ក្រុមហ៊ុន​វៀតណាម​នៅ​ខេត្តក្រចេះ បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី

0
56
ក្រុមហ៊ុនវៀតណាម ឈូសឆាយដីព្រៃសហគមន៍សំពុង ស្ថិនក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ថតនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។រូបថតពលរដ្ឋផ្ដល់ឲ្យ
ក្រុមហ៊ុនវៀតណាម ឈូសឆាយដីព្រៃសហគមន៍សំពុង ស្ថិនក្នុងឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ថតនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។រូបថតពលរដ្ឋផ្ដល់ឲ្យ

ក្រុមហ៊ុន​វៀតណាម​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ បន្ត​លួច​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី ដោយ​មានការ​ជ្រោមជ្រែង​ពី​មន្ត្រី​បរិស្ថាន​ឈរជើង​ការពារ​តំបន់​នោះ​។ ពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​បរិស្ថាន​បាន​លក់​ដី​ព្រៃ​សហគមន៍​មួយ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

ពលរដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា គ្រឿងចក្រ​របស់​ក្រុមហ៊ុន​វៀតណាម បន្ត​លួច​ឈូស​ឆាយ​ព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី​ម្ដងទៀត ខណៈ​ពេល​កំពុង​ឈូស​ឆាយ ពលរដ្ឋ​បាន​នាំគ្នា​ថតរូប និង​វីដេអូ ទុកជា​ភស្តុតាង ប៉ុន្តែ​មេការ​ក្រុមហ៊ុន​បញ្ជា​ឲ្យ​កម្មករ​បើក​គ្រឿងចក្រ​រត់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​វិញ។

តំណាង​ពលរដ្ឋ​រងគ្រោះ លោកស្រី អ៊ែល រ៉ូស្សា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៦ ខែមីនា​ថា ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង លប​លួច​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង​សាជាថ្មី កាលពី​ថ្ងៃទី​៤ ខែមីនា ហើយ​បាន​បើក​គ្រឿងចក្រ​រត់​គេង​ចូល​ទៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​វិញ បន្ទាប់ពី​ប្រជាពលរដ្ឋ​ថតរូប​ភាព និង​វីដេអូ ។ លោកស្រី​ឆ្ងល់​ថា ហេតុអ្វី​បាន​នាំគ្នា​បើក​គ្រឿងចក្រ​រត់គេច​ពលរដ្ឋ ឬមួយ​ក្រុមហ៊ុន​ប្រព្រឹត្ត​ទង្វើ​ខុសច្បាប់។

លោកស្រី អ៊ែល រ៉ូស្សា៖ «គ្រឿងចក្រ​ចូល​ទៅ​វ៉ៃ​ព្រៃ​ហេតុអ្វី​បាន​ថា​អត់​ដឹង ចុះទៅ​ថត​ផ្ទាល់ គ្រាន់តែ​ឃើញ​ប្រជាពលរដ្ឋ​ថត​ផ្ទាល់​នឹង​នាំគ្នា​រត់ យក​គ្រឿងចក្រ​ចេញ ហើយ​មន្ត្រី​បរិស្ថាន​រត់​ជាន់​ជើង​គ្នា»។

លោកស្រី អ៊ែល រ៉ូស្សា អះអាង​ទៀត​ថា បច្ចុប្បន្ន​ពលរដ្ឋ​កំពុង​ឃ្លាំមើល​ដី​ព្រៃ​សហគមន៍ ពីព្រោះ​ពលរដ្ឋ​ខ្លាច​មន្ត្រី​បរិស្ថាន​លួច​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ រំលោភ​យក​ដី​ព្រៃ​សហគមន៍​បន្ថែម​ទៀត បន្ទាប់ពី​ក្រុមហ៊ុន​ព្យាយាម​ដណ្ដើមយក​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ហើយ​នោះ។

ប្រធាន​សហគមន៍​សំពុង លោក យ៉ប ចាន់ធំ ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​ចុះទៅ​ល្បាត​ព្រៃ​នោះ​ទេ ប៉ុន្មាន​មក​ថ្ងៃនេះ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន និង ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តក្រចេះ លោក គា ប៊ូ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​៦ ខែ​មីនា។

កាលពី​ឆ្នាំ​២០២៤ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​លួច​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​សំពុង ដែល​មាន​ផ្ទៃដី​ជាង ១​ពាន់​(១.៣៩៨)​ហិកតារ​ម្ដង​រួចហើយ ពេលនោះ​ពលរដ្ឋ​បាន​នាំគ្នា​តវ៉ា និង​ទាមទារ​ទុក​ដី​ព្រៃ​មួយ ឲ្យ​ពលរដ្ឋ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍​ថា អាជ្ញាធរ​គួរ​រក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស កុំ​ទុក​ឲ្យ​ពលរដ្ឋ​រង​ការឈឺចាប់ និង​ទុក្ខវេទនា​បែបនេះ​ទៀត។

លោក យិន ម៉េងលី៖ «វា​មិន​មាន​អ្វី​លំបាក​នោះ​ទេ ឲ្យ​តែ​មាន​ការសម្រេចចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា កុំ​ទុក​បញ្ហា​តូច​ក្លាយទៅជា​ធំ​នោះ អ៊ីចឹង​យើង​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ​ទៅលើ​ឯកសារ​គតិយុត្តិ​ណុង ក្រុមហ៊ុន​មាន​ទេ បើ​ក្រុមហ៊ុន​អត់​មាន​ផង​ហើយ​ទៅ​ឈូស​ឆាយ​មាន​ការ​ខុស​ធ្ងន់ធ្ងរ​ណាស់ មាន​វិធានការ​មាន​ពិន័យ​ទៅលើ​ក្រុមហ៊ុន​ហ្នឹង អត់​អាច​ធ្វើ​អញ្ចឹង​បានទេ ពីព្រោះ​ប្រទេស​យើង​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​»។

ក្រៅពី​លប​លួច​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ក្រុមហ៊ុន​វៀតណាម កាម៉ាដេនូ វេនឈ័រ និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង បាន​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ ដុត​ផ្ទះសម្បែង និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​នៅ​ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ជាង​៣០០​គ្រួសារ​។​ពលរដ្ឋ​បាន​នាំ​គ្នា​ចេញ​តវ៉ា​ទាមទារ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នោះ​ឡើយ លើស​ពី​នោះ ក្រុមហ៊ុន​បាន​ប្ដឹង​តំណាង​ពលរដ្ឋ ហើយ​អាជ្ញាធរ​បាន​ចាប់​តំណាង​ពលរដ្ឋ​ដាក់​ពន្ធនាគារ​ថែម​ទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ