ក្រុម​ឈ្មួញ​មាន​អំណាច​សម្រុក​ដឹកឈើ​មាន​តម្លៃ​​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រកព្រំដែន​​ខេត្ត​មណ្ឌលគិរី​​រៀងរាល់​យប់

0
86
ដើម​ស្រឡៅ​ដែល​ក្រុម​ឈ្មួញ​អា​ជ្រៀក​៤​ជ្រុង ត្រៀម​ដឹក​ចេញពី​នៅ​តំបន់​ព្រៃ​ការពារ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ថត​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦។ រូបភាព​ពលរដ្ឋ
ដើម​ស្រឡៅ​ដែល​ក្រុម​ឈ្មួញ​អា​ជ្រៀក​៤​ជ្រុង ត្រៀម​ដឹក​ចេញពី​នៅ​តំបន់​ព្រៃ​ការពារ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ថត​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦។ រូបភាព​ពលរដ្ឋ

ក្រុម​ឈ្មួញ​មានអំណាច​នាំគ្នា​សម្រុក​ដឹកឈើ​មានតម្លៃ ចេញ​ពី​កម្ពុជា យក​ទៅ​លក់​នៅ​វៀតណាម​យ៉ាង​រលូន តាម​ច្រកព្រំដែន​ដាក់​ដាំ ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​គ្មាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់​នោះ​ទេ។ អ្នកឃ្លាំមើល​ថា នេះ​មិនមែន​ជា​ករណី​ថ្មី​ឡើយ ពីព្រោះ​ក្រុម​ឈ្មួញ​ទាំងនោះ​តែងតែ​ចេញ​រកស៊ី​បទល្មើស​ព្រៃឈើ​នូវ​រដូវប្រាំង។

ពលរដ្ឋ​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី អះអាង​ថា ស្របពេល​កម្ពុជា កំពុង​មាន​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​រដូវប្រាំង​ឈាន​ចូល​មកដល់ ក្រុម​ឈ្មួញ​មាន​លុយ មានអំណាច នាំគ្នា​សម្រុក​រកស៊ី​កាប់ និង​ដឹកជញ្ជូន​ឈើ​មានតម្លៃ​យក​ទៅ​លក់​ប្រទេស​វៀតណាម​រៀងរាល់​យប់ ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាមឃាត់ ឬ​បង្ក្រាប​បទល្មើស​ទាំងអស់​នេះ​នោះ​ទេ។

តំណាង​សហគមន៍​នៅ​ឃុំ​ដាក់ដាំ លោក បូរ៉េត កំពី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ថា បច្ចុប្បន្ន​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី មាន​ពីរ​ប្រភេទ ទីមួយ​ក្រុម​ឈ្មួញ​នាំគ្នា​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ និង​ទី​ពីរ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ឆ្លងដែន​ដោយ​ខុសច្បាប់ ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ នាំគ្នា​ចូល​ទៅ​កាប់​ឈើ​មានតម្លៃ​នៅក្នុង​តំបន់​ព្រៃ​ការពារ​នានា ដូចជា ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​តំបន់​ការពារ​ក្នុងភូមិ​សាស្ត្រ​ទឹកជ្រោះ​ប៊ូស្រា រួច​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ជា​រៀងរាល់​យប់។ លោក​ថា អាជ្ញាធរ​នៅ​តំបន់​នោះ​បានឃើញ​បទល្មើស​ទាំងអស់​នេះ​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​បង្ក្រាប​បទល្មើស​ទាំង​អស់នេះ​នោះ​ឡើយ។

លោក បូរ៉េត កំពី៖ «អាជ្ញាធរ​យើង​គាត់​ព្រងើយកន្តើយ បទល្មើស​ការ​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​បាត់បង់​ព្រៃឈើ​ឬក៏​ធនធានធម្មជាតិ​នៅក្នុង​ស្រុក អាជ្ញាធរ​ខ្លះ​គាត់​មិន​ជួយ​ទប់ស្កាត់ អាច​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ គួរតែ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេល នៅ​ពេល​ដែល​មានការ​រាយការណ៍​ពី​សហគមន៍​ឬ​ប្រជាពលរដ្ឋ»។

ពលរដ្ឋ​ថា ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គោយន្ត​ជា​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​ព្រៃ​ជ្រៅ និង​មាន​ឡាន​កែច្នៃ​ចាំ​ទទួល និង​ដឹកជញ្ជូន​ឆ្លង​ដែរ​តែម្ដង ដោយ​ក្នុង​មួយ​យប់ ចាប់ពី​៣០​ឡាន​ទៅ​៤០​ឡាន តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ឃុំ​ដាក់ដាំ។

រថយន្ត​កែច្នៃ​ត្រៀម​ដឹកជញ្ជូន​ឈើ​ចេញពី​កម្ពុជា ទៅ​វៀតណាម នៅ​ច្រកព្រំដែន ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ថត​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦​។ រូបភាព​ពលរដ្ឋ

ចំណែក​អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខ​ហេង លើកឡើង​ថា នេះ​មិនមែន​ជា​ករណី​ថ្មី​នោះ​ទេ ដែល​ខេត្ត​នៅ​តាម​ព្រំដែន​មាន​បទល្មើស​ព្រៃឈើ​កើតឡើង ពីព្រោះ​អាជ្ញាធរ​ទាំង​នោះ តែងតែ​ឃុបឃិត​ជាមួយ​អ្នក​ប្រព្រឹត្ត​បទល្មើស​ជាប្រចាំ និង​រៀងរាល់​រដូវប្រាំង​ចូល​មក​ដល់។ លោក​ថា ថ្នាក់​ជាតិ​គួរតែ​ចុះ​ស៊ើបអង្កេត ទៅលើ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ប្រសិនបើ​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ គួរតែ​ចាត់វិធានការ​តាមច្បាប់​ឲ្យ​បាន​តឹងរ៉ឹង ទាំង​ជនល្មើស និង​អ្នកសមគំនិត។

លោក សេង សុខហេង៖ «បើសិន​គាត់​ការពារ​មិនបាន គាត់​គួរតែ​រក​វិធានការ ឬ​កំណែទម្រង់​ឲ្យ​បាន​ទាន់ពេល ក្នុង​ការ​បង្ក្រាប​នេះ​ឲ្យ​បាន​ទាន់ពេល ត្រូវ​ចាប់​អ្នក​ជាប់​ពាក់ព័ន្ធ​យក​មក​ដាក់ទោស ឬ​អនុវត្ត​តាម​ផ្លូវច្បាប់ ត្រូវតែ​អនុវត្ត​ឲ្យ​បាន​មិន​ត្រូវ​បណ្ដែតបណ្ដោយ​អ៊ីចឹង​នោះ​ទេ»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក ហាល់ វិបុល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ក៏​ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​មិន​គួរ​ស្ងប់ស្ងាត់ និង​ផ្អែក​ទៅតាម​ស្ថានការណ៍​សព្វថ្ងៃ​នោះ​ទេ អាជ្ញាធរ​ត្រូវតែ​សកម្ម​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ទម្រង់ មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​រត់ពន្ធ​ឈើ​បែប​នេះ​ឡើយ។ លោក​ថា ប្រសិនបើ​មាន​បទល្មើស​នៅក្នុង​ខេត្តមណ្ឌលគិរី អ្នក​ដែល​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ គឺ​អាជ្ញាធរ​ខេត្ត និង​សមត្ថ​កិច្ចការពារ​ព្រំដែន​។​

លោក យិន ម៉េងលី៖ «បើ​ខ្ញុំ ខ្ញុំ​មិន​ចង់​ឲ្យ​មើល​ទៅលើ​អ្នក​ប្រព្រឹត្ត​ទេ ខ្ញុំ​ពិនិត្យមើល​ទៅលើ​អ្នកទទួលខុសត្រូវ​វិញ ហេតុអ្វី​បានជា​បណ្ដោយ​ឲ្យ​មាន​បទល្មើស​កើតឡើង​នៅក្នុង​ដែនដី នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ពិនិត្យ​ហើយ​ចាត់វិធានការ​ទៅលើ​អ្នកទទួលខុសត្រូវ ខ្ញុំ​គិតថា​បទល្មើស​ល្អ​ជាង​ទៅ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន»។

ក្រៅពី​បទល្មើស​ព្រៃឈើ​រត់​ពន្ធ​ឆ្លងដែន នៅ​ខេត្តមណ្ឌលគិរី ក៏​មាន​ក្រុមហ៊ុន​ចំនួន​៤ ផ្សេងទៀត កំពុងតែ​សំងំ​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក ក្នុង​នោះ​ដូចជា ក្រុមហ៊ុន​៩៥ និង​ក្រុមហ៊ុន​វាសនា​កសិកម្ម​ជាដើម​។ ដោយ​រថយន្ត​ដឹង​ឈើ​ក្រុមហ៊ុន​មួយ​នេះ ធ្លាប់​ដឹកឈើ​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​អូរងើយ ភូមិសាស្ត្រ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ដែល​កាប់​ប្រមូល​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​ចំនួន​២ គឺ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ