
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ចាត់វិធានការច្បាប់ និងដកតួនាទីមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាទាំងឡាយណាដែលត្រូវបានគេដឹងថា ជាខ្នងបង្អែកឲ្យមជ្ឈមណ្ឌលឆបោកអនឡាញ ទោះបីជាបុគ្គលទាំងនោះមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសារអ្នកដឹកនាំយ៉ាងណាក៏ដោយ។ បើមិនធ្វើដូច្នេះទេ គឺផ្ដល់ឱកាសមាសឲ្យថៃប្រើប្រាស់បញ្ហានេះជាលេសបង្កើនភាពស្របច្បាប់លើឆាកអន្តរជាតិ ដើម្បីដាក់សម្ពាធ និងឈ្លានពានលើអធិបតេយ្យភាពកម្ពុជាក្រោមរូបភាពនៃការអនុវត្តច្បាប់ឆ្លងដែន។ ការអះអាងនេះបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ពីទីក្រុងប្រ៊ុចសែលទៅកាន់ទីភ្នាក់ងារសារព័ត៌បារាំង AFP ថា ការឆបោកតាមអនឡាញ បានបំបាក់មុខមាត់កម្ពុជា និងបានបំផ្លាញសេដ្ឋកិច្ចកម្ពុជា។ កម្ពុជាក៏មិនទទួលបានផលប្រយោជន៍ពីការឆបោកនេះទេ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP គឺជាការព្យាយាមលាងជម្រះរូបភាពរដ្ឋាភិបាលឱ្យរួចផុតពីការទទួលខុសត្រូវ និងជាយុទ្ធសាស្ត្របដិសេធដើម្បីកាត់ផ្ដាច់ខ្លួនពីបណ្ដាញឧក្រិដ្ឋកម្មដែលពិភពលោកកំពុងតាមដាន។ លោកយល់ថា ការអះអាងថា រដ្ឋាភិបាលមិនបានផលប្រយោជន៍ និងការមិនដឹងអំពីប្រវត្តិនៃបុគ្គលមានឥទ្ធិពលដូចជាលោក ចេន ហ្ស៊ី គឺជាការឆ្លើយតបដោយគ្មានការទទួលខុសត្រូវទាល់តែសោះ ព្រោះឧស្សាហកម្មឆបោកអនឡាញដែលមានទំហំរាប់ពាន់លានដុល្លារ មិនអាចរីកដុះដាលក្នុងទ្រង់ទ្រាយធំ និងមានទីតាំងច្បាស់លាស់នៅកម្ពុជាបានឡើយ បើគ្មានការបិទភ្នែកមើលរំលង ឬការកាងពីក្រោយដោយអ្នកមានអំណាច និងបុគ្គលមានបុណ្យស័ក្តិខ្ពស់។
លោក សេង វណ្ណលី បន្ថែមថា ការបដិសេធបែបនេះ មិនត្រឹមតែមិនអាចលាងជម្រះកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលរបស់លោកបាននោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីភាពទន់ខ្សោយនៃប្រព័ន្ធស៊ើបការណ៍ និងឆន្ទៈក្នុងការអនុវត្តច្បាប់ចំពោះមន្ត្រីថ្នាក់ដឹកនាំដែលស្និទ្ធនឹងរដ្ឋាភិបាល និងគណបក្សប្រជាជនផ្ទាល់តែម្ដង។
លោក សេង វណ្ណលី៖ «អ្វីដែលគួរឲ្យបារម្ភបំផុតនោះគឺនីតិវិធីបដិសេធដោយខ្វះសកម្មភាពបង្ក្រាបពិតប្រាកដលើមន្ត្រីជាន់ខ្ពស់និងឧកញ៉ាដែលជាខ្នងបង្អែកឧក្រិដ្ឋជនកំពុងផ្តល់ឱកាសមាសឱ្យថៃ ប្រើប្រាស់បញ្ហានេះជាលេសបង្កើនភាពស្របច្បាប់លើឆាកអន្តរជាតិ ដើម្បីដាក់សម្ពាធ និងឈ្លានពានលើអធិបតេយ្យភាពកម្ពុជាជាបន្តទៀត ក្រោមរូបភាពនៃការអនុវត្តច្បាប់ឆ្លងដែន»។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់អាមេរិក និងលាងសម្អាតកម្ពុជាពីឧស្សាហកម្មខ្មៅងងឹតនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរឈប់ប្រើត្រឹមតែពាក្យសម្ដីបដិសេធ រួចងាកមកបង្ហាញសកម្មភាពជាក់ស្ដែង តាមរយៈការវះកាត់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅដោយគ្មានការលើកលែង។ លោក ហ៊ុន ម៉ាណែត ត្រូវហ៊ានចាត់វិធានការច្បាប់ និងដកសិទ្ធិ ឬតួនាទីមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាទាំងឡាយណាដែលត្រូវបានគេដឹងថា ជាខ្នងបង្អែកឱ្យមជ្ឈមណ្ឌលឆបោកទាំងនោះ ទោះបីជាបុគ្គលទាំងនោះមានទំនាក់ទំនងជិតស្និទ្ធនឹងគ្រួសារអ្នកដឹកនាំយ៉ាងណាក៏ដោយ។
លោក សេង វណ្ណលី បន្ថែមទៀតថា រដ្ឋាភិបាលត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យដែលមានការចូលរួមពីអន្តរជាតិ ដើម្បីត្រួតពិនិត្យប្រភពទុន និងសកម្មភាពរកស៊ីរបស់ក្រុមហ៊ុនធំៗដែលរងការសង្ស័យ ជាជាងគ្រាន់តែដើរបង្ក្រាបទ្រង់ទ្រាយតូចតាចដើម្បីបង្គ្រប់កិច្ចឱ្យផុតពីមាត់អន្តរជាតិ។ បើគ្មានការផ្ដន្ទាទោសជនដៃដល់ពិតប្រាកដ និងការរឹបអូសទ្រព្យសម្បត្តិដែលបានមកពីរបរទុច្ចរិតទាំងនោះទេ កម្ពុជានឹងនៅតែជាប់ឈ្មោះក្នុងបញ្ជីខ្មៅ ហើយទំនុកចិត្តពីអ្នកវិនិយោគស្អាតស្អំ និងសេចក្ដីថ្លៃថ្នូរលើឆាកអន្តរជាតិនឹងនៅតែបន្តធ្លាក់ចុះជាលំដាប់។
ការអះអាងរបស់អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ បន្ទាប់ពី លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ពីទីក្រុងប្រ៊ុចសែលទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការឆបោកតាមអនឡាញ បានបំបាក់មុខមាត់កម្ពុជា និងបានបំផ្លាញសេដ្ឋកិច្ចកម្ពុជា។ កម្ពុជាមិនទទួលបានផលប្រយោជន៍ពីការឆបោកនេះទេ ហើយក៏មិនបានដឹងថា លោក ចេន ហ្ស៊ី ជាមេខ្លោងឡើយ ហើយនេះក៏ជាហេតុផល ដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រូវបោសសម្អាតសេដ្ឋកិច្ចពណ៌ខ្មៅនេះចេញពីប្រទេស។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ថា មកដល់ពេលនេះជនបរទេសដែលពាក់ព័ន្ធអំពើឆបោកតាមអនឡាញជាង ៣ម៉ឺននាក់ហើយត្រូវបានបណ្ដេញចេញពីកម្ពុជា រីឯជនបរទេសប្រមាណ ២១ម៉ឺននាក់ទៀតបានចាកចេញពីកម្ពុជាទៅប្រទេសកំណើតវិញដោយខ្លួនឯង។
កាលពីថ្ងៃទ២៥ ខែកុម្ភៈ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) បានចេញសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា ឧក្រិដ្ឋកម្មជួញដូរមនុស្សនិងឆបោកតាមអនឡាញទាំងនេះរីករាលដាលបានដោយសារអំពើពុករលួយជាប្រព័ន្ធ និងការការពារពីបុគ្គលមានអំណាច ដែលអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែនប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាជម្រកឧក្រិដ្ឋកម្ម។ ក្រៅពីនេះ អង្គការសិទ្ធិមនុស្សមួយនេះក៏ទទូចឱ្យរដ្ឋាភិបាលបោះបង់យុទ្ធសាស្ត្របង្ក្រាបបង្កើនតែរូបភាព និងបង្ហាញឆន្ទៈពិតប្រាកដក្នុងការជួយសង្គ្រោះជនរងគ្រោះ និងងាកមកអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ តាមរយៈការចាប់ខ្លួន និងផ្ដន្ទាទោសមន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យបានធ្ងន់ធ្ងរតាមផ្លូវច្បាប់៕










