោជិត គឺជាការយល់ខុស និងមិនត្រឹមត្រូវនោះទេ។
អ្នកស្រី យ៉ាង សុភណ្ឌ ឲ្យដឹងទៀតថា កត្តាដែលជំរុញឲ្យកម្មករចំណាកស្រុកទៅធ្វើការក្រៅប្រទេស គឺដោយសារកត្តាប្រាក់ឈ្នួលមិនសមរម្យ លក្ខខណ្ឌការងារ និងកត្តាសិទ្ធិសេរីភាពនេះហើយ។ អ្នកស្រីបន្តថា ប្រាក់២.៥ដុល្លារ មិនមែនជាប្រាក់ឈ្នួលឋិតថេររបស់កម្មករនោះទេ ហើយក៏មិនអាចបូកបញ្ចូលជាប្រាក់ខែបានដែរ ផ្ទុយទៅវិញវាជាប្រាក់ឧបត្ថម្ភក្នុងគ្រាដែលប្រេងសាំងឡើងថ្លៃបណ្តោះអាសន្នប៉ុណ្ណោះ ដូច្នេះមិនគួរលើកយកករណីនេះមកបូកបញ្ចូលជាមួយប្រាក់ខែរបស់កម្មករបានទេ។
អ្នកស្រី យ៉ាង សុភណ្ឌ៖ «អញ្ចឹងត្រឡប់មកវិញ ខ្ញុំគិតថា បើរឿងទាក់ទងការដំឡើងប្រាក់ឈ្នួលក្នុងបរិបទ ទោះមិនមែនប្រទេសខ្មែរ ឬក៏ប្រទេសផ្សេងៗទៀត ក៏គេត្រូវមើលដែរ។ ធម្មតាតម្លៃអតិផរណាទីផ្សារ វាមានការឡើងចន្លោះពី ៥ ទៅ ១០ ភាគរយហ្នឹងឯង។ គិតថាវានឹងត្រូវតែមានការឡើង ហើយកម្មករនិយោជិតហើយ ទៅតាមសមាមាត្រនៃតម្លៃអតិផរណាទីផ្សារហ្នឹងឯង។ តែបើសិនជាយើងអត់ធ្វើការដំឡើងទេ ប្រាកដណាស់ គឺពលរដ្ឋរបស់យើង បញ្ហានៅស្រុកទេសរបស់យើងកាន់តែប្រឈម កាន់តែខ្លាំងទៅៗ។ ហើយអាហ្នឹងសួរថា តើអ្នកណាដែលអាចដោះស្រាយបញ្ហាអស់ហ្នឹង? គឺមានតែរាជរដ្ឋាភិបាល ឬក៏យើងនៅ..ក្នុងស្រុកខ្លួនឯងហ្នឹង ត្រូវធ្វើការដោះស្រាយ។ អញ្ចឹងបញ្ហាប្រឈមហ្នឹង យើងអ្នកទទួលទាំងអស់គ្នាទេ នៅពេលដែលពលរដ្ឋគាត់មានការប្រឈមកាន់តែខ្លាំងៗ។ហើយអាហ្នឹង គាត់រុញមកដល់រដ្ឋ។ សួរថា រដ្ឋត្រូវធ្វើម៉េច? ត្រូវមានកាតព្វកិច្ចក្នុងការដោះស្រាយ។ អញ្ចឹង បញ្ហានេះជៀសមិនផុតទេ…»
កន្លងមក កម្មករ សហជីពជាច្រើន បង្ហាញអារម្មណ៍មិនពេញចិត្តនឹងលទ្ធផលរបស់ក្រុមប្រឹក្សាជាតិពិគ្រោះយោបល់លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយពួកគេមួយចំនួនយល់ថា ស្ថាប័នរដ្ឋហាក់លំអៀងទៅរកនិយោជកជាជាងការគិតគូរដល់ទុក្ខលំបាករបស់កម្មករ និងអស់សង្ឃឹមចំពោះរដ្ឋាភិបាលជាខ្លាំង។ ពួកគេមួយចំនួន ទទូចឲ្យរដ្ឋាភិបាលរំលាយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះចោល ដោយពួកគេលើកឡើងថា ធ្វើឡើងមិនបានការពារអត្ថប្រយោជន៍ជូនកម្មករដដែល ដូច្នេះ ការលុបចោល ដើម្បីកុំឲ្យចំណាយលុយរដ្ឋចោលឥតប្រយោជន៍លើការប្រជុំដែលគ្មានបានការនេះ។
ចំណែក សង្គមស៊ីវិលទាំង៧៣ ស្ថាប័ន អំពាវនាវដល់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងភាគីពាក់ព័ន្ធទាំងអស់ ពិចារណាឡើងវិញចំពោះសំណើរបស់សម្ព័ន្ធសហជីពស្នើដំឡើងប្រាក់ ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ដែលមានមូលដ្ឋានភស្តុតាងគ្រប់គ្រាន់បង្ហាញពីស្ថានភាពជីវភាព និងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ ដោយសារប្រាក់ឈ្នួលដែលគ្រប់គ្រាន់ មិនមែនត្រឹមតែជាការបង្ហាញពីចំនួនតួលេខតែមួយប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានដែលអាចធានាសន្តិសុខផ្នែកហិរញ្ញវត្ថុ សុខមាលភាពរបស់គ្រួសារ និងស្ថិរភាពសង្គម។ កម្មករ និយោជិតដែលទទួលបានប្រាក់ឈ្នួលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅ គឺជាកម្លាំងដ៏សំខាន់ក្នុងការទ្រទ្រង់ឱ្យអាជីវកម្ម សហគមន៍ និងសេដ្ឋកិច្ចជាតិមាននិរន្តរភាព៕









