

ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ព្រួយបារម្ភថា ទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កំពុងក្លាយជាទីក្រុងសម្រាប់ឧក្រិដ្ឋជនដែលប្រមូលផ្ដុំជនបរទេសចម្រុះជាតិសាសន៍ ដើម្បីបង្ខំឱ្យបន្តធ្វើការជាអ្នកឆបោកតាមអនឡាញ។ ប្រជាពលរដ្ឋអះអាងថា ជនបរទេសទាំងនេះត្រូវបានឧក្រិដ្ឋជនអូសទាញ និងជម្លៀសចេញពីទីតាំងអគារឆបោកតាមអនឡាញក្នុងតំបន់ផ្សេងៗនៃប្រទេសកម្ពុជាបន្ទាប់ពីអាជ្ញាធរបើកយុទ្ធនាការបង្ក្រាប។
បញ្ហាសន្តិសុខ និងអំពើរំលោភសិទ្ធិមនុស្សក្នុងតំបន់ប៉ោយប៉ែតកាន់តែមានស្ថានភាពអាក្រក់ ដោយសារតែបណ្ដាញឧក្រិដ្ឋជនកាន់តែពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងប្រមូលជនរងគ្រោះចម្រុះជាតិសាសន៍បង្ខាំងក្នុងអគារ ដើម្បីបង្ខំឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញ។ ប្រជាពលរដ្ឋឱ្យដឹងថា ជនបរទេសរាប់សិបនាក់ត្រូវបានមេការភាគច្រើនជាជនជាតិចិនដឹកជញ្ជូនតាមឡានក្រុង ដើម្បីប្រមូលឱ្យមកផ្ដុំគ្នាធ្វើការនៅតាមអគារនានាក្នុងតំបន់ប៉ោយប៉ែត បន្ទាយពីអាជ្ញាធរចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញនៅបណ្ដាខេត្តមួយចំនួន។
ពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែតថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាពឱ្យទូរទស្សន៍អាស៊ីសេរីដឹងថា ជនបរទេសរាប់សិបនាក់ត្រូវបានគេដឹកជញ្ជូនតាមឡានក្រុងស្ទើរតែរៀងរាល់ថ្ងៃយកមកប្រមូលផ្ដុំនៅតាមអគារនានាក្នុងតំបន់ប៉ោយប៉ែត បន្ទាប់ពីអាជ្ញាធរបើកការបង្ក្រាបទីតាំងឆបោកនៅតាមបណ្ដាខេត្តមួយចំនួន។ ប្រភពដដែលបញ្ជាក់ថា ទីតាំងអគារដែលជនបរទេសរងការបង្ខាំងភាគច្រើនជាអគាររបស់អ្នកមានអំណាច និងមានសន្តិសុខយាមយ៉ាងតឹងរ៉ឹង ខណៈអ្នកធ្វើការឆបោកតាមនៅតាមអគារនីមួយៗក៏មានចំនួនក៏មានចំនួនច្រើនជាងមុនដែរ។
ពលរដ្ឋរូបនេះកត់សម្គាល់ថា បរិវេណនៃអគារឆបោកតាមអនឡាញភាគច្រើនមានតែជនជាតិចិនប៉ុណ្ណោះអាចមានសិទ្ធិចេញចូលដោយសេរី ដើម្បីដឹកសម្ភារៈ និងម្ហូបអាហារសម្រាប់បុគ្គលិក។
ពលរដ្ឋ៖ «អគារអនឡាញមានគ្រប់ជាតិសាសន៍មកមានចិន មានឥណ្ឌូណេស៊ី មានឥណ្ឌា មានម៉ាឡេស៊ី មកពីគ្រប់ខេត្តទាំងអស់សម្រុកចូលមក ច្រើនណាស់ឥឡូវ។ វាចូលមកវាធ្វើការក្នុងផ្ទះវា បិទទ្វារជិតយើងចូលម៉េចបាន គ្រាន់ឃើញយើងដឹងសួរអ្នកប៉ោយប៉ែត អគារស្ទើរតែទាំងអស់ចង់រាប់ពាន់អគារ»។
ពលរដ្ឋបញ្ជាក់ថា ខណៈអគារឆបោកតាមអនឡាញកាន់តែកើនឡើង ស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្រុងប៉ោយប៉ែតក៏កាន់តែអាក្រក់ផងដែរ។ បទល្មើសគ្រឿងញៀន ចោរកម្ម និងអំពើហិង្សារបស់ក្រុមក្មេងទំនើបកាប់ចាក់គ្នាតាមដងផ្លូវកើតមានញឹកញាប់ បង្កឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច និងអសន្តិសុខ។
ពលរដ្ឋរាយការណ៍ថា មានអគារយ៉ាងហោចណាស់ ១០កន្លែងមានកម្ពស់ចាប់ពី ៣ជាន់ស្ថិតនៅស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ឃុំអូរបីជាន់ និងក្រុងប៉ោយប៉ែត កំពុងក្លាយជាមជ្ឈមណ្ឌលឆបោកតាមអនឡាញសំខាន់បម្រើឱ្យបណ្ដាញឧក្រិដ្ឋជន។ ជាមួយគ្នានេះ បរិវេណអគារកាស៊ីណូក្រោនរបស់សមាជិកព្រឹទ្ធសភា លោក កុក អាន ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញក៏គ្មានសមត្ថកិច្ចណាហ៊ានចុះត្រួតពិនិត្យ ឬបង្ក្រាបឡើយ។
ទាក់ទងនឹងរឿងនេះ ទូរទស្សន៍មិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ សឿម សារិទ្ធ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី១០ ខែមេសា។
ជុំវិញរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា រដ្ឋាភិបាលត្រកូល ហ៊ុន មិនអាចលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានឡើយ ដោយសារតែបុគ្គលដែលបង្កើតឧស្សាហកម្មនេះសុទ្ធតែជាក្រុមមនុស្សអ្នកកាន់អំណាច និងជាសមាជិកគ្រួសារត្រកូល ហ៊ុន។ អ្នកស្រីវាយតម្លៃថា រដ្ឋាភិបាលក្រុងភ្នំពេញនឹងរងសម្ពាធ ឬការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិបន្ថែមទៀត ដោយសារតែមិនព្រងើយកន្តើយក្នុងការចាប់មេខ្លោងពាក់ព័ន្ធ។
ការសន្យារបស់រដ្ឋាភិបាលត្រកូល ហ៊ុន លុបបំបាត់អំពើឆបោកតាមអនឡាញត្រឹមខែមេសា បានបរាជ័យដោយសារតែបណ្ដាញឧក្រិដ្ឋជនបានជម្លៀសជនរងគ្រោះពីទីតាំងមួយទៅទីតាំងមួយដើម្បីបង្ខំ និងបង្ខាំងឱ្យធ្វើការឆបោកតាមអនឡាញ។ ទន្ទឹមគ្នានេះ ច្បាប់ប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបង្កើតដោយក្រុមរដ្ឋាភិបាលត្រកូល ហ៊ុន ក៏គ្មានឥទ្ធិពលធ្វើឱ្យបណ្ដាញឧក្រិដ្ឋជនខ្លាចញញើតនោះដែរ ហើយពួកគេនៅតែបន្តសកម្មភាពឆបោកតាមអនឡាញដដែល។
ជាក់ស្ដែង ក្នុងសប្ដាហ៍នេះសម្រាប់ខេត្តស្វាយរៀងមួយ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញចំនួន ៩កន្លែង នៅក្រុងបាវិត និងឃាត់ខ្លួនជនបរទេសជាង ៣រយនាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ សមត្ថកិច្ចរាយការណ៍ថា សកម្មភាពឆបោកទាំងនេះត្រូវបានលាក់ខ្លួន និងធ្វើសកម្មភាពក្រោមរូបភាពក្នុងអគារកាស៊ីណូ និងផ្ទះល្វែងជាដើម៕









