
អ្នកឃ្លាំមើលជំរុញឱ្យមន្ត្រីការបរទេស និងឯកអគ្គរាជទូតខ្មែរ ប្រចាំការនៅក្រៅប្រទេស និងនៅក្នុងស្រុក ត្រូវសកម្ម និងក្លាហាន បង្ហាញពីអំពើព្រៃផ្សៃរបស់ថៃ ដែលឈ្លានពានទឹកដី សម្លាប់ ជនស៊ីវិលខ្មែរ និង បំភិតបំភ័យពលរដ្ឋជាង៤០ម៉ឺននាក់ ឱ្យភៀសសឹក ប្រាប់ទៅកាន់អន្តរជាតិ តាមរយៈ បណ្ដាញសារព័ត៌មានធំៗនៅលើពិភពលោក ដូចប្រធានាធិបតី អ៊ុយក្រែនបានធ្វើកន្លងមក។ ពួកគាត់ថា ករណីនេះ ដើម្បីបង្ហាញពិភពលោកថា កម្ពុជាជាជនរងគ្រោះ ពីការឈ្លានពាន ទឹកដី ពីសំណាក់ យោធាថៃ ពិតប្រាកដ។
ខណៈ ដែលបណ្ដាញសារព័ត៌មានអន្តរជាតិនៅលើពិភពលោកខ្លះ ហាក់ស្ទាក់ស្ទើរក្នុងការរាយការណ៍ អំពីជម្លោះព្រំដែន កម្ពុជា-ថៃ ថាតើ នរណាជាជនរងគ្រោះ ពិតប្រាកដនោះ អ្នកតាមដានបញ្ហាសង្គម និងមន្ត្រីបក្សប្រឆាំង ជំរុញឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា និងមន្ត្រីការបទេសទាំងក្នុងស្រុក និងក្រៅស្រុក គួរតែចេញមុខបំពេញការងារ ឱ្យសកម្ម លើកិច្ចការទូត និងផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានអន្តរជាតិ ដើម្បីប្រាប់ពួកគេថា កម្ពុជាជាជនរងគ្រោះ ស្របជាមួយនឹងសេចក្ដីថ្លែងការណ៍ ផ្សេងៗដែលកម្ពុជាបានធ្វើ ឱ្យកាន់តែមានទម្ងន់។
ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៦ ខែធ្នូថា ជារឿងគូរឱ្យសោកស្ដាយ ដែលរដ្ឋាភិបាល និងមន្ត្រីការបរទេសកម្ពុជាពុំសូវដើរ តួនាទីសកម្ម ក្នុងការបង្ហាញ ដល់អន្តរជាតិ អំពីអំពើព្រៃផ្សៃ របស់ថៃដែលឈ្លានពានទឹកដីខ្មែរ និងសម្លាប់ជនស៊ីវិល។ លោកថា ករណីនេះ ធ្វើឱ្យបណ្ដាសារព័ត៌មានអន្តរជាតិធំៗខ្លះ ស្ទាក់ស្ទើរក្នុងការរាយការណ៍ថា កម្ពុជា ជាជនរងគ្រោះ នៅក្នុងភ្លើងសង្គ្រាមជាមួយថៃ។
លោកជំរុញឱ្យមន្ត្រីរដ្ឋាភិបាល ត្រូវទាក់ទងជាមួយ ស្ថាប័នព័ត៌មានអន្តរជាតិ និងផ្ដល់បទសម្ភាសន៍ ដល់ស្ថាប័នទាំងនោះ ឱ្យបានច្បាស់ និងម៉ឺងម៉ាត់ថា កម្ពុជាជាជនរងគ្រោះ និងត្រូវការសន្តិភាពពិតប្រាកដ។ លោកបន្តថា ការធ្វើបែបនេះ មិនមែនបង្ហាញថាកម្ពុជាអន់នោះទេ ប៉ុន្តែដើម្បីរកយុត្តិធម៌ ជូនពលរដ្ឋ ដូចអ្វីដែល ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ធ្លាប់បានធ្វើកន្លងមក ជាមួយសារព័ត៌មានអន្តរជាតិជាច្រើន។ លោកថា ពេលនេះ សំឡេងភាគីកម្ពុជា ពិតជាសំខាន់ ក្នុងការប្រាប់ដល់អន្តរជាតិ ដែលបណ្ដាស្ថាប័នព័ត៌មានទាំងនោះត្រូវការ។
លោក ម៉ែន ណាត៖ «ត្រូវឱ្យអ្នកការទូតរបស់ខ្លួននៅតាមបណ្ដាប្រទេសនីមួយៗ ត្រូវធ្វើការផ្សព្វផ្សាយដើរពន្យល់ដល់អន្តរជាតិ គ្រប់អង្គប្រជុំអន្តរជាតិ ឬក៏ស្ថានភាពឥឡូវនេះ រដ្ឋាភិបាលកម្ពុជា និងអ្នកការទូតកម្ពុជា នៅតាមបណ្ដាប្រទេសនានា អាចសុំណាត់ជួបអង្គការសិទ្ធិមនុស្ស មន្ត្រីរដ្ឋាភិបាល អ្នកកាសែតអន្តរជាតិក៏ដោយឱ្យតែពាក់ព័ន្ធកម្ពុជា ត្រូវសុំណាត់ជួបគេ ពន្យល់អំពីស្ថានការណ៍ពិតប្រាកដដែលកើតមាននៅក្នុងប្រទេសកម្ពុជាឱ្យគេដឹង បែបនេះអាចជួយសម្រួលបាន»។
នៅក្នុងជម្លោះប្រដាប់អាវុធជាលើកទី២ រវាងកម្ពុជា-ថៃនេះ គេសង្កេតឃើញថា បើទោះជាកន្លងមកនេះ បណ្ដាញសារព័ត៌មានធំៗ នៅលើពិភពលោកដូចជា សារព័ត៌មាន រ៉យទ័រ (Reuters) ស៊ីអិនអិន (CNN) អេភី (AP) អាល់ ហ្សាសេរ៉ា (Al Jazeera) នីគី អេស៊ា (Nikkei Asia) ឆានែល ញូវអេស៊ា (Channel News Asia ) ជាដើម បានផ្សាយអំពីជម្លោះព្រំដែនកម្ពុជា-ថៃ មកច្រើនក្ដី ប៉ុន្តែ សារព័ត៌មានទាំងនោះ ហាក់ស្ទាក់ស្ទើរ ក្នុងការប្រើពាក្យថា ជម្លោះប្រដាប់អាវុធ រវាងប្រទេសទាំងពីរ គឺកើតឡើង ពីការឈ្លានពាន របស់យោធាថៃមកលើកម្ពុជា។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែផ្សាយ អំពី សកម្មភាពយោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង និងកាំភ្លើងធំបាញ់ចូលមកលើទឹកដី កម្ពុជា និងតំបន់ជនស៊ីវិលខ្លះៗប៉ុណ្ណោះ។
ជាមួយគ្នានោះ ភាគីថៃតែងតែប្រាប់ដល់ស្ថាប័នអន្តរជាតិថា ប្រទេសថៃ ជាជនរងគ្រោះ ខណៈសារព័ត៌មានអន្តរជាតិមួយចំនួន បានផ្សាយព្រោងព្រាត និងលឿនរហ័ស ដោយយោងតាមសម្ដីរបស់មន្ត្រីរដ្ឋាភិបាលថៃ។ ទន្ទឹងគ្នានោះ នៅថ្ងៃទី១៥ ខែធ្នូ ភាគីថៃ បានប្ដឹងកម្ពុជា ទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា OHCHR ដោយចោទកម្ពុជាថៃ ថា បានប្រើប្រាស់អាវុធធុនធ្ងន់ បាញ់មកលើទឹកដីថៃ សម្លាប់ជនស៊ីវិល និងបង្ខំឱ្យសាលារៀន មន្ទីរពេទ្យជាង ៦០០បិទទ្វារ។ ករណីនេះ អ្នកវិភាគថា ថៃកំពុងតែដើរតួជាជនរងគ្រោះ ដើម្បីបិទបាំង អំពើឈ្លានពានកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោក មករា លើកឡើងថា បច្ចុប្បន្ន កម្ពុជាមិនមែន រងគ្រោះត្រឹមតែការបាញ់ប្រហារពីយោធាថៃនោះទេ គឺរងគ្រោះមួយតង់ទៀត នោះ គឺការប្រើប្រាស់ល្បិចកលប្រាប់ដល់សារព័ត៌មានអន្តរជាតិ ដោយចោទប្រកាន់កម្ពុជា ថា ជាអ្នកឈ្លានពានទឹកដីថៃ។ លោកថា នេះជារឿងដ៏ឈឺចាប់ ហើយមន្ត្រីរដ្ឋាភិបាលកម្ពុជាគួរតែចេញមុខឱ្យសកម្ម ប្រាប់ដល់សារព័ត៌មានអន្តរជាតិ ឱ្យបានច្រើន និងបង្កើនកិច្ចការទូតឱ្យបានទូលំទូលាយ នោះទើបជារឿងប្រសើរ។
លោក ប៉ោក មករា៖ «វាជារឿងសង្គ្រាមនៃប្រព័ន្ធផ្សព្វផ្សាយមួយដែរ។ វាជារឿងសង្គ្រាមដែលត្រូវផ្សាយការពិតពីកម្ពុជាឱ្យពិភពលោកដឹងច្បាស់ថា កម្ពុជាពិតជារងគ្រោះដោយការរំលោភបំពានរបស់ថៃពិតប្រាកដ។ សង្គ្រាមកាន់តែប្រឈមកាន់តែខ្លាំងនោះ ពាក់ព័ន្ធនយោបាយការទូតថា តើ ភាពបញ្ចុះបញ្ចូលរបស់កម្ពុជាមានកម្រិតស្មើណា ហើយអាចមានប្រសិទ្ធភាព ក្នុងការពន្យល់ទៅដល់ប្រទេសដែលជាសម្ព័ន្ធ ក៏ដូចជាប្រទេសមហាអំណាចមួយចំនួន ឬក៏អត់»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កម្ពុជាតែងតែថ្កោលទោសសត្រូវឈ្លានពានទឹកដី មិនដែលលើកលែងម្ដងណាឡើយ។
លោក ជា ធីរិទ្ធ៖ «ខ្ញុំគិតថា ការថានេះ ថានោះ អ៊ីចេះ អ៊ីចុះនោះ វាមិនចេះចប់មិនចេះហើយទេ ពួកគេនឹងនិយាយមករហូតហ្នឹង វាអត់មានអីថ្មីចម្លែកទេ។ តែអ្វីដែលយើងជាអ្នកធ្វើនេះ យើងកំពុងតែខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈម ដើម្បីផលប្រយោជន៍របស់ប្រទេស ជាតិយើងទាំងមូល»។
ទោះជាយ៉ាងណា ប្រមុខដឹកនាំស្ថាប័ន អធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ថា ថៃមិនខ្លាចក្នុងការឈ្លានពានកម្ពុជា និងការប្រើអាវុធ បាញ់ មកលើកងទ័ពខ្មែរ និងជនស៊ីវិលនោះទេ ព្រោះពួកគេអាងថា សារព័ត៌មានអន្តរជាតិ លំអៀងមកប្រទេសថៃ ជាងកម្ពុជា។
លោក អ៊ុំ សំអាន៖ «យើងឃើញថាថៃគេធ្វើកិច្ចការទូតល្អជាងយើង រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កិច្ចការទូតនៅខ្សោយ អ៊ីចឹងត្រូវពង្រឹង កិច្ចការទូតក្រៅប្រទេសឱ្យខ្លាំងជាងនឹង ទើបយើងមានប្រៀបនៅលើឆាក់អន្តរជាតិ លើបញ្ហាសង្គ្រាមហ្នឹង»។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលកម្ពុជាត្រូវតែប្រើប្រាស់កម្លាំងយោធា និងយន្តការច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសកម្ម មិនថា លើវិស័យការទូត និងការឆ្លើយឆ្លង ជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិ ព្រោះថាសព្វថ្ងៃនេះ ពិភពលោកច្រឡូកច្រឡំ ដោយការប្រកួតប្រជែងអំណាច ដូចនេះ មានតែកម្ពុជាខ្លួនឯងឱ្យខ្លាំងប៉ុណ្ណោះ ទើបអាចឈ្នះសត្រូវបាន៕










