ពលរដ្ឋ​​២​ឃុំ​ខេត្ត​ព្រះវិហារ ស្នើ​​អភិបាលស្រុក​រក​ដំណោះស្រាយ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​កូន​លោក ទ្រី ភាព

0
15
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ចំនួន​២​ឃុំ​នៅ​ខេត្តព្រះវិហារ ស្នើ​ឲ្យ​អភិបាលស្រុក​រវៀង ជួយ​ស្វែងរក​ដំណោះស្រាយ ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន (ខេមបូឌា​) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) ជា​កម្មសិទ្ធិ​របស់​កូន លោក ទ្រី ភាព។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ស្រុក​គួរតែ​ជំរុញ​រឿង​នេះ ទៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ស្វែងរក​ដំណោះស្រាយ ឲ្យ​ពលរដ្ឋ ដោយ​សន្តិវិធី និង​យុត្តិធម៌។

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន គ្ល​ប៊​ល ហ្គ្រី​ន អេ​នើ​ជី ឌី​វេឡុ​ប​មេន នៅ​ឃុំ​រួសរាន់ និង​ឃុំ​រីករាយ ស្រុក​រវៀង ខេត្តព្រះវិហារ ជាង​១០០(១៤៦) គ្រួសារ នៅ​ថ្ងៃទី​០៧ ខែមេសា បានដាក់​ញត្តិ​ស្នើ​ឲ្យ​អភិបាលស្រុក​រវៀង លោក ហោ ប៊ុនហួ ជួយ​ស្វែងរក​ដំណោះស្រាយ ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​មួយ​នេះ​បាន​រំលោភ​យក ដីស្រែ​ចម្ការ​របស់​ពល​រដ្ឋ​រាប់ពាន់​ហិកតារ​។ ពលរដ្ឋ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ និង​មិន​ព្រម​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ​វិញ​នោះ​ទេ ពួកគាត់​នឹង​មិន​មាន​ដី​សម្រាប់​បង្កបង្កើនផល​ចិញ្ចឹមជីវិត​នោះ​ឡើយ។

តំណាង​ពលរដ្ឋ​នៅ​ស្រុក​រវៀង លោក សោម យូវី អះអាង​ប្រាប់​ទូរ​ទ្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៧ ខែមេសា​ថា អភិបាលស្រុក​រវៀង បាន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​រួចហើយ ដោយ​អភិបាលស្រុក​រវៀង លោក ហោ ប៊ុនហួ សន្យា​ថា នឹង​ចុះ​ទៅ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​នៅ​ថ្ងៃទី​១០ ខែមេសា​ខាងមុខ នៅត្រង់​កន្លែង​មាន​វិវាទ​នោះ​ផ្ទាល់។ លោក​ថា ប្រសិនបើ អភិបាលស្រុក​រវៀង មិនអាច​រក​ដំណោះស្រាយ​សមរម្យ​ឲ្យ​ពលរដ្ឋ​នោះ​ទេ ពួកគាត់​នឹង​នាំគ្នា​ឡើង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​ប្រមុខ​រដ្ឋាភិបាល ពីព្រោះ​ពួកគាត់​មិន​មាន​ដីស្រែ​ចម្ការ​សម្រាប់​បង្ក​បង្កើន​ផល​ចិញ្ចឹមជីវិត នៅ​រដូវវស្សា​ខាងមុខ​នេះ​ឡើយ។

លោក សោម យូវី៖ «គេ​ថា​ដី​របស់​រដ្ឋ រដ្ឋ​ត្រូវការ​ហើយ​ប្រជាពលរដ្ឋ​មិន​មាន​សិទ្ធិ​តវ៉ា​នោះ​ទេ ពីព្រោះ​រដ្ឋ​ត្រូវការ ស្នើសុំ​ឲ្យ​ដី​ទៅ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​រាងៗ​ខ្លួន​វិញ ពីព្រោះ​ដី​នេះ​មិនមែន​ដី​ទំនេរ សុទ្ធ​តែ​មាន​ម្ចាស់​ដី​អ្នកនេះ​ព្រំប្រទល់​ជាមួយ​អ្នកនោះ អត់​មាន​ដី​ណា​ទំនេរ​មិន​មាន​ម្ចាស់​ទេ ខ្លាច​ទៅ​មិន​រួច​គេ​តាម​ធ្វើបាប តែបើ​ដំណើរ​ទៅរួច​គឺ​ត្រូវតែ​ទៅ ពីព្រោះ​អស់​ដី​ហើយ»។

ពលរដ្ឋ​រាប់ពាន់​គ្រួសារ នៅ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង កំពុង​ប្រឈមមុខ​ខ្វះ​ដី​ធ្វើស្រែ​ចម្ការ ក្រោយពី​ក្រុមហ៊ុន គ្លប៊ល ហ្គ្រី​ន របស់​កូនប្រុស លោក ទ្រី ភាព គឺ​លោក ទ្រី ដាលុច បាន​រំលោភ​យក និង​បង្ខំ​ឲ្យ​ពួកគាត់​ទទួលយក​សំណង​មិន​សមរម្យ ព្រមទាំង​គំរាមកំហែង​ទៅលើ​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​តវ៉ា​ថែមទៀត​។ ចំណែក​ពលរដ្ឋ​មួយចំនួន​បាន​បង្ខំចិត្ត​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ទាំង​មិន​ពេញចិត្ត ដោយសារ​ពួកគាត់​មិន​មាន​ជម្រើស និង​ចាញ់​ល្បិចកល និង​ការ​លួងលោម​របស់​អាជ្ញាធរ និង​តំណាង​របស់​ក្រុមហ៊ុន។

​ពលរដ្ឋ​នាំគ្នា​ដាក់​ញត្តិ​ស្នើ​ឲ្យ​អភិបាលស្រុក​រវៀង ខេត្តព្រះវិហារ​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​ជាមួយ ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន ថត​នៅ​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២៦​។ រូបភាពសមាគម​អាដហុក

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាលស្រុក​រវៀង លោក ហោ ប៊ុនហួ និង​តំណាង​ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន លោក ដេត សិលា ដើម្បី​សុំ​ការ​បកស្រាយ​បានទេ នៅ​ថ្ងៃទី​០៧ ខែមេសា។

ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់​លោក ទ្រី ដាលុច ក្រៅពី​ដណ្ដើម​យក​ដី​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ នៅ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង​ហើយ​នោះ ក្រុមហ៊ុន​នេះ ក៏បាន​ច្បាម​យក​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់​ភាគ​ខាងជើង រាប់ពាន់​ហិកតារ​ផង​ដែរ។ លើស​ពី​នោះ ក្រុមហ៊ុន​របស់​លោក ទ្រី ដាលុច បាន​បំផ្លិចបំផ្លាញ​ផ្លូវជាតិ​ចំនួន​២​ខ្សែ ក្នុង​នោះ ផ្លូវជាតិ​លេខ​២១៣ ចាប់ពី​ផ្លូវបំបែក​ស្រុក​ឆែប រហូតដល់​ផ្លូវបំបែក​ភ្នំ​ដែក នៃ​ស្រុក​រវៀង និង​ផ្លូវជាតិ​លេខ​៦២ ចាប់ពី​ផ្លូវបំបែក​ភ្នំ​ដែក រហូតដល់​ខេត្តកំពង់ធំ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​រង​ផល​ប៉ះពាល់​សុខភាព​ផ្លូវដង្ហើម និង​សួត​ធ្ងន់ធ្ងរ ដោយសារ​ការ​ដឹក​ជញ្ជូន​បង្ក​ឱ្យ​មាន​ដី​ហ៊ុយ​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មិន​សង្ឃឹមថា អាជ្ញាធរ​ថ្នាក់​ស្រុក​អា​ចរក​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​សមរម្យ និង​យុត្តិធម៌​នោះ​ឡើយ ពីព្រោះ​ក្រុមហ៊ុន​មួយ​នេះ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ដូច្នេះ​អាជ្ញាធរ​ស្រុក​គួរតែ​ជំរុញ​រឿង​នេះ ទៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ស្វែងរក​ដំណោះស្រាយ និង​ឈប់​គំរាមកំហែង ឬ​បន្ថែម​បញ្ហា​ឲ្យ​ពួកគាត់​ទៀត។

លោក យិន ម៉េងលី៖ «ថ្នាក់​ជាតិ​អាច​ធ្វើ​សេចក្ដីសម្រេចចិត្ត​ធ្វើការ​ដោះស្រាយ​ជា​សំណង់ ឬ​ការដោះដូរ​ដី​យ៉ាងម៉េច ពី​បញ្ហា​នេះ យើង​មិន​ចង់​ឲ្យ​ការ​ធ្វើ​សម្បទាន​ផ្នែក​សេដ្ឋកិច្ច​ហ្នឹង​វា​មិន​អាច​ជួយ​អ្វី​ដល់​ពលរដ្ឋ វា​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ អញ្ចឹង​យើង​ចង់​ឲ្យ​ផល​នៃ​ការអភិវឌ្ឍន៍​បាន​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទើប​ការ​អភិវឌ្ឍន៍​ហ្នឹង​ជោគជ័យ»។

ក្រុមហ៊ុន គ្លប៊ល ហ្គ្រី​ន របស់​លោក ទ្រី ដាលុច បាន​រុករក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ក្រោយពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣។ បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុងតែ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង រួច​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ។ ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន គឺជា​កម្មសិទ្ធិ​របស់​លោក ទ្រី ដាលុច ដែល​ជា​កូនប្រុស​ច្បង​របស់​អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញ​ខាង​រកស៊ី​ឈើ និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​លោក ទ្រី ដាលុច គឺជា​ទីប្រឹក្សា​របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ