អាមេរិក​នឹង​វិនិយោគ​លុយ​ជាង ២​ពាន់ ៥​រយ​លាន​ដុល្លារ​ជាមួយ​អាស៊ាន​ដើម្បី​អភិវឌ្ឍ​និង​ពង្រឹង​សន្តិសុខ

0
6
រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ថ្លែង​កាលពីថ្ងៃទី២៤ តុលា ២០២៥។ រូបពីបណ្ដាញសង្គម X
រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ថ្លែង​កាលពីថ្ងៃទី២៤ តុលា ២០២៥។ រូបពីបណ្ដាញសង្គម X

សហរដ្ឋអាមេរិក​ប្រកាស​ថា នឹង​វិនិយោគ​លុយ​ជាង ២​ពាន់ ៥​រយ​លាន​ដុល្លារ​ជាមួយ​អាស៊ាន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិទ្យា ពង្រឹង​សន្តិសុខ​ថាមពល និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ អ្នកជំនាញ​វាយតម្លៃ​ថា ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ចាត់ទុក​អាស៊ាន​ជា​ស្នូល​សំខាន់​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដើម្បី​ពង្រឹង​ឥទ្ធិពល និង​ប្រកួតប្រជែង​ជាមួយ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (BRI) របស់​ចិន​នៅក្នុង​តំបន់​។ ទោះជា​យ៉ាងណា ពួកគាត់​យល់ថា កញ្ចប់​លុយ​វិនិយោគ​ទាំងនេះ​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឱ្យ​មាន​ប្រសិទ្ធភាព​បាន​ឡើយ ប្រសិនបើ​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​នៅតែ​មាន​អំពើពុករលួយ និង​ខ្វះ​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បង្ក្រាប​មេខ្លោង​ឧក្រិដ្ឋកម្ម។

សហរដ្ឋអាមេរិក​នៅតែ​ចាត់ទុក​អាស៊ាន​ជា​ស្នូល​នៃ​ស្ថាបត្យកម្ម​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ចង់ឱ្យ​បណ្ដា​ប្រទេស​សមាជិក​បន្ត​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើកកម្ពស់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​សេរី បើកចំហ និង​ប្រកបដោយ​ស្ថិរភាព​។ ទន្ទឹមគ្នា​នេះ សហរដ្ឋអាមេរិក​ក៏បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​បន្ត​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ សន្តិសុខ និង​វិបុលភាព​រួម​នៅ​អាស៊ីអាគ្នេយ៍ ព្រមទាំង​ពង្រីក​ឱកាស​សេដ្ឋកិច្ច និង​ការ​វិនិយោគ​សម្រាប់​ប្រជាជន និង​ធុរកិច្ច​នៃ​ភាគី​ទាំងពីរ។

ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ប្រកាស​កាលពី​ថ្ងៃទី​២២ ខែកក្កដា ថា ដោយសារ​មើលឃើញ​ពី​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​របស់​តំបន់​អាស៊ីអាគ្នេយ៍​ចំពោះ​សន្តិសុខ និង​វិបុលភាព​របស់​សហរដ្ឋអាមេរិក រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​វិនិយោគ​កញ្ចប់​ថវិកា​ជាង ២​ពាន់ ៥​រយ​លាន​ដុល្លារ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​យុទ្ធសាស្ត្រ ជំរុញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា ពង្រឹង​សន្តិសុខ​ថាមពល និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

សេចក្ដីប្រកាស​នេះ ធ្វើឡើង​ស្របពេល​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​សប្ដាហ៍​មុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​គោលបំណង​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​តួនាទី​កណ្ដាល​របស់​អាស៊ាន និង​ការជំរុញ​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយ​សេរី និង​បើកចំហ។

សម្រាប់​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​ភាពជា​ដៃគូ​មេគង្គ​-​សហរដ្ឋអាមេរិក (Mekong-U.S. Partnership) ក្រសួងការបរទេស​អា​មេ​រិ​ក​ឱ្យដឹង​ថា រដ្ឋាភិបាល​អាមេរិក កំពុង​សហការ​ជាមួយ​សភា ដើម្បី​អនុម័ត​ថវិកា​ចំនួន ១៧​លាន​ដុល្លារ​សម្រាប់​ភាពជា​ដៃគូ​រ៉ែ​តំបន់​មេគង្គ​ក្នុង​គោលបំណង​ពង្រឹង និង​ធានា​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​រ៉ែ​សំខាន់ៗ​នៅក្នុង​តំបន់​មេគង្គ។

ទន្ទឹម​នឹង​នេះ តាមរយៈ​ភាពជា​ដៃគូ​ថាមពល​ជប៉ុន​-​សហរដ្ឋអាមេរិក​-​មេគង្គ សហរដ្ឋអាមេរិក​ក៏​គ្រោង​ផ្ដល់​ថវិកា ៥​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ទីផ្សារ​ថាមពល​ក្នុង​តំបន់ លើកកម្ពស់​ការ​អភិវឌ្ឍ​ទីផ្សារ​ឧស្ម័ន​ធម្មជាតិ​រាវ​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​បណ្ដាញ​អគ្គិសនី​របស់​អាមេរិក និង​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ព្រមទាំង​ជំរុញ​ពាណិជ្ជកម្ម​អគ្គិសនី​ឆ្លងដែន​រវាង​កម្ពុជា ឡាវ ថៃ និង​វៀតណាម។

ក្នុងចំណោម​កញ្ចប់​ជំនួយ​ទាំងនោះ សហរដ្ឋអាមេរិក​នឹង​បន្ត​ផ្ដល់​ថវិកា​ជាង ១៣០​លាន​ដុល្លារ សម្រាប់​ការ​ដោះមីន និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៅ​កម្ពុជា ឡាវ និង​វៀតណាម​។ ក្រសួងការបរទេស​អាមេរិក​បញ្ជាក់​ថា ការ​គាំទ្រ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​សំណល់​សង្គ្រាម​នៅក្នុង​តំបន់។

ដោយឡែក សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ទាំងមូល សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ថវិកា ២​លាន ៥​សែន​ដុល្លារ ដើម្បី​គាំទ្រ​ការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន តាមរយៈ​ការ​សម្របសម្រួល​ដោយ​ពិសេស​រវាង​បណ្ដា​ប្រទេស​អាស៊ាន និង​អាមេរិក ដើម្បី​ប្រឆាំង​នឹង​ការ​ឆបោក​តាម​អនឡាញ ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត ការ​ជួញដូរ​មនុស្ស គ្រឿងញៀន និង​ការ​លាង​លុយកខ្វក់។

លើស​ពី​នេះ សហរដ្ឋអាមេរិក​ក៏បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បញ្ញា​សិប្បនិម្មិត​សហរដ្ឋអាមេរិក​-​អាស៊ាន ដើម្បី​គាំទ្រ​រដ្ឋាភិបាល​នានា​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) របស់​អាមេរិក​សម្រាប់​វិស័យ​សាធារណៈ ដោយ​ផ្ដល់​ទាំង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​ពន្លឿន​កា​របម្លែង​ឌីជីថល (Digital) និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់។

ទាក់ទង​នឹង​កញ្ចប់​ជំនួយ និង​ការ​វិនិយោគ​ថ្មី​របស់​សហរដ្ឋអាមេរិក​ជាមួយ​អាស៊ាន​នេះ អ្នកជំនាញ​លើកឡើង​ថា គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​រក្សា និង​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ទប់​ទល់នឹង​ការប្រកួតប្រជែង​ឥទ្ធិពល​កាន់តែ​ខ្លាំង​ជាមួយ​ប្រទេស​ចិន​។ អ្នកជំនាញ​យល់ថា កញ្ចប់​វិនិយោគ​នេះ​នឹង​ជួយ​ពង្រីក​ឱកាស​សេដ្ឋកិច្ច និង​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​តំបន់ ប៉ុន្តែ​ក៏​អាច​បង្កើន​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ និង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​ប្រឈមមុខ​នឹង​ការ​លំបាក​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​មហាអំណាច​អាមេរិក និង​ចិន​ដែរ។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែកក្កដា ថា កញ្ចប់​វិនិយោគ និង​ជំនួយ​ថ្មី​របស់​សហរដ្ឋអាមេរិក នឹង​រួមចំណែក​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស និង​ការ​បណ្ដុះបណ្ដាល​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅក្នុង​តំបន់ ជាពិសេស​លើ​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់ ការស៊ើបអង្កេត​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​តាមដាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ខុសច្បាប់។

លោក សេង វណ្ណលី៖ «ប៉ុន្តែ​ការដោះស្រាយ​បញ្ហា​ឆបោក​អន​ឡាញ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន មិនអាច​ពឹងផ្អែក​តែ​លើ​លុយ​ជំនួយ​របស់​អាមេរិក​តែមួយ​មុខ​បាន​ឡើយ វា​ទាមទារ​ឱ្យ​មាន​ឆន្ទៈ​នយោបាយ​ផ្ទៃក្នុង​ដ៏​មុត​ស្រួច​ពី​បណ្តា​ប្រទេស​អាស៊ាន កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ចិន​ដែល​ជា​ប្រភព និង​ជា​ជនរងគ្រោះ​ធំ​មួយ​ដែរ ព្រមទាំង​ការ​បោសសំអាត​អំពើពុករលួយ​នៅ​តាម​ព្រំដែន​។ ដូច្នេះ ជំនួយ​អាមេរិក​នឹង​ក្លាយជា​ឧបករណ៍​ជំរុញ ប៉ុន្តែ​មិនមែន​ជា​ថ្នាំ​ទិព្វ​ព្យាបាល​ជំងឺ​នេះ​ទាំងស្រុង​នោះ​ទេ»។

សម្រាប់​ផល​ប៉ះពាល់​ផ្នែក​សន្តិសុខ​វិញ លោក សេង វណ្ណលី យល់​ថា ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក​នឹង​ជួយ​ពង្រឹងសមត្ថភាព​ការពារ​ជាតិ និង​ការ​ល្បាត​ដែនសមុទ្រ​របស់​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​។ ប៉ុន្តែ​លោក​ថា ចិន​អាច​មើលឃើញ​ការ​បង្កើន​វត្តមាន​របស់​អាមេរិក​ថា ជា​ការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន ដែល​អាច​ជំរុញ​ឱ្យ​ទីក្រុង​ប៉េកាំង​បង្កើន​សកម្មភាព​យោធា​តាមរយៈ​សមយុទ្ធ​កាន់តែ​ខ្លាំងក្លា និង​ធ្វើ​ឱ្យ​ការប្រកួតប្រជែង​រវាង​មហាអំណាច​ទាំងពីរ​ក្នុង​តំបន់​កាន់តែ​តានតឹង។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី លើកឡើង​ថា ប្រទេស​តូចៗ​ដូចជា​កម្ពុជា អាច​ប្រឈម​នឹង​ការ​ក្លាយជា​ទីលាន​ប្រកួតប្រជែង​របស់​មហាអំណាច ប្រសិនបើ​អនុញ្ញាត​ឱ្យ​ភាគី​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ដើម្បី​បម្រើ​គោលដៅ​ភូមិសាស្ត្រ​នយោបាយ​។ លោក​សង្កត់ធ្ងន់​ថា ដើម្បី​ជៀសវាង​ការ​ធ្លាក់​ចូល​អន្ទាក់​នៃ​ការប្រកួតប្រជែង​រវាង​មហាអំណាច កម្ពុជា​គួរ​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត និង​ពហុភាគី ពោល​រក្សា​តុល្យភាព​ក្នុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ទាំងអស់​។ លោក​ថា កម្ពុជា​អាច​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ក្នុងនាម​ជា​ដៃគូ​សេដ្ឋកិច្ច​សំខាន់ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ​កម្ពុជា​ក៏​ត្រូវ​ដោះស្រាយ​បញ្ហា​នយោបាយ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​កូរ៉េខាងត្បូង​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ