

អ្នកការពារសិទ្ធិកម្មកររោងចក្រព្រួយបារម្ភពីសុវត្ថិភាពកម្មករ ខណៈបរិយាកាសនៅកន្លែងធ្វើការភាគច្រើន គ្មានផាសុកភាព ក្ដៅស្អុះស្អាប់ ហើយថៅកែ មិនសូវគោរពសិទ្ធិការងារ តែងតែបង្ខំឱ្យ កម្មករធ្វើការងារ លើសកម្លាំងពលកម្ម។ ទន្ទឹមគ្នានោះ ពួកគាត់ថា នៅពេលកម្មករឈឺស្កាត់ម្ដងៗ ពិបាកសុំច្បាប់សម្រាក ហើយ បើសម្រាក លើសពី៣ថ្ងៃនឹងត្រូវបញ្ឈប់ពីការងារ។
ស្របពេល ការងារក្នុងស្រុកកាន់តែតូចចង្អៀត គេឃើញថាកម្មការិនីរោងចក្រ កំពុងតែរងសម្ពាធផ្លូវចិត្ត ជាខ្លាំង ព្រោះប្រឹងធ្វើការលើសកម្លាំងពលកម្ម ដើម្បីបានការងារធ្វើបន្ត។ អ្នកខ្លះ ពុំសូវមានពេលសម្រាក នោះទេ បើទោះជាសុខភាពពុំសូវល្អក្ដី។
មន្ត្រីសហព័ន្ធសហជីពសេរីកម្មករ លោក ថន ធន ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៦ ខែមីនាថា ស្របពេលអាកាសធាតុក្ដៅខ្លាំង នៅតាមរោងចក្រឧស្សាហកម្មកាត់ដេរ ពុំសូវមានម៉ាស៊ីនត្រជាក់នោះទេ ភាគច្រើនប្រើប្រភេទផ្លិតទឹក និងកង្ហារ ទើបធ្វើឱ្យអាកាសធាតុក្នុងរោងចក្រ ស្អុះស្អាប់ បណ្ដាលឱ្យកម្មករងាយដួលសន្លប់។ ទន្ទឹមគ្នានោះ លោកថា បញ្ហាជីវភាពខ្វះខាត និងប្រាក់ខែតិច កម្មករត្រូវធ្វើការថែមម៉ោងក្នុង១ថ្ងៃ មិនក្រោម១២ម៉ោងនោះទេ បើទោះជា ឈឺ ក៏មិនហ៊ានសម្រាក ព្រោះខ្លាចថៅកែបញ្ឈប់។
បន្ថែមពីលើនោះ លោកថា នៅតាមរោងចក្រភាគច្រើន ផ្ដល់កុងត្រា ឬកិច្ចសន្យាការងារជូនកម្មករត្រឹមតែ២ ទៅ៣ខែប៉ុណ្ណោះ ប្រសិនបើកម្មករនោះ ធ្វើការពុំសូវបានល្អ ឬមិនត្រូវចិត្ត របស់មេការ និងបុគ្គលិករដ្ឋបាលរោងចក្រ ពួកគាត់នឹងរងការជេរប្រមាថខ្លាំងៗ និងត្រូវបញ្ចប់កុងត្រាការងារក្រោមលេសមិនសម្បូរការងារ។ លោក សង្កេតឃើញថា កម្មករភាគច្រើន រងសម្ពាធផ្លូវចិត្តជាខ្លាំង ព្រោះតែធ្វើការលើសកម្លាំង និងត្រូវគេជេរប្រមាថខ្លាំងៗ។ ចំណែកពេលសុំច្បាប់ឈឺ គឺតម្រូវឱ្យមានលិខិតបញ្ជាក់ពីពេទ្យជាមុន។
លោក ថន ធន៖ «ទាក់ទងរឿងអាកាសធាតុ ទាក់ទងរឿងធាតុពុល គឺរោងចក្រផលិតកំណាត់ដេកភាគច្រើន មានធូលី អ៊ីចឹងកម្មករភាគច្រើនគាត់មានផលប៉ះពាល់ផ្លូវដង្ហើម។ រោងចក្រផលិតដេកស្បែកយើង វាមានក្លិនស្បែក និងក្លិនកាវ វាមានផលប៉ះពាល់ខ្លាំង វាអាចប៉ះពាល់ដល់សួត។ ព្រោះអីកម្មកររោងចក្រដល់ពេលគាត់ធ្វើការយូរៗទៅកើតជាជំងឺវិជ្ជាជីវៈ ដូចជាជំងឺផ្លូវដង្ហើម»។
រីឯ ប្រធានសហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ លើកឡើងស្រដៀងគ្នាថា ប៉ុន្មានឆ្នាំចុងនេះ ស្ថានភាពកម្មកររោងចក្រ ពុំមានភាពល្អប្រសើរនោះទេ ជាពិសេសការរំលោភសិទ្ធិកម្មករសហជីព បញ្ហា គ្មានផាសុកភាពក្នុងកន្លែងការងារ និងការបង្ខិតបង្ខំ ឱ្យកម្មករ ធ្វើលើសកម្លាំង រហូតអ្នក ខ្លះដួលសន្លប់ និងអ្នកខ្លះទៀត ស្លាប់ក្នុងអំឡុងពេល ធ្វើការ ជាដើម គឺជាក្ដីបារម្ភដ៏ធំ ដែលកំពុងកើតមានឡើង។ រឹតតែពិបាកទៀតនោះ អ្នកស្រីថា គឺការបង្កើត សហជីពឯករាជ្យ ឱ្យជួយមើលការខុសត្រូវ នៅតាមរោងចក្រ ក៏កាន់តែមានការរឹតត្បិតខ្លាំង ដែលធ្វើឱ្យអត្រានៃការរំលោភសិទ្ធិកម្មករកើនឡើង។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «ធម្មតាបើយើង មើលច្បាប់ការងារគឺបើកសិទ្ធិឱ្យកម្មករ គាត់និយាយថា តើ បរិយាកាសនៅក្នុងក្រុមហ៊ុននោះ វាមានបរិយាកាសបែបណា។ បើនិយាយពីសុខសុវត្ថិភាពនៅកន្លែងការងារ។ អ៊ីចឹងកម្មករនិយោជិកយើង គាត់ត្អូញត្អែរ ច្រើនណាស់ នៅកន្លែងក្រុមគាត់នឹងវាក្ដៅ វាអីអញ្ចឹង។ អ៊ីចឹងបើកន្លែងក្រុមហ៊ុនក្ដៅ វាបញ្ជាក់មកថា អត់មានសុវត្ថិភាពសម្រាប់គាត់ ។ អ៊ីចឹង ខ្ញុំចង់ឱ្យបើកម្មករគាត់ត្អូញត្អែរ ក្រុមហ៊ុន ត្រូវរកវិធីក្នុងការដោះស្រាយបញ្ហា»។
ការលើកឡើងនេះ ក្រោយពីមានហេតុការណ៍កើតឡើង មួយនៅរោងចក្រកាត់ដេរ ឈ្មោះ ខេមបូ យូនីសូល ( Cambo Unisoll LTD) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានកម្មករ ចំនួន១១នាក់ បានដួលសន្លប់ និងកម្មការិនីម្នាក់ ឈ្មោះ យីម រីន អាយុ ៣២ឆ្នាំ បានស្លាប់ភ្លាមៗ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ កាលពីថ្ងៃទី២៧កុម្ភៈ។ ក្រោយមក ក្រសួងបរិស្ថាន ក៏ចេញ សេចក្ដីជូនដំណឹង បញ្ជាក់ថា អាជ្ញាធរកំពុងចុះ ប្រមូលព័ត៌មាន ដើម្បីឱ្យបានដឹងពីមូលហេតុទាំងនោះប៉ុន្តែ រហូតមកដល់ពេលនេះ ក្រសួងពុំបាន បង្ហាញលទ្ធផលនោះឡើយ។ រីឯ ក្រុមហ៊ុន ក៏គេនៅពុំឃើញទទួលខុសត្រូវ ចំពោះការស្លាប់របស់កម្មការិនីបែបណានោះដែរ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿង នេះបានទេ នៅថ្ងៃទី៦ ខែមីនា ដោយ ថា ជាប់រវល់។
នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា យល់ថា ស្របពេល ប្រជាជនខ្មែរ ជាច្រើន បានវិលត្រឡប់ ពីប្រទេសថៃវិញ ដើម្បីរកការងារក្នុងស្រុកនោះ ម្ចាស់រោងចក្រខ្លះ មានជម្រើសច្រើន ក្នុងការជ្រើសរើស កម្មករធ្វើការ។ ដូច្នេះ លោកថា ពួកគេ ចង់ដាក់សម្ពាធ និង បញ្ឈប់កម្មករណាម្នាក់ ពីការងារតាមតែអំពើចិត្ត ដោយពុំសូវខ្វល់រឿង គោរពសិទ្ធិកម្មករនោះទេ។ ទន្ទឹមគ្នានោះ លោកថា ការរឹតត្បិតសិទ្ធិសេរីភាពសហជីពឯករាជ្យកាន់តែខ្លាំងផងនោះ ធ្វើឱ្យសង្គមស៊ីវិលពិបាកក្នុងការឃ្លាំមើល ទើបម្ចាស់រោងចក្រខ្លះរំលោភសិទ្ធិកម្មករ តាមអំពើចិត្ត។
លោក មឿន តុលា៖ «ដោយសារតែការរឹតត្បិតសេរីភាពនៅស្រុកខ្មែរវាកាន់តែរឹតខ្លាំង អ៊ីចឹងវាធ្វើឱ្យចលនាសហជីព តួនាទីអង្គការសង្គមស៊ីវិល មិនអាចធ្វើអីបានដូចមុនទេ។ជាក់ស្ដែងកម្ពុជា មិនអាចធ្វើកូដកម្ម ឬបាតុកម្មដូចមុនបានទេ។ អ៊ីចឹង និយោជក គាត់ហាក់ដូចយកប្រយោជន៍តាមនោះដែរ។ នៅពេលដែលកម្មករមិនអាចធ្វើអ្វីបាន សហជីពពុំអាចធ្វើអីបាន គឺគាត់យកឱកាសហ្នឹង កៀបសង្កត់ទៅកម្មករថែមទៀត»។
ទាក់ទិនរឿងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ធ្លាប់បានលើកពីការបរាជ័យ របស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុងការធានានូវកម្រិតជីវភាពសមរម្យ ការអប់រំ និងការថែទាំសុខភាព ចំពោះពលករ និងប្រជាពលរដ្ឋ ដែលធ្វើពលរដ្ឋ ទទួលរងសម្ពាធដោយសារ បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។
បន្ថែមលើនោះ ពលករខ្មែរ រាប់សិបម៉ឺននាក់ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ភាគច្រើនពួកគេនៅមិនទាន់ទទួលបានការងារធ្វើ មានប្រាក់ចំណូលសមរម្យ និង ការជួយសម្រួលបំណុលដូចការសន្យារបស់រដ្ឋាភិបាលនោះឡើយ។ បន្ថែមពីនោះ អ្នកឃ្លាំមើលថា ការងារតាមរោងចក្រខ្លះ ដែលរដ្ឋាភិបាលរៀបចំឱ្យពលរដ្ឋទៅធ្វើ ភាគច្រើនជា ក្រុមហ៊ុនចិន ដែលពុំសូវគោរពច្បាប់ការងារ ហើយពួកគេ តែងបង្ខំឱ្យកម្មករធ្វើការលើសកម្លាំងពលកម្ម អ្នកខ្លះ ទ្រាំពុំបានក៏លាឈប់ធ្វើ ហើយ ត្រឡប់ទៅធ្វើការងារផ្សេង។ អ្នកខ្លះទៀតត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ៕









