

រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង ឥតឈប់ឈរមកទល់ពេលនេះ។ ជាក់ស្តែង សមត្ថកិច្ចបានចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិម្នាក់ទៀត នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមម្នាក់ទៀត គឺលោក វន វ៉ាន ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គម។ គណបក្សប្រឆាំង និងសង្គមស៊ីវិលថា ចរន្តចាប់ខ្លួននេះ ជាការសញ្ញាមិនល្អដែលទាញទម្លាក់វិបត្តិជាតិ។
នៅដើមឆ្នាំ២០២៦នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តយុទ្ធនាការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។កាលពីថ្ងៃទី១៥ មករា សមត្ថកិច្ចបានចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក វន វ៉ាន ខណៈលោកកំពុងបើកឡានត្រឡប់មកពីពិធីមង្គល ការបងប្អូន នៅខេត្តកំពង់ធំជាមួយប្រពន្ធ លុះដល់ចំណុចមុខប៉ុស្តិ៍ប៉ូលិស គឺស្រាប់តែមានប៉ូលិស ស្ទាក់ឃាត់ហៅចូលប៉ុស្តិ៍ទាំងពីរនាក់ប្តីប្រពន្ធ។ មន្ត្រីគណបក្សកម្លាំងជាតិ ឲ្យដឹងថា បន្ទាប់មក ប៉ូលិសឃាត់សួរនៅប៉ុស្តិ៍មួយភ្លេច ក៏បញ្ជូនលោកទៅស្រុក ហើយបញ្ជូនបន្តទៅឃុំខ្លួនខេត្តកំពង់ចាម។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន អះអាងថា ការចាប់ខ្លួនលោក វន វ៉ាន ពាក់ព័ន្ធនឹងការសម្ដែងមតិរបស់លោក។
រីឯនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៦ ខែមករាថា អង្គការលីកាដូមិនទាន់ដឹងអំពីមូលហេតុនៃការចាប់ខ្លួនលោក វន វ៉ាន នៅឡើយទេ ដោយលោកថា មិនបានដឹងពីការចាប់ខ្លួននេះ ហើយលោក វន វ៉ាន ត្រូវបានបញ្ជូនឃុំខ្លួន នៅពន្ធនាគារខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៦ ខែមករានេះ។
យ៉ាងណាលោក អំ សំអាត កត់ស្គាល់ថា ជាបន្តបន្ទាប់មក មានការចាប់ខ្លួន សកម្មជននយោបាយ ក៏ដូចជាមានការឃុំខ្លួនសកម្មបរិស្ថាន សកម្មជនសិទ្ធ មនុស្ស សហជីព និងសកម្មជននយោបាយ ដោយលោកថា ហាក់បង្ហាញសញ្ញាមិនល្អនៅក្នុងកាលៈទេសៈប្រទេសជាតិបច្ចុប្បន្ន។
លោក អំ សំអាត៖ «ទាំងអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដូចជា អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា យល់ឃើញថា គួរតែមានការដោះលែងទៅលើសកម្មជនបរិស្ថាន សកម្មសហជីព សកម្មសិទ្ធិមនុស្ស និងសកម្មជន នយោបាយ ដើម្បីកាត់បន្ថយភាពតានតឹង នៃការរិះគន់ពីសហគមន៍អន្តរជាតិ ទី២ ដើម្បីបង្ហាញអីពីសាមគ្គីភាព ឯកភាពជាតិ ហើយនឹងខ្មែរតែមួយ ហើយរួបរួមគ្នា ខ្មែរតែមួយដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើង»។
គិតត្រឹមក្នុងរយៈពេលកន្លះខែនៃខែមករា ដើមឆ្នាំ២០២៦នេះ អាជ្ញាធររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានចាប់សមាជិកគណបក្សប្រឆាំងចំនួន ៣នាក់ហើយ បើទោះបីជាលោកនាយករដ្ឋមន្ត្រីច្រៀបបទ «រួបរួមជាតិ» ជាញឹកញាប់។ សមាជិកបក្សប្រឆាំងទាំងបីរូប រួមមាន លោក សរ ណាល់ លោក រ័ត្ន សុធី ជំទប់ទី២ នៃគណបក្សភ្លើងទៀន នៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និង ចុងក្រោយ គឺលោក វន វ៉ាន សមាជិកគណបក្សកម្លាំងជាតិស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពួកគាត់ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីកា និងមិនបានប្រាប់អំពីមូលហេតុឡើយ។ តុលាការបានចោទប្រកាន់ លោក សរ ណាល់ ពីបទ«ញុះញង់» រីឯលោក រ័ត្ន សុធី ត្រូវចោទ ប្រកាន់ពីបទ«រួមគំនិតក្បត់» ខណៈលោក វន វ៉ាន នៅមិនទាន់ ដឹងច្បាស់ ពីបទចោទប្រកាន់នោះទេ។

ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ចាមលោក ឈន ចាន់ដែត និង ព្រះរាជអាជ្ញារងលោក តូច ឧត្ដម បានទេ នៅថ្ងៃទី១៦ ខែមករា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន លើកឡើងថា មកដល់ពេលនេះ សមល្មមដល់ពេលដែលអាជ្ញាធរ ត្រូវបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងងាកមកពង្រឹងសាមគ្គីខ្មែរជាធ្លុងមួយ។
លោក រ៉ុង ឈុន ថា គ្រប់គ្នាដឹងថា សង្គមជាតិកំពុងមានបញ្ហា ហើយបើរដ្ឋាភិបាលខ្លាចការបញ្ចេញមតិរិះគន់ នោះនឹងធ្វើឲ្យសង្គមជាតិកាន់តែមានបញ្ហាថែមទៀត ពីព្រោះគ្មានអ្នកហ៊ាននិយាយកែបញ្ហា ហើយប្រទេសជាតិមិនអាចរីកចម្រើន និងសម្បូរដោយវិបត្តិដូចសព្វថ្ងៃនេះ។
លោក រ៉ុង ឈុន៖ «ហើយយើងធ្វើការកត់សម្គាល់ទៅ ការទាមទាររបស់ប្រជាពលរដ្ឋ វាមិនមែនកើតចេញពីគណបក្សប្រឆាំងនោះទេ គឺវាកើតចេញពីរឿង អយុត្តិធម៌សង្គម ដែលធ្វើឲ្យពលរដ្ឋ ឈឺចាប់កាន់តែច្រើនទៅៗ ពេលមិនយូរ មិនឆាប់ វានឹងកើតចេញចលនាតស៊ូធំមួយហើយ។ ដូច្នេះ រដ្ឋាភិបាលខ្លាចការដែល ប្រជាពលរដ្ឋចេញតស៊ូទ្រង់ទ្រាយធំនេះ ត្រូវតែធ្វើល្អជាមួយប្រជាពលរដ្ឋ ត្រូវតែ ផ្ដល់ដំណោះស្រាយប្រជាពលរដ្ឋ ត្រូវតែបើកលំហសេរីភាពជូនប្រជាពលរដ្ឋ ឲ្យ ប្រជាពលរដ្ឋសប្បាយចិត្ត អាហ្នឹងទើបជាការល្អប្រសើរ»។
អ្នកឃ្លាំមើលលើកឡើងថា ចរន្តនៃការបន្តចាប់ខ្លួនប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រឆាំងនេះ គឺដោយសារតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងភ័យខ្លាចប្រជាពលរដ្ឋ នាំគ្នាបើកកកាយអំពីអសមត្ថភាពរបស់លោក ហ៊ុន ម៉ាណែត ដែលមិនអាចការពារទឹកដីបាន ពីការឈ្លានពានរបស់កងទ័ពថៃ៕








