

របាយការណ៍របស់ប្រទេសថៃ បានបង្ហាញថា រយៈពេលមួយឆ្នាំចាប់តាំងពីការបិទច្រកព្រំដែនកម្ពុជា និងថៃមកនេះ បានប៉ះពាល់ដល់ចរន្តពាណិជ្ជកម្មព្រំដែនរបស់ប្រទេសថៃ ដែលពឹងផ្អែកលើការនាំចូលក្នុងប្រទេសកម្ពុជា ខណៈប្រទេសចិន និងវៀតណាមបានក្លាយជាអ្នកផ្គត់ផ្គង់ចម្បងក្នុងទីផ្សារកម្ពុជា ដោយជំនួសទំនិញថៃ។ ក្រៅពីជួបវិបត្តិពាណិជ្ជកម្ម ថៃក៏កំពុងជួបបញ្ហាខ្វះខាតកម្លាំងពលកម្ម និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្ដាមកពីការបិទច្រកព្រំដែនរយៈពេលវែង និងបញ្ហាអសន្តិសុខនៅក្នុងប្រទេស។
ថ្មីៗនេះ គណៈកម្មការច្បាប់យុត្តិធម៌ និងសិទ្ធិមនុស្សរបស់រដ្ឋសភាថៃ បានចុះទៅត្រួតពិនិត្យនៅតំបន់ពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា ដើម្បីស្រង់ទិន្នន័យអំពីផលប៉ះពាល់បន្ទាប់ពីប្រទេសទាំងពីរ បានបិទព្រំដែនជាមួយគ្នាអស់រយៈពេល១ឆ្នាំ ដោយសារជម្លោះព្រំដែន។
ក្នុងនោះ នាយកដ្ឋានពន្ធ-គយថៃ ប្រចាំនៅខេត្តស្រះកែវ បានបង្ហាញរបាយការណ៍ទៅកាន់គណៈកម្មការសភាថៃថា ការនាំចេញទំនិញ និងការធ្វើពាណិជ្ជកម្មនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ សម្រាប់ខេត្តស្រះកែវ កាលពីឆ្នាំ២០២៥ មានចំនួនជាង ២ពាន់ ៦រយដុល្លារអាមេរិក ដែលថយចុះប្រមាណ១០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយថៃនៅពេលនោះ បានបន្តនាំចេញទំនិញសំខាន់ៗទៅកាន់កម្ពុជា រួមមានរថយន្ត គ្រឿងបរិក្ខារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាដើម។
ទោះជាយ៉ាងណា នាយកដ្ឋានពន្ធ-គយខេត្តស្រះកែវ បន្តថា ចាប់តាំងពីដើមឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ននេះ ស្ថិតិនៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា និងថៃ បានធ្លាក់ចុះ និងមានតម្លៃស្ទើរតែស្មើសូន្យ ខណៈចិន និងវៀតណាម បានក្លាយជាអ្នកផ្គត់ផ្គង់ទំនិញយុទ្ធសាស្ត្រសំខាន់ៗ ក្នុងទីផ្សារកម្ពុជា ជំនួសឱ្យថៃ មានដូចជាផលិតផលកសិកម្ម អាហារកែច្នៃ សម្ភារៈសំណង់ និងវត្ថុធាតុដើមវាយនភណ្ឌជាដើម។ ស្ថាប័នពន្ធគយរបស់ថៃ បានព្យាករណ៍ថា ទីផ្សាររបស់កម្ពុជា នឹងផ្លាស់ប្ដូរទៅប្រទេសវៀតណាម និងចិនទាំងស្រុង ដោយសារតែផលិតផលថៃត្រូវកម្ពុជារឹតបន្តឹងការនាំចូល ទោះបីជាផលិតផលថៃបានប្រកួតកួតប្រជែងតម្លៃនៅលើទីផ្សារ និងពង្រឹងគុណភាពឱ្យល្អយ៉ាងណាក៏ដោយ។
ដូចគ្នានេះដែរ តំណាងក្រុមហ៊ុនដឹកជញ្ជូន និងនាំចេញទំនិញរបស់ថៃ បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនថៃដែលដឹកជញ្ជូនទំនិញទៅកម្ពុជា បានផ្លាស់ប្ដូរវិធីនាំចេញ ដោយប្រើប្រាស់ច្រកព្រំដែនក្នុងប្រទេសឡាវ ដើម្បីចូលទៅកាន់ច្រកព្រំដែនក្នុងខេត្តស្ទឹងត្រែង របស់កម្ពុជា។ ពួកគេបានលើកឡើងដូចគ្នាថា កត្តានេះបានបណ្តាលឱ្យមានការកើនឡើងនៃថ្លៃដឹកជញ្ជូន ៥០ភាគរយ ខណៈការផ្គត់ផ្គង់បានធ្លាក់ចុះដូចគ្នា គឺសល់ត្រឹមតែ ២០ទៅ៣០ភាគរយប៉ុណ្ណោះ។
ក្រៅពីវិស័យពាណិជ្ជកម្ម ថៃក៏កំពុងជួបវិបត្តិធ្លាក់ចុះក្នុងវិស័យទេសចរណ៍តាមតំបន់ព្រំដែន និងកង្វះកម្លាំងពលកម្មផងដែរ បន្ទាប់ពីលេងល្បែងបិទច្រកព្រំដែនជាមួយកម្ពុជា អស់រយៈពេលមួយឆ្នាំមកនេះ។ ក្នុងនោះសមាគម និងក្រុមប្រឹក្សាផ្នែកទេសចរណ៍របស់ថៃ បានលើកឡើងថា អាជីវកម្មសណ្ឋាគារ និងទេសចរណ៍នៅក្នុងតំបន់ព្រំដែន បានជួបវិបត្តិប្រាក់ចំណូលធ្លាក់ចុះ ដោយសារការបាត់បង់ភ្ញៀវទេសចរ បណ្ដាលមកពីការបិទច្រកទ្វារ និងអសន្តិសុខនៅតាមតំបន់ព្រំដែន។
សម្រាប់វិស័យកម្លាំងពលកម្មវិញ សមាគមអ្នកនាំចូលពលកររបស់ថៃ បានលើកឡើងថា ចំនួនពលករខ្មែរ ដែលមកធ្វើការក្រោមប្រព័ន្ធវីសា MOU បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីរដ្ឋាភិបាលថៃបានរឹតបន្តឹងការផ្ដល់ទិដ្ឋាការដល់ពលករខ្មែរ ខណៈប័ណ្ណការងាររបស់ពួកគេនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៦ នេះ។ សមាគមអ្នកនាំចូលពលកររបស់ថៃ បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលគ្មានគោលនយោបាយនាំចូលពលករខ្មែរ ក្នុងរយៈពេល១ឆ្នាំ ទៅ២ឆ្នាំតទៅទៀតនោះ វិស័យកសិកម្ម និងអាជីវកម្មមួយចំនួននៅក្នុងប្រទេសថៃ អាចនឹងបញ្ឈប់ប្រតិបត្តិការ និងដកខ្លួនចេញ ដែលនាំឱ្យមានការជាប់គាំងសេដ្ឋកិច្ចរយៈពេលវែងនៅតំបន់ព្រំដែន។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៩ ខែកក្កដា។
ប្រទេសថៃបានចាប់ផ្ដើមរឹតបន្តឹង និងបិទច្រកព្រំដែនជាតោភាគីដំបូង ជាមួយកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២៥។ ជាការឆ្លើយតប ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានណែនាំឱ្យរដ្ឋាភិបាលកូនប្រុសរបស់លោក រឹតបន្តឹងការចេញចូលតាមព្រំដែន និងបិទការនាំចូលទំនិញយុទ្ធសាស្ត្រសំខាន់មួយចំនួន ពីប្រទេសថៃ ចូលមកកម្ពុជា។ ភាពតានតឹងនេះ បានបង្កទៅជាវិបត្តិតាមព្រំដែន រហូតបណ្ដាលឱ្យផ្ទុះសង្គ្រាមតាមព្រំដែនចំនួនពីរលើក។
ក្រោយមក ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការចេញ-ចូលរបស់ពលរដ្ឋខ្មែរ និងថៃ នៅតាមច្រកទ្វារព្រំដែនទាំងអស់ កាលពីថ្ងៃទី១៣ ខែធ្នូ ដោយលើកហេតុផលសុវត្ថិភាព អំឡុងពេលដែលយោធាថៃបន្តបើកការវាយប្រហារគ្រប់ទម្រង់ និងមិនរើសទិសដៅមកលើដែនអធិបតេយ្យរបស់កម្ពុជា។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា ស្ថានភាពនេះជាឱកាសយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលវិធានការបិទព្រំដែនឯកតោភាគីរបស់ថៃ បានត្រឡប់មកបង្កើតជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃវិញ ដោយផ្ទុយពីការរំពឹងទុក។ លោកបន្តថា ស្ថិតក្នុងកាលៈទេសៈនេះ កម្ពុជាត្រូវបន្តពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក តាមរយៈការបង្កើនពាណិជ្ជកម្មជាមួយចិន និងវៀតណាម ដែលកំពុងបំពេញចន្លោះខ្វះខាតទីផ្សារ និងអភិវឌ្ឍសមត្ថភាពផលិតកម្ម ផ្នែកកសិកម្ម និងឧស្សាហកម្មក្នុងស្រុក ដើម្បីជំនួសទំនិញនាំចូលបានជាជំហានៗ។
លោក សេង វណ្ណលី៖ «ស្ថានភាពនេះគឺជាការសាកល្បងដ៏សំខាន់មួយសម្រាប់សមត្ថភាពដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់លោក ហ៊ុន ម៉ាណែត។ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចទាញយកផលប្រយោជន៍ពីការផ្លាស់ប្ដូរទម្លាប់ទីផ្សារ ពង្រឹងការផលិតក្នុងស្រុក និងរក្សាបាននូវភាពបត់បែនផ្នែកសេដ្ឋកិច្ច ការប្រឈមមុខដាក់គ្នានេះនឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការបង្កើនឯករាជ្យភាពសេដ្ឋកិច្ចជាតិ និងពង្រឹងជំហររបស់កម្ពុជានៅលើឆាកតំបន់ឱ្យកាន់តែរឹងមាំ»។
លោក សេង វណ្ណលី លើកឡើងទៀតថា ប្រសិនបើការបិទព្រំដែននេះនៅតែបន្តអូសបន្លាយ ភាគីថៃនឹងទទួលរងការខាតបង់ធ្ងន់ធ្ងរជាងកម្ពុជា ខណៈថៃកំពុងបាត់បង់ប្រាក់ចំណូលសរុបពីពាណិជ្ជកម្មតាមព្រំដែន និងចំណែកទីផ្សារនៅក្នុងប្រទេសកម្ពុជា ដែលពិបាកនឹងដណ្តើមយកមកវិញនៅពេលខាងមុខ ដោយសារអ្នកប្រើប្រាស់ និងអាជីវករកម្ពុជាបានផ្លាស់ប្ដូរទម្លាប់ទៅប្រើប្រាស់ទំនិញពីប្រទេសផ្សេងរួចស្រេចទៅហើយ។ លោកបន្តថា លើសពីនេះ វិស័យទេសចរណ៍ និងឧស្សាហកម្មថៃដែលពឹងផ្អែកលើកម្លាំងពលកម្មកម្ពុជាក៏ត្រូវប្រឈមនឹងការខាតបង់ជាបន្តបន្ទាប់ ខណៈដែលកម្ពុជាមានភាពបត់បែនជាងក្នុងការស្វែងរកដៃគូសេដ្ឋកិច្ចថ្មីៗនៅក្នុងតំបន់។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងថៃ សម្រេចជាង ១ពាន់ ៣រយ លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ ដែលតួលេខនេះបានបង្ហាញពីការធ្លាក់ចុះទាំងការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ បានថយចុះមកនៅជាង ៣៥០លានដុល្លារអាមេរិក ដែលធ្លាក់ចុះជាង ២០ភាគរយ ខណៈការនាំចូលរបស់ថៃមកកាន់កម្ពុជាវិញ បានធ្លាក់ចុះមកនៅត្រឹមជាង១ ពាន់លានដុល្លារអាមេរិក ពោលគឺរហូតដល់ ៤១ភាគរយ។
ចំណែករបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធ-គយ របស់ថៃ បានបង្ហាញថា ការនាំចេញទំនិញរបស់ថៃ មកកម្ពុជា បានធ្លាក់ចុះ៨០ភាគរយ ដោយគិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ថៃនាំចូលទំនិញមកកម្ពុជា មានតម្លៃជាង៥ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០២៦នេះ បានធ្លាក់ចុះមកនៅជាង ១ពាន់លានដុល្លារ បើធៀបនឹងពេលវេលាដូចគ្នា៕









