បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​គ្រោង​ធ្វើបុណ្យ​បំបួស​ដើម​ឈើ

0
32
ទិដ្ឋភាពយុវជន ពលរដ្ឋ ព្រះសង្ឃ នាំគ្នាធ្វើពិធីបំបួលដើមឈើ នៅព្រៃសហគមន៍ក្បាលខ្លា ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ រូបថតកាលពីឆ្នាំ២០២៥ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពយុវជន ពលរដ្ឋ ព្រះសង្ឃ នាំគ្នាធ្វើពិធីបំបួលដើមឈើ នៅព្រៃសហគមន៍ក្បាលខ្លា ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ រូបថតកាលពីឆ្នាំ២០២៥ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ចំនួន​៤​ខេត្ត គ្រោង​ធ្វើបុណ្យ​សុំ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ការពារ​ព្រៃ​ឡង់​ឲ្យ​បាន​គង់វង្ស ខណៈ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ការពារ​មួយ​នេះ​បន្ត​កើតមាន​ឥត​ឈប់ឈរ។ សហគមន៍​ព្រៃ​ឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល បើក​ចិត្ត​ទូលាយ ដោយ​អនុញ្ញាត​ឲ្យ​ពួកគាត់​បាន​ចូលរួម​ល្បាត​ព្រៃឈើ​ឡើងវិញ ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត គឺ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ គ្រោង​ធ្វើ​ពិធីសែនព្រេន ឬ​បុណ្យ​នឹក​គុណ​ព្រៃ​ឡង់ នៅ​ថ្ងៃទី​១៤ ដល់​១៥ ខែកុម្ភៈ​ខាងមុខ នៅ​ត្រង់​ចំណុច​ស្ពាន​តាសុង ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដើម្បី​បួងសួង​សុំ​ឱ្យ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​បាន​នៅ​គង់វង្ស រក្សា​នូវ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច ផ្សព្វផ្សាយ និង​លើកកម្ពស់​ការ​យល់​ដឹង​ដល់​ប្រជា​សហគមន៍ បង្ហាញ​នូវ​សក្ដានុពល​របស់​ព្រៃ​ឡង់ និង​ឧទ្ទិស​បុណ្យ​កុសល​ដល់​កងទ័ព ដែល​បាន​ពលី​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​។ លើស​ពី​នោះ បណ្ដាញ​សហគមន៍​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុញ្ញាត​ឲ្យ​សហគមន៍​បាន​ចូល​ល្បាត​ព្រៃ​ឡង់​ឡើងវិញ​ដោយ​សេរី។

អ្នកសម្របសម្រួល​បណ្ដា​ញ​សហគមន៍​ប្រចាំ​ខេត្ត​ព្រះវិហារ លោក ស្រី ថី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​២៣ ខែ​មករា ដោយ​សង្ឃឹមថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​អនុញ្ញាត​ឲ្យ​សហគមន៍​ប្រារព្ធ​កម្មវិធី​នេះ​ដោយ​រលូន មិន​មាន​ការ​រំខាន​ដូច​ឆ្នាំមុនៗ​ទៀត ហើយ​ក្រោយ​ប្រារព្ធ​កម្មវិធី​បុណ្យ​ព្រៃ​ឡង់​នេះ​រួច អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សហគមន៍​ល្បាត​ព្រៃ​ឡើងវិញ ពីព្រោះ​បទល្មើស​ព្រៃ​នៅ​តំបន់​ព្រៃ​ឡង់​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ។

លោក ស្រី ថី៖ «បើ​បទល្មើស​ព្រៃឈើ​វា​នៅតែ​កើតមាន​ដដែល ទោះបីជា​យើង​ទៅ​ធ្វើ​បុណ្យ វា​ស្ងាត់​តែ​ពេល​បុណ្យ ក្រោយ​ធ្វើបុណ្យ​ហើយ​វា​នៅតែ​ដដែល ទាំង​បទល្មើស​ព្រៃឈើ ទាំង​រ៉ែ​វា​នៅ​ដដែល»។

រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​ឆ្នាំ​ហើយ ដែល​ក្រសួងបរិស្ថាន​ហាមឃាត់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ មិន​ឲ្យ​ចូល​ល្បាត​ក្នុង​តំបន់​ការពារ​មួយ​នេះ លើស​ពី​នោះ​មន្ត្រី​បរិស្ថាន​ក៏​ធ្លាប់​វាយដំ និង​គំរាមកំហែង​សហគមន៍​ថែមទៀត នៅ​ពេល​ពួកគាត់​លួច​ចូល​ល្បាត​ព្រៃ និង​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ម្ដងៗ។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ើ ចាន់ដារ៉ា លើកឡើង​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​សហគមន៍​មូលដ្ឋាន គួរ​សហការ​គ្នា​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប្រសើរ​ជាង​ការ​ហាមឃាត់ និង​គំរាមកំហែង​សហគមន៍​មិន​ឲ្យ​ចូលរួម​ជួយ​បង្ក្រាប​បទល្មើស​ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​ការពារ​។ លោក​ថា នៅ​ពេល​ដែល​មិន​អនុញ្ញាត​សហគមន៍​ជួយ​ទប់ស្កាត់​បទល្មើស ស្មើនឹង​បើកដៃ​ឲ្យ​ជនល្មើស​កាប់​ឈើ​ធ្វើ​អាជីវកម្ម​កាន់តែ​ច្រើនឡើង។

លោក ម៉ើ ចាន់ដារ៉ា៖ «វត្តមាន​សហគមន៍​មូលដ្ឋាន នឹង​ធ្វើ​ឲ្យ​អវត្តមាន​បទល្មើស​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃ​ឡង់ អវត្តមាន​សហគមន៍​មូលដ្ឋាន​ម្ដង នឹង​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ម្ដង​នៅក្នុង​តំបន់​ព្រៃឡង់ អ៊ីចឹង​វា​ស​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល និង​ចូលរួម​ថែរក្សា​គម្រប​ព្រៃឈើ​ឲ្យ​បាន​៦០​ភាគរយ ក្នុង​ឆ្នាំ​២០៥០​ដែរ ហើយ​ប្រសិនបើ​គ្មាន​វត្តមាន​របស់​សហគមន៍​មូលដ្ឋាន​ចូលរួម​ល្បាត​ដោយ​សេរី​ទេ ការ​តាំង​ចិត្ត និង​ការប្រតិបត្តិ​សច្ចាប័ន​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ផ្សេងៗ ដែល​យើង​មាន​ក៏​វា​មិនអាច​ទៅរួច​បាន​ដែរ»។

សកម្ម​ការពារ​ព្រៃឈើ អះអាង​ថា បើទោះបី​ជា​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កំពុង​មាន​សង្គ្រាម​ជាមួយ​ក្តី ក៏​បទល្មើស​កាប់​ព្រៃឈើ នៅតែ​កើនឡើង​យ៉ាង​ស្ងៀមស្ងាត់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ