

សមត្ថកិច្ចរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនស្ត្រីសមាជិកក្រុម ប្រឹក្សាសង្កាត់មកពីគណបក្សភ្លើងទៀន នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមហេតុផលថា អ្នកស្រីប្រើប្រាស់ស្លាកលេខម៉ូតូក្លែងក្លាយ។ សមាជិកគ្រួសារ និងគណបក្សភ្លើងទៀន ចាត់ទុកការ ចាប់ខ្លួននេះ ថាជាការបំភ័យបំភិត និងគំរាមកំហែងនយោបាយ។
សមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ ក្រុងកំពង់ចាម នៃគណបក្សភ្លើងទៀន គឺអ្នកស្រី គី ស៊ីវឡាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមកាលពីថ្ងៃទី២០ ខែកក្កដា ដោយចោទពីបទ «ប្រើប្រាស់ឯកសារសាធារណៈក្លែង» ដោយសង្ស័យថា អ្នកស្រីប្រើប្រាស់ស្លាកម៉ូតូក្លែងក្លាយ។ ការចាប់ខ្លួនអ្នកស្រី គី ស៊ីវឡាង ក៏ស្របពេលដែលប្រធានគណបក្សនេះ គឺលោក ទាវ វណ្ណុល កំពុងជាប់ក្ដីក្ដាំ នៅតុលាការហើយលោកបានស្នើពន្យារពេលទៅបំភ្លឺនៅសាលាឧទ្ធរណ៍ភ្នំពេញផងដែរ។
ក្រៅពីតួនាទីជាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់នៃគណបក្សភ្លើងទៀន អ្នកស្រី គី ស៊ីវឡាង បច្ចុប្បន្ន ក៏ជាអនុប្រធានគណៈកម្មការប្រតិបត្តិអចិន្ត្រៃយ៍ក្រុងកំពង់ចាម របស់គណបក្សភ្លើងទៀន និងក៏ជាប្រធានប្រតិបត្តិក្រុងកំពង់ចាម នៃគណបក្សឆន្ទៈខ្មែរដែរ។ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ គឺជាគណបក្សក្នុងសម្ព័ន្ធភាពតែមួយ។
សមាជិកគ្រួសាររបស់អ្នកស្រី គី ស៊ីវឡាង ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង ព្រោះបារម្ភពីការធ្វើទុក្ខបុកម្នេញ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការចាប់ខ្លួន អ្នកស្រី ស៊ីវឡាង មិនមែនដោយសាររឿងស្លាកលេខម៉ូតូក្លែងក្លាយទេ ប៉ុន្តែ ពាក់ព័ន្ធនឹងគណបក្សនយោបាយសុទ្ធសាធ ពីព្រោះអាជ្ញាធរបានបញ្ចុះបញ្ចូល អ្នកស្រីស៊ីវឡាង ឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ជាច្រើនឆ្នាំមកហើយ តែអ្នកស្រី តែងតែបដិសេធ។
អង្គការលីកាដូចេញផ្សាយអត្ថបទខ្លី នៅថ្ងៃទី២៧ ខែកក្កដាថា អ្នកស្រី ស៊ីវឡាង ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅតាមផ្លូវ អំឡុងពេលអ្នកស្រីធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ នៅសាលាសង្កាត់វាលវង់ ក្រុងកំពង់ចាម។ អ្នកស្រីត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅសាកសួរភ្លាមៗ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងក្រោយមកបញ្ជូនបន្ដទៅកាន់សាលាដំបូងខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី។
សាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន អ្នកស្រី គី ស៊ីវឡាង ជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី២៣ ខែកក្កដា ពីបទ«ប្រើប្រាស់ឯកសារ សាធារណៈក្លែង» ក្រោយពីអ្នកស្រីត្រូវបានសង្ស័យថា ប្រើទោចក្រយានយន្ត (ម៉ូតូ) ដែលមានស្លាកលេខក្លែងក្លាយ។ អ្នកស្រី ស៊ីវឡាង អាចប្រឈមនឹងទោសជាប់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងការពិន័យផ្សេងទៀត ប្រសិនបើអ្នកស្រីត្រូវ តុលាការរកឃើញថា មានទោសដូចការចោទប្រកាន់។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ស្នើដល់អាជ្ញាធរទម្លាក់ ចោលរាល់ការចោទប្រកាន់លើ អ្នកស្រី ស៊ីវឡាង រួមទាំងដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ។ លោកថា ការបន្តចាប់ខ្លួនសកម្មជន និងសមាជិកគណបក្សក្រៅរដ្ឋាភិបាល នឹងធ្វើឱ្យសិទ្ធិសេរីភាពនយោបាយ និងសេរីភាពបញ្ចេញមតិ រួមចង្អៀត ហើយនឹងជះឥទ្ធិពលមិនល្អ ដល់ដំណើរការប្រជាធិបតេយ្យជាតិទាំងមូល នៅមុនការបោះឆ្នោត។
លោក លី សុធារ៉ាយុត្តិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបន្តចាប់ខ្លួនសកម្មជន របស់គណបក្សភ្លើងទៀន គឺជាការរំខាន យារយីធ្វើទុក្ខបុកម្នេញនិងគំរាមកំហែងនយោបាយ។ លោកថា នេះជាការបង្កើតជាការភ័យខ្លាច ក្នុងការចូលរួមសកម្មភាពនយោបាយរបស់អ្នកគាំទ្រ និងសកម្មជនរបស់គណបក្សភ្លើងទៀន។
អគ្គលេខាធិការគណបក្សភ្លើងទៀនរូបនេះ បន្ថែមថា ការបន្តចាប់ខ្លួននេះ ធ្វើឱ្យប៉ះពាល់ដល់ សតិអារម្មណ៍ និងសុវត្ថិភាពសកម្មជននៅមូលដ្ឋាន ខណៈគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ កំពុងរៀបចំបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឆ្នាំ២០២៧។ លោកថា ជាសរុប សមាជិក និងសកម្មជនរបស់ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ យ៉ាងតិច ១៣រូប កំពុងស្ថិតក្នុងពន្ធនាគារនៅឡើយ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូលោក អំ សំអាត សម្ដែងការព្រួយបារម្ភចំពោះសិទ្ធិសេរីភាពនយោបាយ និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។ លោកថា សង្គមស៊ីវិលជាតិ និងអន្តរជាតិ ចង់ឃើញ គ្រប់គណបក្សនយោបាយ ធ្វើការប្រកបដោយបរិយាកាស នយោបាយ ល្អ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៨។
លោក អំ សំអាត៖ «យើងចង់ឃើញអាជ្ញាធរ ដែលពាក់ព័ន្ធ រួមទាំងតុលាការ លោកពិនិត្យពិចារណាឱ្យបានដិតដល់ទៅលើគោលការណ៍នៃសេរីភាពជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ក៏ដូចជា បទដ្ឋានអន្តរជាតិ ដែលទទួលស្គាល់អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងរដ្ឋធម្មនុញ្ញ ជាពិសេសមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា ពលរដ្ឋទាំងពីរភេទ សិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌។ អ៊ីចឹង យើងត្រូវតែពិនិត្យពិចារណា ឱ្យបានច្បាស់លាស់មុន នឹងធ្វើការចាប់ខ្លួន ចោទប្រកាន់ ឬក៏ធ្វើការឃុំខ្លួន និងការផ្ដន្ទាទោស ដើម្បីចៀសវាង ទៅដល់ការរិះគន់»។
ខណៈអាជ្ញាធរបន្តចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន ប្រធានគណបក្សនេះ គឺ លោក ទាវ វណ្ណុល កំពុងជាប់ក្ដីក្ដាំនៅតុលាការដែលមជ្ឈដ្ឋានទូទៅ មើលឃើញថា ជាការចោទប្រកាន់បែបនយោបាយ។ លោក ទាវ វណ្ណុល បានស្នើទៅសាលាឧទ្ធរណ៍ ដើម្បីពន្យារពេលការចូលបំភ្លឺ តាមការកោះរបស់តុលាការ។
សហមេធាវីការពារក្តីរបស់លោក ទាវ វណ្ណុល បានដាក់សំណើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២៣ ខែកក្កដា ដើម្បី ស្នើសុំពន្យារពេលសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី០៣ ខែសីហា ទៅពេលក្រោយវិញ ដោយហេតុ ផលទៅពិនិត្យសុខភាពនៅក្រៅប្រទេស ដែលមិនអាចខកខានតាមការអាណត្តិរបស់គ្រូពេទ្យ និងមិនអាចត្រឡប់មកចូលរួមសវនាការតាមការកំណត់បាន។
អ្នកឃ្លាំមើលលើកឡើងថា បរិយាកាសនយោបាយនៅកម្ពុជា កាន់តែធ្លាក់ក្នុងវិបត្តិ នៃការរឹតត្បិត ខណៈសកម្មជននយោបាយ និងសមាជិកគណបក្សក្រៅរដ្ឋាភិបាល យ៉ាងតិច ២២នាក់ កំពុងជាប់ពន្ធនាគារ ជាប់ក្ដីក្ដាំនៅតុលាការ និង បំបិទសិទ្ធិធ្វើ នយោបាយ រីឯ អ្នកទោសនយោបាយ និង អ្នកទោសមនសិការជាង១០០នាក់ហើយ កំពុងជាប់ពន្ធនាគារ ដោយសារការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ។ ពួកគេថា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនដោះលែងអ្នកទោស នយោបាយ និង អ្នកទោសមនសិការទាំងអស់នេះ ឱ្យមានសេរីភាពឡើងវិញ និង មិនដោះស្រាយវិបត្តិនយោបាយឱ្យបានសមស្រប នៅមុនការបោះឆ្នោត ឆ្នាំ២០២៧ ទេ នោះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងរងទណ្ឌកម្មកាន់តែធ្ងន់ពីសហគមន៍អន្តរជាតិ៕









