អ្នកវិភាគ​ថា ទោះ​អាមេរិក និង​ចិន​សម្របសម្រួល​បញ្ចប់​ជម្លោះ តែ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​​កម្ពុជា-ថៃ

0
18
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

មួយឆ្នាំ​បន្ទាប់ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​សម្របសម្រួល​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក និង​ចិន​នៅតែ​បន្ត​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​សន្តិភាព និង​ដោះស្រាយ​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ​។ ទោះជា​យ៉ាងណា អ្នកវិភាគ​និយាយ​ថា ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​នៅតែ​ពឹង​ផ្អែកលើ​ឆន្ទៈ​នយោបាយ និង​ការចរចា​របស់​ប្រទេស​ទាំងពីរ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា វត្តមាន​របស់​សហរដ្ឋអាមេរិក និង​ចិន​ក្នុង​វិបត្តិ​ព្រំដែន​កម្ពុជា​-​ថៃ មាន​លក្ខណៈ យុទ្ធសាស្ត្រ​ជាន់គ្នា​យ៉ាង​ស្មុគស្មាញ ដែល​ឆ្លុះបញ្ចាំង​ពី​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​ទាំងពីរ​នៅក្នុង​តំបន់។

លោក​មានប្រសាសន៍​ថា សម្រាប់​សហរដ្ឋអាមេរិក ការចូលរួម​សម្របសម្រួល​ផ្នែក​ការទូត និង​ការជំរុញ​កិច្ចព្រមព្រៀង​នានា បង្ហាញ​ពី​បំណង​រក្សា​ស្ថិរភាព​ក្នុង​តំបន់ និង​បង្ហាញ​ពី​តួនាទី​ដឹកនាំ​ផ្នែក​ការទូត​របស់​ខ្លួន​។ លោក​បន្ថែម​ថា វិធានការ​របស់​ទីក្រុង​វ៉ាស៊ីនតោន អាច​ជួយ​បន្ថយ​ភាព​តានតឹង​ភ្លាមៗ និង​ទប់ស្កាត់​ការ​ប៉ះទង្គិច​ដោយ​អាវុធ​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ជោគជ័យ​រយៈពេល​វែង​នឹង​អាស្រ័យ​លើ​ការអនុវត្ត​ជាក់ស្តែង​នៅ​លើ​ដី។

លោក សេង វណ្ណលី ថា ចំណែក​ចិន​វិញ ក្នុងនាម​ជា​ប្រទេសជិតខាង​ដែល​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ទាំង​លើ​កម្ពុជា និង​ថៃ​ការ​បង្ហាញ​ខ្លួន​ជា​អ្នកសម្របសម្រួល មាន​គោលបំណង​ធានា​ស្ថិរភាព​នៅ​តាម​ព្រំដែន​ជិតខាង និង​រក្សា​តុល្យភាព​ឥទ្ធិពល​ក្នុង​តំបន់។ លោក​ថា មហាអំណាច​ទាំងពីរ​មាន​គោលដៅ​រួម​ក្នុង​ការ​រក្សា​ស្ថិរភាព ប៉ុន្តែ​មាន​យុទ្ធសាស្ត្រ និង​ផលប្រយោជន៍​ខុសគ្នា។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិតថា ការ​តាំង​ចិត្ត និង​ដំណោះស្រាយ​ពី​ខាងក្រៅ​តែមួយ​មុខ មិនអាច​បញ្ចប់​ឫសគល់​នៃ​ជម្លោះព្រំដែន​បានទេ​។ ទោះបី​ជា​មាន​កិច្ចព្រមព្រៀង ឬ​ការ​សម្របសម្រួល​ពី​មហាអំណាច​យ៉ាងណាក៏ដោយ អនាគត​នៃ​សន្តិភាព​ពិតប្រាកដ​គឺ​ស្ថិត​នៅ​លើ​ឆន្ទៈ​នយោបាយ​ផ្ទាល់​របស់​ភាគី​ថៃ​។ ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង តម្រូវ​ឱ្យ​មាន​ការវាស់វែង​បោះបង្គោល​ព្រំដែន​ឱ្យ​បាន​ច្បាស់លាស់​តាម​យន្តការ​បច្ចេកទេស និង​ច្បាប់​អន្តរជាតិ ការ​កសាង​ទំនុកចិត្ត​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជា​រឿង​សំខាន់​ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ការ​មិន​យក​រឿង​ព្រំដែន​ធ្វើជា​ឧបករណ៍​នយោបាយ​ផ្ទៃក្នុង»។

លោក​បន្ថែម​ថា ប្រសិនបើ​កម្ពុជា និង​ថៃ​អាច​សហការ​គ្នា​ដោយ​ស្មោះ​ត្រង់ និង​ប្រើប្រាស់​យន្តការ​ទ្វេភាគី រួម​ជាមួយ​ក្របខណ្ឌ​អាស៊ាន និង​ច្បាប់​អន្តរជាតិ ជា​មូលដ្ឋាន នោះ​ជម្លោះ​អាច​ដោះស្រាយ​បាន​ដោយ​សន្តិវិធី ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា និង​ការ​អត់ធ្មត់។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​អះអាង​ថា ទាំង​ចិន និង​សហរដ្ឋអាមេរិក មានបំណង​ឱ្យ​វិបត្តិ​ព្រំដែន​កម្ពុជា​-​ថៃ​បញ្ចប់​ឆាប់រហ័ស បើ​ទោះ​បី​ជា​ប្រទេស​ទាំងពីរ​មាន​មូលហេតុ និង​ផលប្រយោជន៍​ខុសគ្នា​ក៏ដោយ។

លោក​ថា ចិន​មាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ទាំង​ជាមួយ​កម្ពុជា និង​ថៃ ហើយ​ការ​បិទ​ព្រំដែន​បាន​បង្ក​ការខាតបង់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។ ចំណែក​សហរដ្ឋអាមេរិក​វិញ បារម្ភ​ថា អសន្តិសុខ​នៅ​តាម​ព្រំដែន​អាច​រីក​រាលដាល​ទៅកាន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ជាពិសេស​នៅពេល​ភាគី​ទាំងពីរ​បន្ត​ពង្រឹងសមត្ថភាព​យោធា។

លោក គឹម សុខ៖ «ទាំង​ចិន​ទាំង​អាមេរិក ពិតជា​ចង់​បញ្ចប់​បញ្ហា​អសន្តិសុខ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​កងទ័ព​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ឲ្យ​បាន​ឆាប់ ដើម្បី​ទាញ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ឲ្យ​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​កម្ពុជា»។

លោក គឹម សុខ បន្ថែមថា គោលដៅ​ចិន និង​អាមេរិក គឺ​ចង់​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា​ដូចគ្នា គ្រាន់តែ​ហេតុផល​ផ្សេងគ្នា​។ លោក​ថា ហេតុផល​របស់​ចិន ពេលណា​អូស​បន្លាយ​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា​កាន់តែ​យូរ គឺ​រក​ឃើញ ជន​ជាតិចិន​ពាក់ព័ន្ធ​កាន់តែ ច្រើន ដែល​ធ្វើ​ឲ្យ​បាក់មុខ​ចិន​។ ប៉ុន្តែ​ហេតុផល​របស់​សហរដ្ឋ​អាមេរិក​វិញ គឺ​ដើម្បី​ការពារ​ជនជាតិ​អាមេរិកាំង ដែល​ត្រូវ​ពួក​ឧក្រិដ្ឋជន​ឆបោក​អនឡាញ​បោកប្រាស់​យក​លុយ។

ការ​លើកឡើង​នេះ បន្ទាប់​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​សម្របសម្រួល​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅតែ​ជា​ក្របខណ្ឌ​ការទូត​ដ៏​សំខាន់​សម្រាប់​កាត់បន្ថយ​ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ និង​ទប់ស្កាត់​ការ​វិលត្រឡប់​ទៅ​រក​ជម្លោះ​ប្រដាប់​អាវុធ។

នៅក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៩ កក្កដា ស្ថានទូត​បាន​រំលឹក​ថា ការ​ប្រយុទ្ធ​គ្នា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ កាល​ពី​មួយ​ឆ្នាំមុន បាន​បណ្តាល​ឱ្យ​មានការ​បាត់បង់​ជីវិត ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ និង​ភាព​មិន​ប្រាកដ​ប្រជា​សម្រាប់​សហគមន៍​នៅ​សងខាង​ព្រំដែន។

ស្ថានទូត​បាន​បន្ត​ថា បី​ខែ​ក្រោយមក លោក ដូណាល់ ត្រាំ បាន​សម្រប​សម្រួលការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ ដែល​ខ្លួន​ពិពណ៌នា​ថា​ជា​ក្របខណ្ឌ​ការទូត​សម្រាប់​បញ្ចប់​ការប្រយុទ្ធ និង​ដោះស្រាយ​វិវាទ​ព្រំដែន​ដែល​មាន​ជា​យូរ​មក​ហើយ។

ស្ថានទូត​បាន​ទទួល​ស្គាល់​ថា នៅ​មាន​ការងារ​ជាច្រើន​ត្រូវ​អនុវត្ត​បន្ត ប៉ុន្តែ​បាន​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​នៅតែ​ផ្តល់​ឱ្យ​កម្ពុជា និង​ថៃ​នូវ​មធ្យោបាយ​ជាក់ស្តែង ដើម្បី​បន្ថយ​ភាព​តានតឹង និង​ទប់ស្កាត់​ការ​ផ្ទុះ​ជម្លោះ​ជាថ្មី ខណៈ​សហរដ្ឋអាមេរិក​បន្ត​ប្តេជ្ញា​គាំទ្រ​សន្តិភាព​យូរអង្វែង​នៅក្នុង​តំបន់។

ជុំវិញ​ជម្លោះ​រវាង​កម្ពុ​ជា​-​ថៃ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ស៊ីនហួ (Xinhua) បាន​រាយការណ៍​កាលពី​ថ្ងៃទី​១៧ ខែកក្កដា​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​អំពាវនាវ​ឱ្យ​កម្ពុជា និង​ថៃ​ដោះស្រាយ​វិវាទ​ព្រំដែន​តាមរយៈ​ការសន្ទនា ក្នុងអំឡុងពេល​ជួប​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ នៅ​ក្រៅ​កិច្ចប្រជុំ​ស្ដីពី​បញ្ញា​សិប្បនិម្មិត​ពិភពលោក (World AI Conference) នៅ​ទីក្រុង​សៀងហៃ។ តាម​សេចក្តី​រាយការណ៍ ចិន​ក៏បាន​សន្យា​ថា នឹង​បន្ត​ដើរ​តួនាទី​ជា​អ្នកសម្របសម្រួល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ