អាជ្ញាធរ​ថៃ​បន្ត​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ជំនិត​លោក ហ៊ុន សែន ក្នុង​ករណី​ឆបោក​តាម​អ៊ីនធឺណិត

0
150
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អាជ្ញាធរ​ថៃ​បាន​បន្ត​រឹបអូស​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ជាង ៣​រយ​លាន​ដុល្លារ ពី​មនុស្ស​ជំនិត​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​ពួកគេ​គឺជា​កំពូល​ឧកញ៉ា​នៅ​កម្ពុជា រួមមាន​លោក ចេន ហ្សី (Chen Zhi) ដែល​ជា​បងធំ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត។ អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ឱ្យ​បុគ្គល​ពាក់ព័ន្ធ ចេញ​មក​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បង្ហាញ​ការពិត។

បន្ទាប់ពី​អាជ្ញាធរ​អន្តរជាតិ បាន​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អ៊ីនធឺណិត និង​លាងលុយកខ្វក់ ពេល​នេះ​ក្រុម​ឧក្រិដ្ឋជន ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​កម្ពុជា ហាក់​មិនទាន់​អស់​ទ្រព្យ​សម្បត្តិ​ដែល​ពួកគេ​មាននៅ​ក្រៅប្រទេស​នោះ​នៅឡើយ​ទេ។

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ ថា អាជ្ញាធរ​ថៃ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ជាង ៣​រយ​លាន​ដុល្លារ (៣១៣) នៅក្នុង​ការ​បង្ក្រាប​ដ៏​ធំ​មួយ ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​ឆបោក ដែល​លោក​អះអាង​ថា មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​មួយ​ចំនួន។

លោក អានុទីន បាន​លើកឡើង​ថា មេខ្លោង​ឧក្រិដ្ឋជន ដែល​អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់ និង​រឹបអូស​ទ្រព្យសម្បត្តិ​នោះ គឺ​ស្ថិត​ក្នុងចំណោម​អ្នកធំ​នៅ​ស្រុក​ខ្មែរ រួមមាន​លោក ចេន ហ្សី (Chen Zhi) ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បូករួម​ទាំង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា និង​ជនជាតិ​ថៃ​ចំនួន​ពីរ​នាក់​ផ្សេងទៀត។

នៅក្នុង​ប្រតិបត្តិការ​មួយ ដែល​មាន​ឈ្មោះថា «​កម្ចាត់​ឧក្រិដ្ឋជន​បោកប្រាស់​ឆ្លងដែន​ឱ្យ​អស់​» ការិយាល័យ​ប្រឆាំង​ការ​លាង​លុយកខ្វក់​របស់​ថៃ (AMLO) បាន​វាយឆ្មក់ និង​កំណត់​គោលដៅ​ទៅលើ​ជនជាតិ​ថៃ ជា​បណ្ដាញ​របស់​មេខ្លោង​ឧក្រិដ្ឋជន ដែល​ពួកគេ​បាន​ប្រតិបត្តិការ​ឆបោក និង​មាន​តំណ​ភ្ជាប់​តាម​ប្រព័ន្ធ​ទៅកាន់​មជ្ឈមណ្ឌល​ឆបោក ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា។

ការិយាល័យ​ស៊ើបអង្កេត​របស់​ថៃ (CIB) បាន​រាយការណ៍​ថា ទ្រព្យសម្បត្តិ​ដែល​រឹបអូស​បាន​ពី​មេ​ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត​នោះ រួមមាន ទូក​កប៉ាល់​ប្រណីត រថយន្ត​ស៊េរី​ទំនើបៗ អចលនទ្រព្យ និង​គណនី​ធនាគារ​ជាច្រើន​ទៀត។ អាជ្ញាធរ​ថៃ​អះអាង​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងនេះ គឺ​ផ្អែកលើ​សំណុំរឿង​ធំៗ​ចំនួន​៤ ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​លាងលុយកខ្វក់​ឆ្លងដែន​នៅ​កម្ពុជា។

ករណី​ទាំងនោះ រួម​មាន បណ្ដាញ​របស់​លោក ចេន ហ្សី ដែល​អាជ្ញាធរ​ថៃ​បាន​ស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន ព្រីនស៍ គ្រុប របស់​លោក ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា និង​បាន​រក​ឃើញ​ពី​ប្រតិបត្តិការ​លាងលុយកខ្វក់ តាមរយៈ​រូបិយប័ណ្ណ​គ្រីបតូ ដែល​បំប្លែង​ទៅជា​ទ្រព្យសម្បត្តិ​ផ្សេងៗ។

ករណី​ទី​២ គឺជា​បណ្ដាញ​របស់​លោក កុក អាន ដែល​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា លោក​គឺជា​ម្ចាស់​អគារ​ជាច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដែល​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​មជ្ឈមណ្ឌល​ឆបោក​ឆ្លងដែន​។ លោក កុក អាន ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អត្តសញ្ញាណ​អ្នកដទៃ ដើម្បី​បង្កើត​គណនី​ធនាគារ​សម្រាប់​ផ្ទេរ​ប្រាក់ និង​ទិញ​ទ្រព្យសម្បត្តិ​នៅក្នុង​ប្រទេស​ថៃ ក្រោម​ឈ្មោះ​អ្នក​តំណាង។

ករណី​ទី​៣ គឺជា​បណ្ដាញ​របស់​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​ថា មានឈ្មោះ តាំងម៉ូ ថៃ (Tangmo Thai) និង​សហការី ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូនប្រុស​ពៅ​របស់​អតីត​ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី គឺ​លោក យឹម លក្ខណ៍ និង​លោក បេន ស្មីត (Ben Smith) ដែល​អ្នក​ទាំងពីរ​គឺជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន​។ អាជ្ញាធរ​ថៃ រក​ឃើញ​ថា បណ្ដាញ​នេះ​បាន​បោក​បញ្ឆោត​ជនរងគ្រោះ​ឱ្យ​ផ្ទេរ​ប្រាក់ ក្នុង​ទម្រង់ការ​ត្រួតពិនិត្យ និង​ការប្រើប្រាស់​ប្រតិបត្តិការ​អន្តរជាតិ​ដ៏​ស្មុគស្មាញ​ដើម្បី​ក្លែងបន្លំ​ប្រាក់។

ពាក់ព័ន្ធ​នឹង​ករណីនេះ នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន បាន​បញ្ជា​ឱ្យ​ក្រសួងមហាផ្ទៃ​ថៃ ដកហូត​សញ្ជាតិ​ថៃ​របស់​លោក យឹម លក្ខណ៍ ដែល​ជា​ប្រធាន​ធនាគារ ប៊ី​.អាយ​.ស៊ី (BIC) នៅ​កម្ពុជា បន្ទាប់ពី​អាជ្ញាធរ​រក​ឃើញ​ថា យឹម លក្ខណ៍ ទទួល​បាន​សញ្ជាតិ​ថៃ តាមរយៈ​ការ​រៀបការ​ជាមួយ​ស្ត្រី​ថៃ។

ករណី​ចុងក្រោយ គឺ​ពាក់ព័ន្ធ​នឹង​បណ្ដាញ​របស់​មនុស្ស​ម្នាក់ ដែល​គេ​កំណត់​អត្តសញ្ញាណ​ថា​មានឈ្មោះ យូអា អាងឃុន (Eua-Angkoon) និង​អ្នកសមគំនិត​ផ្សេងទៀត ដែល​ពួកគេ​បាន​បញ្ឆោត​ឱ្យ​អ្នក​វិនិយោគ ជួញដូរ​ភាគហ៊ុន​តាមរយៈ​កម្មវិធី យូឡេឡា មែកស៍ (ULELA Max) ជាមួយនឹង​ទិន្នន័យ​ប្រាក់ចំណេញ​ក្លែងក្លាយ ខណៈ​គណនី​ដែល​ពួកគេ​លួច​បាន ត្រូវ​បំប្លែង​ទៅជា​រូបិយប័ណ្ណ​អេឡិចត្រូនិក ឬ​គ្រីបតូ (Crypto) មុននឹង​ផ្ទេរ​ទៅ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​ផ្នែក​ធុរកិច្ច និង​អភិបាលកិច្ច លោក ប៉ិច ពិសី យល់​ឃើញ​ថា ការ​រឹបអូស និង​បង្កក​ទ្រព្យសម្បត្តិ​របស់​អ្នកជំនួញ​ខ្មែរ របស់​បណ្ដា​ប្រទេស​អន្តរជាតិ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ជាពិសេស​ចំពោះ​ស្ថាប័ន របស់ បុគ្គល ដែល​អន្តរជាតិ​បាន​ចោទប្រកាន់​នោះ​ផ្ទាល់​។ លោក​បន្ត​ថា បញ្ហា​នេះ ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​ផង​ដែរ។

លោក ប៉ិច ពិសី៖ «​យើង​បណ្ដោយ​ឱ្យ​ឧក្រិដ្ឋជន​ប្រើប្រាស់​ទឹកដី​កម្ពុជា ហើយ​ប្រើប្រាស់​យន្តការ​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​បាន​ហើយ​ហ្នឹង​។ ដូចនេះ​ជំនឿ​ចិត្ត​ទៅលើ​ហិរញ្ញវត្ថុ និង​ការ​វិនិយោគ នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ក្រុម​ហ្នឹង​គាត់​មានអំណាច គ្រប់គ្រង​និង​ជះឥទ្ធិពល​សឹងតែ​គ្រប់​ស្ថាប័ន​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​ប៉ះពាល់​ទំនុកចិត្ត​របស់​បរទេស​ក្នុង​ការ​វិនិយោគ»។

ទោះជា​យ៉ាងណា ការិយាល័យ​ប្រឆាំង​ការ​លាង​លុយកខ្វក់​របស់​ថៃ (AMLO) បាន​បញ្ជាក់​ថា ដីកា​រឹបអូស​ទ្រព្យសម្បត្តិ របស់​បុគ្គល​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នេះ គឺជា​ការអនុវត្ត​បណ្ដោះអាសន្ន ដែល​មាន​ការ​កំណត់​រយៈពេល ៩០​ថ្ងៃ​។ ម្ចាស់ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​រឹបអូស ឬ​ភាគី​ដែល​រង​ផល​ប៉ះពាល់ អាច​ដាក់​បណ្ដឹងឧទ្ធរណ៍​ដោយមាន​ភស្តុតាង​គាំទ្រ ដើម្បី​បង្ហាញថា​ទ្រព្យសម្បត្តិ​មិន​ត្រូវ​បាន​ទទួល​តាមរយៈ​សកម្មភាព​ព្រហ្មទណ្ឌ​ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សេចក្ដី​ជូនដំណឹង។

ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​អ៊ីនធឺណិត​នេះ​ដែរ រដ្ឋាភិបាល​កូរ៉េខាងត្បូង (South Korea) នៅ​ថ្ងៃទី​៤ ខែធ្នូ នេះ បាន​ប្រកាស​បន្ថយ​កម្រិត​ព្រមាន​ការ​ធ្វើ​ដំណើរ​មកកាន់​តំបន់​មួយចំនួន នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​អាជ្ញាធរ​ប្រទេស​មួយ​នេះ រក​ឃើញ​ថា កម្ពុជា គឺជា​ទីតាំង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ទៅលើ​ជនជាតិ​កូរ៉េខាងត្បូង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ