មេធាវី​សង្ឃឹម​ថា តុលាការ​នឹង​លើកលែង​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្សះផ្សា​ជាតិ​ដូច​ការ​ប្រកាស​របស់​រដ្ឋាភិបាល

0
18
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុកលោក កឹម សុខា

សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា រំពឹង​ថា សាលាឧទ្ធរណ៍​ភ្នំពេញ នឹង​បញ្ចប់​សំណុំរឿង​កូនក្ដី​របស់​លោក ឲ្យ​បាន​ឆាប់ ដើម្បី​ធ្វើការ​ផ្សះផ្សា​ជាតិ​ឡើងវិញ បន្ទាប់ពី​តុលាការ​លើក​ពេល​សវនាការ​ជាច្រើន​ដង​។ សង្គម​ស៊ីវិល​យល់ ថា លោក កឹម សុខា ពិបាក​នឹង​ទទួល​បាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​វិញ ខណៈ​គណបក្ស​កាន់អំណាច មិន​មាន​ឆន្ទៈ​ផ្សះផ្សា​ជាតិ​ពិតប្រាកដ។

សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក ផែង ហេង សង្ឃឹម​ថា តុលាការ​ជាន់ខ្ពស់ នឹង​ពិចារណា​អំពី​ភាព​ស្អាតស្អំ​របស់​លោក កឹម សុខា និង​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក​មាន​សេរីភាព​ឡើងវិញ។

ការ​លើកឡើង​នេះ បន្ទាប់ពី​សាលាឧទ្ធរណ៍​ភ្នំពេញ គ្រោង​នឹង​បើកសវនាការ​សំណុំ​រឿង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា នៅ​ថ្ងៃទី​៨ ខែមេសា​។ សេចក្ដីជូនដំណឹង​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ កាលពី​ថ្ងៃទី​០៣ ខែមេសា ឲ្យ​ដឹង ថា សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន ៣​រូប​រួមមាន លោក អឹម វណ្ណៈ ជា​ប្រធាន​ក្រុមប្រឹក្សា ហើយ​មាន លោក ឃឹម សូណា និង លោក ឌុច សុខសារិន ជា​ចៅក្រម។

លោក ផែង ហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៦ ខែមេសា ថា លោក កឹម សុខា នឹង​ចូលរួម​សវនាការ នៅ​ថ្ងៃទី​៨ ខែ​មេសា ពីព្រោះ​ជា​សវនាការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ផ្ទាល់មាត់​។ លោក​មេធាវី​បន្ដ​ថា តាំងពី​មុន​ពេល​សមត្ថ​កិច្ច​ចាប់ខ្លួន រហូតដល់​ការ​ឃុំខ្លួន កូនក្ដី របស់​លោក​ពុំ​មាន​ចេតនា​ណាមួយ​បំបែកបំបាក់​ជាតិ ឬ​ធ្វើ​សកម្មភាព​ក្បត់ជាតិ ដូច​ការចោទប្រកាន់​ពី​បទ​«​សន្ទិដ្ឋិភាពជា​មួយ​បរទេស​» ឡើយ ផ្ទុយ​ទៅវិញ​លោក កឹម សុខា តែងតែ​ចូលរួម​ចំណែក​បម្រើ​ផល​ប្រយោជន៍ សង្គម និង​សហការ​ជាមួយ តុលាការ​គ្រប់​ជាន់ថ្នាក់​តាំង​ពី​ដើម​រៀងមក។

លោក​មេធាវី ផែង ហេង សង្ឃឹមថា តុលាការ​នឹង​ពិនិត្យ​ឃើញ​ភាព​ស្អាតស្អំ របស់​លោក កឹម សុខា ហើយ​អាច​ផ្ទៀងផ្ទាត់​ជាមួយ​គោលនយោបាយ​របស់​រដ្ឋាភិបាល អំពី​ការប្រកាស​កន្លងមក ឱ្យ​មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដើម្បី​បើក​ឱកាស​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

លោក​មេធាវី ផែង ហេង៖ «ខ្ញុំ​គិតថា ឥរិយាបថ​របស់​ឯកឧត្ដម កឹម សុខា មិន​មិន​ត្រង់ណា មួយ​ដែល​កត់សម្គាល់​ថា គាត់​មាន​ចេតនា​បំបែកបំបាក់​ជាតិ​ទេ​។ អ៊ីចឹង​ហើយ បើ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​មានការ​បង្រួបបង្រួម​ជាតិ ខ្ញុំ​គិត​ថា សម្រាប់​កាលៈទេសៈ នេះ គួរតែ​លើកលែង​ការចោទប្រកាន់ ហើយ​ផ្សះផ្សា​ជាតិ​ឲ្យ​មាន​សេរីភាព​ដល់​គាត់ ទៅ​បង្ហាញ​ពី​ឯកភាព និង​ជាតិនិយម​ឡើងវិញ ឲ្យ​សម​នឹង​អ្វី​ដែល​រដ្ឋាភិបាល និយាយ​ផង​ធ្វើ​ផង»។

សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បើកសវនាការ​សំណុំរឿង​លោក កឹម សុខា ចាប់​តាំង​ពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤​។ មក​ដល់​ពេល​នេះ ក្ដីក្ដាំ​របស់​លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ដាច់ ស្រេច​នៅឡើយ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កាលពី​ខែមីនា ឆ្នាំ​២០២៣ ឲ្យ​លោក​មានទោស​«​ក្បត់ជាតិ​» ជាប់​ពន្ធនាគារ​ចំនួន ២៧​ឆ្នាំ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់​ថា រដ្ឋាភិបាល​នឹង​ទទួល​បានការ​សាទរ​ពី​សហគមន៍​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រសិនបើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ សេរីភាព​នយោបាយ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ រូប​នេះ តាម​វិធី​បើក​លំហ​សេរីភាព​ប្រជាធិបតេយ្យ និង​ការផ្សះផ្សា បង្រួបបង្រួម​ជាតិ​កម្ពុជា។

លោក ស៊ឹង សែនករុណា៖ «បើសិនជា​គណបក្ស​កាន់ មិន​ចង់​ឲ្យ​គូ​បក្ស​ប្រកួត​របស់​ខ្លួន ដែល​ជា​មេដឹកនាំ​បក្ស​ប្រជែង ដែល​មាន​ប្រជាប្រិយភាព គាត់​មានឱកាស​ធ្វើ​នយោបាយ អី​អស់​ទាំងនេះ អ៊ីចឹង​ច្បាស់​ជា​មិនអាច​ផ្ដល់​ឱកាស​ឲ្យ​លោក​មាន​សេរីភាព​ទេ។ អ៊ីចឹង នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន វា​លុះត្រាតែ​គណបក្សកាន់អំណាច​មើលឃើញ​ពី​គ្រោះថ្នាក់​ប្រទេស​កម្ពុជា​ដែរ ហើយ​បើកឱកាស​ឲ្យ​មេដឹកនាំ​មាន​សេរីភាព នោះ​អាច​ធ្វើ​ទៅ​បាន។ ក៏ប៉ុន្តែ​យើង​មើលទៅ​សញ្ញា​នៃ​ការ​រឹតត្បិត​នេះ ស្ថានភាព​ចុង ក្រោយ​អី​ទាំងអស់​ហ្នឹង ខ្ញុំ​មិន​រំពឹង​ថា មាន​ការ​បើក​លំហ​សេរីភាព​នោះ​ទេ»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនាគារ ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ ក្រោយ​មក តុលាការ​បាន​បញ្ជូន​លោក មក​ដាក់​ឃុំ​ក្នុងផ្ទះ នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ វិញ ហើយ​សម្រេច​ឲ្យ​លោក​មាន​ទោស​«​ក្បត់ជាតិ​» ជាប់ពន្ធនាគារ​ចំនួន ២៧​ឆ្នាំ។ មក​ដល់​ពេល​នេះ លោក កឹម សុខា ជាប់ឃុំ​ជិត ៩​ឆ្នាំ​ហើយ និង​នៅ​មិន​ទាន់​មាន ពន្លឺ​សេរីភាព​នៅ​ឡើយ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ