

មន្ត្រីបក្សកម្លាំងជាតិអះអាងថា អាជ្ញាធរខេត្តស្វាយរៀងមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងមួយនេះ លើកស្លាកគណបក្សនៅកន្លែងសាធារណៈនោះឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គ្រប់គណបក្សនយោបាយមានសិទ្ធិស្មើៗគ្នា និងមានសិទ្ធិសេរីភាពពេញលេញ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយស្របទៅតាមច្បាប់។
មន្ត្រីគណបក្សកម្លាំងជាតិ នៅស្រុករមាសហែក ខេត្តស្វាយរៀង អះអាងថា អាជ្ញាធរមូលដ្ឋានតែងតែរារាំង និងហាមឃាត់មិនឲ្យគណបក្សកម្លាំងជាតិ លើកស្លាករបស់គណបក្សនៅតាមទីសាធារណៈនោះទេ បើទោះបី គណបក្សកម្លាំងជាតិ បានដាក់លិខិតស្នើសុំពីអាជ្ញាធរឃុំ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា យ៉ាងណាក្ដី។
មន្ត្រីគណបក្សកម្លាំងជាតិ នៅខេត្តស្វាយរៀង លោក ស៊ុំ សូត្រ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២ ខែមីនាថា អាជ្ញាធរឃុំត្រពាំងស្ដៅ បានហាមឃាត់មិនឲ្យគណបក្សកម្លាំងជាតិ លើកស្លាកនៅទីសាធារណៈនោះទេ ដោយលើកហេតុផលថា ប្រទេសជាតិកំពុងតែមានសង្គ្រាម។ លោកចាត់ទុក ការហាមឃាត់មិនឲ្យគណបក្សប្រឆាំងលើកស្លាកបែបនេះ គឺជារូបភាពគំរាមកំហែងធ្វើទុក្ខបុកម្នេញ និងរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយ ដែលសង្គមប្រជាធិបតេយ្យសេរីពហុបក្ស គេស្ងប់ខ្ពើម។ លោកស្នើឲ្យអាជ្ញាធរថ្នាក់ជាតិ ពិនិត្យមើលអាជ្ញាធរថ្នាក់ក្រោម ធ្វើយ៉ាងណាបើកចំហ និងមិនធ្វើទុក្ខបុកម្នេញទៅលើគណបក្សជំទាស់បែបនេះតទៅទៀត។
លោក ស៊ុំ សូត្រ៖ «ខ្ញុំសុំឲ្យថ្នាក់លើដូចជារដ្ឋាភិបាលសូមបញ្ឈប់ជាបន្ទាន់នូវទង្វើរឹតត្បិតផ្សេងៗ ធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សប្រឆាំងតទៅទៀត សូមគាត់បើកទូលំទូលាយ សិទ្ធិសេរីភាពអ្នកនយោបាយនៅស្រុកខ្មែរ មានតម្លាភព មានការប្រកួតប្រជែងមួយដ៏ត្រឹមត្រូវ និងយុត្តិធម៌»។
លើសពីនោះ លោក ស៊ុំ សូត្រ អះអាងទៀងថា រូបលោកតែងតែរងការគំរាមកំហែង គ្រប់រូបភាព នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពេលលោកនិយាយពាក់ព័ន្ធសិទ្ធិសេរីភាពបញ្ចេញមតិ និងការចូលរួមសកម្មភាពនយោបាយរបស់ពលរដ្ឋ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី២ ខែមីនា។ ចំណែក អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា និងអាជ្ញាធរឃុំ ត្រពាំងស្ដៅ ក៏ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា យល់ឃើញថា គណបក្សនយោបាយនីមួយៗមានសិទ្ធិស្មើៗគ្នា និងមានសិទ្ធិសេរីភាពពេញលេញ ពាក់ព័ន្ធនឹងសកម្មភាពនយោបាយស្របទៅតាមច្បាប់។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែអព្យាក្រឹត មិនត្រូវទៅរារាំង គំរាមកំហែង និងបំភិតបំភ័យ ទៅលើសកម្មភាព និងអ្នកនយោបាយណាមួយនោះឡើយ។
លោក នី សុខា៖ «យើងនៅតែទទូចចង់ឃើញ ឲ្យអាជ្ញាធរនៅជាអព្យាក្រឹត្យ ជួយសម្របសម្រួលគណបក្សនយោបាយទាំងអស់ ឲ្យគាត់ធ្វើសកម្មភាពនយោបាយដោយសេរី ដោយមិនមានការភ័យខ្លាច បើកិច្ចអ្វីកើតមានយើងគួរដោះស្រាយគ្នាដោយសន្តិវិធី និងទទួលយកបានទាំងអស់គ្នា»។
ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៣ មក គណបក្សកម្លាំងជាតិ តែងត្រូវបានអាជ្ញាធរក្រោមការដឹកនាំនៃរដ្ឋាភិបាលត្រកូល ហ៊ុន ធ្វើទុក្ខបុកម្នេញ ដូចជាការចាប់ខ្លួនមេបក្សលោក ស៊ុន ចន្ធី និងមន្ត្រីបក្សដាក់ពន្ធនាគារ ការចោទប្រកាន់តាមផ្លូវតុលាការ ការមិនទទួលស្គាល់លទ្ធផលសមាជផ្លូវការមួយលើកជាពីរលើក និងការមិនអនុញ្ញាតឱ្យលើកស្លាកគណបក្សនៅតាមមូលដ្ឋានជាដើម។ បើទោះជាថ្មីៗនេះ អតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានលើកលែងទោស និងត្រូវបានដោះលែងចេញពីពន្ធនាគារ អាជ្ញាធរហាក់មិនបន្ធូរដៃឱ្យគណបក្សប្រឆាំងមួយនេះឡើយ។ ជាក់ស្ដែងស្លាកគណបក្សមួយចំនួន នៅតាមទីសាធារណៈត្រូវបានជនមិនស្គាល់មុខហែកបំផ្លាញចោល ខណៈស្លាកខ្លះលើករួចហើយ តែត្រូវអាជ្ញាធរឲ្យដកចេញវិញ។ ដោយឡែក កាលពីខែកុម្ភៈ កន្លងទៅ អាជ្ញាធរខេត្តកំពង់ចាម ក៏បានរារាំងមិនឲ្យសកម្មជនគណបក្សកម្លាំងជាតិប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋ ដើម្បីដាក់បណ្ដឹងប្រឆាំងអំពើឈ្លានពានរបស់យោធាថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ថែមទៀតផង៕








