ក្រុមហ៊ុន​ចិន​រំលោភ​យក​ដីស្រែ​ចម្ការ​ពលរដ្ឋ​រាប់ពាន់​ហិកតារ​នៅ​ខេត្ត​ព្រះវិហារ

0
21

ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ចំនួន​២​ស្រុក គឺ​ស្រុក​សង្គម​ថ្មី និង​ស្រុក​រវៀង ជិត​៤០០​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈ្មោះ ឆាយ​ណា​ហ្គ្រេត ខស (China Great Cause) រំលោភ​យក​ដីស្រែ​ចម្ការ​រាប់ពាន់​ហិកតារ​ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ​។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​សិក្សា​អំពី​ផល ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ និង​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​ដោយ​សន្តិវិធី និង​តម្លាភាព។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ និង​ឃុំ​ចំរើន នៃ​ស្រុក​សង្គម​ថ្មី និង​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ជិត​៤០០​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស ធ្វើ​អាជីវកម្ម​រ៉ែ​ដែក រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់​ជាង​២​ពាន់​ហិកតារ ដែល​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល ដាំ​ដើម​ស្វាយចន្ទី និង​ដំណាំ​ស្រូវ តាំងពី​ឆ្នាំ​១៩៩០ មក។ ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ទាំងនោះ​ទុក​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​ខាងមុខ។

តំណាង​ប្រជាពលរដ្ឋ លោក មុត ឈាត អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែមីនា ថា ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ទទួលយក​សំណង​ដែល​ក្រុមហ៊ុន​បាន​ផ្ដល់​ឲ្យ ក្នុង​១​ហិកតារ​ចំនួន​១​លាន​២០​ម៉ឺន (១.២០០.០០០)​រៀល ប៉ុន្តែ​ពលរដ្ឋ​មិន​ព្រមយក​សំណង​នេះ​នោះ​ទេ ពីព្រោះ​សំណង​ទាំងនេះ មិនអាច​ឲ្យ​ពួកគាត់​ទៅ​រក​ទិញ​ដីស្រែ​ចម្ការ​កន្លែង​ផ្សេង បាន​អាស្រ័យ​ផល​នោះ​ឡើយ។

លោក មុត ឈាត៖ «ខ្ញុំ​មកនេះ​សូម​តែ​ម្យ៉ាង​គឺ​សូម​ឲ្យ​គាត់​ជួយ​ដោះស្រាយ​រឿង​ដីធ្លី​ឲ្យ​ពួក​ខ្ញុំ ព្រោះ​បើ​អស់ពី​ដី​នេះ​ទៅ ពួក​ខ្ញុំ​មិនដឹង​ទៅ​នៅ​ណា​ទេ បើ​ទទួល​សំណង​មួយ​លាន​ម្ភៃ​ម៉ឺន​(១២០០០០០​ម៉ឺន​) មិនដឹង​ទៅ​ទិញ​អី​បាន​មក​វិញ​ទេ ទៅ​ទិញ​កន្លែង​ផ្សេង​មិនបាន ខ្ញុំ​ចង់​បានតែ​ម្យ៉ាង​គឺ​សូម​ឲ្យ​សម្តេច​ជួយ​មើល​ស្ថានភាព​ជាក់ស្តែង ផល​ប៉ះពាល់​ជាក់ស្តែង មើល​ជីវភាព​ប្រជាពលរដ្ឋ​តែងតែ​អាស្រ័យ​ផល​ផ្ទាល់ និយាយ​ជា​រួម​គឺ​ខ្ញុំ​ចង់បាន​ដី​អាស្រ័យ​ផល​វិញ មិន​ចង់​បាន​សំណង​ទេ»។

លោក មុត ឈាត អះអាង​ទៀត​ថា នៅ​ថ្ងៃទី​៣០ ខែមីនា តំណាង​ពលរដ្ឋ​បាន​ឡើង​មក​រាជធានី​ភ្នំពេញ​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​ស្វែងរក​ដំណោះស្រាយ និង​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ចេញពី​បរិវេណ​ក្រុមហ៊ុន ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ​បាន​អាស្រ័យ​ផល ហើយ​តំណាង​ឧុទ្ធកាល័យ​របស់ លោក ហ៊ុន ម៉ាណែត សន្យា​ថា នឹង​ប្រញាប់​ស្វែងរក​ដំណោះ​ឲ្យ​ប្រជាពលរដ្ឋ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក ណុប វុធ្ធី ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​៣០ ខែ​មីនា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា រាល់​ការ​វិនិយោគ ឬ​អភិវឌ្ឍន៍​នៅ​តំបន់​ណាមួយ អាជ្ញាធរ និង​ក្រុមហ៊ុន ត្រូវតែ​សិក្សា​អំពី​ផល​ប៉ះពាល់ ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ និង​ស្វែងរក​ដំណោះស្រាយ ជា​មុខ​សិន មិន​ត្រូវ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ទៅ​រំលោភ​យក​ដីស្រែ​ចម្ការ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​បែបនេះ​ឡើយ​។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​តម្លាភាព មិន​ត្រូវ​បង្ខិតបង្ខំ ឬ​គំរាមកំហែង​ទៅលើ​ពលរដ្ឋ​នោះ​ទេ។

លោក យិន ម៉េងលី៖ «​ក្រុមហ៊ុន​ត្រូវការ​ប្រាក់ចំណេញ រដ្ឋាភិបាល​ក៏​ត្រូវ​ការ​ពន្ធ ប្រជាពលរដ្ឋ​ក៏​ត្រូវ​ការ​ជីវភាព ត្រូវ​សេដ្ឋកិច្ច​ដើម្បី​ការរស់នៅ​ដែរ យើង​មើល​ឃើញ​ថា ត្រូវ​មាន​ការ​សម្របសម្រួល​មួយ​ឲ្យ​បាន​សមរម្យ ត្រូវ​មាន​ការ​ចរចារ​ពី​បញ្ហា​តម្លៃ​ជាមួយ​ពលរដ្ឋ ចៀសវាង​ការ​គំរាមកំហែង​ណាមួយ ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ឬ​ប្តឹងផ្តល់​ពលរដ្ឋ​ទៅ​តុលាការ វា​មិនមែន​ជា​រឿង​ល្អ​ទេ​សម្រាប់​ពលរដ្ឋ​សព្វថ្ងៃ​ពួកគាត់​កំពុង​ជំពាក់​ធនាគារ កំពុង​ខ្វះ​ចំណូល​រក​ពុំ​សូវ​បាន​ប៉ះពាល់​ជីវភាព​គ្រួសារ»។

ពលរដ្ឋ​លើកឡើង​ថា ក្រុមហ៊ុន ឆាយ​ណាហ្គ្រេត ខស បាន​ចាប់ផ្ដើម​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​យក​ដីស្រែ​ចម្ការ​របស់​ព​ល​រដ្ឋ​តាំងពី​ឆ្នាំ​២០១៧ ដោយ​បាន​កាត់​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​មួយចំនួន​តូច​ប៉ុណ្ណោះ ចំណែក​ពលរដ្ឋ​ជិត​៤០០​គ្រួសារ​ផ្សេងទៀត ក្រុមហ៊ុន​មិនបាន​កាត់​ឆ្វៀល​ឲ្យ​នោះ​ទេ។ រីឯ​អាជ្ញាធរ​មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់ និង​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​នោះ​ឡើយ ដោយ​គ្រាន់តែ​ប្រាប់​ពលរដ្ឋ​ថា ក្រុមហ៊ុន ឆាយណាហ្គ្រេត ខស ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ធ្វើ​អាជីវកម្ម​រ៉ែ លើ​ផ្ទៃដី​ជិត ៦​ពាន់​(៥.៨៨០)​ហិកតារ ហើយ​អះអាង​ថា ពលរដ្ឋ​អាស្រ័យ​ផល​លើ​ដី​របស់​ក្រុមហ៊ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ