ពលរដ្ឋ​ខេត្តក្រចេះ​អះអាង​ថា ក្រុមហ៊ុន​វៀតណាម​គំរាម​ចាប់​តំណាង​របស់​ពួកគាត់​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ

0
63
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋដែល​​មាន​វិវាទ​ដីធ្លី​ជា​មួយក្រុមហ៊ុន​វៀតណាម ​កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) លីមីធីត (Kamdhenu Ventures Cambodia Limited) (KVCL) បាន​ប្រមូលផ្ដុំ​គ្នា​​ដាក់​ញត្តិ​នៅ​​ក្រសួង​ដែនដីនគរូបនីយកម្ម ​និង​សំណង់​​ កាល​ពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម នៅ​ខេត្តក្រចេះ អះអាង​ថា ក្រុមហ៊ុន​វៀតណាម​បាន​គំរាមកំហែង ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាប់​តំណាង​របស់​ពួកគាត់​ចំនួន​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ ដោយសារតែ​តំណាង​ទាំងនោះ តែងតែ​ដឹកនាំ​ពលរដ្ឋ​ចេញ​តវ៉ា​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ការ​គំរាមកំហែង​នេះ ជា​ទង្វើ​ខុសច្បាប់។

ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) ) ស្ថិតនៅ​ស្រុក​សំបូរ ខេត្តក្រចេះ អះអាង​ថា តំណាង​ក្រុមហ៊ុន​មួយ​នេះ នឹង​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តក្រចេះ​កែ​សំណុំរឿង ដើម្បី​ចាប់​តំណាង​ពលរដ្ឋ​ចំនួន​៥​នាក់​ទៀត​ដាក់​ពន្ធនាគារ ដោយសារតែ​តំណាង​ទាំងនោះ តែងតែ​ដឹកនាំ​ពលរដ្ឋ​ចេញ​តវ៉ា​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។
តំណាង​ពលរដ្ឋ​ម្នាក់​នៅ​ខេត្តក្រចេះ គឺ​លោកស្រី អែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ​មករា​ថា តំណាង​ក្រុមហ៊ុន​វៀតណាម បាន​ប្រាប់​ពលរដ្ឋ​ក្នុងភូមិ​ថា ក្រុមហ៊ុន​នឹង​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​កែ​សំណុំរឿង ធ្វើ​យ៉ាងណា​ចាប់​តំណាង​របស់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​បន្ថែម​ទៀត។

លោកស្រី អែល រ៉ូស្សា៖ «វៀតណាម​និយាយ​ជាមួយ​ខាង​កោះ​ឆ្មា​ថា នៅ​ខ្ញុំ​មួយទៀត ពីព្រោះ​ខ្ញុំ​តវ៉ា​ដី​បន្តិចទៀត​កែ​សំណុំរឿង​ដូច​ពូ ភេន ឡៃ ដែរ​ហើយ យក​ទៅ​ដាក់​គុក​ដែរ​ហើយ ខ្ញុំ​អត់​ដែល​បំផ្លាញ​ព្រៃឈើ​ផង ចង់​កែ​សំណុំរឿង​ដូច​ពូ ភេន ឡៃ យក​ទៅ​ដាក់​ពន្ធនាគារ​ដែរ អ៊ីចឹង​ពន្ធនាគារ​ខេត្តក្រចេះ ដាក់គុក​តែ​មនុស្ស​ល្អ អត់​ដាក់គុក​មនុស្ស​អាក្រក់​ផង»។

លោកស្រី អែល រ៉ូស្សា អះអាង​ទៀត​ថា មន្ត្រី​បរិស្ថាន និង​តំណាង​ក្រុមហ៊ុន​តែងតែ​ចុះទៅ​ឃ្លាំមើល​ដី​ព្រៃ​សហគមន៍ និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ដោយ​ពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​បរិស្ថាន​កំពុង​លួច​លក់​ដី​ព្រៃ​សហគមន៍ និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម ។ លោកស្រី​បន្ថែម​ថា មន្ត្រី​បរិស្ថាន​មិនបាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​ការពារ​នោះ​ទេ ផ្ទុយទៅវិញ​ពួកគេ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ធ្វើបាប​ពលរដ្ឋ​រស់នៅ​តំបន់​នោះ។

លោកស្រី អែល រ៉ូស្សា៖ «ខ្ញុំ​គិតថា​ខាង​បរិស្ថាន​សហការគ្នា​ជាមួយ​ក្រុមហ៊ុន គំរាមកំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា​រឿង​ដី ចង់​យក​ដី​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ពីព្រោះ​អី ពូ ភេ​ន ឡៃ អត់​មាន​បំផ្លាញ​ព្រៃឈើ​ទេ» ។​

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន និង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​២៨ ខែមករា​។​

តំណាង​ពលរដ្ឋ​ចំនួន ៥​នាក់ ដែល​ក្រុមហ៊ុន​គំរាម​ចាប់​ដាក់​ពន្ធនាគារ រួមមាន លោក អ៊ុន សុខុំ ប្រុក ភារម្យ ឌុច សាគី ស៊ឹង ករុណា និង​លោកស្រី អែល រ៉ូស្សា។ រីឯ​អ្នក​ទាំង​៥​រូប​នេះ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​ខេត្តក្រចេះ កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ម្ដង​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​ថា ពួកគាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គួរ​ធ្វើតាម​ការ​បង្គាប់​បញ្ជា​របស់​ក្រុមហ៊ុន ហើយ​ធ្វើបាប​ពលរដ្ឋ​ស្លូតត្រង់​របស់​ខ្លួន​នោះ​ទេ អាជ្ញាធរ​ត្រូវតែ​ធ្វើ​ទៅ​តាមច្បាប់ និង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ ប្រសើរ​ជាង​បង្ក​បញ្ហា​កាន់តែ​ធំ​ឡើង។

លោក យិន ម៉េងលី៖ «អ៊ីចឹង​ការ​អូស​បន្លាយ​រយៈពេល​យូរ​នេះ យើង​ចាត់ទុកថា ជា​ការ​ធ្វើ​ទារុណកម្ម​មួយ​ដែរ គឺ​ទារុណកម្ម​ផ្លូវចិត្ត អញ្ចឹង​អាជ្ញាធរ​ត្រូវតែ​ហ៊ាន​ប្រឈម​ទៅ​នឹង​ការ​ពុះពារ​អ្វី​ដែល​ជា​ផ្លូវច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​របស់​គាត់ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​អាជ្ញាធរ​វិញ» ។​

កាលពី​ថ្ងៃទី​០៩ ខែ​មករា​កន្លង​ទៅ មន្ត្រី​បរិស្ថាន​បាន​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់ គឺ​លោក ភេន ឡៃ ដោយ​ចោទប្រកាន់​តំណាង​ពលរដ្ឋ​រូប​នេះ ពី​បទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​។ រហូតមកដល់​ពេលនេះ អាជ្ញាធរ​មិនទាន់​ដោះលែង លោក ភេ​ន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ បើ​ទោះ​បី​អាជ្ញាធរ​ភូមិ​ឃុំ​បាន​បញ្ជាក់​ថា លោក ភេន ឡៃ មិន​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​របស់​មន្ត្រី​បរិស្ថាន​ក្ដី។

កាល​ពី​ដើម​ឆ្នាំ​២០២៤ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ដុត​ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ព​ល​រដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ជាង​៣០០​គ្រួសារ​។ ពលរដ្ឋ​បាន​នាំគ្នា​ចេញ​តវ៉ា​ទាមទារ ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ