ទាហាន​ខ្មែរ​មួយ​ចំនួន​បន្ត​ឈរជើង​នៅតាម​ព្រំដែន​ដើម្បី​ការពារ​ទឹកដី ទោះ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ

0
73
រូបភាពទាហានខ្មែរ និងថៃ ល្បាតរួមគ្នានៅតាមព្រំដែន នៃខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទាហានថៃ
រូបភាពទាហានខ្មែរ និងថៃ ល្បាតរួមគ្នានៅតាមព្រំដែន នៃខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទាហានថៃ

ទាហាន​ខ្មែរ​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​ថៃ បាន​បន្ត​បេសកកម្ម​ការពារ​ទឹកដី​នៅ​តាម​ទិស និង​តំបន់ នៅក្នុង​អំឡុង​រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ រហូតដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ ដែល​ជា​ពេល​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ​មួយ​ចំនួន និង​ប្រជា​ពលរដ្ឋ។ ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នេះ ពួក​គាត់​បាន​ថត​វីដេអូ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ដោយ​ផ្ញើ​ក្ដី​នឹករលឹក និង​ស្នើ​ដល់​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ភ្លេច​ដល់​កងទ័ព ជា​ពិសេស​វីរៈ​ជន​ដែល​បាន​ពលី ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ពួកគាត់។

ខណៈ​ប្រជា​ពលរដ្ឋ​ខ្មែរ បាន​នាំគ្នា​ទៅ​បោះ​បាយ​បិណ្ឌ និង​ធ្វើ​បុណ្យ​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​នោះ នៅឯ​តំបន់​ព្រំដែន​ថៃ​ឯ​ណោះ​វិញ ទាហាន​ខ្មែរ​បាន​ចង​អង្រឹង​ដេក​ក្នុង​ព្រៃ​រាប់​វេន​បិណ្ឌ ដោយ​ពួកគាត់​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​ទៅ​ចូលរួម​បុណ្យ​កាន់​បិណ្ឌ​នោះ​ឡើយ ដោយ​សារ​ជាប់​បំពេញ​កាតព្វកិច្ច​ការពារ​ជាតិ។

ទាហាន​ខ្មែរ​ម្នាក់ ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ខេត្ត​ព្រះវិហារ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា នៅក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នេះ កងទ័ព​ដែល​ឈរ​ជើង​នៅ​តាម​តំបន់​ព្រំដែន ជាពិសេស​កង​កម្លាំង​ជួរមុខ ដែល​គោលដៅ​នៅ​ទិស​សំខាន់​ៗ មិន​ត្រូវ​បាន​ថ្នាក់​លើ​អនុញ្ញាតឱ្យ​ឈប់​សម្រាក​នោះ​ឡើយ ខណៈ​កងកម្លាំង​ដែល​ប្រចាំ​ការ​នៅ​តាម​អង្គភាព ឬ​បន្ទាយ អាច​ឈប់​សម្រាក​បាន តាមរយៈ​ការ​ចាប់ឆ្នោត។

ទាហានខ្មែរ៖ «អ្នកណា​ក៏​ចង់​ទៅ​ផ្ទះ​ដែរ​ដាក់​វេន​គ្នា​អញ្ចឹង​ទៅ​ណាចែក​វេន​គ្នា​តែ​ក៏​មិន​បាន​ទៅ​យូរ​ទេម្នាក់ៗ​បាន​តែ​ពីរ​ថ្ងៃ​អី​ទេ​អញ្ចឹងហើយ​អារម្មណ៍​មាន​អីសំខាន់​ចង់​ជួបជុំ​បងប្អូន​ហ្នឹង​ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​បើ​តួនាទី​យើង​អញ្ចឹង​ហើយ»។

ខុសពី​ពលរដ្ឋ​ដែល​កាន់​ស្រាក់​យក​ចង្ហាន់​ទៅ​វត្ត នៅក្នុង​អំឡុង​ពិធី​បុណ្យ​កាន់បិណ្ឌ​នេះ កងទ័ព​ខ្មែរ​នៅឯ​តំបន់​ព្រំដែន បាន​បន្ត​បំពេញ​កាតព្វកិច្ច​ជា​ធម្មតា​ក្រោម​ដំណក់​ទឹកភ្លៀង​ក្នុង​រដូវវស្សា និង​មេឃ​មីរ​ចុះ​អ័ព្ទ។ នៅ​តាម​ទីតាំង​មួយ​ចំនួន ទាហាន​ខ្លះ​បាន​បន្ត​ជីក​លេណដ្ឋាន​ដោយ​ដៃ ខ្លះ​ដើរល្បាត និង​ខ្លះ​ទៀត​កាប់​ឈើ​ដើម្បី​សាងសង់​បន្ទាយ និង​ទី​ជម្រក។ ចំណែក​នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន​នៅលើ​ខ្នងភ្នំ​ដងរែក ដែល​មាន​សភាព​ចោត​ខ្លាំង ដូចជា​តំបន់​ប្រាសាទ​តាក្របី ភ្នំ​៣៥០ តំបន់​អានសេះ ភ្នំ​ខ្មោច និង​មុំបី ជា​ដើម ទាហាន​ខ្មែរ​បាន​ជួប​ប្រទះ​ការ​លំបាក ក្នុង​ការ​ដឹកជញ្ជូន​ស្បៀង និង​សម្ភារៈ​ឡើង​ភ្នំ​ដោយ​ថ្មើរជើង ដោយសារ​តំបន់​ទាំងនេះ សម្បូរ​ដោយ​ផ្ទាំង​ថ្ម​ធំៗ ខណៈ​ផ្លូវ​ដឹកជញ្ជូន​ចាស់ ត្រូវ​បាន​យោធា​ថៃ​កម្ទេច​ចោល​ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម។

ទាហាន​ម្នាក់​ទៀត ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្ត​ព្រះវិហារ បាន​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា នៅ​ទីតាំង​របស់​លោក មេ​បញ្ជាការ​បាន​អនុញ្ញាតឱ្យ​កងកម្លាំង​ដាក់​វេន​គ្នា ដើម្បី​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​នៅ​តាម​វត្ត​អារាម​ក្នុង​តំបន់​ជាប់​ព្រំដែន​ដែល​នៅជិត ដោយសារតែ​វត្ត​អារាម​នៅក្នុង​តំបន់​នេះ មិន​សូវ​មាន​ប្រជាពលរដ្ឋ​មក​កាន់បិណ្ឌ។ លោក​បន្ត​ថា បន្ទាប់ពី​បុណ្យ​ភ្ជុំបិណ្ឌ​រួច មេ​បញ្ជាការ​នៅ​តាម​តំបន់ នឹង​ចែក​វេន​គ្នា​ដើម្បី​ឈប់សម្រាក ក៏​ប៉ុន្តែ​ការ​ចែក​វេន​នេះ ក៏​នៅ​មាន​ភាព​លម្អៀង​ផងដែរ ដោយ​ទាហាន​ដែល​ប្រចាំ​ការ​នៅ​តាម​អង្គភាព​ដែល​មាន​បក្ខពួក អាច​សម្រាក​យូរ​ជាង​ទាហាន​ដែល​ប្រចាំ​ការ​នៅ​ជួរមុខ។

ទូរទស្សន៍​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំការ​បកស្រាយ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៧ ខែ​តុលា។

កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រសួងការពារជាតិ បាន​ចេញ​សេចក្ដី​ណែនាំ​អំពី​ការ​កំណត់​ថ្ងៃ​ឈប់​សម្រាក​របស់​យោធា​អាជីព មុនពេល​ចូលនិវត្តន៍ ដោយ​អនុញ្ញាត​ឱ្យ​យោធា​អាច​ដាក់​ច្បាប់​ឈប់​សម្រាក ដោយ​ផ្អែក​លើ​ករណី​ចាំបាច់ ដើម្បី​ប្រុងប្រៀប​ជីវភាព​រស់នៅក្នុង​គ្រួសារ ដែល​មាន​រយៈពេល​ចាប់​ពី៦ ដល់​១២​ខែ ទៅ​តាម​ឋានន្តរសក្ដិ។

ទោះជា​យ៉ាងណា ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​សុខុមភាព និង​បែងចែក​ថ្ងៃ​ឈប់​សម្រាក​របស់​យោធា​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ព្រំដែន​ប្រកបដោយ​សមភាព និង​តម្លាភាព។ ប៉ុន្តែ លោក​សង្កេតឃើញ​ថា នៅក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា កំពុង​ចាក់ស្រេះ​ដោយ​អំពើ​ពុករលួយ ការ​ប្រកាន់​បក្ខពួក​និយម​នៅឡើយ ដោយ​ក្រុម​មេដឹកនាំ​គ្រួសារ​ត្រកូល​ហ៊ុន បាន​យក​កម្លាំង​យោធា​មក​ធ្វើជា​ឧបករណ៍​បម្រើ​ផលប្រយោជន៍​ឱ្យ​គណបក្ស​កាន់អំណាច ដែល​បញ្ហា​នេះ បាន​ក្លាយជា​ឧបសគ្គ​ចម្បង​សម្រាប់​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ។

លោក អ៊ុំ សំអាន៖ «ហើយ​យើង​ឃើញ​ជាក់ស្ដែងទាហាន​ខ្មែរ​ដែល​នៅ​ជួរមុខ​ហ្នឹងសុទ្ធតែ​មាន​ជីវភាព​ក្រីក្រឬ​ក៏​កូន​កសិករ​ក្រីក្រប៉ុន្តែ​ទាហាន​លម្អ​ក្រុងឬក៏​ក្រុម​អង្គរក្ស​របស់​លោក ហ៊ុន សែន ហើយ​ទាហាន​ដែល​កូន​អ្នក​ធំ​នឹង​គឺ​ថាមាន​ជីវភាព​ហ៊ឺហា​ធូរធារមាន​ឡាន​ទំនើបៗវីឡា​ច្រើនលុយកាក់​ហូរហៀរ»។

ពាក់ព័ន្ធ​នឹង​ថ្ងៃ​ឈប់​សម្រាក​របស់​យោធា​នេះ​ដែរ សេនាធិការ​យោធា​ម្នាក់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា បច្ចុប្បន្ន​នេះ​ការ​បែងចែក​ថ្ងៃ​ឈប់​សម្រាក​របស់​យោធា ត្រូវ​បាន​អនុវត្ត​ទៅ​តាម​អារម្មណ៍ និង​កម្រិត​នៃ​ភាព​ច្បាស់​ក្នុង​ការ​អនុវត្ត​វិន័យ​របស់​មេបញ្ជាការ​នៅ​តាម​អង្គភាព​នីមួយៗ។

លោក​បន្ត​ថា នៅ​តាម​អង្គភាព​ដែល​មាន​មន្ត្រី​យោធា ឬ​មេបញ្ជាការ​ខ្វះ​ការ​គោរព​វិន័យ​ ពួក​គេ​បាន​អនុញ្ញាតឱ្យ​កូន​ចៅ​របស់​ខ្លួន​ដើរហើរ​តាម​អំពើចិត្ត និង​មិន​ចូល​កន្លែង​បំពេញ​ការងារ​នោះឡើយ។ លោក​បន្ត​ថា ចំពោះ​ពល​ទាហាន​ដែល​គ្មាន​បក្ខពួក​វិញ​ ការ​សុំ​ច្បាប់​ឈប់​សម្រាក ហាក់​មាន​ភាព​តឹងរ៉ឹង ទោះបីជា​ពួក​គេ​មាន​ធុរៈ​ចាំបាច់ ដូចជា​ករណី​ឪពុក​ម្ដាយ ឬ​សមាជិក​គ្រួសារ​បាន​ស្លាប់ ឬ​ឈឺ​ចូល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ និង​ករណី​ប្រពន្ធ​សម្រាល​កូន​ក៏​ដោយ។

បន្ថែម​ពីលើ​នេះ សេនាធិការ​រូប​នេះ​បាន​ទទួល​ស្គាល់​ថា នៅក្នុង​វិស័យ​ការពារ​ជាតិ នៅ​មាន​អំពើពុករលួយ និង​ការ​ប្រកាន់​បក្ខពួក​ខ្លាំងក្លា​នៅ​ឡើយ ដោយ​កូន​ចៅ​មន្ត្រី​អ្នក​ធំ​មួយ​ចំនួន ត្រូវ​បាន​រុញ​ឱ្យ​ទៅ​កាន់​តំណែង​ក្នុង​អង្គភាព​សំខាន់​ៗ ទាំង​ដែល​ពួកគេ​មិន​បាន​ឆ្លងកាត់​ការ​ហ្វឹកហ្វឺន ឬ​វគ្គ​បណ្ដុះ​បណ្ដាល និង​គ្មាន​ស្នាដៃ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ