មន្ត្រី​បរិស្ថាន​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ

0
116
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


មន្ត្រី​បរិស្ថាន​នៅ​ខេត្តក្រចេះ ចាប់ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ដោយ​ចោទ​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់។ ប៉ុន្តែ​ពលរដ្ឋ​អះអាង​ថា តំណាង​របស់​ពួកគាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​នោះ​ទេ ដោយ​ចាត់ទុក​ការ​ចាប់ខ្លួន​តំណាង​របស់​ពួកគាត់ គឺជា​ការ​សង​សឹក និង​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃទៀត មិន​ឲ្យ​ចេញ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្តក្រចេះ អះអាង​ថា មន្ត្រី​បរិស្ថាន បាន​ចុះទៅ​ចាប់​តំណាង​របស់​ពួកគាត់​ម្នាក់ ឈ្មោះ ភេន ឡៃ ដោយ​ចោទប្រកាន់​ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ ខណៈ​មន្ត្រី​បរិស្ថាន​មិន​មាន​ភស្តុតាង​ច្បាស់លាស់​នោះ​ឡើយ​។ ពលរដ្ឋ​ថា ការណ៍​ចាប់ខ្លួន លោក ភេន ឡៃ គឺជា​ការ​សង​សឹក និង​បំបាក់ស្មារតី​របស់​ពលរដ្ឋ ដែល​ធ្លាប់​ចេញ​តវ៉ា​បញ្ហា​ដីធ្លី​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ និង​មិន​ព្រម​ចាក​ចេញពី​លំនៅឋាន និង​ប្រគល់​ដីស្រែ​ចម្ការ​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​កាម៉ាដេនូ វេនឈ័រ (​ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) និង​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយរៀង។

តំណាង​ពលរដ្ឋ​ម្នាក់​នៅ​ខេត្តក្រចេះ គឺ​លោកស្រី អែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែ​មករា​ថា កាលពី​ថ្ងៃទី៩ មន្ត្រី​បរិស្ថាន បាន​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី លោក ភេន ឡៃ ដោយ​ចោទប្រកាន់​ពី​​​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់ ខណៈ​នៅក្នុង​ខ្លួន​របស់ លោក ភេន ឡៃ មិន​មាន​សម្ភារៈ​កាប់​បំផ្លាញ​ព្រៃឈើ ដូច​ការ​ចោទប្រកាន់​របស់​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ​នោះ​ឡើយ។ លោកស្រី​ថា ការ​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​បែបនេះ គឺជា​ការ​គំរាមកំហែង និង​បំបាក់ស្មារតី​ពលរដ្ឋ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ពីព្រោះ​ពលរដ្ឋ​មិន​ព្រម​ចាក​ចេញពី​លំនៅឋាន និង​ប្រគល់​ដីស្រែ​ចម្ការ​ឲ្យ​ទៅ​ក្រុមហ៊ុន តាម​សំណើ​របស់​អាជ្ញាធរ។

លោកស្រី អែល រ៉ូស្សា៖ «ចាប់​លោក ភេន ឡៃ នេះ គឺជា​ការ​គំរាមកំហែង​ប្រជាពលរដ្ឋ​ទាំង​៥​ភូមិ​មិន​ឲ្យ​តវ៉ា កាលណា​យើង​តវ៉ា​បាន​ដី​មកវិញ គេ​អត់​មាន​ដី​លក់ អញ្ចឹង​ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ ដើម្បី​បំបាក់ស្មារតី ដើម្បី​កុំ​ឲ្យ​តវ៉ា​ទៀត ធ្វើ​នេះ​ដូច​មិន​យុត្តិធម៌​សោះ បែរជា​ទៅ​ចាប់​មនុស្ស​ស្លូតត្រង់​ថា​បំផ្លាញ​ព្រៃឈើ ខ្ញុំ​អត់​យល់​សោះ»។

ជុំវិញ​រឿង​នេះ​ទូរទស្សន៍​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន និង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១៣ ខែ​មករា។

តំណាង​ពលរដ្ឋ​អះអាង​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ មិន​ទាន់​ដោះលែង តំណាង​របស់​ខ្លួន​ត្រលប់​មកវិញ​នោះ​ទេ ខណៈ​មេភូមិ និង​មេឃុំ កំពុង​រៀបចំ​លិខិត​ធានា លោក ភេន ឡៃ ដើម្បី​ឲ្យ​មន្ត្រី​បរិស្ថាន​ដោះលែង​មកវិញ​។ លើស​ពី​នោះ លោកស្រី​ថា នៅ​ថ្ងៃ​ដែល​មន្ត្រី​បរិស្ថាន​ព័ទ្ធ​ចាប់​ខ្លួន លោក ភេន ឡៃ ក្នុង​ខ្លួន​របស់​លោក​មានតែ​ទូរស័ព្ទ​១​គ្រឿង និង​ម៉ូតូ​កញ្ចាស់​១​គ្រឿង ដោយ​លោក​គ្មាន​គោលបំណង​ទៅ​កាប់​រុករាន​តំបន់​ព្រៃ​ការពារ​នោះ​ឡើយ។

លោកស្រី អែល រ៉ូស្សា៖ «​ខ្ញុំ​ឈឺចាប់​ណាស់ ខ្ញុំ​ឈឺចាប់​តែម្ដង ដោយ​អ្វី​ដោយសារ​ពួក​ខ្ញុំ​មាន​ដី​បន្តិចបន្តួច​ធ្វើស្រែ​ចម្ការ ណាមួយ​យក​លុយ​សង​ធនាគារ​ផង ណាមួយ​កូនចៅ​រៀនសូត្រ ណាមួយ​ចិញ្ចឹម​ក្រពះ​មួយ​ថ្ងៃ​បី​ពេល​មិន​គ្រប់​មិន​គ្រាន់​ទៀត សួរ​ថា ជិះ​ម៉ូតូ​១​គ្រឿង​កញ្ចាស់​អែ​នេះ​ហើយ​ទូរស័ព្ទ​១​គ្រឿង តើ​ទៅ​បំផ្លាញ​ព្រៃឈើ​កើត​ឬ​អត់ គួរតែ​យល់ តើ​ទៅ​បំផ្លាញ​ព្រៃឈើ​កើត​ទេ»។

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មាន​ប្រសាសន៍​​​​​​​​​​​ថា ប្រសិនបើ​មន្ត្រី​បរិស្ថាន មិន​មាន​ភស្តុតាង​ជាក់ស្ដែង និង​មិន​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ ការ​ចាប់ខ្លួន​នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​មន្ត្រី​បរិស្ថាន​មិន​ត្រូវ​សាកសួរ​ពលរដ្ឋ​លើស​ពេល​កំណត់​នោះ​ដែរ​។ លោក​បន្ថែម​ថា ប្រសិនបើ​ការ​ចាប់ខ្លួន​នេះ​ពាក់ព័ន្ធ​ជាមួយ​ករណី​ចាស់ ដែល​ក្រុមហ៊ុន​បាន​ប្ដឹង​ពលរដ្ឋ​កន្លងទៅ គួរតែ​ទុក​ឲ្យ​ពលរដ្ឋ​តស៊ូ​មតិ​តាមផ្លូវ​ច្បាប់​នៅ​តុលាការ។

លោក យិន ម៉េងលី៖ «បើសិនជា​រឿង​នេះ ជា​រឿង​ចាស់ ការ​ចាប់ខ្លួន​នេះ​ជា​ការ​បំបាក់ស្មារតី និង​ជា​ការ​គំរាមកំហែង​ហើយ មុន​សវនាការ​មកដល់​ហើយ ប្រសិនបើ​រឿង​នេះ​ជា​រឿង​ចាស់​ទុក​ឲ្យ​តុលាការ​គាត់​ដំណើរការ ពីព្រោះ​រឿង​នេះ​មិនមែន​រឿង​តែ លោក ភេន ឡៃ តែ​ម្នាក់​នោះ​ទេ ជាប់​បណ្ដឹង​នៅ​តុលាការ​មាន​តំណាង​៥​ទៅ​៦​នាក់​ទៀត ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ អញ្ចឹង​គប្បី​តែ​ធ្វើការ​ពិចារណា​ឡើងវិញ ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំខ្លួន​គាត់​នេះ»។

កាលពី​ឆ្នាំ​២០២៥ លោក ភេន ឡៃ បាន​ដឹកនាំ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ជាង​៣០០​គ្រួសារ មកពី​ភូមិ​ចំនួន​៥ នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ ដោយ​កាត់​ឆ្វៀល​ដីធ្លី ផ្ទះសម្បែង និង​ស្រែចម្ការ​របស់​ពលរដ្ឋ​ចេញពី​បរិវេណ​ក្រុមហ៊ុន​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ​ទេ។

ក្រុមហ៊ុន​វៀតណាម ឈ្មោះ កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន អិន ខេ អេហ្គ្រី (NK Agri) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ក្នុង​ទំហំ​ជិត ១​ម៉ឺន ៧​ពាន់ (១៦.៥២៧) ហិកតារ កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​ដាំ​ដំណាំ​អំពៅ។ ក្រោយ​មក ក្រុមហ៊ុន​កាម៉ាដេនូ វេនឈ័រ បាន​ក្ស័យធន​កាល​ឆ្នាំ​២០១៧ ហើយ​នៅ​ឆ្នាំ​២០២១ ក្រុមហ៊ុន​វៀតណាម​ដដែល និង​ក្រុមហ៊ុន​កសិកម្ម យុវជន ស្វាយរៀង បាន​សហការ​គ្នា​ដំណើរការ ដាំ​ដំណាំ​អំពៅ​ឡើងវិញ សម្រាប់​ផលិត​ជា​ស្ករស ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម។ ចាប់តាំងពី​ពេលនោះ​មក ក្រុមហ៊ុន​ក៏​ចាប់ផ្ដើម​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ របស់​អ្នកភូមិ ហើយ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍ ដីស្រែ​ចម្ការ​ពលរដ្ឋ​ថែម​ទៀត​ផង ដោយ​ចោទ​ថា ពលរដ្ឋ​រំលោភ​យក​ដី​ក្រុមហ៊ុន ខណៈ​ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ក្នុង​តំបន់​នោះ តាំងពី​ឆ្នាំ​១៩៨០ និង​២០០៨ នៅមុន​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ទៅ​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ