

ជនភៀសខ្លួនផ្នែកនយោបាយម្នាក់ ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ លោកស្រី ប៉ែន មុំ ត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនក្នុងពន្ធនាគារ នៅទីក្រុងបាងកក (Bangkok) ប្រទេសថៃ។ តំណាងជនភៀសខ្លួននយោបាយនៅប្រទេសថៃ អំពាវនាវឲ្យអង្គការសិទ្ធិមនុស្សជួយតាមដាន និងអន្តរាគមន៍ ធ្វើយ៉ាងណាកុំឲ្យអាជ្ញាធរថៃបញ្ជូនលោកស្រី ប៉ែន មុំ ត្រឡប់ទៅកម្ពុជាវិញ។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃម្នាក់ គឺលោកស្រី ប៉ែន មុំ ត្រូវបានអាជ្ញាធរថៃ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១ ខែធ្នូ ខណៈលោកស្រី កំពុងធ្វើដំណើរចេញពីទីក្រុងបាងកក ទៅខេត្តនន្ទបុរី (Nonthaburi) និងបញ្ជូនលោកស្រីទៅប៉ុស្តិ៍នគរបាលមូលដ្ឋានដើម្បីធ្វើការសួរនាំ។ បច្ចុប្បន្នលោកស្រី ប៉ែន មុំ ត្រូវអាជ្ញាធរថៃបញ្ជូនទៅដាក់ពន្ធនាគារសួនភ្លូ ក្នុងទីក្រុងបាងកកហើយ នៅរសៀលថ្ងៃទី០៣ ខែធ្នូនេះ។

តំណាងជនភៀសខ្លួនផ្នែកនយោបាយនៅប្រទេសថៃ លោក លី ម៉េងឃៀង ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែវិច្ឆិកាថា ក្រុមការងារ និងមេធាវីរបស់លោកស្រី ប៉ែន មុំ កំពុងតែចរចាជាមួយអាជ្ញាធរថៃ ធ្វើយ៉ាងណាកុំឲ្យបញ្ជូនសកម្មជននយោបាយរូបនេះទៅកម្ពុជាវិញ។ លោកបន្ថែមថា អាជ្ញាធរថៃមិនបាននិយាយអ្វីច្រើននោះទេ ក្រៅពីប្រាប់ថា ពួកគេនឹងធ្វើតាមនីតិវិធីរបស់អាជ្ញាធរថៃ។ លោកព្រួយបារម្ភខ្លាចអាជ្ញាធរថៃ បញ្ជូនលោកស្រី ប៉ែន មុំ ទៅកម្ពុជាវិញ និងធ្វើឲ្យសកម្មជនដ៏ទៃទៀត ដែលកំពុងភៀសខ្លួននៅប្រទេសថៃមានការភ័យខ្លាច។
លោក លី ម៉េងឃៀង៖ «ខ្ញុំសូមអំពាវនាវដល់អង្គការទាំងអស់ ជាពិសេសអង្គការសិទ្ធិមនុស្សប្រចាំទីក្រុងបាងកក តាមដាន និងយកចិត្តទុកដាក់ ដែលគាត់ត្រូវបានចាប់ខ្លួននេះ សូមឲ្យពិនិត្យមើលមែនទែន ជៀសវាងការបញ្ចូលទៅវិញ ដោយមិនដឹងខ្លួន សូមឲ្យសង្គមស៊ីវិលទាំងជួយជ្រោមជ្រែង និងឃ្លាំមើលពីគាត់មែនទែន»។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា សកម្មជនសង្គម និងនយោបាយពួកគាត់បានបង្ខំចិត្តរត់ភៀសខ្លួនទៅរស់នៅប្រទេសថៃ គឺដើម្បីគេចពីការតាមយាយីពីសំណាក់រដ្ឋាភិបាលកម្ពុជា។ ដូច្នេះអាជ្ញាធរថៃគួរសហការជាមួយអង្គការសហប្រជាជាតិប្រចាំប្រទេសថៃ ដើម្បីធានាពីសន្តិសុខ សុវត្ថិភាព និងការអនុវត្តសិទ្ធិសេរីភាពពួកគេនៅទីនោះ។
លោក យិន ម៉េងលី៖ «ប្រទេសថៃត្រូវតែបញ្ចូលជននេះទៅកាន់UNHCR ដើម្បីជាអ្នកការការពារដល់ជនភៀសខ្លួនផ្នែកនយោបាយហ្នឹង ឲ្យគេចផុតពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនេះ នេះបើសិនជាប្រទេសថៃពិតជាគោរពតាមច្បាប់អន្តរជាតិ គោរពទៅតាមគោលការណ៍បត្យាប័ន»។
លោកស្រី ប៉ែន មុំ គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតបក្សសង្គ្រោះជាតិ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត។ លោកស្រីក៏ធ្លាប់ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ដាក់ពន្ធនាគារចំនួន២ដងរួចមកហើយកាលនៅកម្ពុជា ពាក់ព័ន្ធសកម្មភាពនយោបាយ។ សាលាដំបូងខេត្តកំពត ធ្លាប់ចោទលោកស្រី ពីបទរួមគំនិតក្បត់ ហើយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងការគាំទ្រផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។
ក្រោយបានចេញពីពន្ធនាគារ លោកស្រី ប៉ែន មុំ សម្រេចចិត្តភៀសខ្លួនមករស់នៅប្រទេសថៃបណ្ដោះអាសន្នរយៈពេលជាង១ឆ្នាំមកហើយ។ លោកស្រីក៏ត្រូវបានអង្គការសហប្រជាជាតិប្រចាំប្រទេសថៃទទួលស្គាល់ជាជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីការតាមយាយី និងធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលកម្ពុជាផងដែរ៕









