

អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ព្រមានពីការពង្រីកឥទ្ធិពលអាណានិគមថ្មីរបស់វៀតណាម មកលើកម្ពុជា តាមរយៈការផ្ដល់ជំនួយសាងសង់សាលារៀនមិត្តភាពរវាងប្រទេសទាំងពីរ ដើម្បីជាការសាបព្រោះវប្បធម៌ និងមនោគមវិជ្ជានយោបាយមកលើសិស្សានុសិស្សខ្មែរ។ ការព្រមាននេះធ្វើឡើងក្រោយពីកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីកម្ពុជា។
ខណៈដែលអាជ្ញាធរវៀតណាម កំពុងតែបង្កើនការធ្វើទុក្ខបុកម្នេញលើសកម្មជនខ្មែរក្រោម តាមរយៈការចាប់ខ្លួន និងផ្ដន្ទាទោស ដាក់ពន្ធនាការធ្ងន់ធ្ងរជាច្រើនករណី នៅថ្ងៃទី០៥ ខែតុលា វៀតណាមបានព្រមព្រៀងផ្ដល់ថវិកា៨លានដុល្លារ ដល់កម្ពុជា ដើម្បីសាងសង់សាលារៀនមិត្តភាពកម្ពុជា-វៀតណាមនៅកណ្ដាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៦ ខែតុលា ថាការដែលវៀតណាមផ្ដល់ថវិកា៨លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាមលើទឹកដីកម្ពុជា គឺជានយោបាយ របស់វៀតណាម ក្នុងការពង្រីកឥទ្ធិពល និងវប្បធម៌ ដើម្បីបំប្លែងកម្ពុជាឱ្យទៅជាវៀតណាមទី២ តាមរយៈការបង្ហាញទង់ជាតិ និងអក្សរវៀតណាមលើអគារសាធារណៈរបស់ខ្មែរ ដូចនឹងប្រទេសឡាវ។
លោកសង្កេតឃើញថាជាច្រើនឆ្នាំមកនេះ វៀតណាម បានជ្រៀតជ្រែកគ្រប់វិស័យរបស់កម្ពុជា ដោយចាប់ផ្ដើមពីវិស័យអប់រំ និងវប្បធម៌ ក្រោមរូបភាពនៃកិច្ចសហការល្អរវាងប្រទេសទាំងពីរ។ លោកបារម្ភថា ប្រសិនបើពលរដ្ឋមិននាំគ្នារិះគន់ចំពោះអាណានិគមនិយមបែបថ្មីនេះទេ វិស័យអប់រំកម្ពុជា នឹងដាក់បញ្ចូលភាសា និងវប្បធម៌វៀតណាមឱ្យកូនខ្មែរសិក្សាលើទឹកដីខ្មែរ។
លោកបន្តថា នេះជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រផ្សេងទៀត ដែលវៀតណាម កំពុងព្យាយាមបញ្ជ្រាបឥទ្ធិពល មកលើយុវជនខ្មែរ ដូចជា យុទ្ធសាស្ត្រប្រជាសាស្ត្រ គឺការដាក់បញ្ចូលជនជាតិវៀតណាម ចូលទឹកដីខ្មែរ យុទ្ធសាស្ត្ររំកិលព្រំដែន, យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខព្រំដែន, យុទ្ធសាស្ត្រដីសម្បទាន, និងយុទ្ធសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មជាដើម។
លោក គឹម សុខ៖ «គឺជាគេជេះជាងលុយ និងបញ្ជូនទាំងពលរដ្ឋគេ ហើយចុះកិច្ចព្រមព្រៀងថ្មីៗជាមួយពួកមេដឹកនាំជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យដើរតាមគន្លងរបស់មេដឹកនាំចាស់ៗ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថាកិច្ចព្រមព្រៀងចាស់ៗពីមុនមកសម័យទសវត្សរ៍៨០គេនឹងធ្វើឲ្យថ្មីឡើងវិញ ក្នុងរូបភាពស្របច្បាប់។ កាលណាគណបក្សប្រជាជនកម្ពុជានៅតែកាន់អំណាច ជាពិសេសកាលណាគ្រួសារហ៊ុននៅតែកាន់អំណាច នៅប្រទេសកម្ពុជាដដែល»។
នៅថ្ងៃទី៥ ខែតុលា អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និង មេបញ្ជាការយោធាទីក្រុងហូជីមិញ លោក វ៉ូ វ៉ាន់ឌៀន (Vu Van Dien) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្ដល់ប្រាក់ចំនួន៨លានដុល្លារដល់កម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហោះសារលើគណនីហ្វេសប៊ុក បញ្ជាក់ថា ជំនួយនេះ គឺជារបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម សម្រាប់គម្រោងសាងសង់“សាលាមិត្តភាពកម្ពុជា-វៀតណាម”ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោរាជធានីភ្នំពេញ។
សាលាបឋមសិក្សានិងអនុវិទ្យាល័យ «សម្តេចតេជោ ហ៊ុន សែន ដង្កោ» នេះ បច្ចុប្បន្នបានដូរឈ្មោះទៅជាសាលាមិត្តភាពវៀតណាម-កម្ពុជា នៅពេលប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានរៀបចំពិធីចុះបឋមសិលា កាលពីថ្ងៃទី៦ខែកុម្ភៈ។ លោក ឃួង ស្រេង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការជ្រើសរើសសាលារៀននេះ ជាសាលារៀនមិត្តភាពកម្ពុជា-វៀតណាម គឺដោយសារតែ ទីតាំងនេះធ្លាប់ជាទីតាំងឈរជើងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមកាលពីថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។
ទោះជាយ៉ាងណា ពលរដ្ឋ និងអ្នកឃ្លាំមើល បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះកិច្ចព្រមព្រៀង ណាមួយរវាងកម្ពុជា និងវៀតណាមនោះទេ ព្រោះប្រទេសវៀតណាម គឺជាសត្រូវប្រវត្តិសាស្ត្រ តជំនាន់អស់ជាច្រើនទសវត្សរ៍មកហើយ ក្រោយពីទឹកដីកម្ពុជាជាច្រើននៅតាមព្រំដែន កម្ពុជា-វៀតណាម ត្រូវបានវៀតណាមរំលោភយក។ ជាពិសេសគឺការបាត់បង់ទឹកដីចំនួន២១ខេត្ត ក្រុងនៅកម្ពុជាក្រោម។
ជាមួយគ្នានេះ នៅថ្ងៃទី០៦ ខែតុលា ក្រសួងការប្រទេសកម្ពុជាបានប្រកាសព័ត៌មានថា នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហឹង នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ខាងមុខនេះ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ក្រសួងបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ឡេ មិញ ហឹង នឹងចូលគាល់ព្រះបាទសម្ដេច ព្រះនរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី។ ក្រៅពីនេះ ក៏នឹងចូលជួបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ជាដើម។
កន្លងទៅមន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្កេតឃើញថា វត្តមានមេដឹកនាំវៀតណាម ឬជំនួយវៀតណាម លើទឹកដីកម្ពុជា មិនមែនជារឿងដែលគួរឱ្យត្រេកអរនោះទេ ផ្ទុយទៅវិញគឺជារឿងដែលគួរឱ្យព្រួយបារម្ភ ព្រោះវៀតណាមតែងតែមានល្បិចកល «ហុតទឹកសម្លឹងកាក»។ ជាក់ស្ដែងនៅពេលមេដឹកនាំវៀតណាម មកជួប រដ្ឋាភិបាលត្រកូលហ៊ុនម្ដងៗ គឺគ្មានអ្វី ក្រៅតែពីបង្ខំឱ្យ លោក ហ៊ុន សែន និង លោកហ៊ុន ម៉ាណែត ឆាប់ផ្ដល់សញ្ជាតិដល់ប្រជាជនវៀតណាម ដែលកំពុងតែ រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និង ការបង្ខំឱ្យកម្ពុជា ពន្លឿន ការបោះបង្គោលព្រំដែន ជាមួយវៀតណាម ដែលនៅសល់ ១៦% នោះទេ។ ពួកគាត់ព្រមានថា ការបោះបង្គោលព្រំដែននេះ កម្ពុជានឹងបន្តបាត់បង់ទឹកដី បន្ថែមទៀតដូចដែល លោក ហ៊ុន សែន ធ្លាប់បានធ្វើកន្លងមក៕









