

អាជ្ញាធរខេត្តតាកែវ មិនអនុញ្ញាតឲ្យគណបក្សកម្លាំងជាតិ ជួបជុំសមាជិក និងលើកស្លាកនៅតាមមូលដ្ឋានឡើយ។ ប៉ុន្តែមន្ត្រីគណបក្សកម្លាំងជាតិ ចាត់ទុកការហាមឃាត់នេះ ថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងមិនស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
គណបក្សកម្លាំងជាតិបានប្រកាសផ្អាកការជួបជុំសមាជិករបស់ខ្លួន នៅថ្ងៃទី២១ ខែកុម្ភៈ ក្រោយអាជ្ញាធរខេត្តតាកែវ បានហាមឃាត់មិនឲ្យគណបក្សមួយនេះ ជួបជុំសមាជិក និងធ្វើការលើកស្លាក នៅតាមមូលដ្ឋាន ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយអាជ្ញាធរមិនប្រាប់ពីមូលហេតុឲ្យបានច្បាស់លាស់នោះទេ។ នេះបើតាមលិខិតជូនដំណឹងរបស់គណបក្សកម្លាំងជាតិ ចេញផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៨ ខែកុម្ភៈថា គណបក្សកម្លាំងជាតិបានជូនដំណឹងអាជ្ញាធរមូលដ្ឋាន ស្ដីអំពីការជួបជុំសមាជិក និងលើកស្លាកនៅកន្លែងសាធារណៈ ស្របទៅតាមច្បាប់នយោបាយ ប៉ុន្តែអាជ្ញាធរក្រុងដូនកែវ មិនអនុញ្ញាតឲ្យជួបជុំសមាជិក និងលើកស្លាកនោះទេ ហើយអាជ្ញាធរក៏មិនបានប្រាប់ពីមូលហេតុច្បាស់លាស់នោះដែរ។ លោកថា ក្រសួងមហាផ្ទៃគួរតែពិនិត្យមើលអាជ្ញាធរថ្នាក់ក្រោយជាតិ កុំឲ្យមានសកម្មភាពការរឹតត្បិតសេរីភាពទៅលើបក្សនយោបាយបែបនេះតទៅទៀត។
លោក រ៉ុង ឈុន៖ «ក្រសួងមហាផ្ទៃគួរមើលមន្ត្រីក្រោមឱវាទរបស់ខ្លួន ធ្វើយ៉ាងម៉េចត្រូវតែផ្ដល់ឲ្យគណបក្សនីមួយៗស្មើភាពគ្នា ក្នុងការប្រើប្រាស់ទីសាធារណៈ ក្នុងការលើកស្លាករបស់គណបក្សខ្លួន កុំថាដាក់សម្ពាធតែគណបក្សកម្លាំងជាតិ ប៉ុន្តែគណបក្សផ្សេងៗមានសេរីភាពមិនស្មើភាពគ្នា»។
លោក រ៉ុង ឈុន អះអាងទៀតថា ចាប់តាំងពីរំលាយគណបក្សសង្គ្រោះជាតិរួចមក សកម្មភាពនយោបាយនៅកម្ពុជា មានការរឹតត្បិត ធ្វើទុក្ខបុកម្នេញទៅអ្នកនយោបាយបក្សប្រឆាំង និងអាក្រក់កាន់តែខ្លាំងឡើង គឺធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព ក្នុងការជួបជុំសេរីភាព បញ្ចេញមតិ និងសេរីភាពធ្វើនយោបាយ។ លោកបន្ថែមថា អាជ្ញាធរគួរតែអនុវត្តច្បាប់ ឲ្យបានស្មើភាពគ្នា ដោយមិនត្រូវលំអៀងទៅកាន់គណបក្សនយោបាយណាមួយឡើយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ មិនបានឆ្លើយតបសំណួររបស់អ្នកយកព័ត៌មានទូរទស្សន៍អាស៊ីសេរី តាមរយៈបណ្ដាញសង្គមតេឡេក្រាម(Telegram) នោះទេ នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយលោកចូលមើលសំណួរហើយតែមិនឆ្លើយតប។ ចំណែកអភិបាលខេត្តតាកែវ លោក វី សំណាង ក៏ទូរទស្សន៍អាស៊ីសេរីពុំទាន់អាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ឃើញថា នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នា និងមានសិទ្ធិសេរីភាពពេញលេញ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយស្របទៅតាមច្បាប់។ លោកថា ប្រសិនបើមានសកម្មភាពរារាំង គំរាមកំហែង និងបំភិតបំភ័យ ទៅលើសកម្មភាព និងអ្នកនយោបាយណាមួយ គឺជាទង្វើផ្ទុយពីច្បាប់។
លោក នី សុខា៖ «អាជ្ញាធរគប្បីបើកសិទ្ធិសេរីភាពឲ្យទូលំទូលាយគ្រប់អ្នកនយោបាយ គ្រប់សកម្មភាពគណបក្សនយោបាយទាំងអស់ ជៀសវាងកុំឲ្យមានការបង្ហាញរូបភាពណាមួយ កត់សម្គាល់ឃើញអំពីការរឹតត្បិតសិទ្ធិសេរីភាព បើពុំនោះទេ អាជ្ញាធរនៅតែទទួលរងនូវការរិះគន់ពីបណ្ដាមតិជាតិ និងអន្តរជាតិ»។
គណបក្សកម្លាំងជាតិ លើកឡើងថា អាជ្ញាធរ តែងតែហាមឃាត់ និងធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពផ្នែកនយោបាយ និងសកម្មភាពជួយសង្គមជាតិ ក្នុងនោះ ប្រធានគណបក្ស លោក ស៊ុន ចន្ធី ត្រូវបានចាប់ដាក់ពន្ធនាគារ ស្លាកសញ្ញានៅតាមទីសាធារណៈត្រូវបានជនមិនស្គាល់មុខហែក និងបំផ្លាញចោល។ ដោយឡែក កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ចាម ក៏បានរារាំងមិនឲ្យសកម្មជនគណបក្សកម្លាំងជាតិ ធ្វើសកម្មភាព និង ហៅទៅសាកសួរដំណើររឿងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីដាក់បណ្ដឹងប្រឆាំងអំពើឈ្លានពានរបស់យោធាថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ថែមទៀតផង៕









