សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​អន្តរាគមន៍​ឱ្យ​ថៃ​ដោះលែង​អាជីវករ​ខ្មែរ​៣២​នាក់​ដែល​ថៃ​ចាប់ខ្លួន

0
40
ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខាងទីកដឹថៃ ក្បែរផ្សាររ៉ុងក្លឿ។ រូបក្រសួងព័ត៌មាន
ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខាងទីកដឹថៃ ក្បែរផ្សាររ៉ុងក្លឿ។ រូបក្រសួងព័ត៌មាន

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ឱ្យ​អាជ្ញាធរ​ថៃ​ដោះលែង អាជីវករ​ខ្មែរ ជាង​៣០​នាក់​ដែល​ថៃ​ចាប់ខ្លួន ដោយ​ចោទ​ពី​បទ​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​បើក​មុខរបរ​លក់ដូរ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។ ពួកគាត់​អះអាង​ថា មាន​ពលករ​ខ្មែរ ធ្វើការ​នៅ​ប្រទេស​ថៃ​កាន់តែ​ច្រើន​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ដោយ​ពុំ​មាន​កិច្ច​អន្តរាគមន៍ ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បាន​ត្រឹមត្រូវ។

ថ្មីៗ​នេះ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​៣២​នាក់ ក្រោយពី​ពួកគាត់ បើក​មុខរបរ​លក់​ដូ​រ​នៅ​ផ្សារ​រ៉ុងក្លឿ (Rong Kluea Market) ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​មាន​រយៈពេល​៥​ថ្ងៃ​ហើយ ពុំ​ទាន់​ឃើញ​អាជ្ញាធរ​ថៃ ដោះលែង​វិញ​នោះ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ព្រមាន​ថា ប្រសិនបើ គ្មាន​កិច្ច​អន្តរាគមន៍​ពី​សំណាក់​មន្ត្រី​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ឱ្យ​ទាន់​ពេលវេលា​ទេ ពួកគាត់​នឹង​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​យូរ​តាមច្បាប់​ថៃ។

មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ​នៃ អង្គការ​សង់ត្រាល់ លោក លឹង សុផុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ ខែកញ្ញា​ថា ករណី​អាជ្ញាធរ​ថៃ​ចាប់ អាជីវករ​ខ្មែរ​៣២​នាក់ បច្ចុប្បន្ន​កំពុង​តែ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​លោក​ពុំ​បានដឹង​ច្បាស់​ថា​តើ​ពួកគាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ ឬ​យ៉ាងណា​នោះ​ទេ​។ ទោះជា​យ៉ាងណា លោក​ថា ពលករ​ខ្មែរ​ទាំងនោះ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ពី​បទ​ចូល​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​បើក​មុខរបរ​លក់ដូរ​នៅ ផ្សារ​រ៉ុងក្លឿ (Rong Kluea Market) ដោយ​គ្មាន​ការអនុញ្ញាត ដែល​ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​ច្រើន​ឆ្នាំ។

លោក​ជំរុញ​ឱ្យ​មន្ត្រី​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​គួរតែ​តាមដាន​ករណីនេះ​ឱ្យ​បាន​ដិតដល់ ហើយ​ជួយ​សម្រួល​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ពួកគាត់​អាច​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ។ លោក​បារម្ភ​ថា ប្រសិនបើ​គ្មាន​កិច្ច​អន្តរាគមន៍​ណាមួយ​ពី​ភាគី​កម្ពុជា​ទេ​អាជ្ញាធរ​ថៃ​នឹង​បន្ត​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង ដែល​ធ្វើ​ឱ្យ​ពលករ​ខ្មែរ ត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​យូរ។

កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ទាហាន​ថៃ​ចុះ​ចាប់ខ្លួន អាជីវករ​ខ្មែរ​៣២​រូប​នៅក្នុង​ផ្សារ​រ៉ុងខ្លឿ (Rong Kluea Market) ខណៈ​ដែល​ពួកគាត់​កំពុងតែ​លក់ដូរ​សំលៀកបំពាក់​ឡើងវិញ​ក្រោយពី​បាន​ត្រឡប់​ទៅ​ប្រទេស​ខ្មែរ​អំឡុង​ពេល​កម្ពុជា និង​ថៃ​បាន​ផ្ទុះ​សង្គ្រាម តាម​ព្រំដែន​។ អាជ្ញាធរ​ថៃ​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ គឺ​ធ្វើ​ឡើង​ដោយមាន​ការ​សហការ​គ្នា​ដោយ​ផ្ទាល់​ពី​សំណាក់​អភិបាលស្រុក អារញ្ញ​ប្រាថេត អភិបាលខេត្ត​ស្រះកែវ និង​កងកម្លាំង​សមត្ថកិច្ច​ថៃ​ប្រចាំ​តំបន់ ដោយ​ចោទ​ប្រកាន់ថា​អាជីវករ​ខ្មែរ​លួច​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់ និង​ធ្វើ​ការងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត រួម​នឹង​បទ​ចោទ ធ្វើ​ការងារ​ក្រៅពី​សិទ្ធិ ដែល​ទទួល​បាន​ស្របតាម​ច្បាប់​ថៃ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេសា និង​មន្ត្រី​កុងស៊ុល ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

គេ​សង្កេតឃើញ​ថា ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ កងកម្លាំង​សមត្ថកិច្ច​ថៃ បាន​បន្ត​ចុះ​ចាប់​អាជីវករ បរទេស​ខុសច្បាប់​នៅ​ប្រទេស​ថៃ ជា​ញឹកញាប់ រួម​ទាំង ពលករ​បរទេស​ធ្វើការ​ខុសច្បាប់ លើទឹក​ដី​ថៃ ដែល​គ្មាន​លិខិត និង​ឯកសារ​ធ្វើការ ត្រឹមត្រូវ​។ អ្នក​ទាំងនោះ ត្រូវ​ប្រឈម​ការ​ចាប់ខ្លួន ដោយ​អ្នកខ្លះ​ត្រូវ​បាន​ប៉ូលិស​ថៃ ចាប់​បញ្ជូន​ទៅ​ស្រុកកំណើត​វិញ​ភ្លាមៗ បន្ទាប់ពី​បាន​បង់លុយ​ផាកពិន័យ​ចន្លោះ​ពី​៣​ទៅ​៥​ម៉ឺន​បាត ឬ​ស្មើ​ជាង​៤ ទៅ​៦​ពាន់​ដុល្លារ​។ អ្នក​ខ្លះទៀត ត្រូវ​បញ្ជូន​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ មួយ​រយៈ មុន​បញ្ជូន​ត្រឡប់​ទៅ ប្រទេស​កំណើត​វិញ។

ការអនុវត្ត​ច្បាប់​នេះ​ធ្វើឡើងស្រប​ពេល​ដែល​រដ្ឋាភិបាល​ថៃ កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២៦ បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ច្បាប់​ថ្មី​ស្ដីពី​ការ​បណ្ដេញចេញ ជនបរទេស​ខុសច្បាប់​នៅ​លើ​ទឹកដី​ថៃ​។ ច្បាប់​ថ្មី​នេះ បាន​ផ្ដល់​អំណាច​ឱ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី បណ្ដេញ​ជនបរទេស​ចេញពី​ប្រទេស​ភ្លាមៗ (Fast-track deportation) ប្រសិនបើ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​មុខសញ្ញា​អាទិភាព​ចំនួន ៦ រួមមាន​៖ ការ​លួច​ចូល​ប្រទេស​ខុសច្បាប់ ការ​ហួស​ទិដ្ឋាការ (Overstay) និង​ការ​ធ្វើ​ការងារ ឬ​ប្រកប​អាជីវកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ជាដើម។

គិត​ត្រឹម​ដើមខែ​កញ្ញា មាន​ពលករ​ខ្មែរ​ជាង​១០០​នាក់ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៣​ខែ ទៅ​៦​ខែ រួច​បញ្ជូន​មក​កម្ពុជា​វិញ​។ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ គេ​ក៏​ឃើញ​មាន​ពលករ​ខ្មែរ​ជាច្រើន​ផងដែរ នា​ពេល​បច្ចុប្បន្ន បាន​សម្រុក​ឡើង​មក​ប្រទេស​ថៃ​ទាំង​ខុសច្បាប់ ដើម្បី​រក​ការងារ​ធ្វើ​ចន្លោះ ពី​៥០ ទៅ​១០០​នាក់ ក្នុង​មួយថ្ងៃ តាម​ច្រកព្រំដែន​បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បង់ថ្លៃ​ឱ្យ​មេខ្យល់​ចន្លោះ​ពី​៨ ទៅ​៩​ពាន់​បាត់ ឬ​ស្មើ​ជាង​២០០ ទៅ​៣០០​ដុល្លារ។

ពលរដ្ឋ​អះអាង​ថា ការ​ឡើង​មក​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ប្រថុយប្រថាន និង​ត្រូវ​ចំណាយ​ថ្លៃ​ធ្វើដំណើរ​ខ្ពស់​នេះ គឺ​ដោយសារតែ​ទ្រាំ​រស់នៅ​ក្នុងស្រុក​មិនបាន ព្រោះ​ពិបាក​រក​ការងារ​ធ្វើ​ឱ្យ​សមរម្យ និង​មាន​ស្ថិរភាព បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​អួត​ក្ដែងៗ​ថា កម្ពុជា​មាន​កន្លែង​ធ្វើ​ការ​រាប់​ម៉ឺន​ទីតាំង និង​មាន​ពលករ​ខ្មែរ​ដែល​មកពី​ប្រទេស​ថៃ​មាន​ការងារ​ធ្វើ​ច្រើន​ក្ដី ក៏​ពលរដ្ឋ​ខ្មែរ​ភាគច្រើន ត្អូញត្អែរ​រឿង​ប្រាក់ខែ មិន​សមរម្យ ខណៈ​វិស័យ​សំណង​វិញ តែងតែ​ជួបប្រទះ​មេការ ឬ​ថៅកែ​ប្រោក​ប្រាស់​កម្លាំង​ពលកម្ម ដោយ​ធ្វើការ មិន​បើក​ប្រាក់ខែ​ឱ្យ​ទៀងទាត់​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ