
សមត្ថកិច្ច បញ្ជូនមន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិលោក ខឿន វីរ៉ាត់ ទៅឃុំនៅស្នងការវិញ បន្ទាប់ពីសាកសួរនៅតុលាការ។ ប្រពន្ធ និងមន្ត្រីបក្សកម្លាំងជាតិ ទាមទារឲ្យសមត្ថកិច្ចដោះលែងលោក ខឿន វីរ៉ាត់ វិញ ដោយចាត់ទុកថា ការចាប់ខ្លួនលើកទី២នេះ ជាការគំរាមកំហែង និងបំភិតបំភ័យ ដើម្បីបំបាក់ស្មារតីគូ ប្រជែងនយោបាយ។
ក្រោយពីតុលាការធ្វើការសាកសួរនៅរសៀលថ្ងៃទី០៩ ខែមេសា នេះ សមត្ថកិច្ចបានបញ្ជូនមន្ត្រីជាន់ខ្ពស់បក្សកម្លាំងជាតិលោក ខឿន វីរ៉ាត់ ទៅឃុំនៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញវិញ។
ប្រពន្ធរបស់លោក ខឿន វីរ៉ាត់ គឺលោកស្រី ថាច់ ចន្ធូ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៩ ខែមេសាថា សមត្ថកិច្ច និងតុលាការនៅតែមិនព្រមដោះលែងប្ដីលោកស្រី ទោះបីជាសាកសួរប្ដីរបស់លោកស្រីអស់រយៈពេល២ថ្ងៃហើយក៏ដោយ។ លោកស្រីទទូចឲ្យសមត្ថកិច្ចដោះលែងប្ដីវិញ ដើម្បីបានជួបជុំគ្រួសារ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
លោកស្រី ថាច់ ចន្ធូ៖ «ខ្ញុំបានជួបគាត់ព្រឹកមិញ យកបាយឲ្យគាត់។ ខ្ញុំគិតថា អយុត្តិធម៌ សម្រាប់គាត់ណាស់ ចាប់គាត់ឡើង ៣ ថ្ងៃហើយ រកកំហុសគាត់មិនទាន់ឃើញ តុលាការក៏មិនព្រមដោះលែងគាត់ ស្នងការដ្ឋាន ក៏មិនព្រមដោះលែងគាត់»។
លោក ខឿន វីរ៉ាត់ មានដើមកំណើតជាខ្មែរក្រោម និង ជាអតីតចៅសង្កាត់រងទី១នៅ រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិ។ មន្ត្រីជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិរូបនេះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួនជាលើកទី២ កាលពីថ្ងៃទី ០៧ ខែមេសា។
ទូរទស្សន៍អាស៊ីសេរី មិនទាន់អាចសុំការអត្ថាធិប្បាយ ពីអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី០៩ ខែមេសា។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃទី៩ ខែមេសាថា មកដល់ពេលនេះ លោកមិនទាន់ដឹងថា តុលាការសួរលោក ខឿន វីរ៉ាត់ អ្វីខ្លះនោះទេ ខណៈមូលហេតុនៃការចាប់ខ្លួន ក៏មិនទាន់ដឹងច្បាស់ដែរ។ លោកចាត់ទុកការចាប់ខ្លួនលោក ខឿន វីរ៉ាត់ លើកទី២ ជាការបំភិត បំភ័យ និងគំរាមកំហែងផ្នែកនយោបាយ ដើម្បីបំបាក់ស្មារតីដៃគូប្រកួត ប៉ុន្តែការបន្តចាប់ខ្លួននេះ មិនបានផ្ដល់ផលចំណេញអ្វីដល់រដ្ឋាភិបាលឡើយ។
លោក រ៉ុង ឈុន៖ «ខ្ញុំកត់សម្គាល់ឃើញថា លំហនយោបាយនៅកម្ពុជា វាកាន់តែ រួមតូចទៅៗៗ។ ដូច្នេះ ក្នុងកាលៈទេសៈ ដែលកម្ពុជាយើងកំពុងទទួលរងការឈ្លាន ពានពីសំណាក់ ប្រទេសសៀមមកលើដែនអធិបតេយ្យកម្ពុជាយើង យើងមិនត្រូវ បន្តការចាប់ខ្លួនសកម្មជន ក៏ដូចជា ប្រជាពលរដ្ឋឈឺឆ្អាលរឿងសង្គម ត្រូវតែបញ្ឈប់រាល់ការចាប់ យើងមកសាមគ្គី ផ្សះផ្សាជាតិ ឯកភាពជាតិ អាហ្នឹងបាន ជាតិយើងខ្លាំង»។
លោក ខឿន វីរ៉ាត់ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារម្ដងរួចមកហើយ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពីបទក្លែងបន្លំឯកសារ ក្នុងការបង្កើតគណបក្ស បេះដូងជាតិ កាលពីឆ្នាំ២០២១។ តុលាការក្រុងភ្នំពេញ កាលនោះបានកាត់ឲ្យ លោកមានទោសជាប់ពន្ធនាគារ២ឆ្នាំ ហើយក្រោយអនុវត្តទោសពេញ២ឆ្នាំ លោកក៏ ត្រូវបានដោះលែងវិញ។ បន្ទាប់មកទៀត លោកបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សកម្លាំងជាតិ រហូតមកដល់សព្វថ្ងៃ និងមានតួនាទីជាប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន ប្រចាំខេត្តព្រៃវែង។
អ្នកឃ្លាំមើល ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហសេរីភាព និងដោះស្រាយ បញ្ហាប្រឈមតាមរយៈការសន្ទនា ជាជាងការប្រើប្រាស់ប្រព័ន្ធ តុលាការ ដើម្បីបង្ក្រាបសំឡេងរិះគន់ ពីព្រោះយុទ្ធសាស្ត្របំបិទមាត់តាមរយៈការ ចោទប្រកាន់ដដែលៗនេះ នឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មេដឹកនាំ កម្ពុជា នៅលើឆាកអន្តរជាតិថា ជាមេដឹកនាំរំលោភសិទ្ធិមនុស្ស និងរុញច្រានសង្គមកម្ពុជាឲ្យធ្លាក់ក្នុងស្ថានភាពភ័យខ្លាច ដែលជាឧបសគ្គរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស និងការកសាងឯកភាពជាតិ៕










