

ពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយក្រៅរដ្ឋាភិបាល ចង់ឱ្យរដ្ឋាភិបាល ផ្ដល់សេរីភាពនយោបាយពេញលេញដល់លោក កឹម សុខា គឺមិនមែនសេរីភាពត្រឹមតែធ្វើដំណើរក្នុងនិងក្រៅប្រទេសនោះទេ។ ក្រៅពីនេះ ពួកគាត់ថា ក៏ចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយផ្សេងទៀត ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ និងយកពេលដោះស្រាយវិបត្តិជាតិធំៗដែលកំពុងកើតឡើង។
ខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងពលរដ្ឋសាមញ្ញ សង្គមស៊ីវិល រហូតដល់ អ្នកនយោបាយ នៃគណបក្សក្រៅរដ្ឋាភិបាល ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្ដល់ សិទ្ធិធ្វើនយោបាយ ដល់លោក កឹម សុខា រួមទាំង ដោះលែងអ្នកទោសនយោបាយ និង អ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពពេញលេញ ដើម្បីធ្វើការរួមគ្នា ដោះស្រាយវិបត្តិជាតិធំៗ។ ពួកគាត់ថា ការផ្ដល់សេរីភាពឱ្យលោក កឹម សុខា តែម្នាក់ ហើយត្រឹមតែធ្វើដំណើរក្នុងនិងក្រៅប្រទេស កាន់តែធ្វើឱ្យបរទេសជិតខាង មើលស្រាលកម្ពុជា ថា ក្នុងស្ថានភាពវិបត្តិជាតិហើយ នៅតែបន្តបែកបាក់គ្នា។
ពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ ដែលសុំមិនបញ្ចេញឈ្មោះប្រាថ្នាចង់ឱ្យលោក សម រង្ស៊ី និង លោក កឹម សុខា មានសេរីភាពនយោបាយ ដូចអំឡុងការបោះឆ្នោតឆ្នាំ២០១៣ ដើម្បីអាចផ្ដល់សេចក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋទូទៅ និងប្រទេសជាតិ។ លោកស្រីថា ឱ្យលោក កឹម សុខា មានសិទ្ធិត្រឹមតែដើរជួយពលរដ្ឋ ហើយមិនបានធ្វើនយោបាយ កុំថាឡើយគ្មានលទ្ធភាព ដោះស្រាយបញ្ហាជាតិធំៗ ដូចជា បញ្ហាទឹកដីព្រំដែន សូម្បីតែលោក កឹម សុខា ចុះទៅចែកអំណោយបន្តិចបន្តួច ក៏គាត់អាចចែកឱ្យតែពលរដ្ឋដែលអាជ្ញាធររៀបចំទុកប៉ុណ្ណោះ។
ពលរដ្ឋភៀសសឹក៖ «គេមិនគ្រប់គ្នា មួយភូមិហ្នឹង គេចែកចោះៗ ខ្ញុំមិនបានបុងហ្នឹងគេទេ គេចែកមកគេចែកតែគ្នាគេ គេយកតែគ្នាគេ យើងអត់មានដឹង មានអីផង គេដើរចែកបុងយប់ទៀត ចែកម៉ោង ៨ ជិត ៩ ចែកបុង! ម៉ោង ៩ យប់ទៀត»។
សកម្មជនសង្គម និង បរិស្ថាន លោក ម៉ា ចិត្រា លើកឡើងថា ការបើកសេរីភាពឱ្យលោក កឹម សុខា មានសេរីភាពដើរជួបប្រជាពលរដ្ឋ ជារូបភាពល្អបន្តិចដែរ ក្នុង ស្ថានភាពដែលការចាប់ដាក់ពន្ធនាគារ មានភាពធ្ងន់ធ្ងរពេក ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប៉ុន្តែ លោកថា ការបន្តបិទសិទ្ធិនយោបាយលោក កឹម សុខា និង អ្នកនយោបាយផ្សេងទៀត នៅតែជារឿងមិនល្អ។ លោកថា កម្ពុជាត្រូវមានលំហ សេរីភាពគណបក្សប្រឆាំង ដែលមានលក្ខណៈសម្បត្តិពេញលេញ ដើម្បីជួយតម្រង់ ទិសរដ្ឋាភិបាល ទើបជាផលល្អដល់សង្គមជាតិទាំងមូល។
លោក ម៉ា ចិត្រា ៖«យើងឃើញហើយ កន្លងមក អត់មានតំណាងរាស្ត្រពីគណបក្ស ប្រឆាំង ដើម្បីបញ្ចេញសំឡេង ដើម្បីជួយតម្រង់ទិសគ្នា។ កន្លងមក យើងឃើញហើយ ពាក់ព័ន្ធនឹងល្បែងអនឡាញ ឧក្រិដ្ឋកម្មអនឡាញអីហ្នឹងជាដើម ឃើញរីករាយដាលសឹងតែពេញប្រទេស ហើយចុងក្រោយ យើងទៅជាឈ្មោះអាក្រក់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញជាដើម។ អ៊ីចឹង ខ្ញុំគិតថា បើសិនជានៅក្នុងប្រទេស កម្ពុជាយើងមានគណបក្សប្រឆាំងដ៏រឹងមាំ ដែលអាចជួយតម្រង់ទិសដល់រដ្ឋាភិបាលបាន ខ្ញុំគិតថា ជារឿងប្រសើរ ជាពិសេស នៅក្នុងអាណត្តិនេះ ឬក៏អាណត្តិក្រោយ»។
រីឯ ពលរដ្ឋនៅតំបន់បឹងតាមោក រាជធានីភ្នំពេញ លោកស្រី ស៊ា ដាវី រៀបរាប់ថា ការបើកសេរីភាព ដល់លោក កឹម សុខា បានត្រឹមឱបដៃមើលទុក្ខវេទនាប្រជាពលរដ្ឋដដែល ពុំមានន័យអ្វីទេ។ លោកស្រី ចង់ឱ្យរដ្ឋាភិបាលបង្កលក្ខណៈឱ្យអ្នកនយោបាយ និង គណបក្សនយោបាយទាំងអស់ មានសេរីភាពពេញលេញ ចូលរួមប្រកួតប្រជែង កម្មវិធីនយោបាយ និង សកម្មភាពនយោបាយ ជួយប្រទេសជាតិ និង ប្រជាពលរដ្ឋ ទើបជាអត្ថន័យពិតប្រាកដ ដែលអាចទាកទាញយកការអនុគ្រោះពាណិជ្ជកម្ម ពីមិត្តភក្ដិប្រជាធិបតេយ្យ និង ការពារជាតិបានរឹងមាំ។
លោកស្រី ស៊ា ដាវី ៖ «សូមឱ្យបើកទាំងសិទ្ធិនយោបាយ លំហសេរីភាព ការបញ្ចេញមតិ សម្រាប់សកម្មជនបក្សនយោបាយ មិនថាតែលោក កឹម សុខា មួយទេ បក្សសង្គ្រោះជាតិ បក្សភ្លើងទៀន បក្សកម្លាំងជាតិ។ សូមឱ្យបើកលំហសិទ្ធិ ប្រជាធិបតេយ្យទៅ ប្រកួតស្មើគ្នាអ៊ីចឹង យើងដើម្បីឈ្នះ មិនមែនឈ្នះតែពួកគាត់ទេ ឱ្យបក្សប្រឆាំងមានឱកាសចូលបម្រើពលរដ្ឋផង។ យើងខ្មែរដូចគ្នា យើងអាចសាមគ្គីគ្នា ក្នុងកាលៈទេសៈដែលប្រទេសជិតខាងចង់បានទឹកដីយើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានសរសេរលើទំព័រហ្វេសប៊ុក របស់លោក កាលពីចុងខែឧសភាថា ការផ្ដល់សេរីភាពឱ្យលោក កឹម សុខា រួចផុត ពីការឃុំខ្លួនក្នុងផ្ទះ គឺជាជំហានមួយបន្ថែមទៀត ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ ប៉ុន្តែ គណបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល លើកឡើងថា ការពង្រឹងសាមគ្គី ឯកភាពជាតិ អាចមានដំណើរការល្អ លុះត្រាតែគ្រប់ខ្មែរមជ្ឈដ្ឋាន អាចអនុវត្ត សិទ្ធិពេញតាមរដ្ឋធម្មនុញ្ញ ដោយគ្មានការរឹតត្បិត និងគំរាមកំហែង។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា បានឱ្យដឹងថា ករណីលោក កឹម សុខា ចុះជួបពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ ហើយចែកអំណោយ គ្រាន់តែជាការសម្ដែងមនោសញ្ចេតនាបុគ្គលគាត់ប៉ុណ្ណោះ ។ លោកថា សិទ្ធិដែលលោក កឹម សុខា ទទួលបាននៅពេលនេះ មិនទាន់ឆ្លើយតបឱ្យបានត្រឹមត្រូវ នឹងខ្លឹមសារ និងស្មារតីរដ្ឋធម្មនុញ្ញនៅឡើយទេ ពីព្រោះ កាលណា និយាយដល់ជាតិ គឺជារឿងទាំងអស់គ្នា ដែលត្រូវដោះស្រាយជាមួយគ្នា។
លោក ប៉ោ មករា៖ «វាត្រូវតែផ្ដល់សេរីភាពឱ្យគាត់ហើយ ពីព្រោះអ្វីដែលច្បាប់មានចែងហ្នឹង គឺយើងឃើញថា វាបានផ្ដល់សិទ្ធិឱ្យពលរដ្ឋទូទៅ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមជីវភាពនយោបាយ ក្នុងការគិតគូរជោគវាសនាប្រទេសជាតិ។ អ៊ីចឹងរដ្ឋាភិបាល មិនមែនគួរទេ គឺត្រូវតែដោះលែង ត្រូវតែផ្ដល់សេរីភាពពេញលេញ ក្នុងការធ្វើម៉េចឱ្យប្រជាពលរដ្ឋខ្មែរ ទូទៅទាំងអស់ហ្នឹង មានឱកាសគិតគូរបញ្ហាប្រទេសជាតិសំខាន់ៗ។ បញ្ហាទាំងអស់នេះ មិនមែនក្រុមណាមួយអាចដោះស្រាយបានទេ វាជាការរួមគិត រួមធ្វើសម្រាប់ជាតិទាំងមូល»។
ជាមួយគ្នានេះដែរ ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស កម្ពុជា ហៅកាត់ CHRAC លោក រស់ សុដ្ឋា លើកឡើងថា តាមគោលការណ៍សិទ្ធិមនុស្ស និងស្មារតីបង្រួបបង្រួមជាតិ សង្គមស៊ីវិលចង់ឃើញការផ្ដល់សេរីភាពពេញលេញ ដល់លោក កឹម សុខា ព្រមទាំងអ្នកទោសនយោបាយ និង អ្នកទោសមនសិការ ទាំងអស់ ដើម្បីពង្រឹងប្រក្រតីភាពជាតិ និងទាញយកប្រយោជន៍សម្រាប់កម្ពុជា។ លោកថា មានតែប្រតិបត្តិតាមគោលការណ៍នេះទេ ទើបកម្ពុជាអាចឈរស្មើមុខគេ និង មានកិត្តិយសនៅលើឆាកអន្តរជាតិ។
លោក រស់ សុដ្ឋា៖ «បើសិនជាលោក កឹម សុខា ត្រូវបានផ្ដល់នូវសេរីភាពមួយរយភាគរយ គឺថា យើងកាន់តែមានការរីករាយត្រេកអរ ពិសេសហ្នឹង ពេញចិត្តចំពោះការបង្រួបបង្រួមជាតិរបស់ខ្មែរយើង។ ដើម្បីឱ្យកម្ពុជាយើងឈានទៅរក គឺថាស្ថានភាពប្រក្រតី ក្នុងដំណើរការនូវធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាទទួលបាននូវ ការគាំទ្របន្ថែមទៀតពីសហគមន៍អន្តរជាតិ ដើម្បីជាប្រយោជន៍របស់កម្ពុជា»។
អ្នកឃ្លាំមើលលើកឡើងថា ការមិនផ្ដល់សេរីភាពពេញលេញដល់លោក កឹម សុខា ព្រមទាំងអ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀត ហើយគ្រាន់តែ បើកឱកាសឱ្យលោក កឹម សុខា អាចធ្វើដំណើរក្នុង និងក្រៅប្រទេស ក្នុងកម្រិតបុគ្គលបែបនេះ គឺគ្រាន់តែល្បែងយុទ្ធសាស្ត្រនយោបាយ មិនសុចរិតរបស់លោក ហ៊ុន សែន ក្នុងការព្យាយាមអូសពេល រៀបចំផែនការពង្រឹងអំណាចក្រុមគ្រួសារត្រកូលហ៊ុនប៉ុណ្ណោះ។ ពួកគាត់ថា ប្រទេសកម្ពុជា នឹងរងសម្ពាធកាន់តែខ្លាំង ទាំងសេដ្ឋកិច្ច និងនយោបាយការទូត ពីសហគមន៍អន្តរជាតិ ហើយខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ លើឆាកអន្តរជាតិ កាលណារដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន នៃលោក ហ៊ុន ម៉ាណែត នៅតែបន្តដាក់សម្ពាធលើសេរីភាពនយោបាយ និងសេរីភាពបញ្ចេញមតិ របស់ប្រជាពលរដ្ឋខ្មែរ៕









