

ពលរដ្ឋមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុនរបស់ លោក គិត ម៉េង រាប់រយគ្រួសារ នាំគ្នាដាក់ញត្តិស្នើឲ្យអាជ្ញាធរខេត្តកោះកុងជួយស្វែងរកដំណោះស្រាយ ដោយកាត់ឆ្វៀលដីស្រែចម្ការរបស់ពលរដ្ឋ ចេញពីបរិវេណក្រុមហ៊ុន រ៉ូយ៉ាល គ្រុប (Royal Group) ដែលគ្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅតំបន់នោះ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរត្រូវរកដំណោះស្រាយ និងគិតពីផលប្រយោជន៍ពលរដ្ឋជាធំ។
ពលរដ្ឋមានជម្លោះដីធ្លីជាមួយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់លោក គិត ម៉េង ជាង១០០គ្រួសារ ស្ថិតនៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៨ ខែមីនា បានប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តកោះកុង ដើម្បីដាក់ញត្តិស្នើឲ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ជួយស្វែងរកដំណោះស្រាយ ដោយកាត់ឆ្វៀលដីស្រែចម្ការរបស់ពលរដ្ឋ ចេញពីបរិវេណក្រុមហ៊ុន ពីព្រោះដីស្រែចម្ការទាំងអស់នោះ ពលរដ្ឋធ្លាប់អាស្រ័យផលតាំងពីឆ្នាំ២០០៦មក ហើយបច្ចុប្បន្នពលរដ្ឋគ្មានដីស្រែសម្រាប់អាស្រ័យផលឡើយ។
តំណាងពលរដ្ឋរងគ្រោះដីធ្លី លោកស្រី ភន ណៃស៊ី អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែមីនា ថា ពលរដ្ឋស្នើសុំឲ្យអភិបាលខេត្តកោះកុងជួយកាត់ឆ្វៀលដីស្រែចម្ការរបស់ពលរដ្ឋ ចេញពីបរិវេណក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីទុកឲ្យពលរដ្ឋបានអាស្រ័យផលចិញ្ចឹមជីវិតទៅថ្ងៃមុខ ពីព្រោះពលរដ្ឋមិនមានដីសម្រាប់អាស្រ័យផលទៀតនោះទេ។
លោកស្រី ភន ណៃស៊ី៖ «ស្នើសុំឲ្យជួយពន្លឿនក្នុងការដោះស្រាយឲ្យប្រជាពលរដ្ឋមានដីលំនៅឋាន និងដីអាស្រ័យផលចិញ្ចឹមជីវិតវិញ ដោយសារពួកគាត់ខ្វះខាតខ្លាំងសព្វថ្ងៃនេះ ជំពាក់លុយធនាគារផង ប្រសិនបើការអភិវឌ្ឍន៍របស់រដ្ឋាភិបាល គឺប្រជាពលរដ្ឋអត់រារាំង ឬរំខានការអភិវឌ្ឍន៍នោះទេ ប៉ុន្តែអភិវឌ្ឍន៍បើមានផលប៉ះពាល់សូមឲ្យដោះស្រាយអំពីផលប៉ះពាល់នោះ»។
លោកស្រី ភន ណៃស៊ី អះអាងទៀតថា នេះជាលើកទី៤ហើយ ដែលពលរដ្ឋដាក់ញត្តិស្នើឲ្យអាជ្ញាធរខេត្តកោះកុង ជួយស្វែងរកដំណោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនមានដំណោះស្រាយ ឬឆ្លើយតបយ៉ាងណានោះទេ។ លោកស្រីបន្ថែមថា ប្រសិនបើអភិបាលខេត្តកោះកុងថ្មី មិនមានដំណោះស្រាយនោះទេ ពលរដ្ឋនឹងនាំគ្នាទៅភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិបន្ថែមទៀត។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកោះកុង អ្នកស្រី ឈី វ៉ា និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោក គិត ម៉េង ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១៨ ខែមីនា។
ពលរដ្ឋលើកឡើងថា កាលពីឆ្នាំ២០២១ អាជ្ញាធរខេត្តកោះកុង ប្រដាប់ដោយអាវុធគ្រប់ដៃ បានចុះរុះរើផ្ទះសម្បែង និងបំផ្លាញផលដំណាំរបស់ពលរដ្ឋជាង១០០គ្រួសារ និងគំរាមកំហែងចាប់ពលរដ្ឋដាក់ពន្ធនាគារ ប្រសិនបើពលរដ្ឋនាំគ្នាចេញតវ៉ា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរត្រូវតែរកដំណោះស្រាយឲ្យប្រជាពលរដ្ឋ និងការពារផលប្រយោជន៍ពលរដ្ឋ ដូច្នេះអាជ្ញាធរត្រូវពន្លឿនក្នុងការរកដំណោះស្រាយ មិនគួរអូសបន្លាយឲ្យពលរដ្ឋឈឺចាប់ និងរងទុក្ខវេទនាបែបនេះឡើយ។
លោក យិន ម៉េងលី៖ «ទទួលសំណើ និងទទួលញត្តិរបស់ប្រជាពលរដ្ឋហើយ បើដីមិនអាចកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋបានទេ វាប៉ះពាល់ ហើយឥឡូវក្រុមហ៊ុនអភិវឌ្ឍន៍ហើយ យើងគប្បីពិភាក្សាជាមួយពលរដ្ឋ រកដីថ្មីឲ្យប្រជាពលរដ្ឋទៅ ដើម្បីដោះស្រាយបញ្ហានេះទៅ មិនអាចយកគោលការណ៍ដីសម្បទានសង្គមកិច្ចមកឲ្យប្រជាពលរដ្ឋដាក់ស្នើបានទេ ពីព្រោះគោលការណ៍ដីសម្បទានសង្គមកិច្ច គឺសម្រាប់អ្នកអត់មានដី ដោះស្រាយឲ្យពួកគាត់ទៅ តាមបែបដីមានជម្លោះ សម្របសម្រួលគ្នាទៅឲ្យការអភិវឌ្ឍន៍ និងឲ្យប្រជាពលរដ្ឋមានដីបង្កបង្កើនផលឲ្យដើរស្របគ្នា»។
កាលពីឆ្នាំ២០២១ រដ្ឋាភិបាលត្រកូលហ៊ុន បានធ្វើអនុប្រយោគផ្ទៃដីជាង៨ពាន់(៨.៦៣១)ហិកតារ ដែលជាដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិបុទុមសាគរ ស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេស ដែលធ្វើឲ្យប៉ះពាល់ដីស្រែចម្ការ និងដីលំនៅឋាន របស់ពលរដ្ឋជាង១០០ (១១១)គ្រួសារ ហើយរហូតមកដល់នេះ មិនទាន់មានដំណោះស្រាយសមរម្យឲ្យពលរដ្ឋនោះឡើយ៕









