

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋបញ្ចេញមតិលើបណ្ដាញសង្គម ជុំវិញក្ដី កង្វល់មួយចំនួន ដែលកើតមាននៅតាមមូលដ្ឋាន ដើម្បីបង្កើនភាពងាយស្រួលដល់ការអនុវត្តការងារ របស់រដ្ឋាភិបាល ប៉ុន្តែ លោកព្រមានមិនឱ្យប្រើភាសាអសុរោះនោះឡើយ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ថា ការអនុវត្តជាក់ស្ដែង ហាក់ដើរផ្ទុយនឹងការអះអាងរបស់លោក ហ៊ុន ម៉ាណែត ពីព្រោះ ពលរដ្ឋនៅតែបន្តរងការចាប់ខ្លួនដាក់ពន្ធនាគារ និងគំរាមកំហែង នៅពេលហ៊ានបញ្ចេញមតិ រឿងអយុត្តិធម៌សង្គម ដើម្បីឱ្យមានដំណោះស្រាយសមរម្យ។
បើទោះបីជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតែលើកឡើងពីការគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិសេរីភាព ដល់ពលរដ្ឋឱ្យមានសិទ្ធិលេញនៅ ក្នុងការបញ្ចេញមតិនៅលើ បណ្ដាញសង្គម ដោយគ្មានការរឹតត្បិតក្ដី ការអះអាងទាំងនោះ នៅតែជាបញ្ហាចោទរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋថា ហាក់ពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ខណៈដែលបច្ចុប្បន្ន មានពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំង សហជីព និងសកម្មជនបរិស្ថាន ជាង១០០នាក់ហើយ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារ ទាំងអយុត្តិធម៌ ពាក់ព័ន្ធ ការប្រើប្រាស់សិទ្ធិបញ្ចេញមតិនេះ។
ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនៅថ្ងៃទី២៩ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងនៅចំពោះមុខប្រជាពលរដ្ឋរាប់រយនាក់ថា ចាប់តាំងសម័យលោក ហ៊ុន សែន ដឹកនាំប្រទេស រហូតមកដល់អាណត្តិរបស់លោក គឺមន្ត្រីមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធតែងតែបានប្រឹងប្រែងដោះស្រាយបញ្ហាជូនពលរដ្ឋបានគ្រប់ពេលវេលា ហើយរដ្ឋាភិបាលរបស់លោក បានក្ដោបបញ្ហាបានជុំវិញ គ្រប់ទីកន្លែង ទាំងទទួលបានពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋដែលសម្ដែងមតិលើបណ្ដាញសង្គម។ ក្នុងនោះ លោកលើកទឹកចិត្តឱ្យពលរដ្ឋបន្តសម្ដែងមតិ បង្ហាញពីបញ្ហាក្នុងមូលដ្ឋាន ដើម្បីឱ្យរដ្ឋាភិបាលយកមកថ្លឹងថ្លែង ដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យទាន់ពេលវេលា។ ប៉ុន្តែយ៉ាងណាលោក មិនលើកទឹកចិត្តឡើយ ចំពោះការបញ្ចេញមតិដោយការប្រមាថអ្នកដទៃ និងអ្នកដែល បញ្ចេញមតិ មិនមែននៅ ក្នុងហេតុការណ៍ជាក់ស្ដែង។
លោក ហ៊ុន ម៉ាណែត៖ «ហ្វេសប៊ុក និងបណ្ដាញសង្គមនេះ គឺជាមូលដ្ឋាន គឺជារកមធ្យោបាយមួយដែលប្រជាជនអាចផ្ដល់ព័ត៌មានផ្ទាល់តែម្ដង ហើយរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ សម្ដេចតេជោលោកតែងតែមើលតាមហ្នឹង កន្លែងខ្លះខ្វះអីផ្សេងៗ ដោះស្រាយយ៉ាងម៉េចទៅ? អាណត្តិនេះ យើងធ្វើតាម ក្រសួងស្ថាប័ននីមួយៗក៏ក្ដាប់ជាប់នូវរឿងបញ្ហានេះ។ ចឹងក៏សូមអរគុណណាស់ចំពោះប្រជាពលរដ្ឋដែលបានបញ្ចេញមតិ។ និយាយរួមបញ្ចេញមតិ កុំចូលមកជេរយកៗ… បញ្ចេញមកថាបញ្ហាមានអីពិតប្រាកដដើម្បីក្ដាប់បាន ហើយចង់បានតែអ្នកដែលដឹងរឿងផ្ទាល់ ព្រោះជួនកាលកន្លែងខ្លះបញ្ហានៅតាមបណ្ដាញសង្គមលើកមក យើងក៏មានបញ្ហា… ដូចជាយើងក៏មានការផ្ទៀងផ្ទាត់ជាមួយមូលដ្ឋាន ក៏មានការពន្យល់។ កន្លែងខ្លះអ្នកដែលបង្ហោះហ្នឹង មិនមែនអ្នកនៅផ្ទាល់ទេ ដល់សួរចុះឡើងគាត់នៅថៃឯណោះ»។
ផ្ទុយពីការលើកលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ ប្រជាពលរដ្ឋរងគ្រោះ រួមទាំងសកម្មនយោបាយ និងសកម្មជននានា តែងតែទទួលរងនូវការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ ការបង្ក្រាបដោយហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារគ្រាន់តែពួកគាត់ ប្រើប្រាស់សិទ្ធិបញ្ចេញមតិ ឬការតវ៉ាដោយសន្តវិធី។ ជាក់ស្ដែង ប្រជាពលរដ្ឋ រងគ្រោះដីធ្លី ជាច្រើនក្រុម មកពីបណ្ដាខេត្តនានា ដូចជាខេត្តកោះកុង ខេត្តព្រះវិហារ និងថ្មីៗនេះ តំណាងពលរដ្ឋ ៤៨គ្រួសារពីកំពង់ធំ បាននាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីស្នើក្រសួងដែនដីជួយរកដោះស្រាយវិវាទដីធ្លី មិនត្រឹមតែគ្មានដំណោះស្រាយទេ ថែមទាំងរងនូវការគំរាមកំហែង និងការរារាំង ហើយតំណាងពលរដ្ឋរងគ្រោះជាប់បណ្ដឹងនៅក្នុងតុលាការថែមទៀត។
រឹតតែធ្ងន់ធ្ងរទៀតនោះ ប្រជាពលរដ្ឋខ្មែរ និងជនជាតិចិនជាច្រើននាក់ ដែលរងគ្រោះពីការបាត់បង់លុយរាប់ម៉ឺនដុល្លារ ក្រោយពីយកលុយទៅដាក់នៅក្នុងគណនីធនាគារ ហួយវ័ន ផេ (Huione Pay) ហើយបានប្រមូលម្ដុំគ្នាតវ៉ាដោយសន្តិវិធីស្វែងរកដំណោះស្រាយអស់ជាច្រើនខែមកហើយក្ដី ក៏ពុំទទួលបានដំណោះស្រាយ សមរម្យនោះដែរ ផ្ទុយទៅវិញ តំណាងបាតុករទាំងនោះ ដែលជាជនជាតិខ្មែរ និងជនជាតិចិន ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ប្រើអំពើហិង្សា និងចាប់ដាក់ពន្ធនាគារ ជាដើម។
រីឯ សកម្មជននយោបាយបក្សប្រឆាំង សកម្មជនសិទ្ធិមនុស្ស សហជីព និងសកម្មជនបរិស្ថាន ជាង១២៣នាក់ ដែលតែងតែសកម្មក្នុងការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិស្របតាមច្បាប់ដើម្បីជំរុញ ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាអយុត្តិធម៌សង្គម ស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ចេញមតិអំពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃនោះ បែរជាត្រូវបានចាប់ដាក់ពន្ធនាការ និងចោទប្រកាន់តាមផ្លូវតុលាការយ៉ាងអយុត្តិធម៌។ អ្នកឃ្លាំមើលយល់ថា សកម្មជនទាំងនោះ សុទ្ធសឹងតែជាអ្នកដែល តស៊ូមតិប្រកបដោយក្រមសីលធម៌ខ្ពស់ ក៏នៅតែត្រូវបាន រដ្ឋាភិបាលចាប់ពន្ធនាគារដែរ ខណៈបញ្ហាអយុត្តិធម៌សង្គមបន្តកើនឡើង ដូចជាអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងការបំផ្លិចបំផ្លាញធនធានធម្មជាតិ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ការថ្លែងរបស់លោកហ៊ុន ម៉ាណែត រឿងបើកសិទ្ធិសេរីភាពឱ្យពលរដ្ឋបញ្ចេញមតិលើបណ្ដាញសង្គម គ្រាន់តែជាវោហារសាស្ត្រ ដែលបង្កប់នូវរបៀបវារៈ នយោបាយពោរពេញ ដោយកលល្បិច ប៉ុណ្ណោះ ព្រោះជាក់ស្ដែង របបក្រុងភ្នំពេញ ពុំសូវសប្បាយចិត្តចំពោះ ការបញ្ចេញមតិរបស់ពលរដ្ឋនោះទេ។ ទន្ទឹមគ្នានោះ លោកថា រដ្ឋាភិបាល ក៏តែងតែរកវិធីគ្រប់បែបយ៉ាង ដើម្បីធ្វើទុក្ខបុកម្នេញ និងចាប់ពលរដ្ឋដាក់ពន្ធនាគារ ដែលស្របទៅនឹងយុទ្ធសាស្ត្រ ដ៏ឃោរឃៅ របស់ លោក ហ៊ុន សែនគឺ«ងើបមួយវាយមួយ» ចំពោះពលរដ្ឋណា ដែលហ៊ានរិះគន់ការ ដឹកនាំ របស់រដ្ឋាភិបាលត្រកូលហ៊ុន។
លោក ស៊ឹង សែនករុណា បន្ថែមថា ការធ្វើទុក្ខបុកម្នេញ និងបំបិទសិទ្ធិសេរីភាពពលរដ្ឋ បានធ្វើឱ្យពលរដ្ឋភាគច្រើននៅក្នុងស្រុក លែងហ៊ាននិយាយស្ដី ឱ្យបានទូលំទូលាយ។ លោកបន្តថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត មើលឃើញថា ការបញ្ចេញមតិរបស់ពលរដ្ឋពិតជាមានសារសំខាន់មែននោះ លោក ហ៊ុន ម៉ាណែត គួរតែដោះលែង ពលរដ្ឋដែលជាប់ពន្ធនាគារកន្លងមកដោយសារការបញ្ចេញមតិ ដើម្បីផ្ដល់ទំនុកចិត្ត ដល់ពលរដ្ឋឡើងវិញ។ ជាមួយគ្នានោះ លោកអះអាង ចំពោះ ពលរដ្ឋ ដែលប្រើប្រាស់ពាក្យ អសុរោះជេរប្រមាថ អ្នកដទៃ គឺជារឿងអសីលធម៌ គ្មាននរណាឱ្យតម្លៃនោះទេ និង គ្មានឥទ្ធិពលធំដុំ ដល់ថ្នាក់ចាប់ដាក់ពន្ធនាគារនោះដែរ។ លោកមើលឃើញថា អ្នកដែលមានឥទ្ធិពល ដល់សង្គមជាតិពិតប្រាកដ គឺ លោកហ៊ុន សែន ទៅវិញទេ ព្រោះ លោកតែងជេរប្រមាថ មកលើ គណបក្សប្រឆាំង អ្នកវិភាគ និងពលរដ្ឋជាហូរហែ។
លោក ស៊ឹង សែនករុណា៖ «ប៉ុន្តែអ្នកដែលបញ្ចេញមតិនៅពាក្យអសុរោះ ឬក៏ពាក្យគំរាមកំហែងចាប់កាប់សម្លាប់អីទាំងអស់នេះ ខ្ញុំគិតថាក៏អតីតនាយករដ្ឋមន្ត្រី ដែលប្រធានព្រឹទ្ធសភានឹងហើយ គឺការបញ្ចេញមតិនៅតាមទីសាធារណៈ នៅតាមវេទិកាផ្សេងៗផង នេះគឺជាគំរូអាក្រក់ដែលយើងមើលឃើញកន្លងមករួចទៅហើយ»។
អ្នកឃ្លាំមើលយល់ថា សង្គមជាតិមួយរីកច្រើន មិនមែនដោយសារតែរដ្ឋាភិបាលដឹកនាំប្រទេស ប្រកាន់ជំហរថាខ្លួន ធ្វើត្រូវរហូតនោះទេ គឺតម្រូវឱ្យមានការចូលរួម ពីសំណាក់ពលរដ្ឋគ្រប់និន្នាការ។ ពួកគាត់ថា លោក ហ៊ុន ម៉ាណែត មិនមែនមិនដឹងអ្វីខុសអ្វីត្រូវនោះទេ ប៉ុន្តែការព្រួយបារម្ភខ្លាចបាត់បង់អំណាច ហួសហេតុពេក ទើបធ្វើឱ្យមនុស្សលែងខ្វល់ពីគុណតម្លៃនៃការដឹកនាំប្រទេសជាតិទៅរកភាពរីកចម្រើន។ ពលរដ្ឋ និងអ្នកឃ្លាំមើល ទទូចឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គិតពិចារណាឡើងវិញ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយងាកមកស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ព្រោះការទុក្ខបុកម្នេញពលរដ្ឋ គឺជាការធ្វើនយោបាយដ៏ឆោតល្ងង់ ដែលធ្វើឱ្យប្រទេសជាតិ គ្មានការរីកចម្រើន និងពោរពេញដោយអំពើអយុត្តិធម៌៕









