អ្នកឃ្លាំមើល​បារម្ភ​កម្ពុជា​បាត់​ដី​កាន់​តែ​ច្រើន​ដោយសារ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​លោក ហ៊ុន សែន ជាមួយ​វៀតណាម

0
28
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម ដែល​នឹង​ឆ្ពោះទៅ​កម្រិត​កាន់តែ​ខ្ពស់ នឹង​ធ្វើ​ឲ្យ​លំហូរ​ជនអន្តោប្រវេសន៍​កាន់តែ​ច្រើន​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​កម្ពុជា​បាត់បង់​ទឹកដី​កាន់តែ​ច្រើន​បន្ថែម​ទៀត តាមរយៈ​កិច្ចព្រមព្រៀង​ខុសច្បាប់​របស់​លោក ហ៊ុន សែន ដែល​បាន​ចុះហត្ថលេខា​ជាមួយ​មេដឹកនាំ​វៀតណាម​នា​ពេល​កន្លង​មក។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក សឹង សែនករុណា បារម្ភ​ថា ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម​ដែល​ឈាន​ទៅ​រក​កម្រិត​កាន់តែ​ខ្ពស់​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ទឹកដី​បន្ត​ទៀត ពីព្រោះ តាម​ការស្រាវជ្រាវ​កន្លង​មក លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម លើ​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាច្រើន​ដូចជា សន្ធិសញ្ញា​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩៨២ ដោយ​កាត់​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ទៅ​ឱ្យ​វៀតណាម។ កិច្ចព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន​គោក ឆ្នាំ​១៩៨៣ និង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដែល​សុទ្ធសឹងតែ​ជា​កិច្ចសន្យា​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម។

លើស​ពី​នេះ លោក សឹង សែនករុណា ថា លោក ហ៊ុន សែន នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០០៥ បាន​គប់គិត​ជាមួយ​រដ្ឋាភិបាល​វៀតណាម​បង្កើត​កិច្ចព្រមព្រៀង​ខុសច្បាប់​ថ្មី​មួយទៀត គឺ សន្ធិសញ្ញា​បំពេញបន្ថែម ដើម្បី​ធានា​សុពលភាព​កិច្ចព្រមព្រៀង​ខុសច្បាប់​រវាង​កម្ពុជា​-​វៀតណាម​ឡើងវិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ឈ្លានពាន​របស់​វៀតណាម​អាច​បន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ។

លោក សឹង សែនករុណា៖ «​រូបភាព​ស្អិតល្មួត​នេះ​វា​មាន​ផល​ប៉ះពាល់​មកដល់​អធិបតេយ្យភាព​របស់​កម្ពុជា​ហ្នឹងឯង អីចឹង​យើង​ពិនិត្យ​អំពី​បញ្ហា​អធិបតេយ្យភាព​យើង​ឃើញថា កម្ពុជា​នៅ​មាន​បញ្ហា​ប្រវត្តិសាស្ត្រ​នយោបាយ​ដែល​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​វៀតណាម ការ​បន្សល់ទុក​កងទ័ព​វៀតណាម ហើយនឹង​ចារកម្ម​វៀតណាម ជាច្រើន​ដែល​នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា កម្ពុជា​មិនមែន​ដឹកនាំ​ដោយមាន​ភាព​ឯករាជ្យភាព​និង​អធិបតេយ្យភាព​ទេ អីចឹង​ហើយ​គឺ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បញ្ជា​ពី​មេដឹកនាំ​វៀតណាម»។

ការ​លើកឡើង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ទាប់ពី​ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន នៅ​ថ្ងៃទី​៧ ខែមេសា បាន​ផ្ញើ​សារ​អបអរសាទរ​ទៅកាន់​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម ដែល​ត្រូវ​បាន​រដ្ឋសភា​វៀតណាម​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​រដ្ឋ ឬ​ជា​ប្រធានាធិបតី​វៀតណាម​បន្ថែម​ទៅលើ​តំណែង​ជា​មេ​បក្សកុម្មុយនិស្ដ​វៀតណាម​បច្ចុប្បន្ន​។ លោក ហ៊ុន សែន ជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់​លោក តូ ឡឹម ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម នឹង​ត្រូវ​បាន​ពង្រឹង ឆ្ពោះទៅ​កម្រិត​កាន់តែ​ខ្ពស់។

លោក ហ៊ុន សែន បាន​អះអាង​ថា ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ មាន​វឌ្ឍនភាព​ដល់​កម្រិត​កាន់តែ​ខ្ពស់ លោក​ប្ដេជ្ញា​បន្ត​ធ្វើការ​ជិតស្និទ្ធ ជាមួយ​លោក​ប្រមុខ​រដ្ឋ​វៀតណាម ដើម្បី​ធ្វើ​ឱ្យ ស៊ីជម្រៅ​នូវ​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ទាំង​ក្នុង​កម្រិត​ទ្វេភាគី​និង​ពហុភាគី ដើម្បី​ឧត្តម​ប្រយោជន៍​របស់​ប្រជាជន​ប្រទេស​ទាំងពីរ និង​ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ពិភពលោក។

រដ្ឋសភា​នៃ​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២៦ នេះ បាន​បោះឆ្នោត​ជ្រើសតាំង​លោក តូ ឡឹម អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ឱ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ ២០២៦-២០៣១ ក្នុង​សំឡេង​គាំទ្រ ១០០​ភាគរយ ពី​សមាជិកសភា​ដែល​បាន​ចូលរួម។ នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក តូ ឡឹម កាន់​តំណែង​កំពូល​ទាំងពីរ​ក្នុង​ពេល​តែមួយ គឺ​តំណែង​អគ្គលេខាធិការ​បក្ស និង​ប្រធាន​រដ្ឋ បន្ទាប់ពី​លោក​ធ្លាប់​បាន​កាន់​តំណែង​នេះ​មួយ​រយៈ​ពេល​ខ្លី កាលពី​ឆ្នាំ​២០២៤។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​សង្គម​យល់ថា ដើម្បី​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​វៀតណាម​កាន់តែ​ល្អ និង​ឋិតឋេរ រឹងមាំ​យូរអង្វែង លុះណាតែ​ប្រទេស​វៀតណាម​ត្រូវ​ឈរ​លើ​គោលការណ៍​គោរព​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា។

បែបនេះ​ក្តី អ្នកឃ្លាំមើល​សង្គម អះអាង​ថា ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម​រយៈពេល ៥៨​ឆ្នាំ​មកនេះ កម្ពុជា​ពុំ​សូវ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ឡើយ ខណៈ​វៀតណាម​នៅតែ​ឆ្លៀត​រំលោភបំពាន​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​តែង​ចាត់ទុក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ជា​ទំនាក់ទំនង​រវាង​បងធំ​និង​កូនចៅ មិនមែន​ជា​ទំនាក់ទំនង​មិត្តភាព និង​ស្មើភាព​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ