សកម្មជន និង​សហគមន៍​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​​ករណី​​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរកា ខេត្ត​ព្រះវិហារ

0
88
សកម្មជន​បរិស្ថាន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ចុះ​ល្បាត​ព្រៃ​ បាន​ឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ត្រង់​ចំណុច​តំបន់​អូរស្កាច កាល​ពីថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ
សកម្មជន​បរិស្ថាន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ចុះ​ល្បាត​ព្រៃ​ បាន​ឃើញ​បទល្មើស​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ត្រង់​ចំណុច​តំបន់​អូរស្កាច កាល​ពីថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៦។ រូប៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ

សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃព្រះរកា ខេត្ត​ព្រះវិហារ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​ករណី នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា។ ពួកគាត់​ថា បច្ចុប្បន្ន​តំបន់​ព្រៃ​ការពារ​មួយ​នេះ ហាក់​គ្មាន​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឈរជើង​ការពារ​ទប់​ស្កាត់​នោះ​ឡើយ។

សកម្មជន​បរិស្ថាន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ចុះ​ល្បាត​ព្រៃ​ដោយ​រក​ឃើញ​បទល្មើស​ព្រៃឈើ​រាប់​រយ​ករណី ក្នុង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ត្រង់​ចំណុច​តំបន់​អូរស្កាច ដោយ​ក្រុម​ជនល្មើស​បាន​ដឹកជញ្ជូន​ឈើ​ទាំងអស់​នោះ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា តាម​ច្រក​តំបន់​៩៤ នៃ​ស្រុក​ជាំ​ក្សាន្ត យ៉ាង​អនាធិបតេយ្យ ហាក់​គ្មាន​មន្ត្រី​ជំនាញ​ឈរជើង​ការពារ​នៅ​តំបន់​នោះ។

សហគមន៍​ស្នើ​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ទប់ស្កាត់​បទល្មើស​ឲ្យ​ទាន់​ពេល​វេលា និង​ត្រូវ​ស្វែងរក​មន្ត្រី​ខិលខូច លួច​បើកដៃ​ឲ្យ​ជនល្មើស​ទាំងនោះ​បំផ្លាញ​ធនធាន​ធម្មជាតិ ដើម្បី​ទទួល​ខុស​ត្រូវ និង​ផ្ដន្ទាទោស​តាម​ច្បាប់។

សហគមន៍​លើកឡើង​ទៀត​ថា ក្រុម​ជនល្មើស​អះអាង​ប្រាប់​សហគមន៍​ថា មាន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​អៀង គឺ​ជា​អ្នកបញ្ជា​ឲ្យ​ពួកគេ​ចូល​កាប់​ឈើ នៅក្នុង​តំបន់​ព្រៃ​ព្រះ​រកា ភាគច្រើន​ក្រុម​ជនល្មើស​កាប់​ឈើ ប្រភេទ​ដើម​ផ្ដៀក និង​ដើម​ជ័រ​ច្បោះ ដែល​ពលរដ្ឋ​តែងតែ​អាស្រ័យ​ផល ដង​ជ័រទឹក​លក់​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែមេសា​ថា ទិដ្ឋភាព​នៅក្នុង​តំបន់​ព្រៃ​ព្រះរកា ហាក់​គ្មាន​មន្ត្រី​ជំនាញ​ឈរជើង​ការពារ​នៅ​តំបន់​នោះ ដោយសារ​ក្រុម​ជនល្មើស​បាន​សាង​សង់រោង និង​កន្លែង​ស្នាក់នៅ ដូច​មិន​ខ្លាចរអា​មន្ត្រី​ពាក់ព័ន្ធ​ឡើយ​។ លោក​សង្កត់ធ្ងន់​ថា ប្រសិនបើ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​មិន​មាន​វិធានការ​ណាមួយ ដើម្បី​ទប់​ស្កាត់ និង​ចំណាត់ការ​ទៅលើ​អ្នក​ពាក់ព័ន្ធ​នោះ​ទេ អ្នក​ដែល​ទទួលខុសត្រូវ​មុនគេ គឺ​រដ្ឋមន្ត្រី​ក្រសួង​សាមី លោក អ៊ាង សុផល្លែត។

លោក ម៉ា ចិត្រា៖ «យើង​សោកស្ដាយ​ដែល​រដ្ឋាភិបាល​អសមត្ថភាព​គ្រប់គ្រង​ព្រៃឈើ ជាពិសេស​ព្រៃឈើ​នៅក្នុង​តំបន់​ការពារ នៅ​ទីនេះ​គឺ ក្នុង​តំបន់​ព្រៃ​ការពារ​ព្រះ​រកា ជនល្មើស​មក​កាប់​ឈើ យ៉ាង​អនាធិបតេយ្យ អត់​មានការ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ទេ ខ្ញុំ​ថា​មិន​បង្ក្រាប​ដោយសារ​អ្វី ដោយសារ​យើង​ឃើញថា មាន​កន្លែង​បោះតង់ កន្លែង​ហូបបាយ​ដូច​នៅ​ផ្សារ​អញ្ចឹង មិន​មាន​លក្ខណៈ​ខ្លាចរអា​ការ​ចាប់​ចង​នោះ​ទេ»។

លោក​បន្ថែម​ទៀត​ថា ក្រសួងបរិស្ថាន​ត្រូវតែ​ចាត់វិធានការ​ជាប្រចាំ មិន​គួរ​រង់ចាំ​សហគមន៍​រាយការណ៍ ឬ​ជិត​ដល់ពេល​បោះឆ្នោត ទើប​នាំគ្នា​ស្រែក នឹង​មាន​វិធានការ​នោះ​ទេ ពីព្រោះ​នៅពេល​ជិត​បោះឆ្នោត ទើប​មាន​វិធានការ វា​មិនមែន​ជា​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ការពារ​ព្រៃឈើ​នោះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក មឿន សុភេទ និង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​បកស្រាយ​បានទេ​នៅ​ថ្ងៃទី​០៩ ខែ​មេសា។

កាលពី​ឆ្នាំ​២០២៣ ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​វិធានការ​ចំនួន​៤​ដើម្បី​ទប់ស្កាត់​និង​ការពារ​ធនធានធម្មជាតិ​ឲ្យ​បាន​១០០​ភាគរយ ដោយ​ទី​១ ត្រូវ​អនុវត្ត​ច្បាប់ និង​មិន​លើកលែង​ឲ្យ​ជនល្មើស​ទៀត​នោះទេ ទី​២​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន និង​អ្នកមាន​ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ ទី​៣ គឺ​ការ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ថែម​លើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រីឯ​ទី​៤ ជំរុញ​ឲ្យ​ការ​ដាំដុះ​គម្រប​ព្រៃឈើ​ឡើងវិញ​ឲ្យ​បាន​៦០% នៅ​ឆ្នាំ​២០៥០​។ ប៉ុន្តែ​ក្រុម​អ្នកការពារ​បរិស្ថាន​យល់ថា វិធានការ​៤​ចំណុច​របស់​ក្រសួងបរិស្ថាន មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ព្រៃឈើ​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​មិន​លុប​បំបាត់​អំពើពុករលួយ និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ទេ​នោះ។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​បង្កើត​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំក្សាន្ដ ខេត្តព្រះវិហារ ដែល​មាន​ទំហំ​ជាង​៩​ម៉ឺន (៩០.៣៦១) ហិកតារ ដើម្បី​ទុកជា​តំបន់​ការពារ​និង​អភិរក្ស។ ទោះជា​យ៉ាងណា សកម្មជន​និង​សហគមន៍​មូលដ្ឋាន​តែង​រក​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​តែង​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុម​ជនល្មើស​ចូល​ទៅ​កាប់​ព្រៃឈើ​ដោយ​សេរី ដែល​ស្ទើរតែ​បំផ្លាញ​អស់​នូវ​ប្រភេទ​ដើមឈើ​ធំៗ​ទៅ​ហើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ