

មន្ត្រីគណបក្សប្រឆាំងលើកឡើងថា រដ្ឋាភិបាលបក្សកាន់អំណាច កំពុងធ្វើនយោបាយប្រជាភិថុតិ តាមរយៈការយកព្រឹត្តិការយោធាថៃ ដោះលែងទាហានខ្មែរចំនួន ១៨នាក់មកឱ្យកម្ពុជាវិញ ដើម្បីធ្វើឱ្យពលរដ្ឋភ្លេចរឿងដែលយោធាថៃអះអាងពីការចូលកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជា ក្រោយសង្គ្រាមនៅតាមព្រំដែន។ ពួកគាត់រិះគន់ថា ការធ្វើប្រជាភិថុតិបែបនេះ ប្រៀបដូចជាការយករឿងបូរណភាពជាតិមកសម្ដែង ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់បូរណភាពជាតិ។
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា រឿងយោធាថៃ បញ្ជូនខ្លួនទាហានខ្មែរទាំង ១៨នាក់មកឱ្យកម្ពុជាវិញ ទៅតាមកិច្ចព្រមព្រៀង គឺជារឿងដែលគួរតែសាទរ ក៏ប៉ុន្តែទន្ទឹមគ្នានេះ មេដឹកនាំនៃគ្រួសារត្រកូលហ៊ុន ក៏មិនត្រូវឆ្លៀតយករឿងនេះ ទៅធ្វើជាប្រជាភិថុតិ ដើម្បីកេងចំណេញនយោបាយ និងបង្វែរស្ថានការណ៍នៅតំបន់ព្រំដែននោះឡើយ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១ ខែមករា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងប្រើប្រាស់រូបភាពជាតិនិយម ក្នុងរឿងយោធាថៃ បានដោះលែងទាហាន១៨នាក់ ដើម្បីច្នៃព្រឹត្តិការណ៍ ឱ្យក្លាយទៅជាគុណសម្បត្តិរបស់រដ្ឋាភិបាលលោក និងបង្វែរចំណាប់អារម្មណ៍របស់ពលរដ្ឋ ចេញពីរឿងយោធាថៃដែលចូលកាន់កាប់ទឹកដីកម្ពុជាមួយផ្នែក នៅតាមតំបន់ព្រំដែន។ លោកបន្តថា ការយករឿងបូរណភាពទឹកដី មកធ្វើជាល្បែងបោកភ្នែកពលរដ្ឋ របស់មេដឹកនាំកម្ពុជា នៅពេលនេះ គឺជារឿងដ៏គ្រោះថ្នាក់បំផុត ដែលនឹងអាចធ្វើឱ្យទឹកដីកម្ពុជា បាត់បង់ទៅខាងភាគីថៃដោយស្ងាត់ៗ។
លោក អ៊ុំ សំអាន៖ «តាមពិតទាហានទាំង១៨នាក់ហ្នឹង ត្រូវបានថៃចាប់ខ្លួន ដោយសារលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បញ្ជាមិនឱ្យតដៃ បានជាថៃចាប់ខ្លួន។ ហើយនៅពេលបានដោះលែងមក បែរជាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បែរជាយកគុណសម្បត្តិខ្លួនឯង និងទូងស្គរឱ្យប្រជាពលរដ្ឋភ្លេចរឿងទឹកដី ដែលថៃកំពុងតែឈ្លានពានយកតាមព្រំដែនយ៉ាងច្រើនសន្ធឹកសន្ធាប់»។
យោធាថៃ បានដោះលែងយោធិនកម្ពុជាទាំង ១៨រូប កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តាមច្រកព្រំដែនខេត្តប៉ៃលិន។
នៅក្នុងព្រឹត្តិការណ៍ស្វាគមន៍នេះ មានមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ បានរង់ចាំទទួល ខណៈក្រុមសារព័ត៌មាន មកពីស្ថាប័នស្និទ្ធនឹងរដ្ឋាភិបាល បានតាមថតចូលដល់ក្នុងឡានក្រុង ដែលដឹកទាហានទាំង១៨នាក់ យកមកចុះផ្សាយព្រៀងព្រាត ខណៈរឿងយោធាថៃកំពុងព័ទ្ធយកទឹកដីកម្ពុជាមួយផ្នែក នៅតំបន់ព្រំដែននោះ គ្មានស្ថាប័នណាមួយទៅចុះថតយកមកផ្សព្វផ្សាយនោះឡើយ។
ទាហានខ្មែរទាំង ១៨នាក់ ត្រូវបានបញ្ជូនឱ្យទៅជួបគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត មុននឹងពួកគេបានទទួលព្រះរាជទានការឧបត្ថម្ភពីព្រះមហាក្សត្រ សប្បុរសជន និងក្រុមហ៊ុនស្រាបៀមួយចំនួនទៀត។
ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅជួរមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា គឺជារឿងធម្មតាទៅហើយ ដែលពលទាហាននៅជួរមុខ បានទទួលរងអំពើពុករលួយពីសំណាក់មេៗ នៅថ្នាក់លើ និងភាពអយុត្តិធម៌នៅក្នុងសង្គម។ លោកអះអាងថា នៅក្នុងសមរភូមិប្រយុទ្ធ ២១ថ្ងៃជាមួយយោធាថៃ ក្រុមរបស់លោកដែលអោបកាំភ្លើងតទល់ជាមួយខ្មាំង មិនបានទទួលជំនួយនោះទេ ដោយជំនួយភាគច្រើន គឺបានទៅលើទាហាននៅខាងក្រោយ ដែលពួកគេជាអ្នកលេងបណ្ដាញសង្គម និងមានអ្នកគាំទ្រច្រើន។
កងទ័ព៖ «អត់ខ្សែគឺពិបាកណាស់។ គេបំបាត់ឈ្មោះយើង ទោះយើងមានស្នាដៃ ក៏មិនបានអី។ ឱ្យតែមានទឹកចិត្តពួកខ្ញុំតស៊ូ។ បានរបស់របរម៉ែៗ គាត់ផ្ញើមកឱ្យមក ដូចជាអំបុក និងសាច់បានហូបទៅមានកម្លាំង»។
ទូរទស្សន៍អាស៊ីសេរី មិនទាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១ ខែមករា។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា លើកឡើងថា ការវិលត្រឡប់របស់យោធិនខ្មែរទាំង១៨នាក់ ហាក់បានក្លាយទៅជាចំណុចនៃការទាញយកប្រជាប្រិយភាពរបស់អ្នកនយោបាយ និងស្វែងរកផលប្រយោជន៍ របស់ក្រុមMMOមួយចំនួន ដែលរឿងនេះ អាចនឹងធ្វើឱ្យប៉ះពាល់អារម្មណ៍ និងទឹកចិត្តរបស់គ្រួសារទាហានដែលបានពលី និងទាហានដែលនៅជួរមុខ។
លោក ស៊ឹង សែនករុណា៖ «វាជាចំណុចមួយ មិនមែនជារឿងវិជ្ជមានទេ ប៉ុន្តែក៏ជារឿងអវិជ្ជមានភ្ជាប់ទៅក្នុងហ្នឹងដែរ។ អាចថាអ្នកទាំងអស់ហ្នឹងយល់ឃើញថា អ្នកដែលទម្លាក់អាវុធ អ្នកដែលត្រូវគេចាប់ខ្លួនទទួលបានផលប្រយោជន៍ច្រើន ក្នុងខណៈដែលពួកគាត់អោបអាវុធតតាំង លះបង់អាយុជីវិត ព្រាត់ប្រាស រស់លំបាកឆ្ងាយពីគ្រួសារ បែរជាមិនត្រូវយកចិត្តទុកដាក់ឱ្យដិតដល់។ អ៊ីចឹងចំណុចទាំងអស់នេះត្រូវមានការពិចារណា»។
សព្វថ្ងៃវិស័យការពារជាតិនៅកម្ពុជា ត្រូវបានគេមើលឃើញថា បានចាក់ស្រេះដោយអំពើពុករលួយ និងបែកចែកបក្ខពួក។ ក្នុងនេះ គ្រួសារមេដឹកនាំកម្ពុជា ដែលមានលោក ហ៊ុន សែន ជាមេគ្រួសារ និងជាអតីតទ័ពខ្មែរក្រហមរត់ចោលជួរនោះ បានយកកងទ័ពទុកសម្រាប់ការពារអំណាចលោក និងបង្ក្រាបសំឡេងប្រឆាំង។
មិនខុសគ្នានោះដែរ កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងរៀនចប់បណ្ឌិតយោធា ពីសហរដ្ឋអាមេរិកនោះ ក៏លោកមិនបានប្រើជំនាញរបស់លោក យកមកអភិវឌ្ឍវិស័យយោធានោះទេ ផ្ទុយទៅវិញ លោកបានយកកងទ័ព ធ្វើជាក្រុម MMO ដើម្បីចូលខមិន (Comment) អុកឡុកការផ្សាយរបស់សារព័ត៌មានឯករាជ្យទៅវិញ ដែលកត្តានេះ បានធ្វើឱ្យវិស័យការពារជាតិ មានភាពទន់ខ្សោយ។
ជាក់ស្ដែង នៅក្នុងសមរភូមិប្រយុទ្ធគ្នា ជាមួយយោធាថៃ កងទ័ពកម្ពុជា មិនមានយុទ្ធោបករណ៍ទំនើប ដើម្បីទប់ទល់ជាមួយភាគីថៃនោះឡើយ។ ក្នុងនោះ ការជួយសង្គ្រោះ ក៏គ្មានការគិតគូរនោះដែរ ដោយទាហានដែលត្រូវរបួសមួយចំនួន បានវាររកការជួយសង្គ្រោះដោយខ្លួនឯង និងខ្លះត្រូវបានមិត្ររួមអាវុធអៀវចុះពីលើភ្នំ ខ្លះដឹកតាមម៉ូតូ និងខ្លះទៀតសង្គ្រោះមិនទាន់ស្លាប់នៅក្នុងលេណដ្ឋាន។ នេះបើតាមការរៀបរាប់របស់ទាហានខ្មែរ នៅលើបណ្ដាញសង្គម៕








