
យុវជនកម្ពុជាមួយរូបគឺលោក មូន ពេជ្រ ដែលតែងតែធ្វើសកម្មភាពផ្លូវច្បាប់នៅលើឆាកអន្តរជាតិ បានរាយការណ៍បន្ថែមពីលើបណ្ដឹងចាស់របស់លោក ប្រឆាំងនឹងពួកមេដឹកនាំយោធា និងអ្នកដឹកនាំនយោបាយថៃ ទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ស្របពេលដែលយុវជនមួយក្រុមនៅក្នុងប្រទេសកម្ពុជា ក៏បានដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ នេះដែរ ទាមទារឱ្យ អាមេរិកទប់ស្កាត់ថៃប្រើយន្តហោះចម្បាំង F-16 ឈ្លានពានកម្ពុជាទាំងកំរោល ដោយបាញ់ចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
យុវជនកម្ពុជាដែលបញ្ចប់ការសិក្សាផ្នែកយោធានៅសហរដ្ឋអាមេរិក លោក មូន ពេជ្រ សរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកបានរាយការណ៍បន្ថែមពីលើបណ្ដឹងចាស់របស់លោក ពីបទឧក្រិដ្ឋកម្មរបស់ពួកមេយោធា និងអ្នកដឹកនាំនយោបាយថៃ មកលើមាតុភូមិនិងប្រជាជនកម្ពុជា ទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាស្ថាពរ។ លោកថា ពាក្យបណ្តឹងនេះ សរុបមានចំនួន ៥៦ទំព័រ ដោយមិនរាប់បញ្ចូលបញ្ជីឈ្មោះអ្នកគាំទ្រឡើយ។

លោក មូន ពេជ្រ សរសេរថា «មិនថាលទ្ធផលយ៉ាងណា ពួកយើងនឹងទទួលយកទាំងអស់គ្នា។ ពួកយើងទាមទារយុត្តិធម៌ជូនប្រជាជាតិយើង មិនមែនដើម្បីការសងសឹកឡើយ។ ប្រជាជនយើងត្រូវការសន្តិភាព មិនមែនសង្គ្រាមឈ្លានពាន។ ក្មេងៗ ត្រូវការការសិក្សា មិនមែនការភ័យខ្លាចឡើយ។ ទោះកម្ពុជាជាប្រទេសតូច ប៉ុន្តែពួកយើងមានកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ពួកយើង»។
នៅក្នុងលិខិតទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោក មូន ពេជ្រ លើកឡើងថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជាដែលមានការព្រួយបារម្ភ លោកបានធ្វើបច្ចុប្បន្នភាព ក្រោមមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម ទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់ថ្មី និងបន្តកើតមាន និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលប្រព្រឹត្តដោយមេដឹកនាំនយោបាយថៃ និងមេបញ្ជាការជាន់ខ្ពស់នៃកងយោធពលភូមិន្ទថៃ (RTAF) ប្រឆាំងនឹងប្រទេសកម្ពុជា និងជនស៊ីវិលកម្ពុជា ដោយបើកការវាយប្រហារដោយផ្ទាល់ និងមិនរើសមុខលើជនស៊ីវិលកម្ពុជា និងគោលដៅជនស៊ីវិល ដែលបណ្តាលឱ្យមានការស្លាប់ជនស៊ីវិល របួស និងការភ័យខ្លាច។
ចំណែកឯនៅទីក្រុងភ្នំពេញឯនោះវិញ យុវជនមួយក្រុមបានដាក់ញត្តិទៅស្ថានទូតអាមេរិកទាមទារឱ្យអាមេរិកទប់ស្កាត់ថៃប្រើយន្តហោះចម្បាំង F-16 ទម្លាប់គ្រាប់ឈ្លានពានកម្ពុជា។ តំណាងពលរដ្ឋលោក អ៊ុង សេរីវុទ្ធ ដែលបានចូលរួមដាក់ញត្តិ បានឲ្យដឹងថា មូលហេតុដែរលោកមកដាក់ញត្តិទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា គឺដើម្បីទាមទារឱ្យអាមេរិក បញ្ឈប់សកម្មភាពយោធាថៃ ដែលកំពុងប្រើយន្តហោះចម្បាំង F-16 ដែលថៃទិញពីអាមេរិក មកឈ្លានពានកម្ពុជា។ ប៉ុន្តែលោកសោកស្តាយដែលស្ថានទូត បង្វែរឱ្យយកទៅដាក់ នៅប៉ុស្តិ៍ប្រៃសណីយ៍វិញ។
លោក អ៊ុង សេរីវុទ្ធ៖ «យើងសង្ឃឹមថា សារនេះនឹងទៅដល់សហរដ្ឋអាមេរិកជាពិសេសប្រធានាធិបតីអាមេរិកគឺលោក ដូណាល់ ត្រាំ (Donald Trump) ព្រោះថាមែនទែន ទៅលោកខិតខំប្រឹងប្រែងណាស់ដើម្បីបញ្ចប់សង្គ្រាមនេះ ទាំងបទឈប់បាញ់ ទាំងកិច្ចព្រមព្រៀងសន្តិភាពនៅកូឡាឡាំពួរ ហើយលោកថ្លែងសារម្តងជាពីរដងហើយ ឲ្យថៃងាកមកគោរពបទឈប់បាញ់ កិច្ចសន្តិភាពអីនោះវិញ ប៉ុន្តែភាគីថៃឯនោះទេដែលមិនព្រម ហើយតែងតែចោទប្រកាន់មកលើកម្ពុជាយើងថា យើងជាអ្នកឈ្លានពានទៅលើទឹកដីរបស់គេ»។
លោក អ៊ុង សេរីវុទ្ធ បានបន្ថែមថា លោកចង់ផ្ញើសារទៅពិភពលោកឲ្យក្រឡេកមកមើលកម្ពុជា ថាកម្ពុជាជាប្រទេសរងគ្រោះដោយសារថៃ កម្ពុជាពុំមែនជាអ្នកឈ្លានពានប្រទេសថៃនោះទេ ហើយកម្ពុជាក៏ពុំមែនជាអ្នកដែលរំលោភនូវបទឈប់បាញ់ដែរ។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានប្រកាសថា បានដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ លើវិវាទព្រំដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញតុលាការមានចំណាត់ការទៅលើបណ្តឹងរបស់កម្ពុជានៅឡើយទេ ខណៈយោធាថៃកំពុងបន្តរំលោភបំពានបទឈប់បាញ់ និងបូរណភាពទឹកដីប្រទេសកម្ពុជា ដោយបន្តការវាយប្រហារដ៏កំរោលមកលើកម្ពុជា បាញ់ប្រហារមកលើអគារ និងផ្ទះរបស់ប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២២ ធ្នូ ជនស៊ីវិលកម្ពុជាស្លាប់កើនដល់២០នាក់ ក្នុងនោះមានទារក ១នាក់ និងអ្នករងរបួសមានចំនួន៧៩នាក់ ដោយសារការឈ្លានពានរបស់ទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ ការឈ្លានពានរបស់ទ័ពថៃ ឈានចូលថ្ងៃទី១៦ ហើយ និងបានបង្ខំឱ្យពលរដ្ឋស៊ីវិលកម្ពុជា ៥២ម៉ឺននាក់ ក្លាយជាជនភៀសសឹក ក្នុងនោះមានស្ត្រីជាង ២៧ម៉ឺននាក់ និងកុមារ១៦ម៉ឺននាក់៕










