ពលរដ្ឋ​នៅ​រតនគិរី​ប្រឈម​​ជំងឺ​អាសន្នរោគ ក្រោយ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ

0
52
រូបភាពផ្កាយរណបបង្ហាញពីកន្លេងធ្វើអាជីវកម្មរ៉ែមាស របស់ ក្រុមហ៊ុនកូន លោក ទ្រី ភាព បង្ហាញដោយកាសែត​ម៉ុងហ្កាបេ (Mongabay)។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ Screenshot
រូបភាពផ្កាយរណបបង្ហាញពីកន្លេងធ្វើអាជីវកម្មរ៉ែមាស របស់ ក្រុមហ៊ុនកូន លោក ទ្រី ភាព បង្ហាញដោយកាសែត​ម៉ុងហ្កាបេ (Mongabay)។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ Screenshot

ពលរដ្ឋ​រស់​នៅ​ខេត្ត​រតនគិរី កំពុង​ប្រឈម​កើត​ជំងឺ​អាសន្នរោគ ក្រោយ​ក្រុមហ៊ុន​ឯកជន​របស់​អ្នក​មាន​អំណាច កំពុង​សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​ឧទ្យាន​ជាតិ​វិរៈជ័យ ដោយ​បង្ហូរ​សារធាតុ​គីមី​ចូល​អូរធម្មជាតិ ឈ្មោះ​អូរតាបូក ដែល​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ។ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ទប់ស្កាត់ និង​សិក្សា​អំពី​ផលប៉ះពាល់​ជាមុនសិន។

ពលរដ្ឋ​នៅ​ឃុំ​តា​វែង​លើ អះអាង ថា ក្រុមហ៊ុន​ឯកជន​របស់​អ្នក​មាន​អំណាច សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅក្នុង​ឧទ្យាន​ជាតិ​វិរៈជ័យ ស្រុក​តាវែង ខេត្តរតនគិរី ដោយ​បាន​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​តាបូក​ដែល​ជា​អូរ​ធម្មជាតិ និង​បន្ត​ហូរ​ចូល​ទន្លេសេសាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ កើត​ជំងឺ​រមាស់ និង​ប្រឈមមុខ​កើត​ជំងឺ​អាសន្នរោគ ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​តំបន់​នោះ ជាពិសេស​នៅ​រដូវប្រាំង​ឈាន​ចូល​មកដល់​នៅពេល​ខាងមុខ​នេះ។

ពលរដ្ឋ​រស់នៅ​ឃុំ​តា​វែង​លើ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែ​មករា​ថា មាន​ក្រុមហ៊ុន​ឯកជន​មួយ ដែល​មិន​ស្គាល់ឈ្មោះ កំពុង​ឈូស​ឆាយ​ធ្វើ​ផ្លូវ និង​សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​នៅ​ខាងលើ​អូរតាបូក ហើយ​បាន​បង្ហូរ​សារធាតុ​គីមី ចូលក្នុង​អូរ​ធម្មជាតិ ឈ្មោះ​អូរ​តា​បូក និង​ទន្លេ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​នៅ​តាម​ដង​ទន្លេសេសាន និង​អូរតាបូក កើត​ជំងឺ​រមាស់។ លោក​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន ចំនួន​៣​ទៅ​៤ កំពុង​ឈូស​ឆាយ​ដីព្រៃ​នៅ​តំបន់​នោះ ដោយ​ពួកគេ​អះអាង​ថា កំពុង​សិក្សា​ធ្វើ​វារីអគ្គិសនី និង​រុករក​រ៉ែ។ ប៉ុន្តែ​លោក​ថា រហូតមកដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ និង​សិក្សា​អំពី​ផល​ប៉ះពាល់​នោះ​ទេ។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ប្រើប្រាស់​ទឹកនឹង​វា​អាច​ប៉ះពាល់ ដោយសារ​នៅ​ខាងលើ​គេ​ធ្វើ​វារីអគ្គិសនី និង​មិនដឹង​ធ្វើ​អ្វី​ខ្លះទៀត​ទេ អ្នក​នៅ​ខាងក្រោម​ត្រូវការ​ប្រើប្រាស់​ទឹក អ្នក​ខ្លះទៅ​ផឹក​អាច​មាន​ជំងឺ អ៊ីចឹង​មានការ​បារម្ភ​មាន​ជំងឺ​សើ​ស្បែក និង​ជំងឺ​ផ្សេងៗ សុំ​ឲ្យ​ក្រុមហ៊ុន​រុករក​រ៉ែ​ពិគ្រោះ​យោបល់ ចុះ​សិក្សា​ពី​ផល​ប៉ះពាល់ មុន​ពួកគាត់​ធ្វើ​អ្វី ត្រូវ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​មូលដ្ឋាន​ជាមុន​សិន ពីព្រោះ​អត់​ដឹង​អ្វី​ទាល់តែសោះ ដូចជា​ខ្ញុំ ដូចជា​ពលរដ្ឋ​នៅ​តាម​ដងអូរ និង​រស់នៅ​តំបន់​នេះ»។

ចំណែក​មេភូមិ​អូតាបូក លោក ឈិន ចាន់ បាន​ចុច​បិទ​ទូរស័ព្ទ​ពេល​ដឹង​ថា អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីសេរី​។ ទោះជា​យ៉ាងណា កាលពី​ខែវិច្ឆិកា លោក​ធ្លាប់​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ពិត​ជា​មាន​ពលរដ្ឋ​កើត​ជំងឺ​រមាស់​ស្បែក​ប្រាកដ​មែន ហើយ​អាជ្ញាធរ​មូលដ្ឋាន​កំពុងតែ​តាមដាន និង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​បញ្ហា​នេះ។

អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

កាលពី​ចុងឆ្នាំ​២០២៥ កាសែត​ម៉ុងហ្កាបេ (Mongabay) បាន​ចុះផ្សាយ​ព័ត៌មាន​ថា ក្រុមហ៊ុន​របស់​កូនលោក ទ្រី ភាព កំពុងតែ​អនុវត្ត​សកម្មភាព​ជីក​យក​រ៉ែ​មាស​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ​ដោយ​ខុសច្បាប់ និង​បំពុល​ប្រភព​ទឹក​សំខាន់ៗ និង​គំរាមកំហែង​ដល់​ជីវិត​សហគមន៍​មូលដ្ឋាន ជាពិសេស​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្រៅ ដែល​ស្ថិតនៅ​ក្នុងភូមិ​តាបូក ស្រុក​តាវែង ឃុំ​តាវែងលើ ខេត្ត​រតនគិរី​។ កាសែត ម៉ុងហ្កាបេ អះអាង​ទៀត​ថា សន្តិសុខ​ក្រុមហ៊ុន​របស់​កូនលោក ទ្រី ភាព ឈ្មោះ គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ ចេញ​ចូល​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ​ទេ។

ទោះជា​យ៉ាងណា នៅ​ថ្ងៃទី​២០ ខែ​មករា អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចេញ​មុខ​ការពារ​ដោយ​អះអាង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជីក​យក​រ៉ែ​មាស ស្ថិតនៅ​ឧទ្យាន​ជាតិ ក្នុងភូមិ​តាបូក ឃុំ​តាវែងលើ ស្រុក​តាវែង ខេត្តរតនគិរី នោះ​ឡើយ។

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង។ រូប៖ ហ្វេសប៊ុក

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខ​ហេង ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ប្រសិនបើ​អាជីវកម្ម​រ៉ែ​មាស និង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​មែន​នោះ អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ទៅលើ​អ្នក​ប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ​ឲ្យ​បាន​តឹងរ៉ឹង។

លោក សេង សុខហេង៖ «​បើ​រដ្ឋាភិបាល​នៅតែ​បណ្ដែតបណ្ដោយ​អ៊ីចឹង​ទៀត ធនធាន​ធម្មជាតិ​ក៏​អស់ ថវិកា​ក៏​មិន​បាន​ចូល​រដ្ឋ ចូល​ទៅ​បែប​បុគ្គល បែប​ក្រុម​បក្ខពួក មិន​បាន​ចូល​រដ្ឋ ហើយ​ការបំផ្លាញ​បរិស្ថាន​ក៏បាន​កើតឡើង ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ច្រើន ធ្វើ​ប៉ះពាល់​ប្រជាជន​នៅ​តំបន់​នោះ មាន​គ្រប់​កន្លែង»។

នៅក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ មាន​ក្រុមហ៊ុន​ចំនួន​៥ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ក្នុង​នោះ​មាន​ក្រុមហ៊ុន ស្រ៊ុន សុវណ្ណាភូមិ អ៊ិនវេសមេន (Srun Sovannaphum Investment)​ទទួល​បាន​ផ្ទៃដី​ជាង​៨​ពាន់ (៨.៩៩៨) ហិកតារ ក្រុមហ៊ុន ហង អញ អណ្ដូងមាស (Hoang Anh Andong Meas) ទទួល​បាន ផ្ទៃដី​ជិត ១​ម៉ឺន​(៩.៧៧៥) ហិកតារ ក្រុមហ៊ុន ទ្រី ភាព អ៊ីមផត អិចផត (Try Pheab Import Export) និង​ក្រុមហ៊ុន អ៊ឹម ដី អេស (MDS) មាន​ទំហំ​ជិត​២​ម៉ឺន (១៨.៧៣៥) ហិកតារ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស។ ចំណែក​ក្រុមហ៊ុន នុភាព សុខភី អ៊ិនវេសមេន (Noupheab Sophey Investment) មាន​ផ្ទៃដី ៩​ពាន់ (៩.០០០) ហិកតារ ហើយ​ក្រុមហ៊ុន​មួយ​នេះ​កំពុង​សំងំ​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ដោយ​មិន​មាន​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ