
ដោយ យ៉ង ចាន់តារា
គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ រំលាយចោលអស់រយៈពេល ៨ឆ្នាំមកហើយ គឺកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ រចនាសម្ព័ន្ធដឹកនាំចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ព្រមទាំងតួនាទីនយោបាយទាំងឡាយដែលគណបក្សនេះមាន ក៏ត្រូវរលាយតាមនោះដែរ។ តើគណបក្សសង្គ្រោះជាតិមានប្រវត្តិយ៉ាងណា? តើហេតុអ្វីបានជាលោក ហ៊ុន សែន រំលាយគណបក្សនេះចោលយ៉ាងដូច្នេះ?
គណបក្សសង្គ្រោះជាតិត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរវាងអ្នកនយោបាយ២ ក្រុម គឺក្រុមគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងក្រុមគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា កាលពីឆ្នាំ២០១២។ គណបក្សនេះមានគោលនយោបាយទាក់ទាញម្ចាស់ឆ្នោតជាច្រើនចំណុច ដែលគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានបរាជ័យក្នុងការដោះស្រាយ។ គោលនយោបាយទាំងនោះ មានដូចជាការលុបបំបាត់អំពើពុករលួយ ការការពារបូរណភាពទឹកដី ការពង្រឹងច្បាប់អន្តោប្រវេសន៍ ការកែទម្រង់គោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ដល់ពលរដ្ឋ ការកែទម្រង់ប្រព័ន្ធតុលាការ ព្រមទាំងការបង្កើតតុល្យភាពអំណាចរវាងសភា រដ្ឋាភិបាល និងតុលាការ។ គោលនយោបាយដែលទាក់ទាញចិត្តម្ចាស់ឆ្នោតជាងគេនៅពេលនោះ គឺការសន្យាដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កម្មកររោងចក្រ និងផ្ដល់ប្រាក់ជូនជនចាស់ជរា។
លោក ហ៊ុន សែន ដែលកាលនោះនៅជានាយករដ្ឋមន្ត្រីនៅឡើយ បានចំអកថា ចលនានយោបាយថ្មីនេះ គឺជាព្យុះក្នុងក្អម។
លោក ហ៊ុន សែន៖ «ព្យុះនយោបាយរបស់អស់លោក គ្រាន់តែជាព្យុះក្នុងដប ឬព្យុះក្នុងក្អមទេ គ្មានផលប៉ះពាល់អ្វីសូម្បីតែបន្តិច។ និយាយឱ្យពិត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ សង្គ្រោះនរណាឥលូវនេះ? សង្គ្រោះគេកំពុងតែទទួលសញ្ញាប័ត្រហ្នឹងឱ្យរត់ចូលព្រៃ ឬស្អី? សង្គ្រោះលោកសង្ឃដែលកំពុងតែបិណ្ឌបាត ហើយកាន់វស្សាហ្នឹងដើម្បីឱ្យរត់ចោលស្បង់ ឬស្អី និយមន័យសង្គ្រោះនោះ? និយាយអ៊ីចឹង អ្នកនាំពាក្យនោះចេញមកទៀតហើយ ដោយសារតែគាត់ខ្លាចហើយ។ ចាំទៅអាពៅអញផ្ដាំទុកឱ្យហើយ មានស្អី ចាញ់បូកនិងចាញ់ស្មើនឹងចាញ់ នៅក្នុងក្អម ព្យុះនៅក្នុងហ្នឹងទៅ»។
ការព្យាករណ៍របស់លោក ហ៊ុន សែន បានខុសស្រឡះ ហើយ «ព្យុះក្នុងក្អម» នេះ បែរជាបានបោកបក់សឹងប៉ើងខ្លួនលោកពីកៅអីនាយករដ្ឋមន្ត្រី។
កើតមិនបានមួយឆ្នាំផង ក្នុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣ ក្នុងចំណោមអាសនៈសភាសរុបចំនួន ១២៣ គណបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈចំនួន ៥៥ ទល់នឹងគណបក្សប្រជាជនកម្ពុជាចំនួន ៦៨។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅពេលនោះ។ ការដណ្ដើមបានអាសនៈជិតពាក់កណ្ដាលរបស់គណបក្សនយោបាយប្រឆាំងនេះ ជាចំណុចរបត់ដ៏សំខាន់មួយនៃនយោបាយកម្ពុជា ពីព្រោះតាំងពីលោក ហ៊ុន សែន ដណ្ដើមអំណាចពីសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ តាមរយៈរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧ មក គណបក្សប្រឆាំងមិនធ្លាប់ទទួលបានអាសនៈច្រើនបែបនេះទេ។ ក្ដីសង្ឃឹមនៃការផ្លាស់ប្ដូរ ក៏ហាក់មានពន្លឺបន្តិចម្ដងៗក្នុងចិត្តពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិដែលចង់ឃើញកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
យ៉ាងណាក៏ដោយចុះ អ្វីៗមិនដូចការរំពឹងទុកនោះទេ។ លោក ហ៊ុន សែន ដែលធ្លាប់តែក្ដាប់អំណាចសឹងផ្ដាច់មុខរាប់សិបឆ្នាំមកហើយនោះ មិនបានទុកបណ្ដោយឱ្យគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយនេះ រស់រានមានជីវិតបានយូរឡើយ។
នៅដើមឆ្នាំ២០១៤ អាជ្ញាធរបានចុះទៅបង្ក្រាបក្រុមគាំទ្រគណបក្សសង្គ្រោះជាតិ ដែលប្រមូលផ្ដុំគ្នាតវ៉ាដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ។ មុននោះប៉ុន្មានថ្ងៃ កងកម្លាំងចម្រុះ រួមមាន ប៉ូលិស ប៉េអិម និងយោធា បានបើកការបង្ក្រាបដោយហិង្សាលើក្រុមកម្មករនៅផ្លូវវេងស្រេង និងក្បែររោងចក្រយ៉ាក់ជីន ដែលបណ្ដាលឱ្យមនុស្ស ៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ ស្របពេលគ្នានោះ រដ្ឋាភិបាលបានចាប់ខ្លួនសកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើននាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារតែការបញ្ចេញមតិរបស់ពួកគេ។ កាន់តែធ្ងន់ធ្ងរទៀតនោះ ក្រុមកងអង្គរក្សរបស់លោក ហ៊ុន សែន បាននាំគ្នាព្រួតវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូប គឺលោក គង់ សភា និងលោក ញ៉យ ចំរើន នៅមុខវិមានរដ្ឋសភា នៅចុងឆ្នាំ២០១៥។
នៅខែមីនា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិបានសម្រេចតែងតាំងលោក កឹម សុខា ជាប្រធានគណបក្សជំនួសលោក សម រង្ស៊ី ដែលត្រូវបង្ខំចិត្តលាលែងពីតួនាទី ដើម្បីការពារគណបក្សពីការរំលាយរបស់រដ្ឋអំណាច។ ប៉ុន្តែ ៧ខែក្រោយមក លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនលោក កឹម សុខា ទាំងកណ្ដាលយប់ ក្នុងពេលលោកកំពុងមានអភ័យឯកសិទ្ធិសភានៅឡើយ ដោយចោទពីបទក្បត់ជាតិ។
របបដឹកនាំរបស់លោក ហ៊ុន សែន បានកែប្រែច្បាប់គណបក្សនយោបាយ និងបានយកសំណុំរឿងលោក កឹម សុខា ជាគោល ដើម្បីឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។ នៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូល ដែលមានក្រុមចៅក្រម តំណាងមហាអយ្យការ និងដើមបណ្ដឹងជាមន្ត្រីគណបក្សប្រជាជនកម្ពុជាដូចគ្នានោះ បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមប្រាមថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន ១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ ឆ្នាំ។ រីឯអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥ ពាន់ ៧ អាសនៈរបស់គណបក្សប្រឆាំងវិញ ក៏ត្រូវបានបក្សកាន់អំណាចយកមកចែកគ្នាកាន់កាប់ផងដែរ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា លោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដោយសារតែដឹងថា គាត់នឹងចាញ់ឆ្នោតនៅឆ្នាំ២០១៨។
លោក អេង ឆៃអ៊ាង៖ «លោក ហ៊ុន សែន គាត់ដឹងថា ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សគាត់នឹងចាញ់គណបក្សសង្គ្រោះជាតិ ព្រោះកម្លាំងប្រជាពលរដ្ឋគេរង់ចាំតែពេលវេលាមកដល់នៃការបោះឆ្នោត។ ដូច្នេះដើម្បីជាការទប់ស្កាត់កុំឱ្យគាត់បាត់បង់អំណាចតាមរយៈការបោះឆ្នោត គាត់បានចាប់លោក កឹម សុខា ហើយរំលាយគណបក្សសង្គ្រោះជាតិដោយគាត់ចោទប្រកាន់គ្មានហេតុផល ហើយរៀបចំការបោះឆ្នោតក្លែងក្លាយមួយដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋ»។
ក្រោយការរំលាយគណបក្ស ថ្នាក់ដឹកនាំ និងមន្ត្រីបក្សសង្គ្រោះជាតិជាច្រើននាក់ បានបែកខ្ញែកគ្នា។ អតីតប្រធានបក្ស គឺលោក សម រង្ស៊ី រួមជាមួយមន្ត្រីជាន់ខ្ពស់ និងសមាជិកមួយចំនួនទៀតដែលសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅក្រៅប្រទេស ទើបតែបានប្រកាសបង្កើតរដ្ឋាភិបាលថ្មីមួយដាក់ឈ្មោះថា «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា» ក្នុងបំណងស្រោចស្រង់កម្ពុជាពីអំណាចផ្ដាច់ការនៃក្រុមគ្រួសារត្រកូលហ៊ុន។ រីឯប្រធានគណបក្សបច្ចុប្បន្នគឺលោក កឹម សុខា វិញ លោកកំពុងជាប់ឃុំក្នុងផ្ទះតាមអំណាចសាលក្រមតុលាការក្រុងភ្នំពេញ ដែលបានដាក់ទោសលោកឱ្យជាប់ឃុំចំនួន ២៧ ឆ្នាំ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយពីលោកជាស្ថាពរ។ ក្រៅពីមេដឹកនាំកំពូលទាំងពីររូបនេះ មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនបានរក្សាភាពស្ងៀមស្ងាត់ មន្ត្រីខ្លះបើកបក្សនយោបាយផ្ទាល់ខ្លួន ក្នុងនោះមានបក្សខ្លះប្រកាសបន្តមរតកនយោបាយពីបក្សសង្គ្រោះជាតិ តែក៏មានបក្សខ្លះជាបក្សរណបបក្សកាន់អំណាច ខណៈអ្នកខ្លះទៅចុះចូលបម្រើបក្សកាន់អំណាចផងក៏មាន។
ការរំលាយគណបក្សសង្គ្រោះជាតិកាលពី ៨ឆ្នាំមុន បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្បើមដល់លោក ហ៊ុន សែន ពោលគឺធ្វើឱ្យលោកឈ្នះឆ្នោតអាណត្តិទី៦ និងទី៧ ដោយគ្មានគូប្រកួត ដូចដែលលោកបានគ្រោងទុក។ ។ សំខាន់ជាងនេះទៀត វាបានជួយឱ្យលោកសម្រេចបាននូវមហិច្ឆតាផ្ទេរអំណាចតវង្សត្រកូលដល់កូនៗរបស់លោក កាលពីឆ្នាំ២០២៣។ ប៉ុន្តែសម្រាប់ប្រជាជាតិខ្មែរវិញ ការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនេះ ប្រៀបបាននឹងការរំលាយឆន្ទៈពលរដ្ឋខ្មែររាប់លាននាក់ដែលប្រាថ្នាការផ្លាស់ប្ដូរ។ ជាងនេះទៅទៀត អំពើនេះជាការជាន់ឈ្លីប្រព័ន្ធច្បាប់ ជាការធ្វើឱ្យកម្ពុជាបាត់បង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ព្រមទាំងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការកសាងកម្ពុជាទៅជាសង្គមនីតិរដ្ឋ និងមានប្រជាធិបតេយ្យពិតប្រាកដនោះ ប្រែក្លាយជាអសារបង់ទៅវិញ៕









