គណបក្ស​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ដោះលែង លោក កឹម សុខា និង​សកម្មជន​ផ្សេងទៀត ដើម្បី​ផ្សះផ្សា​ជាតិ

0
60
បញ្ជីអ្នកទោសនយោបាយ និងមនសិការ ដែលរៀបចំដោយអង្គការ​លីកាដូ។ រូប៖ Screenshot
បញ្ជីអ្នកទោសនយោបាយ និងមនសិការ ដែលរៀបចំដោយអង្គការ​លីកាដូ។ រូប៖ Screenshot

គណបក្ស​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ដោះលែង ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​សកម្មជន​នយោបាយ និង​សង្គម​ផ្សេងទៀត ឱ្យ មាន​សេរីភាព​ឡើងវិញ ដើម្បី​ផ្សះផ្សា​ជាតិ​ពិតប្រាកដ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា ការ​ដាក់ទោស ឬ​ដោះលែង​ជនណា​ម្នាក់ វា​ជា​សិទ្ធិ​របស់​តុលាការ។

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង និង​ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​ទៅលើ​សកម្មជន​បរិស្ថាន សកម្មជន​សង្គម អ្នក​ទោស​នយោបាយ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ផ្សះផ្សា​ជាតិ និង​គោល​នយោបាយ​សាមគ្គី​ជាតិ មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការ​ការពារ និង​អភិវឌ្ឍន៍​ប្រទេស​។ ទន្ទឹម​នឹង​នោះ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ក៏បាន​ទាមទារ​ឲ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ ដើម្បី​ផលប្រយោជន៍​ដល់​សង្គមជាតិ​ទាំងមូល​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍ របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ចុះផ្សាយ​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍ ឲ្យ​ដោះលែង សកម្មជន​សង្គម អ្នក​ទោសនយោបាយ និង​លោក កឹម សុខា ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ​នេះ គឺ​ស្របតាម​ការ​លើកឡើង របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត កន្លង​ទៅ ដែល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ឲ្យ​មាន​សាមគ្គីភាព និង​ផ្សះផ្សា​ជាតិ​។ លោក​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង​អ្នក​ទាំងអស់​នោះ ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គី និង​ផ្សះផ្សា​ជាតិ​ពិតប្រាកដ មិនមែន​ជា​ការផ្សះផ្សា​ជាតិ​តែមួយ​ក្រុម​នោះ​ទេ។

លោក ប៉ោ មករា៖ «ដោយ​មើលឃើញ​ភាព​សំខាន់​ដូច្នេះហើយ​បានជា​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ វា​មិនមែន​ផ្សះផ្សា​ជាតិ​តែមួយ​ក្រុម​ឬមួយ​បក្ស​នោះ​ទេ វា​ជា​ការ​ផ្សះផ្សា​ជាតិ​មួយ​គ្រប់​ស្រទាប់ នៃ​ប្រជាជន គ្រប់​ស្រទាប់​អ្នកនយោបាយ ក៏ដូចជា​អ្នក​ដែល​ឈឺឆ្អាល​កសាង​ជាតិ​ទាំងមូល»។

ក្រៅពី​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន មន្ត្រី​គណបក្សប្រឆាំង អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ស្រដៀង​គ្នា​ដែរ​ថា ការ​ដោះលែង ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង អ្នក​ទោស​នយោបាយ​ផ្សេងទៀត ឱ្យ​មាន​សេរីភាព នឹង​ជួយ​ឱ្យ​កម្ពុជា ងាយស្រួល​ក្នុង​ការ​ស្ដារ​ទំនាក់ទំនង​ការទូត​ល្អ​ប្រសើរ នៅ​លើ​ឆាក​អន្តរជាតិ។

ចំណែក ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ដើម្បី​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី (Australia) លោក អ៊ិន ណាត លើកឡើង​ថា កន្លងទៅ​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ដោះលែង​អ្នកទោស​មនសិការ​ទាំង​នោះ​ឲ្យ​មាន​សេរីភាព ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​លោក​សេរី ព្រមទាំង​ឲ្យ​មានកេរ្តិ៍ឈ្មោះ​ល្អ​នៅ​លើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិនបាន​ធ្វើតាម​ការ​អំពាវនាវ​ទាំងអស់​នេះ​នោះ​ទេ ផ្ទុយទៅវិញ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ខុសច្បាប់​អន្តរជាតិ រហូត​ធ្វើ​ឲ្យ​កម្ពុជា ខូច​មុខមាត់​នៅ​លើ​ឆាត​អន្តជាតិ​ថែម​ទៀត។

លោក អ៊ិន ណាត៖ «មើល​មិន​ឃើញ​ថា អ្នក​ប្រជាធិបតេយ្យ​រួបរួម​ជាមួយ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ដរាប​ណា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​នៅតែ​បំផ្លិចបំផ្លាញ យាយី​ធ្វើបាប ការ​ចាប់​ជា​បន្តបន្ទាប់​អ្នក​ដែល​និយាយ​ការពិត ជាពិសេស​ឥឡូវនេះ សូម្បីតែ​ជនភៀសសឹក​ក៏​មិនអាច​បញ្ចេញមតិ​អ្វី​បាន​ដែរ យើង​ឃើញ​ហើយ​ថ្មីៗ​អ្នកកាសែត​មួយចំនួន​ត្រូវ​បាន និយាយ​ការពិត​បាន​ចាប់​ដាក់​ពន្ធនាគារ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ។

ចំណែក​អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ បាន​ឆ្លើយតប​ថា ការ​ចេញ​សេចក្ដីថ្លែងការណ៍​ទាមទារ​ឲ្យ​ដោះលែង​វា​ជា​សិទ្ធិ​សេរីភាព​របស់​គណ​បក្ស​នោះ ប៉ុន្តែ​ជន​ណា​ត្រូវ​ដោះលែង ឬ​មានទោស​វា​ជា​សិទ្ធិ​របស់​តុលាការ​ជា​អ្នក​សម្រេច។

លោក ជា ធីរិទ្ធ៖ «រឿង​សម្រេច​យ៉ាងណា កំណត់​ថា នរណា​មាន​ទោស ឬ​នរណា​ដោះលែង​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច ពីព្រោះ​យើង​សង្គម​នីតិរដ្ឋ យើង​មានការ​បែងចែក​អំណាច ដាច់ដោយឡែក​ពី​គ្នា អំណាច​នីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង​អំណាចតុលាការ អញ្ចឹង​តុលាការ​ទុក​ឲ្យ​គេ​ធ្វើ​កិច្ចការ​របស់​គេ បើ​យើង​ជ្រៀតជ្រែក​មាន​ន័យ​ថា យើង​រំលោភ​លើ​តុលាការ»។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា យល់ឃើញ​ថា គ្រប់​អ្នកនយោបាយ​ទាំងអស់ គួរតែ​ស្រុះស្រួល​សាមគ្គី រួបរួម​គ្នា​ពិតប្រាកដ ទើប​ខ្មែរ​ខ្លាំង មិនមែន​នាំគ្នា​ប្រើ​ពាក្យ​ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ សាមគ្គីភាព តែ​ទ្រឹស្ដី​នោះ​ទេ។ លោក​ថា ដើម្បី​ឲ្យ​មាន​យុត្តិធម៌​សង្គម និង​នីតិរដ្ឋ​ពិតប្រាកដ រដ្ឋាភិបាល​គួរតែ​ដោះលែង អ្នកទោស​មនសិការ​ទាំ​ង​អស់ ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​ឈប់​គំរាមកំហែង​ទៅលើ​ពលរដ្ឋ ដោយ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ។

លោក នី សុខា​៖ «នីតិរដ្ឋ​ដែល​មាន​សមភាព​ចំពោះមុខ​ច្បាប់ ដើម្បី​ឲ្យ​សង្គម​មួយ​នេះ សង្គម​យុត្តិធម៌​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង ល្អ​ត្រឹមត្រូវ ខ្ញុំ​គិតថា​ជា​រឿង​មួយ​ធ្វើ​ឲ្យ​យើង​អាច​ផ្សះផ្សា អាច​បង្រួបបង្រួម ឈាន​ទៅ​រក​សន្តិភាព​នៅ​ក្នុង​ប្រទេស ហើយ​បើ​យើង​ធ្វើ​បាន​រឿង​នេះ​ហើយ វា​ជា​កត្តា​នាំ​ឲ្យ​ខ្មែរ​យើង​ខ្លាំង មិន​ឲ្យ​នរណា​មក​មើលងាយ​យើង​បាន​ទេ»។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) បាន​កត់​សម្គាល់​ឃើញថា គិត​មកដល់​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ អាជ្ញាធរ​បាន​បន្ត​ចាប់ខ្លួន និង​ឃុំខ្លួន សកម្មជន​បរិស្ថាន សកម្មជន​សង្គម អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សហជីព អ្នកសារព័ត៌មាន និង​ពលរដ្ឋ ដាក់គុក​ជិត​១០០(៩៧) នាក់​ហើយ បន្ទាប់ពី​ពួកគាត់ បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដែល​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​។ ក្នុងចំណោម អ្នក​ទោស​នយោបាយ​ទាំងនោះ ក៏​មាន​ប្រធាន​គណបក្សប្រឆាំង​ចំនួន​បី​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន ក្រោម​បទចោទប្រកាន់​ផ្សេងៗ​គ្នា ក្នុង​នោះ​រួមមាន លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ថាច់ សេដ្ឋា ប្រធាន​គណបក្ស​ភ្លើងទៀន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ បន្ទាប់​ពី​តុលាការ​ឯក​បក្ស​បាន​កាត់ទោស ឱ្យ​លោក​ជាប់ពន្ធនាគារ ចំនួន​២៧​ឆ្នាំ និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ