
អ្នកឃ្លាំមើលថា កម្ពុជាកំពុងដើរដល់ផ្លូវទល់ច្រកផ្នែកទំនាក់ទំនងការទូតជាមួយនឹងបណ្ដាប្រទេសមហាអំណាចដែលមានចិន និងសហរដ្ឋអាមេរិក ដោយសារតែរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខ្វល់តែរឿងអំណាច បក្ខពួកនិយម និងគ្មានឆន្ទៈ ពិតប្រាកដ ក្នុងការស្ដារប្រព័ន្ធប្រជាធិបតេយ្យ និងគិតពីផលប្រយោជន៍ជាតិជាធំ ទើបធ្វើឱ្យជម្លោះព្រំដែនកម្ពុជា-ថៃបាន បន្តជាប់គាំង ព្រោះគ្មានមេដឹកនាំ បណ្ដាប្រទេស នៅលើភពលោកជួយអន្តរាគមន៍។
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងថា ចាប់តាំងពីថៃ បើកការឈ្លានពានកម្ពុជា មកសង្កេតឃើញថា រដ្ឋាភិបាល ហាក់អួតអាងថា កម្ពុជាមានប្រៀបជាងភាគីថៃ លើផ្នែកការទូត ក្នុងឆាកអន្តរជាតិ ព្រោះថា កម្ពុជាមានភស្តុតាងត្រឹមត្រូវ តាមរយៈច្បាប់ និងអនុសញ្ញា អន្តរជាតិ ជាច្រើនក្នុងការវាយបកទៅកាន់ភាគីថៃ តែជាក់ស្ដែង មេដឹកនាំបណ្ដាប្រទេសនៅលើពិភពលោក ហាក់ពុំបានយកចិត្តទុកដាក់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនោះឡើង ផ្ទុយទៅវិញ ពួកគេបានត្រឹមតែលើកឡើងពី បញ្ហាឧក្រិដ្ឋកម្មអនឡាញ និងជនភៀសសឹក ជំនួសរឿងថាថៃ «ឈ្លានពានកម្ពុជា»។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២០ ខែមករា ថា បញ្ហាដែលធ្វើឱ្យកម្ពុជាបរាជ័យផ្នែកការទូតនៅឆាកអន្តរជាតិ ព្រោះតែកម្ពុជាមានបញ្ហារំលោភសិទ្ធិមនុស្ស ការធ្លាក់ចុះប្រព័ន្ធប្រជាធិបតេយ្យ បញ្ហា ឧក្រិដ្ឋកម្ម អនឡាញ និង កង្វះអភិបាលកិច្ច នៃដឹកនាំប្រទេសឱ្យបានត្រឹមត្រូវ ទើបធ្វើឱ្យបណ្ដាប្រទេសនៅលើពិភពលោក ពិបាកជួយកម្ពុជា ក្នុងជម្លោះព្រំដែនជាមួយថៃ។ ជាមួយគ្នានោះ លោកថា រដ្ឋាភិបាលទៀតសោត ក៏មានបញ្ហា គិតតែ ពីអំណាច និងបក្ខពួកនិយម ជាងប្រយោជន៍ជាតិ។
លោក សេង វណ្ណលី៖ «ជោគជ័យនៃយុទ្ធសាស្ត្រការទូតរបស់លោក ហ៊ុន ម៉ាណែត មិនស្ថិតនៅលើការជ្រើសរើសរវាំងអាមេរិក ឬចិនឡើង តែស្ថិតនៅលើសមត្ថភាពក្នុងការធ្វើឱ្យកម្ពុជា ក្លាយជារដ្ឋឱ្យមានអភិបាលកិច្ចស្អាតស្អំ និងតំបន់វិនិយោគឱ្យមានសុវត្ថិភាព ប្រសិនបើកម្ពុជាបង្ហាញពិភពលោក នូវភាពរឹងមាំ និងភាពស្មោះត្រង់ក្នុងការដោះស្រាយបទល្មើសអន្តរជាតិបាននោះ ច្រកទ្វាការទូតនឹងបើកកាន់តែធំ។ ហើយការគំរាមកំហែងពីការឈ្លានពានណាមួយនឹងត្រូវបានអន្តរជាតិ ជួយទប់ស្កាត់តាមរយៈផលប្រយោជន៍រួមដែលគេមាននៅកម្ពុជា»។
ការលើកឡើងនេះ ក្រោយពីកម្ពុជាត្រូវ ជាប់គាំងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងភាគីថៃ បើទោះជាកម្ពុជាបានស្នើភាគីថៃ ចរចាដោះស្រាយបញ្ហា ទ្វេភាគីជាច្រើនដងក្ដី ត្រូវបានភាគីថៃបដិសេធ ដោយសំអាងថា ចាំ មាននាយករដ្ឋមន្ត្រីថ្មីសិន។ ទន្ទឹមគ្នានោះ ក្រោយសង្គ្រាម ២១ថ្ងៃបានផ្អាក អស់ជិត១ខែមកនេះ យោធាថៃ បានប្រកាសកាន់កាប់ លើដែនអធិបតេយ្យកម្ពុជាជាច្រើនកន្លែងទាំងតំបន់ជនស៊ីវិលរស់នៅ និងតាមតំបន់ប្រាសាទបុរាណខ្មែរ។
ករណីនេះ កម្ពុជាក៏បានប្រកាសទទួលស្គាល់ពីការបាត់បង់ដែនអធិបតេយ្យដែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា នៅមិនទាន់ប្ដឹងថៃ ទៅតុលាការអន្តរជាតិនោះឡើយ។ ប៉ុន្តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ក៏បាន ធ្លាប់ព្យាយាម ធ្វើបទបង្ហាញ ប្រាប់ដល់អង្គទូតបរទេស ជាច្រើន ប្រចាំនៅកម្ពុជាអំពីអំពើឈ្លានពាន របស់ថៃមកលើកម្ពុជាជាច្រើនដែរ ប៉ុន្តែ គ្មានប្រសិទ្ធភាពសោះ ខណៈយោធាថៃ បន្តបង្កើនការរាយបន្លាលួសព័ទ្ធយកដី និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ នៅលើទឹកខ្មែរយ៉ាងអនាធិបតេយ្យ។
លើសពីនោះទៀត សម្រាប់ប្រទេសមហាអំណាចដូចជា ចិន និងសហរដ្ឋអាមេរិក បានត្រឹមតែផ្ដល់ជំនួយផ្នែកថវិកា និងសម្ភារៈ ដល់កម្ពុជា សម្រាប់ជួយដល់ជនភៀសសឹក និងការចំណាយលើការដោះមីន នៅតាមព្រំដែន រួមនឹងថវិកាខ្លះ សម្រាប់ការបោសសម្អាត ល្បែងអនឡាញ។ រីឯ បញ្ហាដែលថៃឈ្លានពានកម្ពុជានិង ដុតបំផ្លាញផ្ទះសម្បែងពលរដ្ឋខ្មែរ មិនត្រូវបានពួកប្រទេសមហាអំណាចលើកមកនិយាយឱ្យចំៗនោះឡើយ។ បញ្ហានេះអ្នកឃ្លាំមើលថា គឺការបរាជ័យផ្នែកកិច្ចការទូតរបស់កម្ពុជា ទាំងកម្រិតអន្តរជាតិ និងក្នុងតំបន់។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង ប្រធានអង្គភាព អ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា និង រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដើម្បីឆ្លើយតបជុំវិញរឿងនេះ បានទេ នៅថ្ងៃទី២០ ខែមករា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៣ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទទួលស្គាល់ពីទុក្ខលំបាក ក្នុងនោះលោកបានសរសេរនៅលើហ្វេសប៊ុកថា ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើង គឺត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ ពោលគឺការរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិ។
ទន្ទឹមគ្នានោះលោក ប្ដេជ្ញាប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម អនឡាញ គឺជាអាទិភាពមួយនៃគោលនយោបាយ ដើម្បីធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។ ទោះជាបែបនេះក្ដី អ្នកឃ្លាំមើលថា ការប្ដេជ្ញាចិត្ត របស់ លោក ហ៊ុន ម៉ាណែត ទំនងលោកទទួលស្គាល់ពីការបរាជ័យ លើកិច្ចការទូតលើ ក្រោយពីបានព្យាយាមទៅទាក់ទងប្រទេសនានា ឱ្យជួយកម្ពុជា ជុំវិញជម្លោះកម្ពុជា-ថៃ ប៉ុន្តែ ត្រូវបានគេបដិសេធព្រោះកម្ពុជា មានរឿងអាស្រូវច្រើន ជាពិសេស ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក គឹម សុខ លើកឡើងថា បញ្ហាកម្ពុជា និងថៃ មិនត្រូវបានមេដឹកនាំលើពិភពលោកយកចិត្តទុកដាក់ គឺ ដោយសារតែ រដ្ឋាភិបាលត្រកូលហ៊ុន ពុំសូវសហការល្អជាមួយប្រទេសលើពិភពលោក ដូចជាការពង្រឹង នីតិរដ្ឋ និងការស្ដារប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ទន្ទឹមគ្នានោះ លោកថា មេដឹកនាំកម្ពុជា គឺជនផ្ដាច់ការ និងគិតតែពីអំណាច និងបក្ខពួកនិយមជាធំ ជាងប្រយោជន៍ជាតិ ដូច្នេះហើយ ទើបធ្វើឱ្យកិច្ចការទូតលើឆាកអន្តរជាតិបន្តបរាជ័យ។
លោក គឹម សុខ៖ «ព្រោះក្រុមគ្រួសារហ៊ុន ធ្វើគ្រប់យ៉ាងដើម្បីតែការពារអំណាចផ្ទាល់ខ្លួន មិនមែនចូលរួមជាមួយគេក្នុងការដោះស្រាយបញ្ហាកម្ពុជា។ បញ្ហាទឹកដីដែលប្រទេសជិតខាងឈ្លានពាន ទាំងឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ។ អ៊ីចឹងហើយ បានជាប្រទេសនានា ចិន និងសហរដ្ឋអាមេរិក គេផ្ដោតតែទៅលើបញ្ហាធំៗជាង ដែលជាបញ្ហាពាក់ព័ន្ធផលប្រយោជន៍របស់ពួកគេ»។
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយលើកឡើងថា ស្របពេលពិភពលោកកំពុងច្របូកច្របល់ដោយសារតែ បញ្ហាភូមិសាស្ត្រនយោបាយនៅលើពិភពលោកដូចជា នៅតាមប្រទេសអ៊ីរ៉ង់ ប្រទេស វេណេហ្ស៊ុយអេឡា ប្រទេសគុយបា និង សង្គ្រាម អ៊ុយក្រែន- រុស្ស៊ី រួមនឹងជម្លោះជប៉ុន-ចិន ពាក់ព័ន្ធកោះតៃវ៉ាន់ ជាដើមនោះ អ្នកឃ្លាំមើលថា ខណៈពេលនេះ ប្រសិនបើកម្ពុជាមិនអាច ដោះស្រាយបញ្ហាដោយសន្តិវិធី ជាមួយនឹងថៃទេ កម្ពុជាក៏ត្រូវត្រៀមខ្លួន ក្នុងការប្រយុទ្ធជាមួយថៃ ជាលើកទី៣ ដោយភាពឈ្លាសវៃ និងយុទ្ធសាស្ត្រច្បាប់លាស់។ ទន្ទឹមគ្នានោះដើម្បីឱ្យកម្ពុជាអាចធ្វើសង្គ្រាមជាមួយថៃបានយូរ និងមានប្រៀបលើការចរចា រដ្ឋាភិបាលកម្ពុជា ត្រូវតែបង្រួបបង្រួមជាតិ ឱ្យបានរឹងមាំ និងប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាដើម៕









