

អ្នកឃ្លាំមើលសង្គមលើកឡើងថា ការអំពាវនាវរបស់គណបក្សកាន់អំណាចឲ្យមានការរួបរួមសាមគ្គីគ្នារវាងខ្មែរនិងខ្មែរជាធ្លុងមួយ គឺជាការអំពាវនាវឥតប្រយោជន៍ ពីព្រោះរដ្ឋាភិបាលនៅតែបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក សរ ណាល់ ដែលជាសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅសង្កាត់ចោមចៅ២ និងជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ រាជធានីភ្នំពេញ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា កត់សម្គាល់ឃើញថា គណបក្សកាន់អំណាចនៅតែបន្តប្រើតុលាការចាប់ខ្លួនអ្នកដែលមានមតិផ្ទុយពីខ្លួន ជាក់ស្តែងថ្មីៗនេះ ក្រោយពីការអំពាវនាវរបស់លោកហ៊ុន សែន ស្រាប់តែតុលាការចាប់ខ្លួនលោក សរ ណាល់ ដែលជាសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅសង្កាត់ចោមចៅ២ និងជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ រាជធានីភ្នំពេញ។
លោក ស៊ឹង សែនករុណា៖ «តើសាររួបរួមនេះមានន័យអ្វី យើងមើលមិនឃើញមានន័យអ្វីទេគឺក្រៅពីការបង្ហាញអំពីភាពបែកបាក់ជាតិ ធ្វើទុក្ខបុកម្នេញអ្នកនយោបាយស្ថិតនៅក្រោមការក្តោបក្តាប់ ការប្រើប្រាស់នូវអំណាចឃុំឃាំង ហើយកម្ចាត់កម្ចាយ អ្នកសកម្មជនដែលហ៊ានរិះគន់ទាំងឡាយហ្នឹង បានចាកចេញឆ្ងាយពីក្នុងប្រទេសទៅក្រៅប្រទេសអីជាដើម ដែលមិនអាចរស់នៅបាន»។
លោក ស៊ឹង សែនករុណា បានឲ្យដឹងបន្តទៀតថា ដើម្បីឲ្យមានការរួបរួមពិតប្រាកដរដ្ឋាភិបាលត្រូវតែធ្វើឲ្យគេមើលឃើញជាក់ស្តែងដោយ ដោះលែងអ្នកទោសនយោបាយ សកម្មជននយោបាយ សកម្មជនសង្គម ដែលកំពុងជាប់ឃុំឲ្យមានសេរីភាពឡើងវិញហើយត្រូវស្តារឡើងវិញការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បើកចំហសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។
នៅថ្ងៃទី១១ ខែមករា គណបក្សកម្លាំងជាតិចេញសេចក្តីថ្លែងការណ៍ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងតែរងការឈ្លានពានពីសំណាក់ប្រទេសថៃ អាជ្ញាធរពុំគួរធ្វើទុក្ខម្នេញអ្នកដែលមាននិន្នាការនយោបាយក្រៅពីបក្សកាន់អំណាច បន្ទាប់ពី អាជ្ញាធរបានចាប់ខ្លួនលោក លោក សរ ណាល់ ដែលជាសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅសង្កាត់ចោមចៅ២ និងជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅជិតវិមានឯករាជ្យ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
គណបក្សកម្លាំងជាតិ «អំពាវនាវទៅដល់អាជ្ញាធរកម្ពុជាបញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រឆាំងដោយហេតុផលបញ្ចេញមតិនិងដោះលែងលោក សរ ណាល់ ព្រមទាំងអ្នកជាប់ឃុំនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អឡើងវិញ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងកាលពីថ្ងៃទី៨ ខែមករា ថា ពលរដ្ឋសាមគ្គីគ្នាណាស់ប៉ុន្តែនៅតែអ្នកនយោបាយប៉ុណ្ណោះ មិនទាន់ឃើញមានឯកភាពសាមគ្គីគ្នានៅឡើយនោះទេ។ លោកថា ខ្មែរសាមគ្គីជាធ្លុងមួយដើម្បីឲ្យខ្មែរខ្លាំង។
ទាក់ទងទៅនិងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយនេះដែរ នៅថ្ងៃទី០៧ ខែមករា ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចេញសារដោយ អំពាវនាវដល់ជនរួមជាតិទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដោយលោកទទួលស្គាល់ថា សាមគ្គីរស់ សាមគ្គីឈ្នះ។ ប៉ុន្តែ មកទល់ពេលនេះ លោក ហ៊ុន សែន នៅតែចាត់ទុកអ្នកមានទស្សនៈផ្ទុយ គឺជាសត្រូវ ហើយមិនទាន់ដោះលែងអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយ និងការបញ្ចេញមតិឡើយ៕










សាររបស់លោក ហ៊ុន ម៉ាណែត ក៏បន្តអំពាវនាវឱ្យមានការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីឱ្យខ្មែរបានរឹងមាំ។ ទន្ទឹមនឹងការអំពាវនាវនេះ សមត្ថកិច្ចរដ្ឋាភិបាល កាលពីថ្ងៃទី៨ មករា ទើបបានចាប់ខ្លួនសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅសង្កាត់ចោមចៅ២ លោក សរ ណាល់ និងជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកទោសមនសិការជិត ១០០នាក់ កំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការ ដែលគេមើលឃើញថា ស្ថិតក្រោមការបញ្ជារបស់មេដឹកនាំគណបក្សកាន់អំណាច ដែលជាអ្នកកាន់នាវាកម្ពុជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ទាំងសង្គ្រាមឈ្លានពាន និងឧក្រិដ្ឋកម្មអនឡាញដែលពិភពលោកមើលមកកម្ពុជាក្នុងផ្លូវអាក្រក់៕