UN លាតត្រដាង​ពី​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ជនរងគ្រោះ​រាប់ពាន់​នាក់​ក្នុង​អគារ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា និង​ប្រទេស​អាស៊ាន​ផ្សេងទៀត

0
83
ទិដ្ឋភាពក្រសួងមហាផ្ទៃបញ្ជូនជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៦៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ រូប៖ កាសែត​កម្ពុជាថ្មី
ទិដ្ឋភាពក្រសួងមហាផ្ទៃបញ្ជូនជនជាតិកូរ៉េខាងត្បូងសរុបចំនួន ៦៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ រូប៖ កាសែត​កម្ពុជាថ្មី

អង្គការ​សហប្រជាជាតិ (UN) បាន​ចេញ​របាយការណ៍​ស៊ើបអង្កេត​ចុងក្រោយ​មួយ​ដោយ​រៀបរាប់​លម្អិត​អំពី​ការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ជនរងគ្រោះ​រាប់ពាន់​នាក់​ដែល​ត្រូវ​បាន​ជួញដូរ និង​បង្ខាំង​ធ្វើ​ទារុណកម្ម​នៅក្នុង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ទៀត​។ អ្នកឃ្លាំមើល​បញ្ហា​ឧក្រិដ្ឋកម្ម​យល់​ថា របាយការណ៍​របស់​អង្គការ​អន្តរជាតិ​នេះ​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែល​ឧក្រិដ្ឋជន​បាន​ពង្រីក​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​យ៉ាង​ឆាប់រហ័ស និង​បង្ខាំង​ជនរងគ្រោះ​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​ឆបោក​លុយ​ពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក។

ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ (OHCHR) បាន​ចេញ​របាយការណ៍​រៀបរាប់​លម្អិត​អំពី​ស្ថានភាព​ជនរងគ្រោះ​ដែល​ត្រូវ​បាន​ជួញដូរ ឬ​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​នៅក្នុង​អគារ​ឆបោក​អនឡាញ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​នោះ​ក៏​រួមមាន​កម្ពុជា​ផង​ដែរ។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ បញ្ជាក់​ថា ជនរងគ្រោះ​ជាច្រើន​នាក់​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​សន្យា​ទទួល​បាន​ការងារ​មាន​ប្រាក់ខែ​ខ្ពស់ មុននឹង​ពួកគេ​ចូល​ដល់​បរិវេណ​អគារ​ឆបោក​តាម​អន​ឡាញ និង​ត្រូវ​បាន​ដកហូត​លិខិតឆ្លងដែន និង​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អន​ឡាញ​។ របាយការណ៍​អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏បាន​កត់ត្រា​ករណី​នៃ​ការ​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ​វាយដំ ឆក់​ខ្សែភ្លើង និង​ការ​ធ្វើបាប​ផ្សេងៗ​ដូចជា ការ​រំលោភបំពាន​កេងប្រវ័ញ្ច​ផ្លូវភេទ ការ​រំលូត​កូន​ដោយ​បង្ខំ កង្វះខាត​អាហារ ការ​ឃុំខ្លួន​ជនរងគ្រោះ​ឱ្យ​រស់នៅ​ឯកោ​ក្នុង​បន្ទប់​ងងឹត និង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ទម្រង់​ផ្សេងៗ​ទៀត​។ ក្រៅ​ពី​នេះ ជនរងគ្រោះ​ជាច្រើន​ត្រូវ​បាន​ដកហូត​លិខិតឆ្លងដែន គឺ​ពួកគេ​ត្រូវ​ឃុំខ្លួន​ក្នុង​អគារ​ក្រោម​ការ​យាមកាម​តឹងរ៉ឹង និង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​ដោយ​គ្មាន​ពេល​សម្រាក និង​គ្មាន​ប្រាក់​ឈ្នួល។

របាយការណ៍​ដែល​ចំណាយពេល​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ប្រមាណ ១​ឆ្នាំ​កន្លះ​របស់​អង្គការ​សហប្រជាជាតិ​គឺ​ផ្អែកលើ​ការ​សម្ភាស​ដោយ​ផ្ទាល់​ជាមួយ​ជនរងគ្រោះ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​។ ជនរងគ្រោះ និង​អ្នក​ដែល​រស់រាន​មាន​ជីវិត​ចេញពី​មណ្ឌល​អគារ​ឆបោក​តាម​អនឡាញ​មាន​ដូចជា ជនជាតិ​បង់ក្លាដេស ចិន ឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្កា អាហ្វ្រិក​ខាងត្បូង ថៃ វៀតណាម និង​ហ្ស៊ីមបាវ៉េ ជាដើម​ដែល​ពួកគេ​ត្រូវ​បាន​គេ​ជួញដូរ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​នៅក្នុង​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និង​អារ៉ាប់រួម​នៅ​ចន្លោះ​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥។

ក្រៅពី​ករណី​ធ្វើ​ទារុណកម្ម​វាយដំ​ឆក់​ខ្សែភ្លើង ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ក៏​គំរាមកំហែង​ជំរិត​ទារប្រាក់​លើ​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​ជា​ថ្នូរ​ដោះលែង​ជនរងគ្រោះ។ របាយការណ៍​អង្គការ​សហប្រជាជាតិ​បញ្ជាក់​ថា ការ​វាយដំ ទារុណកម្ម និង​ការ​គំរាមកំហែង​លើ​ក្រុម​គ្រួសារ បាន​ធ្វើ​ឱ្យ​ជនរងគ្រោះ និង​អ្នក​រស់រាន​មាន​ជីវិត​មួយចំនួន​នៅតែ​រង​ផល​ប៉ះទង្គិច​ផ្លូវកាយ និង​ផ្លូវចិត្ត​ក្នុង​រយៈពេល​យូរអង្វែង។

ទាក់ទង​នឹង​របាយការណ៍​អង្គការ​អន្តរជាតិ​នេះ ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន អ្នកស្រី ជូ ប៊ុនអេង ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ។

ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ លើកឡើង​ថា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន អសមត្ថភាព និង​បាន​បណ្ដែត​បណ្ដោយ​ឱ្យ​ឧក្រិដ្ឋកម្ម​បាន​រីកសាយ​ភាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ អ្នកស្រី​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ធ្វើ​ឱ្យ​កម្ពុជា​អាប់ឱន​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ និង​មិនអាច​គេច​ពី​ការទទួលខុសត្រូវ​តាមរយៈ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ ដើម្បី​បោសសម្អាត​ឧក្រិដ្ឋកម្ម​អន​ឡាញ​បាន​ឡើយ​។ ទន្ទឹម​គ្នា​នេះ អ្នកស្រី មូរ សុខ​ហួរ ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដោះលែង​អ្នកកាសែត​ដែល​រាយការណ៍​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ​ឱ្យ​មាន​សេរីភាព និង​ចាត់ទុក​ការ​ចាប់ខ្លួន​អ្នក​សែត​គឺជា​ការ​បិទបាំង និង​ការពារ​មេខ្លោង​ធំៗ​ដែល​កាង​ឧក្រិដ្ឋកម្ម​អនឡាញ។ «»

របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ដែល​រៀបរាប់​ពី​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​លើ​ជនរងគ្រោះ​ក្នុង​មណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​យុទ្ធនាការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ក្នុង​រយៈពេល​ខ្លី​។ ថ្វី​ត្បិត​មាន​ការ​បង្ក្រាប ក៏​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​បន្ត​ដំណើរការ​អាជីវកម្ម​ឆបោក​តាម​អន​ឡាញ ហើយ​សមត្ថកិច្ច​ក៏បាន​អះអាង​ពី​ការ​ចាប់​បញ្ជូន​ជនបរទេស​ចម្រុះ​ដែល​សំងំ​ធ្វើការ​ឆបោក​តាម​អនឡាញ ដើម្បី​បណ្ដេញ​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា របាយការណ៍​របស់​អង្គការសហប្រជាជាតិ​គឺ​ឆ្លុះបញ្ចាំង​ពី​ការពិត និង​ជា​ព័ត៌មាន​សំខាន់​បង្ហាញ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​កាតព្វកិច្ច​បង្ក្រាប​ឧក្រិដ្ឋកម្ម​អនឡាញ។ ទោះជា​យ៉ាងណា លោក​កត់​សម្គាល់​ថា របៀប​របស់​អាជ្ញាធរ​ដែល​ចុះ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អន​ឡាញ​កន្លងមក​គឺ​គ្មាន​ការ​ចាប់ខ្លួន​មេខ្លោង​ធំៗ និង​នាំ​យក​ម្ចាស់​ទីតាំង ឬ​អគារ​អនឡាញ​យក​មក​អនុវត្ត​ទោស​ឡើយ​។ លោក​ថា ការ​មិន​ចាប់ខ្លួន​មេខ្លោង ដើម្បី​យក​មក​ដាក់​ទោសទណ្ឌ​តាមច្បាប់​គឺជា​ការ​លើកទឹកចិត្ត​ឱ្យ​មេខ្លោង​ធំៗ​ទាំងនោះ​ពង្រីក​បណ្ដាញ​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​បន្ថែម​ទៀត។

ហេតុផល​ចម្បង​ដែល​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដោះស្រាយ​បញ្ហា​ឆបោក​តាម​អន​ឡាញ​មិន​ចេញ​ដោយសារតែ​ស្ថាប័ន​ជំនាញ​អន្តរជាតិ​ធំៗ​រក​ឃើញ​ថា មេខ្លោង​ដែល​ទទួល​បាន​ផលប្រយោជន៍ និង​កាង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​គឺ​សុទ្ធសឹងតែ​ជា​ក្រុម​មនុស្ស​ជំនិត​របស់​ត្រកូល ហ៊ុន ដែល​ពួកគេ​ប្រើប្រាស់​ងារ​ឧកញ៉ា និង​តួនាទី​ជា​មន្ត្រី​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​បិទបាំង​របរ​ខ្មៅ​ងងឹត​នេះ។

អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ទម្រង់​នៃ​ការ​រំលោភបំពាន​លើ​ជនរងគ្រោះ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពាក់ព័ន្ធ​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នឹង​កាន់តែ​រីក​រាល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ អង្គការ​សហប្រជាជាតិ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពាក់ព័ន្ធ​ក្នុង​តំបន់​រួម​ទាំង​កម្ពុជា​ផង ត្រូវ​ស៊ើបអង្កេត​ចាប់ខ្លួន​អ្នក​ទទួល​ផល​ចម្បង​ពី​ឧក្រិដ្ឋកម្ម​អនឡាញ និង​បង្ក្រាប​ឱ្យ​ចំ​គោលដៅ​មេខ្លោង​ធំៗ ព្រមទាំង​ធានា​ការ​ការពារ​ដល់​ជនរងគ្រោះ​ដែល​រង​ការ​រំលោភបំពាន និង​ការ​ធ្វើ​ទារុណកម្ម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ