កូន​អ្នក​មាន​អំណាច​បើកឡាន​បុក​ពលរដ្ឋ ៦​នាក់​ស្លាប់​នៅ​ខេត្ត​បាត់ដំបង​សារភាព​ថា រូបគេ​ជា​ជន​បង្ក

0
46
ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ (មុខ) ដែល​ជា​កូនប្រុស​មន្ត្រី​ប៉ូលិស​ផ្កាយ​១ នៅ​ខេត្ត​បន្ទាយមានជ័យ ​លោក ស៊ីវ សុជាតិ និង​ភរិយា អង្គុយខាងក្រោយពេលចូលខ្លួន​នៅស្នងការខេត្ត​បាត់ដំបង កាលពីថ្ងៃទី១ មេសា ២០២៦ បន្ទាប់ពី​រត់គេច​ខ្លួន​ជាច្រើន​ថ្ងៃ។ រូប៖ ស្នងការខេត្ត​បាត់ដំបង
ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ (មុខ) ដែល​ជា​កូនប្រុស​មន្ត្រី​ប៉ូលិស​ផ្កាយ​១ នៅ​ខេត្ត​បន្ទាយមានជ័យ ​លោក ស៊ីវ សុជាតិ និង​ភរិយា អង្គុយខាងក្រោយពេលចូលខ្លួន​នៅស្នងការខេត្ត​បាត់ដំបង កាលពីថ្ងៃទី១ មេសា ២០២៦ បន្ទាប់ពី​រត់គេច​ខ្លួន​ជាច្រើន​ថ្ងៃ។ រូប៖ ស្នងការខេត្ត​បាត់ដំបង

សមត្ថកិច្ច​បាន​សាកសួរ​ជន​បង្ក​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែល​ជា​កូនប្រុស​មន្ត្រី​ប៉ូលិស​ផ្កាយ​១ នៅ​ខេត្ត​បន្ទាយមានជ័យ គឺ​លោក ស៊ីវ សុជាតិ បន្ទាប់ពី​រត់គេច​ខ្លួន​ជាច្រើន​ថ្ងៃ រឿង​បើកបរ​ឡាន​ទំនើប​បុក​ពលរដ្ឋ ៦​នាក់​ស្លាប់​នៅ​ខេត្តបាត់ដំបង។ អ្នកឃ្លាំមើល​រិះគន់​ថា ការ​ពន្យារ​ពេល​នាំ​ជន​បង្ក​មក​អនុវត្ត​ច្បាប់ គឺជា​កលល្បិច​របស់​ឪពុក​របស់​ជន​បង្ក​ដែល​មាន​ទាំង​អំណាច និង​ទឹក​លុយ​ក្នុង​ការ​ឃុបឃិត​ជាមួយ​បក្ខពួក​របស់​ខ្លួន ដើម្បី​ជួយ​ឱ្យ​កូនប្រុស​អាច​គេច​ផុត​ពី​ការ​ទទួល​ទោស​តាមផ្លូវ​ច្បាប់។

ជនសង្ស័យ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ខេត្តបាត់ដំបង​ថា ខ្លួន​គឺជា​អ្នក​បើកបរ​រថយន្ត​សេរី​ទំនើប និង​ធ្វើដំណើរ​តែម្នាក់ឯង​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បុក​រះ​បណ្ដាល​ឱ្យ​មនុស្ស ៦​នាក់​ស្លាប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នៅ​រសៀល​ថ្ងៃទី​១ ខែមេសា​ឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​ឪពុក​គឺ​លោក ស៊ីវ សុជាតិ ដែលជា​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ប្រគល់​ជូន​សមត្ថកិច្ច​ខេត្តបាត់ដំបង។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង នាយក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​លោក ចាន់ សុធី ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​បាន​នោះ​ទេ​នៅ​ថ្ងៃទី​១ ខែ​មេសា។

ហេតុការណ៍​គ្រោះ​ចរាចរណ៍​កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ជនសង្ស័យ​បាន​បើកឡាន​សេរី​ទំនើប​បុក​រះ​ម៉ូតូ ២​គ្រឿង​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​បណ្ដាល​ឱ្យ​ពលរដ្ឋ ៣​គ្រួសារ​ដែល​មាន​មនុស្ស​ចំនួន ៦​នាក់​បាន​ស្លាប់​ក្នុង​នោះ​រួមមាន​ទាំង​ស្ត្រី​ពពោះ​កូន​ក្នុង​ផ្ទៃ ៣​ខែ​ផង​បាន​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន​យ៉ាង​អនោចអធម៌ និង​មាន​ក្មេងប្រុស​ម្នាក់ទៀត​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប។ ភ្លាមៗ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មិនបាន​បើក​ការស្រាវជ្រាវ​តាម​ចាប់​ជន​បង្ក​នោះ​ទេ ដោយ​គ្រាន់តែ​ចេញ​សេចក្ដីប្រកាស​ឱ្យ​ជនសង្ស័យ​ចូលខ្លួន​មក​បំភ្លឺ​ដោយ​ខ្លួនឯង។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រស់នៅ​អាណោចអាធម៌​ក្រោម​របប​ដឹកនាំ​ដោយ​ត្រកូល ហ៊ុន ដោយសារតែ​អ្នក​មាន​អំណាច ឬ​កូនចៅ​របស់​ពួកគេ​អាច​សម្លាប់​ពលរដ្ឋ​ទាំង​ចេតនា និង​អ​ចេតនា ដោយ​គ្មាន​ការធានា​ពី​ការអនុវត្ត​ច្បាប់​លើ​ជន​ប្រព្រឹត្ត​ធ្ងន់ធ្ងរ​នោះ​ទេ​។ លោក​ថា ករណី​កូនប្រុស​មេ​ប៉ូលិស​ផ្កាយ​១ លោក ស៊ីវ សុជាតិ នៅ​ពេល​ដែល​អនុវត្ត​ច្បាប់​គឺ​ក្រុម​បក្ខពួក​របស់​គ្រួសារ​ជន​បង្ក​ពួកគេ​នឹង​ប្រើប្រាស់​គ្រប់​ល្បិចកល ដើម្បី​រំដោះ​ឱ្យ​ជនល្មើស​អាច​រួច​ផុត​ពី​ការ​ទទួលទោស​តាមច្បាប់ ដូច​ករណី​កូនចៅ​អ្នក​មាន​អំណាច​ផ្សេងទៀត ឬ​មន្ត្រី​ក្រុម​ឧកញ៉ា​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​រកស៊ី​បែប​ឧក្រិដ្ឋកម្ម។

លោក គឹម សុខ៖ «ការផ្លាស់ប្ដូរ​ស្ថានភាព​កម្ពុជា​យើង​ឱ្យ​មាន​យុត្តិធម៌ ទាល់តែ​ប្រជាពលរដ្ឋ យុវជន​ខ្មែរ​រួបរួម​កម្លាំង​គ្នា ចេញ​ទាមទារ​តវ៉ា​ឱ្យ​មាន​ការផ្លាស់ប្ដូរ​អ្នកដឹកនាំ​បច្ចុប្បន្ន​ហ្នឹង​តែម្ដង ផ្លាស់ប្ដូរ​ប្រព័ន្ធ​ការពារ​ឧក្រិដ្ឋកម្ម​ហ្នឹង​ចេញ ទើប​អាច​ធានា​រក​យុត្តិធម៌​ជូន​ប្រទេស​កម្ពុជា​។ ពីព្រោះ​ប្រព័ន្ធ​ឧក្រិដ្ឋកម្ម​ដែល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ហ៊ុន​នេះ ការពារ​តែ​ពួក​អ្នក​ខូច​នៅ​ជុំវិញ​ក្រុម​គ្រួសារ ហ៊ុន អ្នក​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​នៅ​ជុំវិញ​ក្រុម​គ្រួសារ​ហ៊ុន ប៉ុណ្ណោះ​។ ចំណែកឯ សមាជិក​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​ពួកគេ ទោះ​ធ្វើ​ខុស​យ៉ាងម៉េច​ក៏ដោយ គេ​រក​ល្បិច​ដើម្បី​ឱ្យ​គេច​ពី​សំណាញ់​ច្បាប់​បន្តិច​ម្តងៗ​តាម​កាលៈទេសៈ»។

អ្នកឃ្លាំមើល​ថា ករណី​កូនប្រុស​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ លោក ស៊ីវ សុជាតិ មិន​គួរ​បញ្ចប់​ដោយ​ការ​បង្ខំ​ឱ្យ​ជន​បង្ក​ចូល​សារភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​ត្រូវ​រៀបចំ​សំណុំរឿង​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​សមស្រប​តាមច្បាប់​។ ពួកគេ​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិ​របស់​លោក ស៊ីវ សុជាតិ ដែល​ជា​មន្ត្រី​ប៉ូលិស​ពាក់​ផ្កាយ​១ ដោយសារ​មានទ្រព្យ​សម្បត្តិ​មហាសាល ជាពិសេស​រថយន្ត​សេរី​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​កូនប្រុស​បង្ក​គ្រោះថ្នាក់​បណ្ដាល​ឱ្យ​ពលរដ្ឋ ៣​គ្រួសារ​បាត់បង់​ជីវិត។

រថយន្ត​សេរី​ទំនើប​ម៉ាក (MERCEDES BENZ AMG GT53) របស់​ជនសង្ស័យ ស៊ីវ ជ័យសិ​ដ្ឋ ដែល​បើក​បុក​សម្លាប់​ពលរដ្ឋ​នៅ​បាត់ដំបង​មានតម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ។ ជនសង្ស័យ​អាយុ ២០​ឆ្នាំ​ដែល​ពលរដ្ឋ​ហៅថា ជើងកាង​អាង​ឪ​រូប​នេះ​ក៏​តែងតែ​បង្អួត​សម្ភារៈ​និយម​ប្រណិតៗ​ផ្សេងទៀត​នៅ​តាម​បណ្ដាញ​សង្គម​ដូច​កាបូប និង​គ្រឿងអលង្ការ​ជាដើម​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​។ ឪពុក​របស់​ជនសង្ស័យ​គឺ​លោក ស៊ីវ សុជាតិ ក៏​មិនមែន​ជា​មន្ត្រី​ប៉ូលិស​ស្អាតស្អំ​នោះ​ទេ និង​រង​ការ​ចោទប្រកាន់​ថា ប្រើប្រាស់​អំណាច​តួនាទី​ធ្វើជា​ខែល ដើម្បី​ធ្វើជា​អ្នក​កាង​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំ​ពី​បរទេស​ចូល​កម្ពុជា​។ ក្រៅពី​មាន​តួនាទី​ជា​ស្នងការ​រង​នគរបាល​ខេត្ត​លោក ស៊ីវ សុជាតិ ក៏​ជាទី​ប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​គយម៉ែង ខេត្ត​បន្ទាយមានជ័យ​។ ចំណែក ភរិយា​របស់​លោក ស៊ីវ សុជាតិ និង​ត្រូវជា​ម្ដាយ​របស់​លោក ស៊ីវ ជ័យសិដ្ឋ គឺ​អ្នកស្រី ខា អ៊ាង គឺជា​ម្ចាស់​អាជីវកម្ម ទៀ ណាំហាក់ និង​ជា​សមាជិកគ្រួសារ (CEO Master Club) និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ជឿជាក់​ថា ទ្រព្យសម្បត្តិ​មហាសាល​ដែល​លោក ស៊ីវ សុជាតិ និង​កូន​ជា​ជនសង្ស័យ​ថត​បង្អួត​តាម​បណ្ដាញ​សង្គម​នោះ​គឺ​បាន​មក​ពី​ការ​រកស៊ី​លើ​របរ​ទុច្ចរិត​របស់​ឪពុក ដោយសារ​តែ​មាន​ខ្នង​ក្រាស់​គឺ​មាន​លោក ហ៊ុន សែន ជា​អ្នក​កាង​ការពារ។

ជាមួយ​គ្នា​នេះ លោក គឹម សុខ កត់​សម្គាល់​ថា កំហឹង​មហាជន​រួមគ្នា​ងើបឡើង​ប្រឆាំង​រឿង​អយុត្តិធម៌​ករណី​កូន​អ្នកធំ​បើកបរ​បង្ក​គ្រោះថ្នាក់​សម្លាប់​ពលរដ្ឋ​នេះ​គឺជា​កម្លាំង​ស្មារតី​ជាតិ​ដ៏​សំខាន់​។ លោក​ថា បើ​កម្លាំង​មហាជន​រួមគ្នា​ប្រឆាំង​ប្ដូរ​របប​ផ្ដាច់ការ​ត្រកូល ហ៊ុន ដូច​ករណីនេះ​ប្រជាពលរដ្ឋ​ក៏​អាច​គេច​ផុត​ពី​ការរស់នៅ​ក្រោម​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​មន្ត្រី​គ្រាក់ៗ​ដែល​រកស៊ី​បែប​ឧក្រិដ្ឋកម្ម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ